ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​លើកលែង​ទោស​និង​ការសន្យា​របស់​រដ្ឋាភិបាល​មិន​មែន​ជា​របាំង​នៃ​ការ​កាត់​ទោស​​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទេ


កម្រង​រូបថត​នេះ​បង្ហាញ​ពី​​​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​៤​រូប​​​​ដែល​នៅ​រស់​រាន​មាន​ជីវិត (ពី​ឆ្វេង​ទៅ​ស្តាំ)៖ នួន​ ជា ជា​មេ​មនោគមវិជ្ជា​របស់​ក្រុម​ខ្មែរ​ក្រហម ខៀវ សំផន អតីត​ប្រធាន​រដ្ឋ​​និង​ជា​មុខមាត់​សាធារណៈ​របស់​ខ្មែរ​ក្រហម អៀង សារី អតីត​រដ្ឋមន្ត្រី
កម្រង​រូបថត​នេះ​បង្ហាញ​ពី​​​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​៤​រូប​​​​ដែល​នៅ​រស់​រាន​មាន​ជីវិត (ពី​ឆ្វេង​ទៅ​ស្តាំ)៖ នួន​ ជា ជា​មេ​មនោគមវិជ្ជា​របស់​ក្រុម​ខ្មែរ​ក្រហម ខៀវ សំផន អតីត​ប្រធាន​រដ្ឋ​​និង​ជា​មុខមាត់​សាធារណៈ​របស់​ខ្មែរ​ក្រហម អៀង សារី អតីត​រដ្ឋមន្ត្រី

ការ​លើកលែង​ទោស​ ការមិនអាច​ទទួលទោស​ពីរដង​ក្នុង​បទល្មើស​តែមួយ​និង ការសន្យា​មិនយក​ទោសពៃរ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បញ្ចប់​សង្រ្គាម​រវាង​ក្រុមខ្មែរ​ក្រហម​បំបែកខ្លួន​បានកើតមាន​ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុមអ្នក​ច្បាប់​អន្តរជាតិ​និង​អ្នក​ច្បាប់​ជាតិ​បាន​អះអាងថា​ រឿងរ៉ាវ​អស់នោះ​ទំនងជា​មិនអាច​រារាំង​ដល់​ការវិនិច្ឆ័យ​ទោស​ពួកអតីត​មេដឹកនាំ​ជាន់ខ្ពស់​៤នាក់​ក្នុង​សំណុំរឿង០០២ដែល​គេ​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ២៧ខែ​មិថុនានេះ​ទាក់ទង​នឹងអំពើ​វាលពិឃាតក្នុង​ទសវត្សរ៍​១៩៧០​នោះទេ។

អៀង សារី​ អតីត​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ខ្មែរក្រហម​ ជាជន​ជាប់ចោទ​ដែលកំពុង​ជាប់​ឃុំឃាំង​រង់ចាំការ​កាត់ទោស​ជាប្រធាន​ចលនា​បង្រួប​បង្រួម​ជាតិ​ប្រជាធិបតេយ្យ ​បាន​ដឹកនាំ​កងទ័ព​និងប្រជាជន​ជាង​២ម៉ឺននាក់​ចុះចូល​ជាមួយ​នឹង​រដ្ឋាភិបាល​កាលពី​ថ្ងៃ១៥​សីហាឆ្នាំ១៩៩៦​ ដើម្បីបញ្ចប់​សង្រ្គាម​រវាងភាគី​ខ្មែរ​និងខ្មែរ។​ ជាថ្នូរនឹង​សន្តិភាព​រដ្ឋាភិបាល​បានស្នើ​ព្រះមហាក្សត្រ​សម្តេច​ព្រះនរោត្តម​ សីហនុ​នៅ​ពេល​នោះ​ដើម្បី​លើក​លែង​ទោស​ដល់​លោក​ អៀង សារី​និង​សន្យា​មិនយក​ទោសពៃរ៍​ដល់​កងទ័ព​ខ្មែរក្រហម​ជាអ្នក​ចុះចូល​ពេល​សមាហរណកម្ម​ទាំងអស់​ចំពោះ​រឿង​អតីតកាល។​ មេ​ដឹក​នាំ​ខ្មែរក្រហម​ឯទៀត​ដូចជា​ ខៀវ សំផន អតីត​ ប្រមុខរដ្ឋ​ នួន ជា​បងធំទី២​ និង​ អៀង ធីរិទ្ធ​ បាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ជាមួយ​នឹង​អៀង សារី​ឬ​ក៏ក្រោយ​បន្តិច។

