ក្រុមអ្នកវិភាគនិយាយនៅថ្ងៃអង្គារនេះថា ដំណើរទស្សនកិច្ចរបស់បងប្អូនបង្កើតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) មកកាន់កម្ពុជា នៅក្នុងសប្តាហ៍នេះ អាចនឹងពិភាក្សាលើបញ្ហាជម្លោះព្រំដែន ការអភិវឌ្ឍធនធានប្រេង និងការដោះលែងអ្នកទោសជនជាតិថៃ។
លោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) នឹងមកទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រ ដែលនឹងធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃនៅថ្ងៃទី១៥ ខែកញ្ញានេះ។
លោកបណ្ឌិត ផាវីន ឆាឆាវ៉ាលផុងភុង (Pavin Chachavalpongpun) អ្នកស្រាវជ្រាវជាន់ខ្ពស់អំពីយុទ្ធសាស្ត្រ និងនយោបាយនៅវិទ្យាស្ថានសិក្សាស្រាវជ្រាវតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា ដំណើរទស្សនកិច្ចនេះអាចមានរបៀបវារៈចំនួនបីគឺទី១ ការពិភាក្សានឹងផ្តោតទៅលើការសម្រុះសម្រួលគ្នា ជាពិសេស ព្យាយាមធ្វើឲ្យយល់គ្នាទៅវិញទៅមកក្នុងករណីប្រាសាទព្រះវិហារ និងទី២ ភាគីទាំងពីរអាចពិភាក្សាគ្នាអំពីការបែងចែកការអភិវឌ្ឍក្នុងដែនសមុទ្រដែលមានជម្លោះ ឬការពិភាក្សាអំពីប្រេង និងឧស្ម័នប៉ុន្តែលោកស្រី យីងឡាក់នឹងត្រូវធ្វើឲ្យប្រាកដប្រជាថា ដំណើរការនេះមានតម្លាភាព ហើយនឹងមិនមែនជាផលប្រយោជន៍សម្រាប់បុគ្គលណាមួយជាពិសេស ហើយទី៣ ដំណើរទស្សនកិច្ចនេះ អាចលើកឡើងអំពីការដោះលែងអ្នកទោសជនជាតិថៃពីរនាក់ ដែលបានជាប់ពន្ធនាគារនៅកម្ពុជាកាលពីឆ្នាំទៅ។
«ខ្ញុំគិតថា វាជាទស្សនកិច្ចប្រកបដោយវិជ្ជមាន ហើយ ខ្ញុំជឿថា វានឹងមានលទ្ធផលវិជ្ជមានពីដំណើរទស្សនកិច្ចនេះ។ ខ្ញុំគិតថានេះគឺជាការចាប់ផ្តើមថ្មីមួយនៃទំនាក់ទំនងកម្ពុជា និងថៃដោយពិចារណាថា ឥឡូវនេះ រដ្ឋាភិបាលទាំងពីរកំពុងចង់ពិភាក្សាគ្នា ហើយដោយសង្ឃឹមថា រដ្ឋាភិបាលទាំងពីរក៏នឹងសម្រុះសម្រួលគ្នាទៅវិញទៅមក និងមានរបៀបវារៈជាច្រើនក្នុងអំឡុងទស្សនកិច្ចនេះ»។
លោកបណ្ឌិត ផាវីន ឆាឆាវ៉ាលផុងភុង បានបញ្ជាក់ថា សម្រាប់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ លោកនឹងមិនដឹងអ្វីដែលជាប្រភេទនៃការចរចានោះទេ ប៉ុន្តែផលប្រយោជន៍បុគ្គលអាចជាបញ្ហាមួយនៃបញ្ហាជាច្រើន។ សម្រាប់លោកថាក់ស៊ីន យើងដឹងថា គាត់មានរបៀបវារៈផ្សេងទៀតមកកាន់កម្ពុជា របៀបវារៈឯកជន របៀបវារៈផ្ទាល់ ខ្លួន និងរបៀបវារៈជំនួញ។
លោកបណ្ឌិត ផាវីន ឆាឆាវ៉ាលផុងភុង បានថ្លែងថា លោកអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន តែងតែចង់មកទស្សនកិច្ចនៅកម្ពុជា ដែលជាប្រទេសជាប់ជិតខាងប្រទេសរបស់លោក។ លោក ថាក់ស៊ីន ចង់បង្ហាញថា លោកជាមេដឹកនាំស្របច្បាប់ ហើយចង់បង្ហាញថា នៅពេលនេះ សត្រូវរបស់លោកនឹងមិនបញ្ឈប់លោកមិនឲ្យធ្វើដំណើរបានទេ។
