អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅថ្ងៃពុធនេះបានទទូចដល់តុលាការក្រុងភ្នំពេញ ឲ្យទម្លាក់ចោលការចោទប្រកាន់ប្រជាពលរដ្ឋបឹងកក់ចំនួនបួនរូប បន្ទាប់ពីពួកគេបានរងគ្រោះដោយសារតែការតវ៉ារឿងវិវាទដីធ្លី។
កាលពីថ្ងៃអង្គារតុលាការក្រុងបានដោះលែងប្រជាពលរដ្ឋបឹងកក់ចំនួនបួននាក់ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក៏ប៉ុន្តែបានដាក់ឲ្យឋិតក្រោមការត្រួតពិនិត្យរបស់តុលាការ បន្ទាប់ពីពួកគេត្រូវបានចាប់ឃុំខ្លួនរយៈពេលមួយថ្ងៃពីបទជេរប្រមាថ និងប្រឆាំងនឹងអ្នករាជការសាធារណៈ។ ប្រជាពលរដ្ឋទាំងបួនរូប ដែលឋិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការរួមមានអ្នកស្រីទេព វណ្ណី តំណាងប្រជាពលរដ្ឋតំបន់បឹងកក់ អ្នកស្រី ហេង មុំ អ្នកស្រី គង់ ចាន់ថា និងអ្នកស្រី បូ ឆវី។ អ្នកទាំងបួនរូបត្រូវបានអាជ្ញាធរចាប់ខ្លួនបន្ទាប់ពីពួកគេបានចូលរួមយ៉ាងសកម្មដោយសន្តវិធីមួយ កាលពីថ្ងៃច័ន្ទ នៅពីមុខសាលាក្រុងភ្នំពេញ ដើម្បីទាមទារឲ្យបញ្ចូលឈ្មោះប្រជាពលរដ្ឋចំនួនទាំង៩៦គ្រួសារ ដែលបានកាត់ចេញពីដីទំហំ១២.៤៤ហិកតា។
រយៈពេលមួយថ្ងៃបន្ទាប់ពីតុលាការបានដោះលែងអ្នកភូមិបឹងកក់ លោក សែម សារីហ្វី (Sam Zarifi) នាយកអង្គការលើកលែងទោសអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក បាននិយាយថា អាជ្ញាធររដ្ឋាភិបាលកម្ពុជា ត្រូវតែបញ្ឈប់ទិសដៅរបស់ខ្លួន ដើម្បីប្រឆាំងនឹងសកម្មជន ដែលទាមទារសិទ្ធិសហគមន៍ដោយសន្តិវិធី។ លោកបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា តុលាការត្រូវតែទម្លាក់ចោលការចោទប្រកាន់ដែលមានលក្ខណៈជានយោបាយប្រឆាំងនឹងអ្នកស្រី ទេព វណ្ណី និងស្ត្រីដ៏ទៃៗផ្សេងទៀត ដោយប្រើប្រាស់នៅក្នុងការប៉ុនប៉ងបំបិទសំឡេងតវ៉ាដែលមានលក្ខណៈស្របច្បាប់។ លោកបានមានប្រសាសន៍ទៀតថា អាជ្ញាធរត្រូវតែផ្អាកជាបន្ទាន់ នូវការប្រើប្រាស់កម្លាំងដ៏ច្រើនលើសលប់ ប្រឆាំងទៅនឹងបាតុករដែលទាមទារដោយសន្តិវិធី។
ស្របពេលដែលអង្គការលើកលែងទោសអន្តរជាតិ ទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ប្រឆាំងជំទាស់នឹងអ្នកភូមិចំនួនបួននាក់ អ្នកស្រី ទេព វណ្ណី តំណាងអ្នកភូមិបឹងកក់បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅតំបន់បឹងកក់កំពុងតែរៀបចំឯកសារដើម្បីប្រឆាំងជំទាស់នឹងអាជ្ញាធរមួយចំនួន ដែលរួមមានលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ក្រោយពីបានបញ្ជាឲ្យប្រើប្រាស់កម្លាំង ប្រព្រឹត្តអំពើហិង្សាដែលធ្វើឲ្យប្រជាពលដ្ឋរងរបួសកាលពីថ្ងៃច័ន្ទ។ អ្នកស្រី ទេព វណ្ណី បាននិយាយថា យើងចង់ដឹងថា តើតុលាការ ធ្វើការដោយឯករាជ្យរបស់ខ្លួនដែរឬទេ នៅពេលដែលអ្នកភូមិបានប្តឹងចំពោះអាជ្ញាធរវិញនោះ។
«តើតុលាការ គាត់មានភាពយុត្តិធម៌ ដែលជាតុលាការឯករាជ្យដល់កម្រិតណា? ហើយពិតប្រាកដថាជាឯករាជ្យ ឬមួយក៏អត់? ក៏ដូចជាពាក្យដែលគេបាននិយាយថា តុលាការនៅស្រុកខ្មែរមិនឯករាជ្យ។ ខ្ញុំចង់ដឹងរឿងហ្នឹង នៅពេលដែលពួកខ្ញុំប្រឈមនឹងបញ្ហាដីធ្លីហ្នឹងតែម្តង»។
លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ មិនបានធ្វើអត្ថាធិប្បាយទេ ដោយលោកបានមានប្រសាសន៍ថាកំពុងជាប់រវល់ប្រជុំ៕