ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​បោះ​ឆ្នោត​ដែល​មាន​ប្រសិទ្ធភាព​ត្រូវ​បញ្ចូល​ចំណុច​ប្រឆាំង​អំពើ​ពុក​រលួយ


សកម្មភាពរបស់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធឹបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោត។
សកម្មភាពរបស់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធឹបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោត។

វ៉ាស៊ីនតោន៖ ការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​ ការ​ទិញដូរ​សន្លឹក​ឆ្នោត​ ការ​ទិញ​ទឹកចិត្ត​មុន​ថ្ងៃ​បោះឆ្នោត​ ចេះ​តែ​កើត​មាន​រាល់​ពេល​បោះឆ្នោត​ម្តងៗ​ ហើយ​ពិបាក​ទប់ស្កាត់​ផង។​ ក្រុម​អ្នក​សង្កេត​ការណ៍​ បោះឆ្នោត​បាន​និយាយ​ថា​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ គួរ​ត្រូវ​ដាក់​បញ្ចូល​ជាមួយ​នឹង​ច្បាប់​បោះឆ្នោត​ដើម្បី​ទប់ស្កាត់​និង​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​ត្រឹមត្រូវ​ចំពោះ​សកម្មជន​នយោបាយ​មួយ​ចំនួន​ដែល​ប្រើ​ប្រាស់​ថវិកា​មិន​សមរម្យ​ក្នុង​ពេល​ប្រកួត​ប្រជែង​រក​សំឡេង​ឆ្នោត​នៅ​ឆ្នាំ​២០១២និង​ឆ្នាំ​២០១៣ខាង​មុខ។

ក្រុម​មន្ត្រី​សង្កេត​ការណ៍​បាន​និយាយ​ថា​តម្លាភាព​នៃការចំណាយ​ ការ​ប្រើ​ប្រាស់​ថវិកា​ ធនធាន​គួរ​ត្រូវ​ផ្តល់​ឱ្យ​ប្រជា​ពលរដ្ឋ​ទុកចិត្ត​ ហើយ​បាន​ឃើញ​ផង​ដែរ​ថា​តើ​ថវិកា​និង​ធនធាន​ទាំងឡាយ​ដែល​សកម្មជន​នយោបាយ​ទាំងឡាយ​ចំណាយ​និង​ប្រើប្រាស់​នោះ​បាន​មក​ពីណា?

លោក​ ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ និកហ្វិក​បាន​អះអាង​ថា​មាន​ការប្រើ​ប្រាស់​ថវិកា​និង​ធនធាន​ខ្ជះខ្ជាយ​យ៉ាង​ច្រើន​នៅ​ពេល​បោះឆ្នោត​ដែល​អ្នកនយោបាយ​មួយ​ចំនួន​មានឱកាស​ច្រើន​ក្នុង​ការប្រព្រឹត្តិ​ដោយ​គ្មាន​កោត​ញញើត​ដល់​ច្បាប់​ដូច​ជា​ការ​ទិញដូរ​សន្លឹក​ឆ្នោត​ជាដើម។

«ខ្ញុំ​យល់​ថា​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​និង​មាន​ប្រសិទ្ធភាព​ផងដែរ​សម្រាប់​ការងារ​បោះឆ្នោត​ពីព្រោះ​ថា​បច្ចុប្បន្ន​នេះ​មិនទាន់​មាន​គោលការណ៍​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ​នីមួយៗ​ហើយ​រាប់​ទាំង​យុទ្ធនាការ​គណបក្ស​នយោបាយ​ខ្លះ​ សកម្មជន​ខ្លះ​ លោក​បាន​ប្រើ​ប្រាស់​ថវិកា​ខ្ជះខ្ជាយ​ហួសហេតុ​អញ្ចឹង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នេះ​និង​ជា​ការ​រួម​ចំណែក​ពិនិត្យ​និង​តាមដាន​មើលការ​ប្រើ​ប្រាស់​ថវិកា​របស់​សកម្មជន​នៃ​គណបក្ស​នយោបាយ​ផង​ដែរ​បាទ»។

