ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​ច្រត់​ព្រះ​នង្គ័ល​​ទស្ស​ទាយ​ថា​ ​កម្ពុជា​នឹង​មានផល​​ស្រូវ​តិច​តួច


គោ​ឧសភរាជ​ក្នុងពិធីច្រត់ព្រះ​នង្គ័ល​។​
គោ​ឧសភរាជ​ក្នុងពិធីច្រត់ព្រះ​នង្គ័ល​។​

ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​នេះ​ទំនង​ជា​មិន​បាន​ទទួល​ភោគ​ផល​ស្រូវ​ និង​ភោគ​ផល​កសិកម្ម​ ផ្សេង​ទៀត​ច្រើន​នោះ​ទេ​ ក្រៅ​ពី​សណ្តែក​និង​ពោត ​នេះ​បើ​យោង​តាម​ការ​ផ្សង​ប្រផ្នូល​ដែល​ បាន​ធ្វើ​ទ្បើង​ក្នុង​ពិធី​ច្រត់​ព្រះ​នង្គ័ល​កាល​ពីថ្ងៃ​អាទិត្យ​នេះ។

ក្រោយ​ពី​ការ​ព្យួរ​រាស់​បី​ជុំ​ទី​លាន​ប្រារព្ធ​ពិធី ​នៅ​មុខ​លាន​ជល់​ដំរី​ក្នុង​បរិវេណ​ប្រាសាទ​បាយ័ន​ ខេត្ត​សៀម​រាប​ ក្នុង​ចំណោម​អាហារ​ប្រាំ​ពីរ​មុខ ​មាន​ស្រូវ​ ពោត​ សណ្តែក​ ល្ង ​ស្មៅ​ ទឹក​ និង​ស្រា​ ដែល​គេ​រៀប​ចំ​ដាក់​ផ្សង​ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នោះ ​គោ​ឧសភរាជ​គឺ​បរិភោគ​តែ​ពោត​ និង​សណ្តែក​ប៉ុណ្ណោះ។

ក្រុម​បាគូ​បាន​ទស្សទាយ​ថា​ ​«លទ្ធ​ផល​នៃ​ការ​ផ្សង​ប្រផ្នូល​តាម​រយៈ​គោ​ឧសភ​ រាជ​ឱ្យ​បរិភោគ​នូវ​អាហារ​ទាំង​ប្រាំ​ពីរ​មុខ​ទៅ​តាម​តម្រា​ពី​បុរាណ​ ហើយ​ដែល​គោ​ឧសភរាជ​បាន​បរិភោគ​ដូច​ត​ទៅ​ គឺ​ទី​មួយ​ក្នុង​ឆ្នាំ​នេះ​ពោត​នឹង​ទទួល​បាន​ភោគ​ផល​ល្អ ​ទី​ពីរ​សណ្តែក​នឹង​ទទួល​បាន​ភោគ​ផល​បង្គួរ»។

យោង​តាម​សៀវ​ភៅ​មហា​សង្ក្រាន្ត​ឆ្នាំ​នេះ​ក៏​បាន​ទស្ស​ទាយ​ផង​ដែរ​ថា ​ផល​ស្រូវ​ឆ្នាំ​នេះ​ក្នុង​ ប្រទេស​កម្ពុជា​បាន​ទទួល​ផល​មធ្យម​ និង​អាច​បំផ្លាញ​ដោយ​សត្វ​ល្អិត​ចង្រៃ​ដែល​ទាម​ទារ​ ឱ្យ​កសិករ​ទាំង​អស់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន។

ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ប្រារឰ​ទ្បើង​ក្រោម​អធិបតី​ភាព​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​ ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី ​និង​ចូល​រួម​ដោយ​លោក ​ហេង ​សំរិន​ ប្រជាន​រដ្ឋ​សភា​ជាតិ​ ព្រម​ទាំង​មន្ត្រី​រាជ​ការ​ ​អ្នក​មុខ​អ្នការ​ជា​ច្រើន​រូប​ទៀត។​ ក្នុង​ព្រះ​រាជ​ពិធី​នេះ ​ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​ជីរាវុធ្ឋ ​ធ្វើ​ជា​ស្តេច​មាឃ ​និង​អ្នក​អង្គ​ម្ចាស់​នរោត្តម​រស្មី​ពនីតា​ជា​មេហួ៕

XS
SM
MD
LG