ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំកាលពីថ្ងៃច័ន្ទសប្តាហ៍មុន (ទី២៧ខែមិថុនា) ដោយបង្ហាញថារដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តឱ្យបានពេញលេញតាមបទដ្ឋានអប្បបរមាសម្រាប់ការលុបបំបាត់អំពើជួញដូរមនុស្ស ហើយរដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញពីការរីកចម្រើនក្នុងកិច្ចខំប្រឹងប្រែងអនុវត្តច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្សនិងគ្មានការកាត់ទោសជនល្មើសជួញដូរមនុស្សនៅក្នុងអំឡុងឆ្នាំ២០១០និងឆ្នាំ២០១១ ហើយជួនកាលព្រះរាជអាជ្ញាមិនបានចោទប្រកាន់ជនល្មើសជួញដូរមនុស្សទេ។
លោក ជន សក្តានៃវីអូអេសំឡេងសហរដ្ឋអាមេរិកបានជួបសម្ភាសជាមួយលោកស្រី សឹង កាម៉ារីយ៉ាន ប្រធានកម្មវិធីច្បាប់នៃអង្គការ AFESIP ដែលធ្វើការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។
វីអូអេ៖ ខ្ញុំសូមជម្រាបសួរលោកស្រី សឹង កាម៉ារីយ៉ាន។ តើលោកស្រីយល់ឃើញយ៉ាងម៉េច អំពីរបាយការណ៍ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកសម្រាប់ប្រទេសកម្ពុជា?
លោកស្រី កាម៉ារីយ៉ាន៖ ខ្ញុំបានទទួលរបាយការណ៍ ដែលចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយយើងឃើញថា របាយការណ៍នេះគឺជារបាយការណ៍មួយសម្រាប់ជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញការអនុវត្តរបស់រដ្ឋាភិបាលខ្មែរទៅលើការប្រឆាំងទៅនឹងការជួញដូរមនុស្ស បានដល់កម្រិតណា ហើយមិនទាន់បានរលូន នៅកម្រិតណា។ នេះគឺជារបាយការណ៍មួយប្រៀបដូចទៅនឹងកញ្ចក់ក្នុងការឆ្លុះបញ្ចាំងនូវការអសកម្មក្នុងការអភិវឌ្ឍទៅលើការប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរមនុស្សនៅកម្ពុជា។
វីអូអេ ៖ តើលោកស្រីយល់ឃើញយ៉ាងណាចំពោះរបាយការណ៍នេះបានលើកឡើងថាការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលមិនបានអនុវត្តឱ្យបានពេញលេញទៅតាមបទដ្ឋានអប្បបរមាសម្រាប់ការលុបបំបាត់នៃការជួញដូរមនុស្សទេ?
លោកស្រី កាម៉ារីយ៉ាន៖ តាមការសិក្សាស្រាវជ្រាវ ក៏ដូចជាការអនុវត្តផ្ទាល់ ក៏ដូចជាអង្គការជាដៃគូរវាងអង្គការ AFESIP ជាមួយនឹងរដ្ឋាភិបាលកម្ពុជាមានការខិតខំប្រឹងប្រែង ដូចជាការបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនេះ។ ក៏ប៉ុន្តែយើងឃើញចំណុចអសកម្មខ្លះរបស់មន្ត្រីអនុវត្តន៍ច្បាប់ប្រឆាំងនឹងការជួញដូរមនុស្សនេះ គឺការមិនយកចិត្តទុកដាក់ចំពោះភារកិច្ចរបស់គាត់ ឬមួយក៏យើងគិតឃើញផងដែរថាមន្ត្រីអនុវត្តន៍ច្បាប់ពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស ការធ្វើចំណាកស្រុកឬ ការនាំពលករចេញទៅប្រទេសផ្សេងៗនោះ មានការអសកម្ម ហើយឃើញការអនុវត្តរបស់គាត់មានបញ្ហាពាក់ព័ន្ធនឹងអំពើពុករលួយ គ្មានជំនាញ ឬ ការធ្វេសប្រហែសដែលគាត់គិតឃើញថាបញ្ហានេះមិនសំខាន់សម្រាប់ប្រទេសកម្ពុជា។
វីអូអេ៖ របាយការណ៍នេះ បាននិយាយថារដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញពីការរីកចម្រើនក្នុងកិច្ចខំប្រឹងប្រែងអនុវត្តច្បាប់ប្រឆាំង នឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស និងគ្មានការកាត់ទោសជនល្មើសជួញដូរមនុស្សនៅក្នុងឆ្នាំ២០១០និងឆ្នាំ២០១១ ហើយជួនកាលព្រះរាជអាជ្ញាមិនបានចោទប្រកាន់ជនល្មើសជួញដូរមនុស្សទេ។ តើលោកស្រីមានយោបល់យ៉ាងណាអំពីរបាយការណ៍នេះ?