ការចុះចូល​នោះ​បានធ្វើឲ្យ​ពួកគេ​រស់នៅ​ដោយមាន​សេរីភាព​យាងតិច​១០ឆ្នាំ​មុន​ពេល​ត្រូវ​ចាប់​ឃុំខ្លួន​ក្នុង​តុលាការ​ដែល​ចូលរួម​ដោយ​អ.ស.ប.។

ដោយ​មិនគិត​ពីការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​នោះ​ របាំង​ការពារខ្លួន​ដូចជា​ការ​សន្យា​នានា​របស់​រដ្ឋាភិបាល​ បទល្មើស​មួយ​មិនអាច​ទទួលទោស​ពីរដង​ឬកាត់ទោស​ពីរដង​ និងការ​លើកលែង​ទោស​ជាដើមនោះ​ ក្រុម​អ្នកច្បាប់​កម្ពុជានិង​អ្នកច្បាប់ក្នុង​ប្រទេស​អាមេរិកខ្លះបាន​អះអាង​ថា​ មិនអាច​ធ្វើឲ្យ​ជនជាប់​ចោទ​ជា​ពិសេស​ អៀង សារី​ រួចខ្លួន​ពីការចោទ​ប្រកាន់​លើ​បទ​ឧក្រិដ្ឋកម្ម​នានាទេ​ ប្រសិន​បើ​គេ​រក​ឃើញថា​ពួកគេ​ពិត​ជា​ បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅសម័យ​ខ្មែរក្រហម ដែលធ្វើឲ្យ​ពលរដ្ឋ​កម្ពុជា​ជាង១លាន​៧សែន​នាក់​ស្លាប់បាត់​បង់ជីវិត​នៅ​ចន្លោះ​ឆ្នាំ១៩៧៥​ដល់​១៩៧៩ ​នោះទេ។ លោក ​John D​ Ciorciari ​សាស្ត្រាចារ្យ​នៃសាលា​គោល​នយោបាយ​សាធារណៈ Gerald R Ford ​នៃ​សាកល​វិទ្យាល័យ​ Michigan​ ស.រ.អ.​បានថ្លែង​ប្រាប់​វីអូអេ​ខ្មែរ តាមរយៈ​សារអេឡិច​ត្រូនិក​ អ៊ីម៉េល​ថា៖

«គ្មានជន​ជាប់ចោទ​ណាម្នាក់​ក្នុងសំណុំ​រឿងលេខ​០០២​អាចប្រើ​ប្រាស់ការ​លើក​លែងទោស​ឆ្នាំ១៩៩៦​ ដើម្បីការពារ​ខ្លួនដោយ​ជោគជ័យ​នោះទេ»។

លោកបាន​ពន្យល់ថា​ ការ​លើកលែង​ទោស​ដល់​អៀង សារី​គឺផ្តោតទៅ​លើ​ការ​មិន​យក​ទោស​ពៃរ៍​លើ​ច្បាប់​កម្ពុជាឆ្នាំ​១៩៩៤​ដែល​ប្រកាស់ដាក់​ក្រុម​ខ្មែរក្រហម​ឲ្យនៅ​ក្រៅច្បាប់​ប៉ុណ្ណោះ។​ ហើយគ្មាន​និយាយ​ទៅ​ដល់ការ​មិនឲ្យ​កាត់ទោស​ចំពោះ​បទឧក្រិដ្ឋ​កម្រិត​អន្តរជាតិធំៗ​ក្នុង​សំណុំរឿង​០០២​ទេ។

