ភ្នំពេញ៖ ក្រុមហ៊ុនចំការកៅស៊ូឯកជនមួយក្នុងខេត្តកំពង់ចាមអះអាងថា ខ្លួនគ្មានចេតនាឈូសឆាយកម្ទេចទីតាំងស្ថានីយ៍បុរេប្រវត្តិសាស្រ្តក្នុងស្រុកមេមត់នោះទេ។ ក្រុមហ៊ុននោះលើកឡើងថា ការឈូសឆាយនោះគឺធ្វើឡើងដោយសារខ្លួនមិនដឹងថា តំបន់នោះជាកន្លែងស្រាវជ្រាវរបស់ក្រុមបុរាណវិទ្យាឡើយ។
លោកស្រេង សយនេ តំណាងក្រុមប្រឹក្សានៃក្រុមហ៊ុនចំការកៅស៊ូមេមត់ក្នុងស្រុកមេមត់ខេត្តកំពង់ចាម បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ទី០៩ ខែកញ្ញានេះថា ក្រុមហ៊ុនរបស់លោកបានឈូសឆាយទីតាំងស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងដោយអចេតនា ដោយសារក្រុមហ៊ុនពុំដឹងថា តំបន់ដែលខ្លួនឈូសឆាយកម្ទេចនោះគឺជាកន្លែងស្រាវជ្រាវបុរាណវិទ្យានោះទេ។
អ្នកតំណាងក្រុមហ៊ុនចំការកៅស៊ូរូបនេះបានលើកឡើងថា ក្រុមហ៊ុនរបស់លោកមានការសោកស្តាយចំពោះការបាត់បង់ទីតាំងបុរេប្រវត្តិសាស្ត្រដ៏មានតម្លៃមួយនោះ។
«ដល់ពេលឈូសហើយបានដឹងក្រោយ ហើយក៏មានការសោកស្តាយដូចគ្នា ដោយសារយើងគិតថា អាហ្នឹងជាទីតាំងប្រវត្តិសាស្រ្ត ហើយយើងចង់រក្សាវាទុកដែរ ប៉ុន្តែអត់បានដឹងថា ជាតំបន់អភិរក្សអីអត់បានដឹងសោះ»។
កាលពីសប្តាហ៍មុន ក្រុមហ៊ុនចំការកៅស៊ូមេមត់ដែលត្រូវបានរដ្ឋប្រគល់ទៅឲ្យឯកជនគ្រប់គ្រងតាំងពីឆ្នាំ២០០៨មកនោះ បានឈូសឆាយពង្រាបទីតាំងស្ថានីយ៍បុរេប្រវត្តិសាស្រ្តមួយដែលគេហៅថា«ភូមិមូលសំរោង»ដែលស្ថិតនៅចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីទីរួមកំពង់ចាម ដើម្បីយកទីតាំងនោះធ្វើជាទីលំនៅសម្រាប់ប្រជាជនដែលត្រូវផ្លាស់ចេញពីតំបន់ចំការកៅស៊ូរបស់ក្រុមហ៊ុន។
«ភូមិមូលសំរោង»ដែលហៅតាមភាសាអង់គ្លេសថា Samrong Circular Earthwork ដែលមានទំហំ៦៩ហិកតានៅក្នុងភូមិផ្លាកសំរោង ឃុំដា ស្រុកមេមត់នោះ ត្រូវបានក្រុមបុរាណវិទូចាត់ទុកថា ជាតំបន់បុរេប្រវត្តិសាស្រ្តដ៏សំខាន់បំផុតមួយសម្រាប់ការស្រាវជ្រាវរុករកភស្តុតាងអំពីប្រភពដើមនិងស្ថានភាពរស់នៅរបស់មនុស្សសម័យដើម ដោយសារគេជឿថា មានមនុស្សបានមករស់នៅក្នុងតំបន់នោះតាំងពី៥០០ទៅ១០០០ឆ្នាំមុនគ.ស.ឯណោះ។
ប៉ុន្តែការឈូសឆាយកម្ទេសទីតាំងបុរេប្រវត្តិសាស្រ្តដ៏សំខាន់នេះត្រូវបានសាក្សីឃើញផ្ទាល់ភ្នែក ពិរពណ៌នាថា បានធ្វើឡើងយ៉ាងឆាប់រហ័សដោយគ្មានផ្តល់ព័ត៌មានជាមុនដល់ក្រុមបុរាណវិទ្យាដែលមានទីស្នាក់ការនៅក្នុងស្រុកមេមត់នោះទេ។
