ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​ស៊ើប​អង្កេត​ករណី​ពុករលួយ​ក្នុង​ការ​ប្រមូល​ពន្ធ​ត្រូវបានទទួល​ស្វាគមន៍


លោក​ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ។
លោក​ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ។

ភ្នំពេញ៖ ការវិវត្ត​នៃ​ពាក្យ​បណ្តឹង​ទាក់ទង​នឹង​ការទារ​ប្រាក់​លើស​តម្លៃ​រដ្ឋ​កំណត់​នៅក្នុង​ការប្រមូល​ពន្ធ​លើ​យានយន្ត​ប្រចាំ​ឆ្នាំ​ត្រូវបានទទួល​ស្វាគមន៍ និង​អបអរសាទរ​ពី​អង្គការ​សង្គម​ស៊ីវិល​ ខណៈ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ និង​អគ្គ​នាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួងហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​កំពុង​សិក្សា​លើ​សំណុំ​រឿង​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​ភ្នាក់ងារ​ពន្ធដារ​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។

ក្នុង​កិច្ច​ខំប្រឹងប្រែង​លប់​បំបាត់​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ ក្រុម​មន្ត្រី​បាន​និយាយ​នៅ​ក្នុង​សប្តាហ៍​នេះថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​រៀបចំ​នីតិវិធី​ផ្ទៃក្នុង​ខ្លួន​ពិភាក្សា​ពាក្យ​បណ្តឹង​ចំនួន​៩០​របស់​ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​ ដែល​បាន​អះអាង​ថា ភ្នាក់ងារ​ពន្ធដារ​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​បាន​ទារ​ប្រាក់​លើស​តម្លៃ​រដ្ឋ​កំណត់​ចំពោះ​ការទិញ​ប័ណ្ណ​ពន្ធ​យានយន្ត​ប្រចាំ​ឆ្នាំ។

ពាក្យបណ្តឹង​ចំនួន​៩០​បានផ្តល់​ឱ្យ​ដោយ​ប្រជាពលរដ្ឋ​ចំនួន​២.៧០០​នាក់​ពី​ខេត្ត​ក្រុង​ចំនួន​១៤​ នឹង​ធ្វើ​ការ​សាកល្បង​យ៉ាង​ពិត​ប្រាកដលើក​ទី​មួយ​ទៅ​លើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​បានបង្កើត​ឡើង​ក្រោម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ថ្មី​ដែល​ត្រូវ​បាន​សារទ​ថា ជា​ការ​ទម្លុះ​ទម្លាយ​របស់​រដ្ឋាភិបាល​ ប៉ុន្តែ​ក្រុម​ប្រឆាំង​បាន​រិះ​គន់​ថា ច្បាប់​នេះ​គ្មាន​អំណាច​ទេ។ ក្រុមមន្ត្រី​បានបញ្ជាក់​ថា ពាក្យបណ្តឹង​ទាំងអស់​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​សិក្សា​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​អគ្គ​នាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ មុន​នឹង​ធ្វើ​ការ​សម្រេច​បែប​ណា​នោះ។

លោក​ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ បាន​និយាយ​នៅ​ក្នុង​កិច្ចពិភាក្សា​តុ​មូល​នៅ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កាល​ពី​ថ្ងៃ​អង្គារ​ថា អង្គភាព​របស់​លោក​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​ទាំងអស់​ដាក់​នៅ​លើ​តុ​សម្រាប់​ដំណើរ​ការ​តាម​នីតិវិធី។ លោក​បន្តថា៖

«មន្ត្រី​សមត្ថកិច្ច​ពន្ធដារ​ទៅ​យក​ប្រាក់​អ្នក​ណា​មាន​វិក្កយបត្រ អត់វិក្កយបត្រ។ យើងខ្ញុំ​កំពុង​តែ​ដាក់​លើ​តុ​ហើយ​បញ្ហា​នេះ ដើម្បី​រៀបចំ​ដំណើរការ»។

លោក​អោម​ ចន​ អនុ​ប្រធាន​នៃ​នាយកដ្ឋាន​ច្បាប់ វិវាទ​ និង​ស្ថិតិ​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ បានបញ្ជាក់​ថា អគ្គ​នាយកដ្ឋាន​ពន្ធដារ​កំពុង​សិក្សា​លើ​ពាក្យបណ្តឹង​ទាំងអស់​នេះ​ និង​មិន​ព្រងើយ​កន្តើយ​ចំពោះ​ការស៊ើប​អង្កេត​បន្ថែម​លើ​ពាក្យបណ្តឹង​ទាំងអស់​នេះ​ទេ។

លោក​សន ជ័យ​ អ្នកសម្របសម្រួល​បណ្តាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​បានថ្លែង​ថា លោក​មាន​ការសប្បាយរីករាយ​ចំពោះ​ព័ត៌មាន​នេះ​ និង​ស្វាគមន៍ការវិវត្តនៃ​ករណី​ពាក្យ​បណ្តឹង​ទាំង​អស់​នេះ។

«នេះ​គឺ​ជា​ការចាប់ផ្តើម​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ អង្គភាព​នេះ​នឹង​មិន​ព្រងើយ​កន្តើយ​ចំពោះ​ពាក្យ​បណ្តឹង​ ឬហៅ​ថា​ជា​ព័ត៌មាន​ដែល​យើង​បាន​មក​ពី​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នេះ​ទេ​។ ខ្ញុំ​លើក​ទឹកចិត្ត​យ៉ាងខ្លាំង​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​ការជួយ​ស៊ើបអង្កេត​បន្ថែម​ និង​ការ​ចាត់​វិធានការ​ដើម្បី​លប់បំបាត់​អំពើពុក​រលួយ​ក្នុង​ការប្រមូល​ពន្ធលើ​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​រៀងរាល់​ឆ្នាំ»។

លោក​សន ជ័យ បានថ្លែង​ថា លោក​មិន​បាន​ដាក់​ឈ្មោះ​ និង​អត្តលេខ​របស់​ភ្នាក់ងារ​ពន្ធដារ​ដែល​បាន​ទារ​ប្រាក់​លើស​នៅ​ក្នុង​ពាក្យ​បណ្តឹង​ទាំង​នោះ​ទេ​ ពី​ព្រោះ​លោក​ចង់​មន្ត្រី​ខិលខូច​ទាំង​នោះ​ផ្លាស់ប្តូរ​ឥរិយាបថ​ដោយ​ស្មគ្រ័ចិត្ត​ប្រសើរ​ជាង​ការទទួល​ផ្តន្ទាទោល។

លោក​សន ជ័យ បាន​បន្ថែម​ថា គ្រប់​ពាក្យបណ្តឹង​ទាំងអស់​មាន​ភស្តុតាង​សំឡេង និង​ឈ្មោះ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្តឹង​ ព្រមទាំង​មាន​ឈ្មោះ និង​អត្តលេខ​របស់​ភ្នាក់ងារ​ពន្ធដារ ទីកន្លែង​ និង​ពេលវេលា​តាមរយៈ ការហៅ​ទូរស័ព្ទ​ទាន់​ហេតុការណ៍។

លោក​សន ជ័យ បានបញ្ជាក់​ថា បើ​វា​មាន​ករណី​ចាំបាច់ លោក​នឹង​ផ្តល់ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ និងអគ្គ​នាយកដ្ឋាន​ពន្ធដារនូវ​ឯកសារ​លំអិត​ ដូច​ជា​ឈ្មោះ​អ្នកប្តឹង​ និង​ឈ្មោះ និង​អត្តលេខ​របស់​ភ្នាក់ងារ​ពន្ធដារ​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក។

XS
SM
MD
LG