ក្រោយពីបានចាប់ដំណើរការអស់រយៈពេល៣ឆ្នាំរួចមក វេទិកាខេមរសិក្សាប្រចាំឆ្នាំរបស់សាកលវិទ្យាល័យអូហៃយ៉ូ សាហរដ្ឋអាមេរិក បានវិវត្តទៅជាសន្និសីទពេញលេញមួយ។ កាលពីចុងខែមេសាកន្លងទៅនេះ មានមនុស្សប្រហែល១០០នាក់បានចូលរួមនៅក្នុងវេទិកានេះដើម្បីពិភាក្សាគ្នាអំពីប្រធានបទនានាជាច្រើនទាក់ទងនឹងប្រទេសកម្ពុជា។
វេទិកាខេមរសិក្សាលើកទី៣នេះ បានទាក់ទាញក្រុមអ្នកចូលរួមចំនួនកាន់តែច្រើននិងមានលក្ខណៈកាន់តែចម្រុះឡើង។ ព្រឹត្តិការណ៍នេះបានប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យអូហៃអូ នៅក្រុងអាថេនស៍ (Athens) រដ្ឋអូហៃអូ (Ohio) ពីថ្ងៃទី២៩ដល់៣០ខែមេសាឆ្នាំ២០១១កន្លងទៅនេះ។
បណ្ឌិត គ្រីស្ទីន ស៊ូ (Christine Su) ប្រធានជំនួយមជ្ឈមណ្ឌលសម្រាប់ការសិក្សាអំពីអាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យអូហៃយ៉ូ និងជាអ្នករៀបចំវេទិកានេះមានប្រសាសន៍ប្រាប់វីអូអេខ្មែរថា វេទិកាក្នុងឆ្នាំនេះកាន់តែរីកធំឡើងពីវេទិកាដំបូងបំផុត ដែលពេលនោះមានរយៈពេលតែមួយថ្ងៃនិងគ្រាន់តែជាការជួបប្រជុំគ្នាក្រៅផ្លូវការរវាងនិស្សិតក្រោយឧត្តមសិក្សានិងអ្នកស្រាវជ្រាវមួយចំនួនតូចប៉ុណ្ណោះ។
«នេះជាឆ្នាំទី៣ហើយ ហើយវេទិកាត្រូវបានពង្រីកដល់២ថ្ងៃ ហើយមិនត្រឹមតែមាននិស្សិតសាកលវិទ្យាល័យអូហៃយ៉ូប៉ុណ្ណោះទេ តែក៏មានអ្នកចូលរួមដែលមានចំណាប់អារម្មណ៍ចំពោះខេមរសិក្សាមកពីទូទាំងសហរដ្ឋអាមេរិកផង។ ម៉្លេះហើយឆ្នាំនេះ យើងឃើញមានអ្នកចូលរួមមកពីរដ្ឋហាវ៉ៃ ក្រុងបូស្តុន (Boston) ក្រុងញូវយ៉ក ពីរដ្ឋកាលីហ្វ័រញ៉ា ពីក្រុងស៊ីអេថល (Seattle) ជាដើម»។
បណ្ឌិតស៊ូនិយាយថាគោលបំណងសំខាន់បំផុតរបស់វេទិកានេះ គឺដើម្បីផ្តល់ឱកាសដល់អ្នកទាំងឡាយដែលមានចំណាប់អារម្មណ៍ពិភាក្សាអំពីបញ្ហានានារបស់ខ្មែរ មិនថាបញ្ហាក្នុងប្រវត្តិសាស្ត្រឬក្នុងពេលបច្ចុប្បន្ន។ បណ្ឌិតស៊ូ មានឪពុកជាជនជាតិខ្មែរ ហើយលោកស្រីក៏មានការពេញចិត្តផ្ទាល់ខ្លួនចំពោះការណ៍ដែលបានរៀបចំព្រឹត្តិការណ៍អំពីខ្មែរបែបនេះដែរ។
ប្រធានបទនៅក្នុងវេទិកានេះមានចម្រុះនិងប្លែកៗគ្នា រួមមានដូចជា «ឱកាសនិងមធ្យោបាយក្នុងការរៀននិងបង្រៀនភាសាខ្មែរនៅរដ្ឋហាវ៉ៃ» «ទូរស័ព្ទដៃនិងការអប់រំពីចម្ងាយនៅជនបទកម្ពុជា» និងប្រធានបទ «ស្ថានភាពរបស់អ្នកនិពន្ធខ្មែរនាពេលបច្ចុប្បន្ន» ជាដើម។ ប្រធានបទទាំងនេះត្រូវបានគេបញ្ចូលគ្នាជាប្រធានបទធំៗ សម្រាប់ការពិភាក្សាចំនួន៥ គឺ ភាសានិងអក្សរសិល្ប៍ខ្មែរ អន្តោប្រវេសន៍និងអត្តសញ្ញាណ យុត្តិធម៌និងការសះស្បើយពីរបបខ្មែរក្រហម ការអភិវឌ្ឍនិងបច្ចេកវិជ្ជានៅកម្ពុជា និងការបង្កើតវប្បធម៌នៅកម្ពុជា។
