ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​ជំនុំ​ជម្រះ​ករណី​លោក​សម​រង្ស៊ី​ក្នុង​រឿង​ដក​បង្គោល​ព្រំដែន​វៀតណាម


លោក​សម រង្ស៊ី​ ឈរ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០០៩។ ការ​កាត់​ទោស​ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ប្រឈម​មុន​នឹង​ការ​ជាប់​ពន្ធនាគារ​​សរុប​រហូត​ដល់​១២​ឆ្នាំ។
លោក​សម រង្ស៊ី​ ឈរ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០០៩។ ការ​កាត់​ទោស​ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ប្រឈម​មុន​នឹង​ការ​ជាប់​ពន្ធនាគារ​​សរុប​រហូត​ដល់​១២​ឆ្នាំ។

វាសនា​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ និង​អ្នក​ភូមិ​ពីរ​នាក់​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​អំពី​បទ​ដក​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​នៅក្នុង​ខេត្ត​ស្វាយរៀង ​នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​នៅ​សប្តាហ៍​ក្រោយនេះ​។ ក្រុម​មេធាវី​ជន​ត្រូវ​ចោទ​ បាន​និយាយ​ថា ​កូន​ក្តី​របស់​ពួកគេ​គួរតែ​ត្រូវ​បាន​ដោះលែង​ដោយសារ​គ្មាន​ភស្តុតាង​ និង​សាក្សី​ច្បាស់លាស់​។ ប៉ុន្តែ​ព្រះរាជអាជ្ញា​ និង​មេធាវី​ដើម​ចោទ បាន​ទាមទារ​ឱ្យ​តុលាការ​តម្កល់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ជន​ត្រូវ​ចោទ។

នៅ​ថ្ងៃអង្គារ​នេះ​ សាលា​ឧទ្ធរណ៍​ បាន​បើកសវនាការ​ជំនុំ​ជម្រះ​ករណី​បណ្តឹង​របស់​លោក​សម រង្ស៊ី​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង និង​អ្នក​ភូមិ​ពីរ​នាក់​ចំពោះ​ការដក​តម្រុយ​បង្គោល​ព្រំដែន​ ដោយ​ខុស​ច្បាប់​ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ និង​វៀតណាម​ក្នុង​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយរៀង។

តុលាការ​ខេត្ត​ស្វាយរៀង​បាន​កាត់ទោស​លោក​សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរឆ្នាំ ​និង​លោក​ព្រំ ជា ​និង​អ្នកស្រី​មាស ស្រី​ ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន​មួយ​ឆ្នាំ​កាលពី​ ថ្ងៃទី​២៧ ​ខែ​មករា​ ឆ្នាំ២០១០ ​អំពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ និង​បទ​ញុះ​ញង់​ឱ្យ​មាន​ការ​ប្រកាន់​ពូជសាសន៍។

ជន​ត្រូវ​ចោទ​ទាំង​បីនាក់ ​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការ​ផ្តន្ទា​ទោស​របស់​តុលាការ​ខេត្ត​ស្វាយរៀង។ សវនាការ​សាលាឧទ្ធរណ៍​នេះ ​បាន​ធ្វើឡើង​ បន្ទាប់ពី​បាន​លើក​ពេល​សវនាការ​នៅ​ថ្ងៃទី​ប្រាំមួយ​ខែ កក្កដា ​និង​ថ្ងៃទី​ប្រាំបួន​ ខែ​សីហា នៅ​ពេល​ដែល​មេធាវី​បាន​ធ្វើ​ពហិកា ​និង​អវត្តមាន​របស់​ជន​ត្រូវ ចោទ​។

គូភាគី​នៅក្នុង​សវនាការ​នេះ​បាន​លើក​យក​អង្គហេតុ​អង្គច្បាប់​ និង​ភស្តុតាង​មក​ជជែក​ដេញ​ដោល​គ្នា យ៉ាង​ស្វិតស្វាញ​សម្រាប់​ការ​ការពារ​កូនក្តី ​និង​ការ​ដាក់​បន្ទុក​លើ​ជន​ត្រូវចោទ។

