ភ្នំពេញ៖ អង្គការសង្គមស៊ីវិល បានប្រារព្ធទិវាអន្តរជាតិប្រឆាំងអំពើពុករលួយនៅថ្ងៃព្រហស្បតិ៍នេះដោយបានអំពាវនាវឱ្យមានការរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅតាមមូលដ្ឋានឃុំ-សង្កាត់។ ការអំពាវនាវនេះធ្វើឡើងស្របពេលដែលអង្គភាពប្រឆាំងអំពើពុករលួយ បានដាក់កំណត់ឱ្យមន្ត្រីស្ថាប័នជាតិទាំងអស់បំពេញទម្រង់នៃការប្រកាសទ្រព្យសម្បត្តិ និងប្រគល់មកឱ្យស្ថាប័នប្រឆាំងអំពើពុករលួយចាប់ពីសប្តាហ៍ទីពីរនៃខែមករា ដល់សប្តាហ៍ទីបួននៃខែកុម្ភៈ ឆ្នាំ២០១១។
អង្គការឃ្លាំមើលអំពើពុករលួយ ក៏បានអំពាវនាវដល់មន្ត្រីឃុំ-សង្កាត់ នៅទូទាំងប្រទេសឱ្យបញ្ឈប់ការទារប្រាក់លើសចំពោះដំណើរការធ្វើសំបុត្រអាពាហ៌ពិពាហ៌រហូតដល់២០ដុល្លារអាមេរិក។
កម្មវិធីនេះ បានរៀបចំនៅទីលានប្រជាធិបតេយ្យក្បែរស្ថានទូតសហរដ្ឋអាមេរិក ហើយបានទាក់ទាញអ្នកចូលរួមប្រមាណ២០០នាក់ មកពីអង្គការមិនមែនរដ្ឋាភិបាល និងនិស្សិតមកពីសាកលវិទ្យាល័យនានា។
លោក សន ជ័យ អ្នកសម្របសម្រួលនៃបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងនៅក្នុងទិវានោះថា ប្រជាពលរដ្ឋត្រូវចំណាយប្រាក់រវាងពី១០ទៅ២០ដុល្លារអាមេរិក ទៅឱ្យមន្ត្រីឃុំ-សង្កាត់ សម្រាប់ការធ្វើសំបុត្រអាពាហ៌ពិពាហ៌ ខណៈដែលតម្លៃផ្លូវការ គឺច្រើនបំផុតត្រឹម ១.២០០រៀល សម្រាប់ដំណើរការធ្វើសំបុត្រអាពាហ៌ពិពាហ៌នេះ។
តម្លៃនេះ ក៏ប្រែប្រួលទៅតាមខេត្ត-ក្រុងមួយចំនួនផងដែរ។ យោងតាមអនុក្រិត្យរបស់រដ្ឋាភិបាលបានចែងថា តម្លៃផ្លូវការសម្រាប់ដំណើរការធ្វើសំបុត្រអាពាហ៌ពិពាហ៌ មានតម្លៃ៤០០រៀលសម្រាប់ខេត្តរតនៈគីរី មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ និងមានតម្លៃ១.២០០រៀល នៅតាមខេត្ត-ក្រុងផ្សេងទៀតទូទាំងប្រទេស។
លោក ឈឿន ឆែម រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ បាននិយាយថា លោកត្រូវបានគេទារឱ្យបង់ប្រាក់២០ដុល្លារអាមេរិកសម្រាប់ដំណើរការធ្វើសំបុត្រអាពាហ៌ពិពាហ៌នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១០។
លោក ឈឿន ឆែម បានបញ្ជាក់ថា បើលោកមិនបង់ប្រាក់ លោកគ្មានសំបុត្រអាពាហ៌ពិពាហ៌ និងគ្មានសិទ្ធិរៀបអាពាហ៌ពិពាហ៌។ ដូច្នេះលោកត្រូវតែបង់ប្រាក់តាមការទារនោះ។