មានអ្នកចូលរួមប្រមាណ១០០នាក់នៅក្នុងវេទិការយៈពេល២ថ្ងៃនេះ។ ថ្វីបើកម្មវិធីបានប្រព្រឹត្តធ្វើឡើងនៅក្នុងទីតាំងសាកលវិទ្យាល័យមួយក្តី ក៏វាគ្មិនមិនមែនមានត្រឹមតែជាអ្នកសិក្សាស្រាវជ្រាវប៉ុណ្ណោះទេ។ ក្រៅពីនិស្សិត គ្រូបង្រៀននិងអ្នកស្រាវជ្រាវ ក៏មានវាគ្មិនជាសកម្មជនសហគមន៍ អ្នកនិពន្ធ អ្នកជំនាញនានា និងអ្នកដែលមានចំណាប់អារម្មណ៍អំពីប្រទេសកម្ពុជាផងដែរ។
កញ្ញា ហ៊ឹម ចាន់រិទ្ធី ជាអ្នកនិពន្ធសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនពីជីវិតក្នុងរបបខ្មែរក្រហម ដែលទទួលបានរង្វាន់មានចំណងជើងថា «ពេលដែលអំបែងអណ្តែត»។ កញ្ញាបានធ្វើជាវាគ្មិនកិត្តិយសនៅក្នុងវេទិកានេះ។ កញ្ញានិយាយថាវេទិកានេះជាវេទិកាខេមរសិក្សាដ៏ល្អបំផុតមួយដែលកញ្ញាធ្លាប់បានចូលរួម។
កញ្ញានិយាយថា បើប្រៀបធៀបនឹងវេទិកាដទៃទៀត វេទិកាខេមរសិក្សានៅសាកលវិទ្យាល័យអូហៃយ៉ូនេះមានលក្ខណៈពិសេសដោយមានប្រធានបទចម្រុះនិងផ្សេងៗគ្នាច្រើន ដែលនេះអនុញ្ញាតឲ្យកញ្ញាអាចយល់ដឹងពីប្រធានបទថ្មីៗនិងជួបជាមួយអ្នកជំនាញផ្សេងៗដែលមិនដែលជួបពីមុន។
អ្នករៀបចំអះអាងថាវេទិកានេះជាវេទិកាខេមរសិក្សាតែមួយគត់នៅក្នុងសហរដ្ឋអាមេរិក ហើយឆ្នាំនេះ គេក៏ឃើញមានវាគ្មិនជាជនជាតិខ្មែរ-អាមេរិកាំងចូលរួមផងដែរ។ ពួកគាត់បានពិភាក្សាអំពីបញ្ហាសំខាន់ៗដែលមាននៅក្នុងសហគមន៍ខ្មែរអាមេរិកាំង រួមទាំងបញ្ហាការចាប់បញ្ជូនជនជាតិខ្មែរអាមេរិកាំងទៅប្រទេសកម្ពុជាវិញ។
វាគ្មិននៅក្នុងវេទិកាខេមរសិក្សានេះមិនមានត្រឹមតែជនជាតិខ្មែរប៉ុណ្ណោះទេ។
លោក ត្រេនថ៍ វ៉ឃ័រ (Trent Walker) អ្នកស្រាវជ្រាវអាមេរិកាំងម្នាក់នៅឯមជ្ឈមណ្ឌលពុទ្ធិកសិក្សានៃសាកលវិទ្យាល័យស្ទេនហ្វដ (Stanford) រដ្ឋកាលីហ្វ័រញ៉ា និយាយថា វេទិកានេះបានលើកទឹកចិត្តដល់លោកឲ្យបន្តការស្រាវជ្រាវក្នុងផ្នែកខេមរសិក្សា។ លោកថ្លែងប្រាប់វីអូអេខ្មែរថា៖
«កាលខ្ញុំរៀននៅ ស្ទេនហ្វដ រៀននៅកន្លែងផ្សេងៗ មានតែខ្ញុំម្នាក់ទេដែលរៀនខាងខេមរសិក្សា ក៏អ្នកផ្សេងអត់សូវអាចយល់អំពីកិច្ចការស្រាវជ្រាវរបស់ខ្ញុំ។ ក៏ប៉ុន្តែកាលណាខ្ញុំមកចូលរួមនៅទីនេះ ក៏ខ្ញុំឃើញមានមនុស្សច្រើនណាស់ ទាំងខ្មែរទាំងបរទេស ដែលមានចំណាប់អារម្មណ៍ដូចនឹងខ្ញុំដែរខាងខេមរសិក្សានេះ»។
