ប្រជាពលរដ្ឋនិយាយថា ក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ ចាប់ផ្តើមពង្រាយកម្លាំងទាហានបន្ថែមទៀតនៅលើដីមានទំនាស់ក្នុងពេលដែលការកំណត់ព្រំដីកំពុងតែបន្ត។ ក៏ប៉ុន្តែក្រុមអ្នក ស្រុកបានសច្ចាថា ប្រសិនណាបើអាជ្ញាធរខេត្តកំពង់ស្ពឺពុំដោះទំនាស់នេះទេ ពួកគេនឹងធ្វើការតវ៉ារហូតទាល់តែមានតំណោះស្រាយ។
លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖
ក្រុមអ្នកស្រុកដែលមានដីទំនាស់ជាមួយ និងក្រុមហ៊ុនភ្នំពេញ SUGAR របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលមួយរូបខាងគណបក្សគ្រប់គ្រងអំណាច នៅថ្ងៃសុក្រនេះ បាននិយាយថា ក្រុមហ៊ុនបានចាប់ផ្តើមពង្រាយកម្លាំងយោធាបន្ថែមទៀត នៅលើដីមានទំនាស់ ស្របពេលនិងដំណើរការវាស់វែងកំណត់ព្រំដីកំពុងតែបន្ត។
"ដឹកមកចូលដាក់គ្រប់កន្លែង ដាក់ស្តង់ដាក់អី ដាក់តាមព្រំដីគេហ្នឹង។ គោលការណ៍គេ គេថា ១០០ម៉ែត្រដាក់យាមម្តង"។
នៅក្នុងអំឡុងដើមសប្តាហ៍នេះ គណៈកម្មការវាស់វែងព្រំដីរបស់ខេត្តកំពង់ស្ពឺ បានចាប់ផ្តើម វាស់វែងកំណត់បង្គោលព្រំដី នៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ រវាងក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ និងប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គណៈកម្មការវាស់ព្រំដីរបស់ខេត្តកំពង់ស្ពឺនេះ បានផ្អាក មួយថ្ងៃ ដោយសារតែការបែងចែកដីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនមិនមានការចុះសម្រុងគ្នា ។
ប្រជាពលរដ្ឋ បានទាមទារឲ្យអាជ្ញាធរ បែងចែកដីទំហំ៣០ម៉ែត្រ៤ជ្រុង ទាំងដីព្រៃ និងដីស្រែ ចម្ការ ក៏ប៉ុន្តែខាងក្រុមហ៊ុនកំណត់ឲ្យប្រជាពលរដ្ឋណា ដែលមានដីទំហំលើសពីកន្លះហិកតាឡើងទៅទើបប្រគល់ដីឲ្យ៣០ម៉ែត្របួនជ្រុង។
នៅក្នុងពេលដែលមានការបែងចែកដីធ្លី ពុំទាន់ចប់សព្វគ្រប់នៅឡើយនេះ កម្លាំងយោធា ដែលបណ្តាលឲ្យកាំភ្លើងច្រើនរាប់ស៊ិបនាក់ ត្រូវបានដាក់ពង្រាយនៅតាមព្រំដីរបស់ក្រុមហ៊ុន នេះបើ តាមការបញ្ជាក់អះអាងរបស់ប្រជាពលរដ្ឋជាច្រើនរូប ដែលស្នើសុំមិនបញ្ចេញឈ្មោះ។
"ខ្ញុំគិតថា គេយកទាហានមកដើម្បីគេចង់ដាក់កម្លាំងដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងឲ្យបាក់ស្មារតី ឬក៏ភ័យខ្លាច កុំឲ្យយើងតវ៉ា"។
លោកស្រីឈាង គឹមស៊ុន តំណាងក្រុមហ៊ុនភ្នំពេញSUGAR បានបដិសេធថា ក្រុមហ៊ុនរបស់ លោកស្រី ពុំបានដាក់ពង្រាយកម្លាំងបន្ថែមទៀតទេ។
"ពួកគាត់មានសិទ្ធិប្រជាធិបតេយ្យខ្ពស់ពេក។ គាត់ធំហួសៗមាឌ ដែលគាត់មាន ម្លោះហើយ គាត់ចង់និយាយមូលបង្កាច់អ្នកណាក៏បានដែរ។ គាត់ចង់និយាយយ៉ាងម៉េចក៏បានដែរ ព្រោះគាត់ច្រៀងបានពីរោះ។ ចំណែកពួកខ្ញុំអត់មានពេលវេលាដែលត្រូវច្រៀងទេ"។
លោកគង់ ស៊ីថា ជំទប់ទី១ ឃុំអមលាំង និងជាក្រុមការងារគណៈកម្មការដោះស្រាយទំនាស់ដី ធ្លី រវាងក្រុមហ៊ុន និងជាមួយប្រជាពលរដ្ឋ បាននិយាយថា ទាហានដែលដាក់ពង្រាយនេះ ពុំមែនជាទាហានថ្មីទេ គឺជាទាហាន ដែលធ្លាប់ការពារដីពីមុនមក។
លោកគង់ ស៊ីថា បានមានប្រសាសន៍ទៀតថា យើងបានវាស់វែងដី ដែលមានទំនាស់រវាង ប្រជាពលរដ្ឋ និងក្រុមហ៊ុន ទើបតែបាន១០%តែប៉ុណ្ណោះ ហើយយើងត្រូវការពេលវេលាចំនួន០១ខែទៀត ដើម្បីបញ្ចប់កិច្ចការនេះ។
លោកបានមានប្រសាសន៍ទៀតថា យើងបានរងឃើញថា ដីមានទំនាស់ពិតប្រាកដ ប្រមាណ តែជាង១០០០ហិកតា តែប៉ុណ្ណោះដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋចំនួន៥ភូមិ ជាង៣០០គ្រួសារ។
លោករដ្ឋា វី មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សADHOC ប្រចាំខេត្តកំពង់ស្ពឺ បាននិយាយថា ប្រជាពលរដ្ឋជិតដល់រដូវធ្វើស្រែហើយ ដូច្នេះអាជ្ញាធរខេត្តគួរតែពន្លឿនបញ្ចប់កិច្ច ការទំនាស់ទាំងនេះ។
"ប្រជាពលរដ្ឋយើងសព្វថ្ងៃ គាត់កំពុងតែជួបបញ្ហាខ្វះខាតក្នុងជីវភាពគ្រួសារ ហើយបើអូស បន្លាយរឿងក្តីហ្នឹងកាន់តែវែងទៅ ប្រជាពលរដ្ឋកាន់តែក្រទៅដោយសារតែគាត់ខ្វល់ខ្វាយរឿងតវ៉ា ទាមទារ អត់ពេលវេលារកស៊ី"។
ក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ បានទទួលដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ជាង៨០០០ហិកតា សម្រាប់ធ្វើការអភិវឌ្ឍដាំដើមអំពៅ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ក៏ប៉ុន្តែគម្រោងអភិវឌ្ឍន៍នេះត្រូវបានប្រជាពលរដ្ឋបានចោទប្រកាន់ថា បានប៉ះពាល់ដល់ដីស្រែ និងដីចម្ការរបស់ពួកគេ៕