លោកបណ្ឌិត ផាវីន ឆាឆាវ៉ាលផុងភុង គិតថាលោក ថាក់ស៊ីន ឆ្លៀតយកទស្សនកិច្ចក្នុងសប្តាហ៍តែមួយដូចទស្សនកិច្ចរបស់ប្អូន ស្រីលោក ដើម្បីដាក់បញ្ចេញមុខមាត់របស់លោកជាថ្មីម្តងទៀត។ សម្រាប់ចំណុចវិជ្ជមាន វាហាក់ដូចជាថា ចំណងទាក់ទងទ្វេភាគីរវាងប្រទេសទាំងពីរ គឺស្ថិតនៅលើការជុសជុល។
«យើងអាចមើលឃើញការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងដ៏ឆាប់ៗនេះ»។
លោកបណ្ឌិត ផាវីន ឆាឆាវ៉ាលផុងភុង គិតថា លទ្ធផលនៃការពិភាក្សានឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេស ចំណែកនៃការជំរុញតួនាទីអំណាចរបស់ពួកគេនៅក្នុងកិច្ចការនយោបាយផ្ទៃក្នុងប្រទេសរៀងៗខ្លួនរបស់ពួកគេ។
លោក ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជាដើម្បីកិច្ចសហប្រតិបត្តិការ និងសន្តិភាព បានថ្លែងថា ដំណើរទស្សនកិច្ចនេះអាចមានប្រសិទ្ធិភាពច្រើនយ៉ាងលើទំនាក់ទំនងទ្វេភាគី ដែលអាចនឹងមានជោគជ័យរវាងប្រទេសទាំងពីរ។
លោក ឈាង វណ្ណរិទ្ធ បានបន្ថែមថា បញ្ហាព្រំដែន ទាំងព្រំដែនគោក និងព្រំដែនសមុទ្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍរួមគ្នា ជាពិសេសនៅតាមតំបន់ព្រំដែន និងការដោះលែងអ្នកទោសជនជាតិថៃពីរនាក់ អាចជាប្រធានបទនៃការពិភាក្សាគ្នា។
«សន្តិភាព និងស្ថេរភាពនៅតំបន់ប្រាសាទព្រះវិហារ ពីព្រោះកម្ពុជាបានចំណាយច្រើនណាស់សម្រាប់ទ្រទ្រង់ដល់កងទ័ពនៅតំបន់ប្រាសាទព្រះវិហារ។ ការចំណាយលើកងទ័ពអាចធ្លាក់ចុះ។ ពាណិជ្ជកម្ម ចំនួនទេសចរណ៍ និងការវិនិយោគរវាងប្រទេសទាំងពីរអាចនឹងមានការកើនឡើង។ នេះគឺជាទំព័រថ្មីមួយរបស់ប្រវត្តិសាស្ត្រកម្ពុជា ថៃ និងជាផលប្រយោជន៍ ដែលយើងនឹងអាចឃើញនៅពេលខាងមុខនេះ»។
លោក ឈាង វណ្ណារិទ្ធ បានបញ្ជាក់ថា លទ្ធផលនៃការពិភាក្សានឹងមានផលប្រយោជន៍ឈ្នះឈ្នះសម្រាប់ប្រទេសកម្ពុជា និងប្រទេសថៃ។
«ប៉ុន្តែ អ្វីដែលប្រទេសកម្ពុជាគួរមានការប្រុងប្រយ័ត្នឲ្យបានច្រើនអំពីការពិភាក្សាប្រេង និងឧស្ម័នដែលគួរតែមានតម្លាភាពឲ្យកាន់តែច្រើន។ ការធ្វើទស្សនកិច្ចនេះ បានផ្តល់ផលប្រយោជន៍ទាំងសងខាង ទាំងកម្ពុជា និងទាំងថៃ។ ចំពោះកម្ពុជា យើងចង់បានកិច្ចព្រមព្រៀងមួយ ជាពិសេសនៅដែនសមុទ្រ ដែលយើងនឹងទាញយកប្រេងនៅចុងឆ្នាំក្រោយនោះ។ ដូច្នេះបើពុំមានកិច្ចព្រមព្រៀងណាមួយជាមួយភាគីថៃនោះទេ យើងពុំអាចទាញយកប្រេងបានទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃច័ន្ទថា លោកនឹងមិននិយាយជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អំពីផលប្រយោជន៍នៃប្រទេសទាំងពីរទេ ហើយក៏គ្មានការចរចាអំពីបញ្ហាប្រេង និងឧស្ម័នរវាងលោក ថាក់ស៊ីន និងប្រទេសកម្ពុជានោះដែរ៕