នៅពេល​សួរពី​រឿង​បទល្មើស​តែមួយ​ដែល​ទទួល​ទោសពីរ​ដងឬ​មិនអាច​កាត់ទោស​ម្តង​ទៀត​បាន​នោះ​ លោក​សាស្ត្រាចារ្យ​ Ciorciari​ បាន​ពន្យល់​ថា៖ បទចោទ​ជា​ច្រើន​ដែល​តុលាការ​ខ្មែរក្រហម​ចោទ​ អៀង សារី​ មិនមែន​ជាផ្នែក​នៃ​បទល្មើស​ដែលបាន​កាត់ទោស​ក្នុងតុលាការប្រជាជន​បដិវត្តន៍​កម្ពុជាឆ្នាំ​១៩៧៩​ទេ។​ តុលាការឆ្នាំ​១៩៧៩​នោះ​ជា​តុលាការ​ប្រឌិត។​ ហើយ​គោលការណ៍​រងទោស​ពីរដង​ក្នុងកំហុស​តែមួយគឺ​រារាំង​បាន​តែ​ជនជាប់​ចោទណា​ដែល​ត្រូវ​ដាក់​ទោស​បទល្មើស​ដដែល​តែប៉ុណ្ណោះ។

លោក​ Jeffrey S Brand ​នាយកនិងសាស្ត្រាចារ្យ​សាលាច្បាប់​នៃសាកល​វិទ្យាល័យ​ច្បាប់​ San Francisco ​ស.រ.អ.បានយល់​ស្រប​ទៅនឹង​សាស្ត្រាចារ្យ​និង​អ្នកវិភាគ​ដទៃ​ទៀត​ដែរ​ចំពោះ​ការសន្យា​របស់​រដ្ឋាភិបាល​ ការលើកលែង​ទោស​ ការមិនអាច​ទទួល​ទោស​ពីរដង​ក្នុង​បទល្មើស​តែមួយ​នោះ​ មិន​អាច​រារាំង​ក្នុង​ការវិនិច្ឆ័យ​ទោស​អៀង សារី​ និង​ក្រុម​ជន​ជាប់ចោទ​នោះទេ​ តែ​លោក​បញ្ជាក់ថា បញ្ហា​នេះ​ជារឿង​សំខាន់​ចំពោះ​ច្បាប់។

«ជា​ការ​ចាប់ផ្តើម​ វាជារឿង​សំខាន់​ក្នុងការ​បញ្ជាក់ថា​ ការ​ការពារ​សិទ្ធិជន​ជាប់​ចោទ​គឺ​ជា​រឿង​សំខាន់​ដល់សង្គម​យុត្តិធម៌​និង​ត្រឹមត្រូវ។​ រឿងនោះ​ហើយ ​ដែលកិច្ចការដ៏ល្អ​ផ្នែក​គាំពារក្តី​ក្នុង​សាលាក្តី​គឺ​ជារឿង​ដ៏សំខាន់។ យើង​ចាំបាច់​ត្រូវ​តទល់ដោយ​ស្មោះត្រង់​ចំពោះ​មូលហេតុ​ដែល​យើង​បដិសេធ​ដំណើរការជាបឋម​ដ៏ពិសេស​ណា​មួយ​ ឬដោះស្រាយ​បញ្ហា​ទាក់ទង​នឹងរឿង​នយោបាយ​ ពេល​ដែល​ជន​ជាប់​ចោទ​នឹងត្រូវ​កាត់ទោស»។

លោកស្រី​ Clair Duffy ​អ្នកឃ្លាំមើល​សាលាក្តី្ត​ខ្មែរក្រហម​នៃអង្គការ​ច្បាប់​របស់​ស.រ.អ.​មួយ​ឈ្មោះ​ Open Society ​Justice Initiative ​បាន​អះអាង​ថា​ ទោះបីថា​ការ​សម្រេច​របស់​អង្គបុរេ​ជំនុំ​ជម្រះ​ទាក់ទង​នឹង​ការ​លើកលែង​ទោស​ អៀង សារី​ និង ការណ៍​ដែល​មិន​ត្រូវ​ទទួលទោស​ក្នុងបទល្មើស​តែ​មួយ​នោះ​ មិន​ប៉ះពាល់​ដល់​យុត្តាធិការ​នៃ​សាលាក្តី​ដែល​ចូលរួម​ដោយ​អ.ស.ប.​មែន​ តែនេះ​ជារឿង​ដែល​អាច​មាន​ការ​តទល់​គ្នា​ក្នុង​សវនាការ។