លោក គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ផ្សេង​ ទៀត​ ឈ្មោះ​ខុមហ្រ្វែល​ បាន​ទទួល​ស្គាល់​ថា​ ការ​អនុវត្ត​ច្បាប់​នានា​ក្នុង​ពេល​បោះឆ្នោត​និង​ជួយ​ឱ្យ​មាន​តម្លាភាព​ដែល​យ៉ាង​ហោច​ណាស់​ក៏​អ្នក​បោះឆ្នោត​ត្រូវ​ដឹង​ពី​ការ​ចាយវាយ​ តើ​គេ​មាន​លុយ​ប៉ុន្មាន​ចាយ​ក្នុង​ពេល​បោះឆ្នោត​ អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ មើល​ឃើញ​ពី​ធនធាន​ការ​ចំណាយ​របស់​គណបក្ស​នយោបាយ​ក្នុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ និង​ដំណើរការ​បោះឆ្នោត។

«ប៉ុណ្ណឹង​យើង​អាច​ដឹងថា​តើ​លុយ​មាន​ឥទ្ធិពល​ប៉ុណ្ណា​នៅក្នុង​ដំណើរ​ការ​បោះ​ ឆ្នោត​ ហើយ​អាច​មើល​(ឃើញ)​តើ​ទំហំ​ចាយវាយ​យ៉ាងម៉េច​ដែរ​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ហ្នឹង»។

ច្បាប់​បោះឆ្នោត ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​មាន​ការ​ដាក់​ពិន័យ​ដក​បេក្ខភាព​ចេញ​ពីការ​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រសិន​បើ​ប្រព្រឹត្ត​ខុសច្បាប់​ដូចជា​ការ​ទិញ​ដូរ​សន្លឹក​ឆ្នោត​ ទិញ​ទឹក​ចិត្ត​ជាដើម​ក្រៅពី​កំណត់​ទោស​ទណ្ឌ​មួយ​ចំនួន​ផ្សេង​ទៀត​តែ​ក្រុម​អ្នក​ឃ្លាំមើល​បាន​អះអាង​ថា​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប​)​បានរារែកពេលខ្លះ​ក្នុងការ​អនុវត្ត​ដោយសារ​មិន​មែន​ជា​សមត្ថកិច្ច​របស់​ខ្លួន​ឬ​បកស្រាយ​ច្បាប់​ទៅតាម​ផ្លូវ​ផ្សេង​ទៅ​វិញ។

ទាំង​លោក​ ពុទ្ធា ហង្ស ​និង​លោក ​គល់ បញ្ញា​បាន​អះអាង​ថា​ការ​ដាក់​ទោស​ទណ្ឌ ការ​ពិន័យ​ ដែន​សមត្ថកិច្ច​របស់​គ.ជ.ប​ និង​ ការ​ចែង​ក្នុង​ច្បាប់​គួរ​ត្រូវ​កែ​ទម្រង់​និង​ កំណត់​ឱ្យ​បាន​ច្បាស់​លាស់​សម្រាប់​ធានា​ការ​បោះឆ្នោត​ដោយ​សេរី​យុត្តិធម៌​ត្រឹមត្រូវ​ហើយ​នេះ​គឺ​ជា​តួនាទី​របស់​គ.ជ.ប។

ក្រៅពី​អះអាង​ថា​រដ្ឋ​គួរ​មាន​កញ្ចប់​ថវិកា​សម្រាប់​ផ្តល់​ជូន​គណបក្ស​នយោបាយ​នៅ​ពេល​ឃោសនា​បោះឆ្នោត​ផងនោះ​ លោក​ គល់ បញ្ញា​បាន​សង្កត់​ធ្ងន់​ដែរ​ថា​ច្បាប់​ព្រហ្មទណ្ឌ​ក៏​បាន​ចេញ​ហើយ​ ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ក៏​បាន​ចេញ​ហើយ ក៏​ប៉ុន្តែ​ច្បាប់​បោះឆ្នោត​នៅ​មិន​ទាន់​ឃើញ​មានការ​កែ​សម្រួល​នៅឡើយ​ទេ។

លោកទេព នីថា​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ពុំទាន់​ អះអាង​ឱ្យ​ប្រាកដ​ប្រជា​ថា​តើ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នេះ​ នឹង​ត្រូវដាក់​បញ្ចូល​ក្នុង​ច្បាប់​បោះឆ្នោត​ឬ​ក៏​យ៉ាងណា​ទេ។