លោកស្រី កាម៉ារីយ៉ាន៖ បញ្ហានេះ ខ្ញុំគាំទ្រខ្លះដែរ។ យើងឃើញថាការចោទប្រកាន់របស់ព្រះរាជអាជ្ញាដែលពាក់ព័ន្ធទៅនឹងបញ្ហាជួញដូរមនុស្សជាពិសេសការនាំពលករចេញ។ យើងឃើញថាក្រុមហ៊ុនមួយចំនួនធ្វើការមិនត្រឹមត្រូវទៅតាមការងាររបស់គាត់ ហៅថាការបង្កប់ការជួញដូរមនុស្សទៅក្នុងក្រុមហ៊ុននោះ បើយើងធ្វើការស្រាវជ្រាវឱ្យដិតដល់មែនទែន។ តួយ៉ាងដូចជាករណីមួយនៅតុលាការដែលខ្ញុំកំពុងធ្វើការសិក្សាស្រាវជ្រាវតាមដានករណីនេះសូមមិនបញ្ចេញថានៅតុលាការណាទេ។ ជនរងគ្រោះឆ្លើយថា គាត់ត្រូវបានក្រុម ហ៊ុនមួយនាំគាត់បម្រុងទៅធ្វើការនៅប្រទេសក្រៅដោយឱពុកម្តាយគាត់អត់បានដឹង ទីពីរនាងជាអនីតិជន ទីបីអ្នកដែលនាំមក ហើយក្រុមហ៊ុននោះបានបិទទ្វារឃុំឃាំងគាត់ នៅពេលគាត់ស្រេកទឹក ឬ ឃ្លានបាយ ទាល់តែគាត់គោះទ្វារហៅសុំទឹកផឹក ឬ ឃ្លានបាយ ទើបក្រុមហ៊ុនយកទៅឱ្យគាត់។ យើងឃើញថា នេះជាកំហុសឆ្គងធ្ងន់ធ្ងរណាស់ក្នុងការឃុំឃាំង។ ប៉ុន្តែការចោទប្រកាន់របស់ព្រះរាជអាជ្ញាមិនបានចោទប្រកាន់ពាក់ព័ន្ធទៅនឹងបទល្មើសណាមួយទៅនឹងក្រុមហ៊ុនណាមួយទេ។ ព្រះរាជាអាជ្ញាមិនបានចោទប្រកាន់ ក្រុមហ៊ុននោះទេប៉ុន្តែគាត់ចោទទៅលើអ្នកនាំមកវិញ។ អញ្ចឹងនៅពេលសវនាការ យើងឃើញថាចៅក្រមជំនុំជម្រះស្នើសុំឱ្យធ្វើការស៊ើបអង្កេតឡើងវិញហើយយើងមិនចោទទៅលើព្រះរាជអាជ្ញាទាំងស្រុងពេកទេតែយើងដាក់កំហុសទៅលើចៅក្រមស៊ើបអង្កេតក្នុងការធ្វើការងារមិនល្អិតល្អន់ នៅពេលដែលជនរងគ្រោះ រៀបរាប់លម្អិតហើយ គាត់មិនបានធ្វើការស្រាវជ្រាវ ឬ អញ្ជើញក្រុមហ៊ុនដែលជនរងគ្រោះចោទដាក់នោះមកបំភ្លឺឱ្យដឹងថា ខ្លួនហ្នឹងបានប្រព្រឹត្តដូចការចោទប្រកាន់ ឬ មិនបានប្រព្រឹត្ត។
វីអូអេ៖តើលោកស្រីយល់ឃើញយ៉ាងម៉េច ចំពោះរបាយការណ៍នេះបានលើកឡើងថាចំនួននៃការកាត់ឱ្យជាប់ទោសពីបទជួញដូរមនុស្សបានធ្លាក់ចុះប៉ុន្តែចំនួននៃកម្មករចំណាកស្រុក ដែលកំពុងកើនឡើងនៅកម្ពុជា បានទទួលរងការរំលោភបំពានដោយគ្មានការការពារប្រកបដោយដោយប្រសិទ្ធភាពពីនគរបាល ឬ ក្រសួងការងារ?
