ភ្នំពេញ៖ សាលាឧទ្ធរណ៍ បានបន្ឋូរបន្ថយទោសមហាសេដ្ឋីជនជាតិរុស្ស៊ីពីរយៈពេលពី១៧ឆ្នាំមកនៅត្រឹម៨ឆ្នាំវិញ បន្ទាប់ពីតុលាការរកឃើញថា លោក Alexander Trofimov បានសារភាពកំហុសនិងបានសំដែងការសោកស្តាយចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត។ ក៏ប៉ុន្តែមេធាវីការពារជនរងគ្រោះមិនពេញចិត្តនឹងការប្រកាសសាលក្រមនេះទេ។
សាលាឧទ្ធរណ៍នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសសាលក្រមកម្បាំងមុខចំពោះលោក Alexander Trofimov មហាសេដ្ឋីជនជាតិរុស្ស៊ីមួយរូប ដោយបានបន្ធូរបន្ថយទោសពីការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពី១៧ឆ្នាំមកនៅត្រឹមប្រាំបីឆ្នាំវិញ។
លោកសេង ស៊ីវុត្ថា ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍ បានប្រកាសថា មូលហេតុដែលនាំឲ្យមានការបន្ធូរបន្ថយទោសនេះ គឺដោយសារតែលោក Alexander Trofimov បានសារភាពទោសកំហុសនិងបានសំដែងការសោកស្តាយចំពោះទង្វើ ដែលខ្លួនបានប្រព្រឹត្តកន្លងមក ព្រមទាំងបានលើកឡើងថា លោកជាជនបរទេសខ្វះការយល់ដឹងពីច្បាប់ និងទំនៀមទម្លាប់ក្នុងប្រទេសកម្ពុជា។
លោកចៅក្រមសេង ស៊ីវុត្ថា បានមានប្រសាសន៍ថា ជនជាប់ចោទត្រូវបានកែប្រែបទល្មើសពីការចោទប្រកាន់ពីបទអំពើអាស់មកចោទប្រកាន់ពីបទពេស្យាចារកុមារវិញ តាមមាត្រាទី៣៤នៃច្បាប់ស្តីពីការបង្រ្កាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ។
លោកនួន ផានិត មេធាវីការពារជនរងគ្រោះមកពីអង្គការសកម្មភាពដើម្បីកុមារ បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅសាលាឧទ្ធរណ៍ថា លោកមិនពេញចិត្តចំពោះការប្រកាសសាលក្រមនេះទេ។
«មូលហេតុដែលយើងមិនអាចទទួលយកបាននេះ គឺដោយសារតែចៅក្រមគាត់បានប្រើឆន្ទានុសិទ្ធិរបស់គាត់តាមគោលការណ៍សុំទោស ដែលគាត់មិនបានពិចារណាទៅលើ ទីមួយគឺចំនួនជនរងគ្រោះ ដែលមានច្រើនរហូតដល់បីសំណុំរឿង រហូតដល់១៨នាក់។ ហើយជនរងគ្រោះទៀតសោតសុទ្ធតែជាអនីតិជន ហើយទីពីរក៏មានសំណុំរឿងច្រើន រហូតដល់បីសំណុំរឿង»។
ចំណែកលោកសាំង វណ្ណៈ មេធាវីការពារជនជាប់ចោទវិញ បានមានប្រសាសន៍ថា លោកនឹងពិចារណាបណ្តឹងករណីនេះ ទៅតុលាការកំពូលបន្តទៀត។
«និយាយចំណុចនេះ ដោយថា កូនក្តីខ្ញុំមានការភ្ញាក់រឭក និងមានការសុំទោសទៅដល់ប្រជាជនខ្មែរនិងជនរងគ្រោះ ខ្ញុំក៏មានការរីករាយ ដោយតុលាការ គាត់បានអនុវត្តនូវវិធានតាមច្បាប់ ដែលបានអនុម័តបញ្ញត្តិ»។
លោក Alexander Trofimov អាយុ៤១ឆ្នាំ ជាមហាសេដ្ឋីជនជាតិរុស្ស៊ីមួយរូប និងជាអតីតនាយកក្រុមហ៊ុនកោះពស់ ដែលមានគម្រោងសាងសង់់ឆ្នេរលំហែកាយនៅទីក្រុងកំពង់ផែ ក្រុងព្រះសីហនុ មានចំនួនទឹកប្រាក់ជាង៣០០លានដុល្លារសហរដ្ឋអាមេរិក។ លោកត្រូវបានសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៨ បើកសវនាការម្តង ហើយបានរកឃើញថា លោកជាប់ពាក់ព័ន្ធនឹងការរួមភេទជាមួយនឹងកុមារីកម្ពុជា ចំនួន១៧នាក់ ដែលភាគច្រើនជាអនីតិជន។
តុលាការបានរកឃើញថា លោក Alexander Trofimov បានចំណាយទឹកប្រាក់ប្រមាណពីប្រាំដុល្លារ រហូតដល់២០០០ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ជាថ្នូរនឹងការរួមភេទជាមួយនឹងកុមារីកម្ពុជាទាំងនោះ។
លោកសំលៀង សីលា នាយកអង្គការសកម្មភាពដើម្បីកុមារ បានសំដែងការសោកស្តាយចំពោះការប្រកាសសាលក្រមរបស់សាលាឧទ្ធរណ៍។
លោកបានមានប្រសាសន៍ថា ការបន្ធូរបន្ថយទោសនេះ មិនបានឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែង ក្នុងការលុបបំបាត់នូវបញ្ហាទេសចរណ៍ផ្លូវភេទលើកុមារទេ។
«យើងឃើញថា បញ្ហាទេសចរណ៍ផ្លូវភេទលើកុមារនៅតែជាបញ្ហាធំមួយ ដែលគួរឲ្យព្រួយបារម្ភ ពីព្រោះនៅមានជនបរទេស ដែលស្វែងរកសេវាផ្លូវភេទជាមួយកុមារនេះ មានជំនឿថា កម្ពុជានៅតែជាទីតាំង ឬក៏គោលដៅមានសុវត្ថិភាព ឬក៏ជាទីតំាង ដែលគាត់អាចរកសេវាផ្លូវភេទជាមួយនឹងកុមារ បានយ៉ាងងាយស្រួល»។
គួរបញ្ជក់ផងដែរថា អាជ្ញាធរកម្ពុជាបានចាប់ខ្លួនលោក Alexander Trofimov នៅក្នុងអំឡុងឆ្នាំ២០០៧ នៅទីក្រុងឆ្នេរលំហែកាយនៃក្រុងព្រះសីហនុ។ លោកសំលៀង សីលា បានឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០០៩ អាជ្ញាធរប៉ូលិស បានចាប់ខ្លួនជនបរទេសចំនួន២៩នាក់ ហើយនៅក្នុងរយៈពេលប្រាំបីខែឆ្នាំ២០១០នេះ ប៉ូលិសបានចាប់ខ្លួនចំនួន១៣នាក់ពាក់ព័ន្ធទៅនឹងទេសចរណ៍ផ្លូវភេទលើកុមារ៕