ក្រុមអ្នកបុរាណវិទ្យាបានលើកឡើងថា ទំរាំតែខ្លួនបានដឹងអំពីការឈូសឆាយនោះ ភូមិមូលនោះត្រូវបានគ្រឿងចក្ររបស់ក្រុមហ៊ុនចំការកៅស៊ូមេមត់ឈូសឆាយអស់បាត់ទៅហើយ។
លោករស់ សុខន អភិបាលរងស្រុកមេមត់ មានប្រសាសន៍ថា ខាងអាជ្ញាធរបានដឹងអំពីការឈូសឆាយនោះដែរ ក៏ប៉ុន្តែលោកអះអាងថា អាជ្ញាធរពុំដឹងថា តំបន់នោះគឺជាទីតាំងស្រាវជ្រាវបុរេប្រវតិ្តសាស្ត្រនោះទេ។
«យើងអត់បានចាប់អារម្មណ៍ថា ទីតាំងកន្លែងហ្នឹងជាទីតាំងប្រវត្តិសាស្រ្តទេ។ អត់បានចាប់អារម្មណ៍ទេ គ្រាន់តែដឹងថា កន្លែងហ្នឹងជាផ្ទៃដីកម្មសិទ្ធិរបស់ក្រុមហ៊ុនកៅស៊ូ»។
លោករស់ សុខន មានប្រសាសន៍បន្ថែមទៀតថា កន្លងមកក្រុមបុរាណវិទ្យារបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលមានមូលដ្ឋាននៅជិតនឹងសាលាស្រុករបស់លោកនោះ មិនដែលបានពិភាក្សាគ្នា ដើម្បីផ្លាស់ប្តូរព័ត៌មានគ្នាអំពីទីតាំងបុរេប្រវត្តិសាស្រ្តដែលមានចំនួនជាង៣០កន្លែងនៅក្នុងខេត្តកំពង់ចាមនោះទេ។
លោកស្រេង សយនេ តំណាងក្រុមប្រឹក្សានៃក្រុមហ៊ុនចំការកៅស៊ូមេមត់ក្នុងស្រុកមេមត់ មានប្រសាសន៍ថា បច្ចុប្បន្នភូមិមូលដែលត្រូវបានឈូសឆាយហើយនោះ ត្រូវបានកាត់ចេញពីផ្ទៃដីកម្មសិទ្ធិរបស់ក្រុមហ៊ុនរួចរាល់ហើយ ហើយត្រូវបានប្រគល់ទៅឲ្យគណៈអវិនិយោគជាតិរបស់រដ្ឋាភិបាលរួចរាល់ហើយដែរ។
លោកច័ន្ទ តុងអ៊ីវ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាអគ្គលេខាធិការនៃគណៈកម្មការអវិនិយោគជាតិ ពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានទេនៅថ្ងៃព្រហស្បតិ៍នេះ ដោយលោកមានប្រសាសន៍ថា កំពុងជាប់រវល់។
តែទោះជាយ៉ាងនេះក្តី លោកហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្រសួងរបស់លោកបានជួបដោះស្រាយជាមួយក្រុមហ៊ុនចំការកៅស៊ូរួចហើយជុំវិញការឈូសឆាយនោះ។
«គ្នាសារភាពថា គ្នាវាមិនដឹងដែរ។ វាមិនទាន់ខាតបង់អ្វីទេ។ ឥឡូវគ្រាន់តែគេឈូសនៅខាងលើ គ្រាន់តែគេឈូសឲ្យទៅជាដីចំការ ប៉ុន្តែឥឡូវហ្នឹងគេឈូសបានតែបន្តិចទេ»។
លោករដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍បន្ថែមថា ក្រសួងរបស់លោកមានផែនការលើកស្លាកសញ្ញាសំគាល់តំបន់បុរេប្រវត្តិសាស្រ្តនៅទូទាំងប្រទេសដើម្បីបញ្ជៀសការឈូសឆាយជាន់លើតំបន់ដ៏មានសារៈសំខាន់ទាំងនេះនៅថ្ងៃខាងមុខទៀត៕