រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមមេធាវីការពារក្តីជនជាប់ចោទ នួន ជា និងខៀវ សំផន បានដាក់ពាក្យប្តឹងទាមទាររៀងៗខ្លួនឲ្យសាលាដំបូងដោះលែងកូនក្តីពួកគេជាបន្ទាន់មុនពេលសាលាក្តីចាប់ជំនុំជម្រះទោស ដោយនិយាយថាការបន្តឃុំខ្លួននឹងនាំដល់បញ្ហាខុសនីតិវិធីច្បាប់និងរំលោភដល់សិទ្ធិជនជាប់ចោទ។
ការដាក់ពាក្យប្តឹងរបស់មេធាវីនេះធ្វើឡើងចំពេលដែល គ្មានសវនាការសម្រាប់ ជំនុំជម្រះជនជាប់ចោទ ខណៈដែលរយៈពេលឃុំខ្លួនហួសកាលកំណត់ ហើយនឹងបន្ទាប់ពីរយៈពេល៥ថ្ងៃដែលអង្គបុរេបានសម្រេចនៅនាទីចុងក្រោយថាជនជាប់ចោទទាំងបួនត្រូវតែបញ្ជូនខ្លួនទៅកាត់ទោសនៅសាលាដំបូងដោយមិនអនុញ្ញាតឲ្យដោះលែង។
លោក សុន អារុណ សហមេធាវីការពារក្តីជនជាប់ចោទ នួន ជាបងធំទី២នៃរបបខ្មែរក្រហម បានអះអាងថា លោកបានដាក់ពាក្យប្តឹងទៅសាលាដំបូងកាលពីថ្ងៃ អង្គារដើម្បីឲ្យដោះលែងកូនក្តីលោកជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។
«ការបន្តឃុំខ្លួននួន ជានឹងជាការផ្ទុយនឹងបញ្ញត្តិ៦៨ ហើយបង្កើតបានជាការរំលោភសិទ្ធិរបស់គាត់ចំពោះការឃុំខ្លួនតាមបញ្ញតិ្តនៃច្បាប់»។
លោក សុន អារុណបានថ្លែងប្រាប់ វីអូអេ កាលពីថ្ងៃពុធថាកាលកំណត់ឃុំខ្លួនកូនក្តីលោកគឺបានផុតនៅថ្ងៃទី១៥មករា។
វិធានផ្ទៃក្នុងនៃសាលាក្តីកាត់ទោសខ្មែរក្រហមបានបញ្ជាក់ឲ្យដឹងថាសវនាការមួយត្រូវកើតឡើងក្នុងរយៈពេលបួនខែក្រោយពេលចៅក្រមសាលាដំបូងទទួលបានដីកាដំណោះស្រាយពីសហចៅក្រមស៊ើបអង្កេត។ ក៏ប៉ុន្តែក្រុមអ្នកឃ្លាំមើលខ្លះនិយាយថាការបកស្រាយវិធានផ្ទៃក្នុង នៃមាត្រា៦៨ទាក់ទងនឹងការឃុំខ្លួនមានការប្រទាញប្រទង់គ្នា។
ទោះជាយ៉ាងណាក្តី លោក ស សាវ៉ានមេធាវីជនជាប់ចោទខៀវ សំផនអតីតប្រមុខរដ្ឋខ្មែរក្រហមបានអះអាងថាលោកបានដាក់ពាក្យប្តឹងកាលពីល្ងាចថ្ងៃច័ន្ទដើមសប្តាហ៍សុំឲ្យមានការដោះលែងកូនក្តីរបស់លោកជាបន្ទាន់និងដោយឥតលក្ខខណ្ឌផងដែរ ដោយលោកមេធាវីរូបនេះសំអាងថាក្នុងរយៈពេលបួនខែដែលពន្យាជាលើកទីពីរបន្ទាប់ពីពន្យាការឃុំខ្លួនបីឆ្នាំ ត្រូវផុតជនជាប់ចោទខៀវ សំផនត្រូវចាត់ទុកថាជា ការឃុំខ្លួនខុសច្បាប់ ហើយត្រូវតែដោះលែង។ លោកស្តីបន្ទោសតុលាការថាបានធ្វេសប្រហែសដែលមិនបានហៅកូនក្តីលោកទៅបង្ហាញខ្លួន សាកសួរឬជំនុំជម្រះទោស។
«ពីព្រោះយើងបរិយាយអំពីច្បាប់មាត្រាបទបញ្ជាផ្ទៃក្នុងតុលាការក្តី ច្បាប់នីតិវិធី ក្រមព្រហ្មទណ្ឌខ្មែរ ក៏គេមានចែងថាបួនខែហ្នឹងបើមានការយឺតយ៉ាវឬមួយក៏ធ្វេសប្រហែស មិនបានកោះហៅកូនក្តីខ្ញុំទៅបង្ហាញតុលាការ ទោះតុលាការអង្គបុរេជំនុំជម្រះក្តី សាលាដំបូងក្តីមានន័យថាត្រូវតែលែងគាត់»។
លោក រាជសម្បត្តិអ្នកនាំពាក្យនៃសាលាក្តីខ្មែរក្រហមបានអះអាងថាតុលាការបានទទួលពាក្យបណ្តឹងរបស់ក្រុមមេធាវីទាំងពីរតាមផ្លូវច្បាប់ហើយៗសាលាដំបូងនឹងដោះស្រាយតាមផ្លូវច្បាប់នៅក្នុងសវនាការមួយដ៏ឆាប់ខាងមុខនេះ។
«សវនាការគឺគេនិងសម្រេចដោយចៅក្រមប្រាំរូបដែលក្នុងហ្នុងយ៉ាងតិចក៏បួនរូបដែរត្រូវសម្រេចថានៅក្រៅឃុំបានឬមិនបាន អញ្ចឹងពេលវេលាយើងនឹងជម្រាបពេលក្រោយប្រហែលជាថ្ងៃស្អែកឬសប្តាហ៍ក្រោយយើងនឹងប្រាប់ថាធ្វើថ្ងៃណាៗ»។
សាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.ប នៅពាក់កណ្តាលឆ្នាំ២០១១ គ្រោងនឹងកាត់ទោសករណី០០២ឬក្រុមមេដឹកនាំខ្មែរក្រហម៤នាក់ដែលកំពុងជាប់ឃុំឃាំងពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងបទឧក្រិដ្ឋមួយចំនួនទៀតដែលគេសង្ស័យថាមានជាប់ទាក់ទិននិងការសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជិតពីរលាននាក់នៅចន្លោះ ឆ្នាំ ១៩៧៥និង១៩៧៩។ ជនសង្ស័យទាំងបួននាក់នៃរបបកម្ពុជាប្រជាធិបតេយ្យមាន នួន ជា បងធំទីពីរ ខៀវ សំផន ប្រមុខរដ្ឋ អៀង សារីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសហើយនឹង អ្នកស្រី អៀង ធីរិទ្ធ រដ្ឋមន្ត្រីសង្គមកិច្ច៕