«ក្នុងខែវិច្ឆិកា (ខ្ញុំ) ធ្វើសំបុត្រអាពាហ៌ពិពាហ៌។ គេសុំយើងគ្រប់ច្រកល្ហក គឺចំណាយសរុបអស់២០ដុល្លារអាមេរិកបាត់ទៅហើយ។ ការចំណាយពេលរត់ការបំពេញបែបបទអីហ្នឹង»។
លោក គឹម ខេមមុន្នី សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យបាននិយាយថា អាជ្ញាធរសង្កាត់ធ្វើការងារតាមច្បាប់។
លោកបានបញ្ជាក់ថា ខាងលោកមិនដែលទារប្រាក់លើសរហូតដល់២០ដុល្លារអាមេរិកពីដំណើរការធ្វើសំបុត្រអាពាហ៌ពិពាហ៌របស់ប្រជាពលរដ្ឋនោះទេ គឺតម្រូវឱ្យបង់តែ១.២០០រៀល ដូចមានចែងនៅក្នុងអនុក្រិត្យ។ ប៉ុន្តែប្រជាពលរដ្ឋតែងតែចំណាយប្រាក់ ២០ដុល្លារអាមេរិកទៅឱ្យអ្នករត់ការជួយធ្វើសំបុត្រអាពាហ៌ពិពាហ៌។
លោក សន ជ័យបានថ្លែងថា ប្រជាពលរដ្ឋត្រូវតែហ៊ានទារនឹងសួររកវិក្កយបត្រនៅពេលដែលពួកគេទទួលការពិន័យ និងបង់ថ្លៃសេវាណាមួយរបស់រដ្ឋ។
លោក សន ជ័យ បានបន្ថែមថា មន្ត្រីសាធារណៈមិនត្រូវស្ទាក់ស្ទើរក្នុងការផ្តល់វិក្កយបត្រត្រឹមត្រូវជូនប្រជាពលរដ្ឋ ដើម្បីបង្ហាញពីគណនេយ្យភាពនិងតម្លាភាព។ រាល់ការចំណាយរបស់ប្រជាពលរដ្ឋត្រូវតែមានវិក្កយបត្រ។
«វាអាចជំរុញឱ្យមានប្រព័ន្ធគ្រប់គ្រងចំណូលកាន់តែមានតម្លាភាព និងចូលរួមកាត់បន្ថយការចំណាយខុសគោលដៅរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់អំពើពុករលួយបានមួយផ្នែកធំ»។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន កាលពីសប្តាហ៍មុនថាមន្ត្រីប្រមូលពន្ធយានយន្តចំនួន ៣០នាក់ដែលបានទារប្រាក់លើសពីម្ចាស់យានយន្តត្រឹមតែ ៥.០០០រៀល នឹងត្រូវប្រឈមនឹងការបណ្តេញចេញពីការងារ។
អង្គភាពប្រឆាំងអំពើពុករលួយ បានផ្សព្វផ្សាយទម្រង់នៃការប្រកាសទ្រព្យសម្បត្តិ និងបានកំណត់ទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលពីមន្ត្រីរដ្ឋាភិបាលសមាជិករដ្ឋសភានិងព្រឹទ្ធសភា ចាប់ពីសប្តាហ៍ទីពីរនៃខែមករាដល់សប្តាហ៍ទីបួននៃខែកុម្ភៈ ឆ្នាំ២០១១ ហើយសមាជិកព្រឹទ្ធសភានិងរដ្ឋសភា ត្រូវផ្តល់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនមកអង្គភាពប្រឆាំងអំពើពុករលួយចាប់ពីសប្តាហ៍ទីមួយនៃខែកុម្ភៈ។
រដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃទី៩ខែធ្នូ ជារៀងរាល់ឆ្នាំ ធ្វើជាទិវាជាតិប្រឆាំងអំពើពុករលួយស្រប តាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ៕