«ខណៈពេល​ដែល​ជំហរ​អង្គបុរេ​ជនុំជម្រះ​មិនទាន់​បញ្ចប់​ចំពោះ​រឿងនេះ​ ហេតុផលនិង​គ្រប់​ទាំង​អំណះ​អំណាង​ទំនងជា​ត្រូវលើក​ឡើង​ដោយ​អៀង សារី ជាថ្មីទៀត​ក្នុងពេល​សវនាការ​បឋម​នោះ។ អ្វីដែល​គេអាច​និយាយ​បាន​គឺថា​តុលាការ​នៅជុំវិញ​ពិភពលោក​ដែល​អនុវត្ត​យុត្តាធិការ​ទាក់ទង​នឹង​បទឧក្រិដ្ឋ​អន្តរជាតិ​តែងតែ​កាត់បន្ថយ​មាត្រា​ទាំង​ឡាយ​ណា​ទាក់ទង​នឹងការ​លើកលែង​ទោស ពី​ព្រោះ​ប្រភេទនៃបទឧក្រិដ្ឋ​ស្ថិតក្រោម​យុត្ថាធិការ​របស់​តុលាការ»។

កិច្ច​ព្រមព្រៀង​រវាង​អ.ស.ប.​និង​កម្ពុជា​បាន​កំណត់​ថាបញ្ហា​លើកលែង​ទោសនិង​បញ្ហា​ផុយ​ស្រួយ​ផ្សេងៗទៀត តម្រូវ​ទុកឲ្យ​ចៅក្រម​កាត់ក្តី​ជាអ្នក​សម្រេច​ តែ​មាត្រា​៤៧នៃ​ច្បាប់​កាត់ទោស​ខ្មែរក្រហម​បានចាត់​ទុកថា៖​ ការកាត់​សេចក្តី​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវធ្វើ​នៅក្រោម​ច្បាប់​កម្ពុជា​ ហើយ​កិច្ច​ព្រមព្រៀង​នោះ​ត្រូវ​អនុវត្ត​ជា​ច្បាប់​កម្ពុជា។

ក្រុម​អ្នក​ច្បាប់​ជាតិ​និងអន្តរជាតិ​ខ្លះ​មានមន្ទិល​សង្ស័យ​ពីផល​ប្រយោជន៍​នៃការ​បកស្រាយ​ច្បាប់​ក្នុង​សវនាការ​ដែល​ទំនង​ជាក្រុម​ជនជាប់​ចោទ​ អាចមាន​ប្រៀប​ខ្លាំង​ជាងក្រុម​ជនរងគ្រោះ ជា​ពិសេស​ទាក់ទងនឹង​ការសន្យា​របស់រដ្ឋាភិបាល​ ការលើកលែង​ទោសនិង​ការមិនអាច​ទទួលទោស​ពីរដង​ក្នុងបទល្មើស​តែមួយ​ ដ៏​ស្មុគស្មាញ​នោះ។​ ទោះជា​យ៉ាងណា​ក៏ដោយ​ ក្រុមអ្នកច្បាប់​បាន​អះអាង​ថា​ ការល្អ​គឺ​ត្រូវ​រង់​ចាំមើល​អំពីការ​បកស្រាយ​ច្បាប់​ក្នុងពេល​សវនាការ។

លោកមេធាវី​ សុខ សំអឿន នាយក​ក្រុមអ្នក​ច្បាប់ការពារ​សិទ្ធិកម្ពុជា​ បានថ្លែង​ថា​ ការ​កាត់ទោស​ប្រកប​ដោយ​គំរូល្អ​ និងការបក​ស្រាយច្បាប់​ដ៏ល្អគឺ​ជារឿង​សំខាន់​ជាងការ​យក​មេដឹកនាំ​ខ្មែរក្រហម​ដាក់ទោស​ទៅទៀត។