អ្នកនាង ហឿន ង្វៀង (Huyen Nguyen) និស្សិតវៀតណាមថ្នាក់អនុបណ្ឌិតម្នាក់នៅសាកលវិទ្យាល័យអូហៃយ៉ូ បានដឹងអំពីវេទិកានេះតាមរយៈមិត្តភក្តិជាជនជាតិខ្មែរ។ នាងក៏សម្រេចចិត្តធ្វើជាវាគ្មិនពិភាក្សាអំពីប្រធានបទស្នេហានិងមនោសញ្ចេតនានៅក្នុងរឿងប្រជាប្រិយខ្មែររឿង«ទុំទាវ» និងរឿងប្រជាប្រិយវៀតណាមមួយដែលអ្នកចូលរួមខ្មែរភាគច្រើនប្រហែលមិនដែលធ្លាប់ឮពីមុនមក។ រឿងនោះមានឈ្មោះថា «រឿងនិទានផ្លែទុរេន» ដែលរៀបរាប់អំពីស្នេហារវាងស្រ្តីខ្មែរម្នាក់និងបុរសវៀតណាមម្នាក់ក្នុងសតវត្សរ៍ទី១៨។
អ្នកនាង ហឿន ង្វៀង ដែលចេះភាសាខ្មែរខ្លះៗផងនោះ និយាយថា ក្នុងនាមជាពលរដ្ឋប្រទេសជិតខាងកម្ពុជា វេទិកានេះផ្តល់ឱកាសឲ្យអ្នកនាងបានជួបនិងរាប់អានជាមួយអ្នកស្រាវជ្រាវខ្មែរ។
«កត្តាមួយទៀតដែលជំរុញឲ្យខ្ញុំចង់មកចូលរួមនៅក្នុងវេទិកានេះ គឺមិត្តភាពជាមួយប្រជាជនកម្ពុជា។ ខ្ញុំចង់បង្ហាញថាខ្ញុំមានការកោតសរសើរចំពោះវប្បធម៌ខ្មែរនិងចង់ឲ្យមានការយោគយល់គ្នារវាងប្រជាជនវៀតណាមនិងប្រជាជនកម្ពុជា។»
ក្នុងចំណោមនិស្សិតខ្មែរតែពីររូបនៅសាកលវិទ្យាល័យអូហៃយ៉ូនេះ លោក បូរី ស៊ីលីវណ្ណ បានធ្វើបទបង្ហាញជាវីដេអូភាពយន្តឯកសារអំពីអង្គការកុមារកំព្រាឈ្មោះ «សុវណ្ណកុមារ» ដែលលោកបានផលិតនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១០។ លោក ស៊ីលីវណ្ណ ដែលជានិស្សិតអាហារូបករណ៍ Fulbright កំពុងបន្តសិក្សាថ្នាក់អនុបណ្ឌិតផ្នែកការសិក្សាអំពីគមនាគមន៍និងការអភិវឌ្ឍ (communications development studies) និយាយថា វេទិកាខេមរសិក្សានេះជួយផ្សព្វផ្សាយវប្បធម៌ខ្មែរដល់មជ្ឈដ្ឋាននិស្សិតអន្តរជាតិ។
«ដោយសារតែនៅសាលាយើងមានជនជាតិខ្មែរតែ៣នាក់ទេ យើងក៏អត់ទាន់មានសមាគមនិស្សិតខ្មែរអីនៅទីនេះដែរ ដូច្នេះការបង្កើតឲ្យមានវេទិកាខេមរសិក្សានៅសាកលវិទ្យាល័យអូហៃយ៉ូនេះដូចជាការបើកភ្នែកឲ្យនិស្សិតអន្តរជាតិផ្សេងៗដែលនៅសាលាបានស្គាល់បានយល់ដឹងពីស្រុកខ្មែរ ហើយក៏ជាឱកាសមួយដែលធ្វើឲ្យខ្ញុំជាខ្មែរផ្ទាល់បានជួបខ្មែរៗដែលនៅអាមេរិក។»