«ច្បាប់​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​ហ្នឹង​វា​ដូច​អត់ទាន់​បាន​សិក្សា​បញ្ចូល​គ្នា​ជាមួយនឹង​ច្បាប់​បោះឆ្នោត​នៅ​ឡើយ​ទេ​ ហើយ​យើងខ្ញុំ​អត់ទាន់​បាន​សិក្សា​បញ្ហា​ហ្នឹងទេ​បាទ»។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​បញ្ជាក់ថា​ការ​ដាក់ទោស​ពិន័យ​ពេល​មានភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​ការ​បោះឆ្នោត​ អាច​ប្រព្រឹត្ត​ទៅ​បាន​គឺ​អាស្រ័យ​លើ​ច្បាប់​បោះឆ្នោត​ តែ​ពុំ​មាន​ចែង​ពី​អំពើ​ពុក​រលួយ​ទេ។

ដោយ​ទំនង​ជា​មិន​ព្រួយ​បារម្ភ​ចំពោះ​ច្បាប់​បោះឆ្នោត​និង​ច្បាប់​គណបក្ស​នយោបាយ​ដែល​កម្រ​ឃើញ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ដ៏ធ្ងន់​ណាមួយ​កើត​ឡើង​នោះ​ មន្ត្រី​គណបក្ស​កាន់​អំណាច​មួយរូប​ជា​មន្ត្រី​រាជការ​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា ​មានការ​ព្រួយបារម្ភ​ខ្លះៗ​កើត​ឡើង​ក្នុង​ចំណោម​មន្ត្រី​គណបក្ស​កាន់​អំណាច​ចំពោះ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​ចាត់ទុក​ថា​ច្បាប់នេះ​នឹង​ត្រូវ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​ពួក​គេនិង​សមាជិក​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ដែល​រក​លុយ​បាន​បច្ចុប្បន្ន​មក​ពី​រឿង​ខុស​ច្បាប់​ត្រូវ​ច្បាប់​ខ្លះ​ (ការស៊ី​ សំណូក​ សូកប៉ាន់​ ការប្រព្រឹត្តិអំពើ​ពុក​រលួយ)​ ដើម្បី​គណបក្សឬ​ដើម្បី​ប្រើ​ ពេល​បោះឆ្នោត ​តែ​បើ​ច្បាប់​នេះ​ចេញមក​ហើយ​បង្ខំ​ឱ្យ​មន្ត្រី​រាជការ​ ប្រកាស​ទ្រព្យសម្បត្តិ​តើ​ពួកគេ​និង​ធ្វើអ្វី​ទៀត​បាន។

មន្ត្រី​ដដែល​បាន​និយាយ​ថា៖

«រកលុយ​ដើម្បី​បក្ស​តែ​ពេល​គេ​ប្តឹង​រក​រឿង​ជាប់​គុក​ ដោះ​ស្រាយ​ខ្លួន​ឯង​ តើ​ត្រូវ​ធ្វើ​ម៉េច​បើអញ្ចឹង?»។

នេះ​ជា​ការ​ចោទសួរ​របស់​មន្ត្រី​ រាជការដដែល​នោះ។​ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ ទូទៅ​នេះ​នឹង​ធ្វើ​ឱ្យ​មានភាព​ចំណេញ​សម្រាប់​គណបក្ស​ប្រឆាំង​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ។

