មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានជួបពិភាក្សាការងារជាមួយតំណាងអង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលអំពើពុករលួយនៅកម្ពុជា ដើម្បីរកមធ្យោបាយបង្កើតអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរួម។ អង្គភាពប្រឆាំងអំពើពុករលួយបានលើកទឹកចិត្តឱ្យមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់រួមគ្នារវាងអង្គភាពប្រឆាំងអំពើពុករលួយ និងអង្គការសង្គមស៊ីវិលដែលពេញចិត្តលើយុទ្ធសាស្ត្រប្រឆាំងនឹងអំពើពុករលួយណាមួយ។
នៅថ្ងៃច័ន្ទនេះ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងអង្គការមិនមែនរដ្ឋាភិបាលបានពិភាក្សាគ្នាអំពី លទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេស កម្ពុជា។
លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានជួបពិភាក្សាជាមួយលោកសន ជ័យ តំណាងអង្គការមិនមែនរដ្ឋាភិបាលហៅថាបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលមានសម្ព័ន្ធភាពជាមួយអង្គការចំនួន១១ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
លោកសន ជ័យ អ្នកសម្របសម្រួលបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ានិង ប៉ាស៊ីហ្វិកបានថ្លែងប្រាប់ VOA ថាអង្គភាពប្រឆាំងអំពើពុករលួយបានបើកចំហឱ្យមានការបង្កើតអនុស្សារណៈយោគយល់គ្នារវាងអង្គភាពប្រឆាំងអំពើពុករលួយ និងអង្គការសង្គមស៊ីវិល ដើម្បីអនុវត្តសកម្មភាពនានាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
«ខ្ញុំយល់ថាវាជាដំណើរការនៃសហការមួយដ៏ល្អ។ សម្រាប់ខ្ញុំវិញ ខ្ញុំយល់ថាវាជាសញ្ញាល្អមួយសម្រាប់ការចូលរួមពីសង្គមស៊ីវិលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាពិសេសយើងសហការគ្នា ដើម្បីអាចឱ្យវិធីសាស្ត្រនៃការសហការនេះធ្វើការទៅមានប្រសិទ្ធិភាព»។
លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់បណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលឃ្លាំមើលការប្រមូលពន្ធយានយន្តលើសតម្លៃរដ្ឋកណត់ថាលោកសូមលើកទឹកចិត្តឱ្យមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់រួមគ្នារវាងអង្គភាពប្រឆាំងអំពើពុករលួយ និងអង្គការសង្គមស៊ីវិលដែលពេញចិត្តលើយុទ្ធសាស្ត្រប្រឆាំងនឹងអំពើពុករលួយណាមួយ។
លោកឱម យិនទៀង បានបញ្ជាក់ថាលោកបើកឱកាស និងផ្តល់ឱកាសដល់អង្គការសង្គមស៊ីវិលក្នុងការចូលរួមសហការគ្នាប្រឆាំងអំពើពុករលួយដោយសេចក្តីសប្បាយរីករាយ និងការស្វាគមន៍។លោកសន ជ័យ អ្នកសម្របសម្រួលបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានបញ្ជាក់ថាអង្គភាពប្រឆាំងអំពើពុករលួយនឹងបង្កើតគម្រោងសាកល្បងមួយអំពីការឃ្លាំមើលអំពើពុករលួយនៅតាមបណ្តោយផ្លូវមុន្នីវង្សនៅពេលឆាប់ៗនេះ ដើម្បីជាគំរូកុំឱ្យមានការសូកប៉ាន់ និងមិនឱ្យមន្ត្រីប៉ូលីសផាកពិន័យដោយទារប្រាក់លើស ឬ ការដើរទារប្រាក់ពីអាជីវករនៅតាមហាងនានា។
អង្គការឃ្លាំមើលការប្រមូលពន្ធយានយន្តបានផ្តល់ពាក្យបណ្តឹងចំនួន៩០ករណីដល់អង្គភាពប្រឆាំងអំពើពុករលួយ។
អង្គភាពប្រឆាំងអំពើពុករលួយបានស្នើសុំព័ត៌មានបន្ថែមអំពីបណ្តឹង៩០ករណីទាក់ទងនឹងឈ្មោះនិងអត្តលេខរបស់ភ្នាក់ងារពន្ធដារ។
លោកកែវ រ៉េមី សមាជិកក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយបានអនុម័តបទបញ្ជាផ្ទៃក្នុង ទម្រង់បែបបទនៃការប្រកាសទ្រព្យសម្បត្តិ និងផែនការយុទ្ធសាស្ត្រ២០១១-២០១៥៕