បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាននិងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៥ មេសា ២០១៨

១
ភ្នាក់ងារល្បាតម្នាក់របស់ក្រុមជួយសង្គ្រោះសត្វព្រៃប្រទេសកេនយ៉ា ព្យាយាមគ្របភ្នែកសត្វរមាសញីដែលមានអាយុ២ឆ្នាំកន្លះ ដែលគេដាក់ឈ្មោះថា Elia បន្ទាប់ពីសត្វរមាសនេះត្រូវបានគេបាញ់ពីលើអាកាសដើម្បីបង្ក្រាប ផ្សាំង និងបំពាក់អត្តសញ្ញាណ នៅឧទ្យានជាតិ Meru ស្ថិតនៅចម្ងាយ៣៥០គ.ម ពីរដ្ឋធានីណៃរ៉ូប៊ី។

២
ក្រុមនិស្សិតគប់ដុំថ្មទៅកាន់ប៉ូលិសឥណ្ដា ក្នុងការធ្វើបាតុកម្មប្រឆាំងនឹងឃាតកម្មថ្មីៗនៅតំបន់កាស្មៀរ នៅខាងក្រៅទីក្រុង Srinagar។

៣
សត្វពពែឡើងស៊ីស្លឹក Argania Spinosa នៅក្រុង Essaouira ស្ថិតនៅភាគនិរតីនៃប្រទេសម៉ារ៉ុក។

៤
កងកម្លាំប៉ាគីស្ថាន Khasadaar បំផ្លាញដំណាំអាភៀននៅតំបន់ Prang Ghar ស្រុក Mohmand Agency ស្ថិតនៅប្រហែល១០០គ.មពីទីក្រុង Peshawar។

៥
ក្រុមអ្នកបព្វជិតអាមេរិកាំង បួងសួងនៅព្រះវិហារ Saint James Cathedral នៅ Old City នៃទីក្រុងហ្ស៊េរុយសាឡិម មុនពេលពិធីលាងសម្អាតខ្លួនជាលក្ខណៈប្រពៃណី ក្នុងសប្តាហ៍ដ៏ពិសិដ្ឋ របស់អ្នកកាន់សាសនាគ្រិស្ត។

៦
ភ្នំភ្លើង Shinmoedake បញ្ចេញកំអែរដ៏ក្តៅនៅលើកំពូល ដែលស្ថិតនៅចម្លោះតំបន់ Miyazaki និង Kagoshima នៅភាគពាយព្យនៃប្រទេសជប៉ុន។

៧
មនុស្សធ្វើដំណើរទៅកន្លែងកប់សពសាច់ញាតិ និងមិត្តសម្លាញ់របស់ពួកគេ ក្នុងពិធីសែនឆេងម៉េង ដែលគេហៅម្យ៉ាងទៀតថា «ថ្ងៃយំសោករបស់ផ្នូរ» ដើម្បីផ្តល់កិត្តិយសដល់អ្នកស្លាប់ នៅឯទីបញ្ចុះសពមួយនៅទីក្រុងហុងកុង។

៨
ស្ត្រីម្នាក់ស្លៀកពាក់ឲ្យឆ្មារបស់នាង មុនពេលថតរូបនៅជិតរូបទន្សាយសម្រាប់ពិធី Easter ដែលគេដាក់តាំងនៅក្នុងសួនមួយសម្រាប់ប្រារពពិធីបុណ្យ Easter នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។

៩
រូបថតរបស់នាយកដ្ឋានអភិរក្សរបស់ប្រទេសនូវែលសេឡង់បង្ហាញពីត្រីបាឡែនចំនួន៣៨ក្បាល ស្ថិតនៅមាត់ទន្លេ Okuru នៅឆ្នេរ South Island របស់ប្រទេសនូវែលសេឡង់។

១០
តារា Bollywood លោក Salman Khan (កណ្ដាល) បានមកដល់តុលាការនៅទីក្រុង Jodhpur រដ្ឋ Rajasthan ប្រទេសឥណ្ឌា។ លោក Salman Khan ត្រូវបានកាត់ទោសដាក់ពន្ធនាគារកំណត់៥ឆ្នាំ ដោយសារតែបានបាញ់សត្វក្តាន់ នៅតំបន់អភិរក្ស កាលពី២ទសវត្សរ៍មុន។

១១
កៅអីទំនេរនៅឆ្នេរសមុទ្រ Baltic Sea នៅទីក្រុងមាត់សមុទ្រ Timmendorfer Strand របស់ប្រទេសអាល្លឺម៉ង់ ក្នុងពេលមានអាកាសធាតុត្រជាក់ខ្លាំង។