ក៏ប៉ុន្តែ​លោក​ កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​សង្ស័យ​ពីឆន្ទៈ​ពិត​ប្រាកដ​ចំពោះ​ការ ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​និង​ការចាត់​វិធាន​ការ​របស់​អាជ្ញាធរ​នៅពេល​មានភាព​មិន​ប្រក្រតី​កើត​ឡើង​ពេល​បោះឆ្នោត​ ដោយ​និយាយ​ថា​គណបក្ស​តូចតាច​ គណបក្ស​ប្រឆាំង​ដែល​នឹង​ត្រូវ​រងគ្រោះ​ ដោយសារ​ច្បាប់​នេះ​តែ​មិនមែន​គណបក្ស​កាន់​អំណាច​ទេ។ លោកកឹម សុខាអះអាង​ថា​ការ​អនុវត្ត​ច្បាប់​នេះ​នឹង​គ្មាន​ភាព​ស្មើគ្នា​រវាង​គណបក្ស​ប្រឆាំង​និង​គណបក្ស​កាន់​អំណាច​ដែល​ជា​អ្នកតាក់​តែង​ច្បាប់​អ្នក​អនុវត្ត​ច្បាប់​នោះ​ទេ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​អ្វី​ដែល​លោក​កឹម សុខា ​សង្ឃឹម​សម្រាប់​គណបក្ស​ប្រឆាំង​របស់​លោក​ គឺការ​ពិចារណា​និង​ការ​យល់ដឹង​របស់​ប្រជា​ពលរដ្ឋ​ ការយល់ដឹង​ពី​តម្លៃ​នៃ​សន្លឹក​ឆ្នោត​ ដែល​ការ​រស់នៅ​មួយ​ជីវិត​និង​អនាគត​ប្រទេស​មិន​ពឹង​ផ្អែក​ទៅ​លើ​អំណោយ​ ការទិញ​ទឹកចិត្ត​មួយ​គ្រា​នោះទេ។​ លោក​ ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោលថា​លោក​បាន​ចុះ​មូលដ្ឋាន​ ជា​ច្រើន​កន្លង​មក​ដើម្បី​ ពន្យល់​ ប្រជា​ពលរដ្ឋ​ឱ្យ​យល់​ពី​ការទិញ​ទឹកចិត្ត​និង​ទិញ​សន្លឹក​ឆ្នោត​ពីបទ​ពិសោធ​នៃ​ការ​រំលោភ​បំពាន​ដីធ្លី​ ផ្ទះសម្បែង​ បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ជាដើម។

«ទទួល​មេរៀន​ទាំងអស់​ហ្នឹងហើយ​ដោយសារ​យក​អំណោយ​គេ​ បោះឆ្នោត​ឱ្យគេៗ​យក​ដី​គាត់​វិញ​ យើង​បាន​បង្ហាញ​ភាព​ជាក់ស្តែង​ច្រើន​ហើយ​ ដូច្នេះ​ហើយ​ ខ្ញុំថា​ ប្រហែល​ជា​អាច​កាត់​បន្ថយ​ជាង​មុន​ទោះបី​ជា​ប្រជា​ពលរដ្ឋ​យក​ ក៏​ដោយ​ ហើយ​គេ​ឱ្យ​ស្បថ​ក៏ដោយ​ប្រហែល​ជា​មានការ​ផ្លាស់ប្តូរ​ច្រើន​ជាង​មុន»។

តាមច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ក៏​ដូចជា​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​ដែរ​គឺ​ត្រូវ​គេរាយការ​ណ៍មកថា​ អំពើ​សូកប៉ាន់​ ពុក​រលួយ​ត្រូវ​គេ​ចាត់​បញ្ចូល​ជា​បទល្មើស​ព្រហ្មទណ្ឌ​ ដែល​អ្នក​ទទួល​សំណូក​និង​អ្នក​សូក​ប៉ាន់​ត្រូវ​មាន​ទោស​ទណ្ឌ​ដូចគ្នា​ បើ​រក​ឃើញ​ថា​មាន​កំហុស។

ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​បាន​និយាយ​ទៀតថា​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ ដោយ​បិទ​បាំង​ព័ត៌មាន​ជាពិសេស​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​ឬ​អ្នក​នយោបាយ​គឺ​ជា​ការ​លំបាក​ដើម្បី​ឱ្យ​ពលរដ្ឋ​វាយ​តម្លៃ​ពី​ភាព​ស្អាតស្អំ​របស់​អ្នក​ដឹកនាំ​និង​អ្នក​នយោបាយ​ទាំងនោះ។​ ​អ្នក​សង្កេតការណ៍​កម្ពុជា​បាន​កោត​សរសើរ​ដល់​ អ្នក​នយោបាយ​ថៃ​និង​ហ្វីលីពីន​ដែល​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ​ដាក់​លើ​ទំព័រ​មុខ​នៃ​សារព័ត៌មាន​មក​ធ្វើ​ជា​ឧទាហរណ៍​ដែល​កម្ពុជា​គួរ​អនុវត្ត​ដូចគ្នា​បច្ចុប្បន្ន​នេះ៕

XS
SM
MD
LG