លោកស្រី កាម៉ារីយ៉ាន៖ ពលករពលកានីមួយចំនួនមិនទាន់គ្រប់អាយុទេ ប៉ុន្តែគាត់បានទៅធ្វើការនៅប្រទេស ក្រៅតាមរយៈក្រុមហ៊ុននោះ គឺក្លែងបន្លំអាយុ។ តាមយើងស្រាវជ្រាវ ការក្លែងបន្លំអាយុនេះត្រូវបានស្រាវជ្រាវឃើញថាដោយសារក្រុមហ៊ុន គ្រួសារក្នុងការកែអាយុកែសំបុត្រកំណើត។ បើយើងសិក្សាឱ្យដល់ទៅឱពុកម្តាយ គ្មានគំនិតគិតឃើញដល់ការកែសំបុត្រកំណើតទេ បើគ្មានការញុះញង់ណាមួយពីមេខ្យល់ ឬ ក្រុមហ៊ុន។ អញ្ចឹងយើងឃើញថាបញ្ហានេះគឺជាកំហុសឆ្គងមួយដ៏ខ្លាំងសម្រាប់មន្ត្រីរដ្ឋាភិបាលយើងក្នុងថ្នាក់ឃុំ ហើយក៏ជាកំហុសឆ្គងមួយសម្រាប់ក្រុមហ៊ុនដែលបានផ្សំគំនិតក្នុងរឿងកែសំបុត្រកំណើត ហើយក៏ជាកំហុសឆ្គង មួយសម្រាប់ប្រជាពលរដ្ឋខ្មែរ។ អញ្ចឹងភាពក្រីក្ររបស់គាតធ្វើឱ្យគាត់ងាយចាញ់បោកគេ ហើយភាពក្រីក្ររបស់គាត់ដែលជំរុញឱ្យគាត់ចូលរួមកែអាយុកូនរបស់គាត់ ដើម្បីឱ្យពេញអាយុបានទៅធ្វើការនៅប្រទេសក្រៅ។
វីអូអេ៖ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា ការទប់ស្កាត់ការជួញដូរនិងការការពារជនរងគ្រោះ មិនបានប្រសើរឡើងទេ។ សហរដ្ឋអាមេរិកបានរក្សាចំណាត់ថ្នាក់ទី២សម្រាប់ប្រទេសកម្ពុជា។ តើមកពីហេតុអ្វី?
លោកស្រី កាម៉ារីយ៉ាន៖ ខ្ញុំយល់ឃើញថាចំណាត់ថ្នាក់លេខពីរនេះ យើងទទួលបានតាំងពីយូរមកហើយ ហើយឥឡូវយើងនៅតែទទួលបានចំណាត់ថ្នាក់លេខពីរទៀត។ ក្រោយពីទទួលបានចំណាត់ថ្នាក់លេខពីរប៉ុន្មានឆ្នាំមុននោះ យើងឃើញថារដ្ឋាភិបាលខិតខំប្រឹងប្រែងណាស់ ប៉ុន្តែបុគ្គលអនុវត្តន៍ច្បាប់កេងចំណេញទៅលើរដ្ឋាភិបាលដើម្បីផលប្រយោជន៍បុគ្គលខ្លួនឯង។
វីអូអេ៖ របាយការណ៍នេះ បានចង្អុលបង្ហាញថាអំពើពុករលួយគ្រប់លំដាប់ថ្នាក់បន្តរារាំងការវិវឌ្ឍទៅមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ហើយរដ្ឋាភិបាលមិនដែលកាត់ទោសក្រុមហ៊ុនជ្រើសរើសពលករណាមួយ ដែលបានជាប់ពាក់ព័ន្ធនឹងការជួញដូរពលករ និងការជ្រើសរើសដោយមិនសុចរិត។ តើលោកស្រីយល់ឃើញយ៉ាងម៉េច?
លោកស្រី កាម៉ារីយ៉ាន៖ ខ្ញុំទទួលស្គាល់អំពីរបាយការណ៍នូវចំណុចនេះ។ ពាក់ព័ន្ធនឹងក្រុមហ៊ុននាំពលករចេញយើងមិនដែលឃើញថានៅតុលាការណាមួយចោទប្រកាន់ក្រុមហ៊ុននោះទេ ហើយមូលហេតុដែលគាត់មិនចោទប្រកាន់គឺគាត់មិនខ្វល់ពីរឿងក្រុមហ៊ុននោះធ្វើអ្វីទេ។ អញ្ចឹងអ្វីដែលរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកលើកឡើងនូវចំណុចនេះ ខ្ញុំទទួលស្គាល់ ព្រោះយើងឃើញហើយថា មិនដែលឃើញដាក់ ទោសក្រុមហ៊ុនណាមួយ ចំពោះបញ្ហាដែលប្រព្រឹត្តខុសច្បាប់លើពលការិនីទេ៕