កាលពីមុនប៉ុន្មានម៉ោងដែលសមាគមប្រទេសអាស៊ានជួបប្រជុំដោះស្រាយជម្លោះសមាជិករបស់ខ្លួនចំនួនពីរក្នុងចំណោម១០ប្រទេសគឺកម្ពុជានិងថៃ ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជាបានអះអាងថាជម្លោះរវាងប្រទេសទាំងពីរអាចដោះស្រាយបានលុះត្រាតែតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសាលក្រមសម្រេចក្តីលើសំណុំរឿងប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ឡើងវិញ។
ក្រុមអ្នកវិភាគអះអាងយ៉ាងដូច្នេះដោយយោងថាសមាគមអាស៊ានទំនងជាអាចគ្រាន់តែជួយផ្សះផ្សារជម្លោះទាំងពីរប្រទេសបានទៅលើបញ្ហាឈប់បាញ់គ្នានិង បញ្ហាស្ថេរភាពក្នុងតំបន់ប៉ុណ្ណោះ។ ក៏ប៉ុន្តែមិនអាចដោះស្រាយបានចំពោះការចោទប្រកាន់អំពីការឈ្លានពានបូរណភាពដែនដីជាពិសេសបញ្ហាដីជាប់ព្រំដែននៅក្បែរតំបន់ប្រាសាទព្រះវិហារទំហំ៤,៦គីឡូម៉ែតក្រឡា។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទីមួយនិងជាប្រធានគណបក្សនរោត្តម រណឫទ្ធិ មានបន្ទូលថាជម្រើសចុងក្រោយដែលនៅសល់គឺការបកស្រាយសាលក្រមតុលាការអន្តរជាតិថ្ងៃ១៥ខែមិថុនាឆ្នាំ១៩៦២។ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិមានបន្ទូលថាក្រុមប្រឹក្សាសន្តិសុខអ.ស.បមាន លទ្ធភាពអាចស្នើឲ្យមានការបកស្រាយបាន ដោយសួរតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថា«តើដីទំហំ៤,៦ ជារបស់នរណា?»។ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិដែលដាក់ចម្ងល់ថាតើហេតុអ្វីបានជាក្រុមប្រឹក្សាសន្តិសុខមិនធ្វើកិច្ចការនេះ បានអះអាងដោយបន្ទូលដើមរបស់ព្រះអង្គថា៖ «បើមិនសួររបៀបដូច្នេះទេ បញ្ហាកម្ពុជានិងថៃ មិនអាចដោះស្រាយ បានឡើយ»។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព បានបង្ហាញទស្សនៈស្រដៀងគ្នានេះដែរ ថាការតវ៉ាតាមផ្លូវច្បាប់ ត្រូវធ្វើស្របពេលនឹងការចរចាផ្នែកនយោបាយ។ លោកថ្លែងថាការស្នើសុំឲ្យមានការបកស្រាយពីតុលាការយុត្តិធម៌អន្តរជាតិ គឺជាជំហានបន្ទាប់។
«មានតែតុលាការទេដែលអាចកំណត់បានថាដីហ្នឹងជារបស់នរណា? ពីព្រោះយន្តការអ.ស.ប យន្តការរបស់អាស៊ានគឺជាយន្តការនយោបាយ ដើម្បីឲ្យមានស្ថេរភាពនិងសន្តិភាព សន្តិសុខនៅតាមតំបន់ព្រំដែនហ្នឹងទេ មិនអាចរកដំណោះស្រាយដើម្បីដឹងថាតើផ្នែកណាជារបស់ថៃ ផ្នែកណា ជារបស់កម្ពុជាក្នុងបញ្ហាជម្លោះហ្នឹង ដូច្នេះវាត្រូវការយន្តការតុលាការ ដើម្បីដោះស្រាយបញ្ហាហ្នឹង»។
សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានទាំង១០ប្រទេស រួមទាំងកម្ពុជានិងថៃផងនោះ គ្រោងនឹង ជួបប្រជុំគ្នានៅព្រឹកនេះថ្នាក់រដ្ឋមន្ត្រីការ បរទេស ក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីដើម្បីដោះស្រាយជម្លោះកម្ពុជានិងថៃដែលមានការវាយប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃ៤ ដល់ថ្ងៃ៧កុម្ភៈ និងកំពុងមានភាពតានតឹងផ្នែក យោធាដោយសារតែជម្លោះបូរណភាពដែនដី។ ក្រុមប្រឹក្សាសន្តិសុខអ.ស.បដែលមានមហាអំណាចទាំង៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍បានទទូចឲ្យកម្ពុជានិងថៃបញ្ឈប់ការវាយប្រយុទ្ធគ្នា ដោះស្រាយដោយសន្តិវិធីក្រៅពីផ្ទេរបញ្ហាជម្លោះកម្ពុជាថៃមកឲ្យអាស៊ានដោះស្រាយ។
ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជាមួយចំនួនបានចោទសួរពីតួនាទីរបស់អាស៊ាន ដែលមិនមានឥទ្ធិពលយោធាក្រៅតែពីឥទ្ធិពលការទូតតិចតួចនោះ។
ដោយទំនងជាមិនចង់ជំទាស់នឹងសំណើរបស់ក្រុមប្រឹក្សាអ.ស.ប និងជំទាស់នឹង សមាគមអាស៊ានផង ក្រុមអ្នកវិភាគនិយាយថា កម្ពុជាទំនងជាត្រូវរង់ចាំមើល លទ្ធផលនៃការដោះស្រាយរបស់អាស៊ានជាមុនសិនដែរ មុននឹងសម្រេចស្នើឲ្យ តុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលក្រមតុលាការ ក្នុងជម្លោះកម្ពុជាថៃនេះ។
ក៏ប៉ុន្តែ មន្ត្រីតុលាការយុត្តិធម៌អន្តរជាតិម្នាក់ បានថ្លែងប្រាប់ VOA ខេមរភាសាពីប្រទេសហូឡង់មកថា ករណីប្រាសាទព្រះវិហារបានចប់ហើយ។ ហើយសំណុំ រឿងនេះ ក៏បានបិទរួចហើយដែរ។ មន្រ្តីដដែលបានអះអាងថាការស្នើសុំឲ្យមានការពន្យល់ ណាមួយចំពោះសំណុំរឿងនេះឡើងវិញលុះត្រាតែមានការស្នើសុំពីប្រទេសទាំងពីរព្រមគ្នា។ ការស្នើតែប្រទេសមួយមិនអាចកើតឡើងបានទេ។ មន្ត្រីដដែលបានបញ្ជាក់ថារហូតមកទល់ពេលនេះពុំឃើញមានសំណើពីប្រទេសណាមួយនៅឡើយទេ។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិបានអះអាងថាបញ្ហាចុងក្រោយ គឺនៅលើឆន្ទៈ នយោបាយ។ ព្រះអង្គអះអាងតាមបន្ទូលដើមថា«ខ្មែរយើងមានឆន្ទៈហើយ នៅសល់តែប្រទេសថៃទេ»។
នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វីចាជីវ៉ា ក្នុងសេចក្តីប្រកាសព័ត៌មាន របស់លោក កាលពីថ្ងៃ១៨ កុម្ភៈ លោកបានប្រកាន់យកគោលការណ៍ដោះស្រាយទ្វេភាគីដោយ បានហៅការដោះសា្រយក្នុងក្របខ័ណ្ឌអាស៊ាននោះ ថាជាកិច្ចពិភាក្សា ដែលគ្មានអន្តរាគមន៍ពីអាស៊ាន។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង បានអះអាងថា ការដោះស្រាយយ៉ាងណាគឺទុកលទ្ធភាពជូនអាស៊ានដោះស្រាយ។ តែការទទូចរបស់ថៃ រឿងទ្វេភាគីនោះមិនអាចទៅរួចទេទៀតទេ ព្រោះកម្ពុជាបានអត់ធ្មត់ជិត៣ឆ្នាំរហូតដល់កើតជាសង្រ្គាមទៅហើយៗ អន្តរជាតិក៏បានដឹងពីជំហររបស់កម្ពុជាដែលកម្ពុជាចង់បាននោះដែរ។ នៅពេលសួរពីយន្តការដោះស្រាយដោយការប្រើប្រាស់សាលក្រមតុលាការ យុត្តិធម៌ អន្តរជាតិក្នុងការដោះស្រាយជម្លោះកម្ពុជានិងថៃ ប្រសិនបើអាស៊ានមិនអាចបញ្ចប់ជម្លោះនេះបាន។ លោក កុយ គួងបានបញ្ជាក់ ថា កម្ពុជាបច្ចុប្បន្ននេះ គឺគិតត្រឹមតែយន្តការអាស៊ាន ជាមុនសិន ដែលនេះ ជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។
ទោះជាយ៉ាងណាក៏ដោយក្រុមប្រឹក្សាសន្តិសុខអ.ស.បនៅបើកចំហរក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាកម្ពុជានិងថៃប្រសិនបើអាស៊ានពុំអាចរកដំណោះស្រាយដល់ប្រទេសទាំងពីរជាសមាជិករបស់ខ្លួនបាន។ ថៃនិងកម្ពុជាមានទំនាស់ព្រំដែនរាប់សិបទសវត្សរ៍មកហើយជាពិសេសពេលដែលកម្ពុជាដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌអន្តរជាតិឆ្នាំ២០០៨ ដែល ថៃធ្លាប់បានជំទាស់។ ថៃចង់បានការគ្រប់គ្រងរួមគ្នាលើដីក្បែរតំបន់ប្រាសាទ ព្រះវិហារដែលកម្ពុជាបាន អះអាងថៃបានប្រើប្រាស់ផែនទីដែលខ្លួនគូសជាឯកតោភាគី ក្រោយពេលចាញ់ក្តី ប្រាសាទព្រះវិហារឆ្នាំ១៩៦២ ដែលសម្តេចឪព្រះនរោត្តមស៊ីហនុពេលនោះ បានតវ៉ាដណ្តើមពីការគ្រប់គ្រងរបស់ថៃបានជោគជ័យ៕