លោក​ជួង ជូងី ​មេធាវី​ការពារ​ក្តី​លោក​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង ​បាន​ថ្លែង​នៅក្នុង​សវនាការ​ថា ទង្វើ​របស់​លោក​សម រង្ស៊ី​ នេះ​មិន​មាន​គំនិត​ចង់​បំផ្លិចបំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន ​និង​គ្មាន​ចេតនា​ញុះ​ញង់​ឱ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍​ទេ​។ ដូច្នេះតុលាការគួរតែ​លើកលែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​សម រង្ស៊ី។

«អ្វី​ដែល​កូនក្តី​របស់​ខ្ញុំ​ធ្វើ គឺ​ទីមួយ​ ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​គណៈកម្មាធិការ​ ព្រំដែន​ បាន​បោះ​បង្គោល​ព្រំដែន​នៅក្នុង​ដី​ស្រែ​របស់​គាត់​ និង​ទីពីរ ដើម្បី​ការពារ​បូរណភាព​ទឹក​ដី»។

លោក​សំ សុខគង់​ មេធាវី​ជន​ត្រូវ​ចោទ​លោក​ព្រំ ជា ​និង​អ្នកស្រី​មាស ស្រី ​ដែល​កំពុង​ជាប់​ឃុំឃាំង​ នៅក្នុង​ពន្ធនាគារ​នោះ ​បានថ្លែង​ថា​ តាម​ការ​ជជែក​ដេញដោល​គ្នា​នេះ សាលាឧទ្ធរណ៍​នឹង​ដោះលែង​ កូនក្តី​ទាំងពីរ​នាក់​របស់​លោក​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ដោយសារ​បញ្ហា​មិនច្បាស់​លាស់​ទាក់ទង​ នឹង​ភស្តុតាង ​និង​សាក្សី​ ព្រមទាំង​បញ្ហា​សុខភាព​។

«តាមការ​សួរ​ដេញដោល​នៅក្នុង​ពេលសវនា​ការ ខ្ញុំ​យល់​ឃើញ​ថា កូន​ក្តី​របស់​ខ្ញុំ​ពុំ​មាន​ទោស​ទេ ដោយសារ​វា​នៅ​មាន​ការ​សង្ស័យ​ច្រើន»។

លោក​ចាន់ សុខយាង​ មេធាវី​របស់​រដ្ឋាភិបាល​ បាន​អះអាង​នៅក្នុង​សវនាការ​ថា លោក​សម រង្ស៊ី ​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​នេះ​ ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​របស់​លោក​ដោយ​មាន​ចេត នា​ក្នុងការ​ញុះ​ញង់​ និង ​បំផ្លិចបំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​ដែល​មាន​បំណង​ចង់​ធ្វើ​ឱ្យ​ទំនាក់ទំនង​ រវាង​ប្រទេស​ទាំងពីរ​ប្រេះ​ឆា។

លោក​ង៉ែត សារ៉ាត់ ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ បាន​ស្នើសុំ​ប្រធាន​ចៅក្រម​សាលាឧទ្ធរណ៍​ឱ្យ តម្កល់​ទុក​សាលក្រម​របស់​តុលាការ​ខេត្ត​ស្វាយរៀង​ទុកជា​បាន​ការ​ ដោយសារ​តែ​មាន​ភស្តុតាង​គ្រប់ គ្រាន់​។

ជន​ត្រូវ​ចោទ​លោក​ព្រំ ជា​ និង​លោកស្រីមាស លី ​បាន​សំណូមពរ​ដល់​តុលាការ​លើកលែង​ការ​ ចោទ ប្រកាន់​ប្រឆាំង​នឹង​ពួកគាត់​ និង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។

លោក​ឃុន លាងម៉េង​ ប្រធាន​ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ បាន​ថ្លែង​នៅក្នុង​សវនាការ​ថា​សាលដីកា​នឹង​ត្រូវ​លើក​យក​ទៅ​ប្រកាស​នៅ​សប្តាហ៍​ក្រោយ​ ដោយសារ​តែ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ និង​ករណី​ស្មុគស្មាញុ៕

XS
SM
MD
LG