លោក តាន់វៀរ តានីម (Tanvir R. Tanim) និស្សិតអនុបណ្ឌិតផ្នែកវិស្វកម្មមេកានិកមកពីប្រទេសបង់ក្លាដេសនិយាយថា លោកមានការកោតសរសើរដែលជនជាតិខ្មែរចំនួនតែពីរបីនាក់ប៉ុណ្ណោះអាចរៀបចំព្រឹត្តិការណ៍នេះបានយ៉ាងល្អ។ លោកថានៅក្នុងវេទិកានេះ រឿងរ៉ាវជីវិតរបស់កញ្ញា ហ៊ឹម ចាន់រិទ្ធី ក្នុងសម័យខ្មែរក្រហមបានធ្វើឲ្យលោករំជួលចិត្តជាខ្លាំង ព្រោះវាស្រដៀងគ្នានឹងព្រឹត្តិការណ៍ហិង្សាដ៏សោកនាដកម្មមួយនៅក្នុងប្រវត្តិសាស្ត្រប្រទេសរបស់លោក។
និស្សិតអាមេរិកាំង ផេច អាឡេកស៊ិស វ៉លធ័រស៍ (Paige Alexis Walters) ដែលកំពុងសិក្សាអំពីកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យអូហៃយ៉ូ ក៏រំជួលចិត្តនឹងរឿងរ៉ាវក្នុងសៀវភៅ «ពេលដែលអំបែងអណ្តែត» នេះដែរ។ នាងមកចូលរួមក្នុងបំណងមកស្តាប់អ្នកនិពន្ធ ហ៊ឹម ចាន់រិទ្ធី ក៏ប៉ុន្តែនាងបានពេញចិត្តនឹងវេទិកាទាំងមូលផងដែរ ហើយមានបំណងនឹងចូលរួមទៀតនៅឆ្នាំក្រោយ។
«ខ្ញុំមានអារម្មណ៍ស្រស់ស្រាយមែនទែនដែលបានជួបមនុស្សជាច្រើនដែលមានចំណាប់អារម្មណ៍នឹងប្រធានបទអន្តរជាតិនានា ហើយដែលពួកគាត់មានចំណេះដឹងយ៉ាងច្រើនអំពីតំបន់មួយដែលខ្ញុំមិនធ្លាប់បានដឹងអ្វីសោះ។»
លោក ដន ដ្យេម៉ឺសាន់ (Donald Jameson) អតីតអ្នកការទូតម្នាក់នៅប្រទេសកម្ពុជាក្នុងទសវត្សរ៍១៩៧០ បានធ្វើបទអត្ថាធិប្បាយអំពីប្រធានបទ ដំណើរការអភិវឌ្ឍន៍ដ៏«រដេបរដុប»របស់ប្រទេសកម្ពុជា។ លោកនិយាយថា ថ្វីបើគេឃើញមានចំណាប់អារម្មណ៍អំពីប្រទេសកម្ពុជា បានកើនឡើងក្នុងចំណោមមជ្ឈដ្ឋានអ្នកសិក្សាស្រាវជ្រាវក្តី ក៏ចំណាប់អារម្មណ៍កម្រិតដូចគ្នានេះមិនមានឃើញក្នុងចំណោមអ្នកធ្វើគោលនយោបាយនៅទីក្រុងវ៉ាស៊ីនតោនទេ លើកលែងតែចំពោះប្រធានបទខ្លះដូចជាឥទ្ធិពលប្រទេសចិននិងការកើនឡើងនៃជម្លោះព្រំដែនកម្ពុជាថៃជាដើម។ ក៏ប៉ុន្តែលោកបញ្ជាក់ថាការណ៍នេះជាសញ្ញាល្អទៅវិញទេ ដែលបញ្ជាក់ថាប្រទេសកម្ពុជាមានស្ថិរភាពនិងសន្តិសុខល្អ។
វេទិកាខេមរសិក្សានៅសាកលវិទ្យាល័យអូហៃយ៉ូនេះ បានបញ្ចប់ទៅដោយមានបទបង្ហាញអំពីមានការធ្វើម្ហូបខ្មែរ ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ និងការសម្តែងក្បាច់គុនបុរាណខ្មែរ ដោយក្រុម«គីរីហិង្សាគុនខ្មែរ» ប្រចាំក្រុងខូឡាំប៊ឹស (Columbus) រដ្ឋអូហៃអូ ចម្ងាយប្រហែល១២០គ.ម.ពីសាកលវិទ្យាល័យអូហៃយ៉ូ។
បណ្ឌិត គ្រីស្ទីន ស៊ូ និយាយថាលោកស្រីសប្បាយចិត្តដែលវេទិកានេះបានដំណើរការដោយជោគជ័យ ហើយសង្ឃឹមថានិស្សិតខ្មែរដែលគេរំពឹងថានឹងមកសិក្សានៅសាកលវិទ្យាល័យអូហៃយ៉ូនៅឆ្នាំក្រោយ នឹងជួយដល់ការរៀបចំវេទីកាទី៤ប្រកបដោយជោគជ័យ៕