ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ទទួលសិទ្ធិអំណាចតាមផ្លូវច្បាប់ ដើម្បីធ្វើការស៊ើបអង្កេតអំពើពុករលួយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយនេះ បានស្បថ និងសច្ចាប្រណិធានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃនេះ។ លោកអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានផ្តល់យោបល់ដល់មន្ត្រីជាន់ខ្ពស់ទាំង១៤រូបនេះ ឱ្យខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផ្នែកច្បាប់ឱ្យបានច្រើន ពីព្រោះច្បាប់ជាច្រើនត្រូវបានអនុម័តដោយរដ្ឋសភាជាបន្តបន្ទាប់។
មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយចំនួន១៤រូប បានស្បថចូលកាន់មុខតំណែងជាផ្លូវការលើកទីមួយរបស់ខ្លួននៅថ្ងៃអង្គារនេះ ជាសញ្ញានៃការចាប់ផ្តើមស៊ើបអង្កេតអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីជាន់ខ្ពស់ទាំង១៤រូបនេះ រួមមានលោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកសៀង បូរ៉ាត់ លោកឆាយ សាវុធ និងលោកនួន ផល ព្រមទាំងប្រធាន និងអនុប្រធានផ្នែកស៊ើបអង្កេត។
លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយពីពិធីស្បថថា អង្គភាពប្រឆាំងអំពើពុករលួយអាចចាប់ផ្តើមធ្វើការស៊ើបអង្កេតលើពាក្យ បណ្តឹងការប្រមូលព័ត៌មានសម្ងាត់ និងកិច្ចសហប្រតិបត្តិការផ្សេងៗ ដែលបានផ្តល់ព័ត៌មានពីប្រភពផ្សេងៗ។
«យើងខ្ញុំ ពីម៉ោងនេះទៅមានការស៊ើបអង្កេត។ យើងមានលក្ខណៈសម្បត្តិពេញលេញជាមន្ត្រីនគរបាលយុត្តិធម៌។ យើងមានសិទ្ធិអំណាចតាមផ្លូវច្បាប់ពេញលេញ ដើម្បីធ្វើការស៊ើបអង្កេតអំពើពុករលួយ»។
លោកឱម យ៉ិនទៀងបានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយមានយុទ្ធសាស្ត្រក្នុងការអប់រំ ការបង្ការ ការបង្ក្រាប និងសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
ពិធីស្បថនេះបានធ្វើឡើងនៅចំពោះមុខលោកជួន ស៊ុនឡេង អនុប្រធានសាលាឧទ្ធរណ៍ និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍។
សមាជិក១៤រូបនៃអង្គភាពប្រឆាំងអំពើពុករលួយបានស្បថយ៉ាងដូច្នេះថា៖ «បើយើងខ្ញុំប្រព្រឹត្តប្រាស់ចាកច្បាប់ និងមិនអនុវត្តត្រឹមត្រូវតាមច្បាប់ ដោយមានចេតនាទុច្ចរិត សូមឱ្យវិនាសហិនហោច និងឱ្យស្លាប់តៃហោង យ៉ាងវេទនា លុះអនាគតជាតិ ឱ្យព្រាត់ប្រាស់ឪពុកម្តាយ បងប្អូន កូនចៅ និងឱ្យក្ររហេមរហាម»។
សមាជិកទាំង១៤រូបបានសច្ចាប្រណិធានយ៉ាងដូច្នេះថា៖ «យើងនឹងអនុវត្តវិជ្ជាជីវៈជាមន្ត្រីនគរបាលយុត្តិធម៌របស់យើង ដោយសេចក្តីថ្លៃថ្នូរ សតិសម្បជញ្ញៈ សេចក្តីទៀងត្រង់ មនុស្សធម៌ ស្មារតីឯករាជ្យ និងគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជាជារៀងដរាបតរៀងទៅ។
លោកអ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានថ្លែងនៅក្នុងពិធីស្បថនេះថា មន្ត្រីទាំង១៤រូប នេះមានសិទ្ធិអំណាចធំធេងណាស់ក្នុងការចាប់ និងឃាត់ខ្លួនជនល្មើសស្របតាមច្បាប់ ហើយរបាយការណ៍របស់អស់លោកមានតម្លៃគតិយុត្តិ ប៉ុន្តែអស់លោកត្រូវបង្កើនសមត្ថភាពផ្ទាល់ខ្លួនផ្នែកច្បាប់ឱ្យបានច្រើន ពីព្រោះច្បាប់ជាច្រើនត្រូវបានអនុម័តដោយរដ្ឋជាបន្តបន្ទាប់។
លោកអ៊ុក សាវុធបានបន្ថែមថា ក្នុងច្បាប់មានករណីមនុស្សធម៌ អស់លោកត្រូវវែកញ៉ែកទៅតាម ស្ថានភាពជាក់ស្តែង។ ដូចជាការសម្រេចឱ្យឃាត់ខ្លួន ឬឃុំខ្លួនបណ្តោះអាសន្ន ប៉ុន្តែជនត្រូវឃុំនោះមានផ្ទៃពោះ ឬជម្ងឺជាទម្ងន់់ អស់លោកមិនអាចឃុំជននោះបានទេ អស់លោកត្រូវពន្យារការឃាត់ខ្លួន ការឃុំខ្លួន ឬការរឹបអូស។
«យើងធ្វើការឃាត់ខ្លួន ឬប្រការណាមួយ ដែលយើងអនុវត្តតួនាទីរបស់យើង គឺត្រូវស្មោះត្រង់នឹងវិជ្ជា ជីវៈរបស់យើង។ យើងឃើញខុស ថា ខុស។ យើងឃើញត្រូវថា ត្រូវ។ យើងមិនធ្វើទៅតាមការគុំកូន ការញុះញ៉ង់ ឬការស្អប់ខ្ពើមអ្នកនេះ អ្នកនោះទេ។ យើងធ្វើទៅតាមយុត្តិធម៌ជូនបងប្អូនយើង ព្រោះយុត្តិធម៌មិនមែនមានតែទៅលើជនរងគ្រោះទេ។ ជនរងគ្រោះក៏ត្រូវការយុត្តិធម៌ ជនល្មើសក៏ត្រូវការយុត្តិធម៌»។
លោកអ៊ុក សាវុធបានបន្តថា ពេលចុះទៅតាមខេត្តរមែងតែមានប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តនឹងមន្ត្រីប៉ូលិស និងកងរាជអាវុធហត្ថ ដែលច្រើនតែធ្វើទុក្ខបុកម្នេញដល់ជនរងគ្រោះ ដូចជាក្នុងករណីគ្រោះថ្នាក់ចរាចរ ជនរងគ្រោះគ្មានកំហុសបែរជាមានកំហុសទៅវិញ៕