«ប្រការ​សំខាន់​យើងចង់​ឲ្យ​តុលាការ​ហ្នឹង​កាត់ក្តី​តាម​ច្បាប់​ដើម្បីបង្ហាញ​គំរូរល្អ​សម្រាប់ប្រទេស​កម្ពុជា។​ សំខាន់​ថា​តើ​តុលាការ​គេ​បកស្រាយ​យ៉ាងម៉េច ដោយ​មាន​មូលដ្ឋាន​ច្បាប់​សមហេតុ​សមផល​ឬអត់។ ឲ្យ​តែ​គេ​បកស្រាយសមហេតុ​សមផល​យើង​ទទួល​យក​បាន​ហើយ»។

លោក​ សុខ សំអឿន​ ចោទសួរថា​តើតុលាការ​ឆ្នាំ១៩៧៩ មាន​អង្គហេតុ​អ្វីខ្លះ​ហើយ​អង្គហេតុ​នៅ​តុលាការ​ខ្មែរក្រហមឥឡូវនេះមានអ្វីខ្លះ​ដូចគ្នាឬ​ផ្សេងគ្នា?។ លោកថ្លែងថា​ប្រសិនបើ​អង្គហេតុ​ផ្សេងគ្នា​នោះ យុត្តាធិការ​តុលាការ​ខ្មែរក្រហម​ពិតជា​អាចកាត់​ទោស អៀង សារី​បាន។

លោក​ ហ៊ុយ វណ្ណៈ​ អ្នកនាំពាក្យ​នៃសាលាក្តី​ខ្មែរក្រហម​បានអះអាង​ថា ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​តុលាការ​ខ្មែរក្រហម​មាន​យុត្តាធិការ​គ្រប់គ្រាន់​ដើម្បី​ជំនុំ​ជម្រះ​ទោស​ករណី​លោក អៀង សារី ទោះ​បីជា​មានការ​លើក​លែងទោសនិង​គោលការណ៍​ទទួលទោស​ពីរដង​ក្នុងបទ​ល្មើស​តែមួយក្តី។​ ហើយ​រឿងរ៉ាវ​ទាំង​នេះ​នឹង​ត្រូវគេ​លើក​យក​មក​ជជែកគ្នា​ក្នុងពេល​សវនាការ​ដំបូង​នៅដើម​សប្តាហ៍​ខាងមុខ។

«ប៉ុន្តែសម្រាប់​ព័ត៌មាន​ដែលយើង​អាចមើល​នៅក្នុង​តុលាការ​គឺថា​ តុលាការ​នេះ​មាន​ដែន​សមត្ថកិច្ចនិង​តួនាទី​គ្រប់គ្រាន់​ក្នុងការ​យកករណី​លោក អៀង សារី ដែលជា​ជន​ជាប់ចោទ​ពីបទប្រល័យ​ពូជសាសន៍​ បទរំលោភ​ឧក្រិដ្ឋកម្ម​នានា​ដែល​មាន​៤​ជាសំខាន់​នេះ​ គេអាចយក​មក​កាត់ទោស​នៅ​ក្រោម​ដែន​យុត្ដាធិការ​នៃ​សាលាក្តី​បាន»។

សាលាក្តី​កាត់ទោស​ខ្មែក្រហម​រងនូវការ​ចោទប្រកាន់​ពីការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​ជាពិសេស​ទាក់ទង​នឹងការ​មិនព្រម​ទៅ​ឆ្លើយ​ បំភ្លឺ​របស់​សាក្សី​សំខាន់ៗ​ជា​មន្ត្រី​កំពូលៗ​របស់​រដ្ឋាភិបាល​បច្ចុប្បន​្ន​ដែលជា​អតីត​មន្ត្រី​ខ្មែរ​ក្រហម។​ ក៏​ដូច​គ្នាដែរ​គឺការ​ប្រកាស​ជា​សារធារណៈ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ច្រើន​លើក​អំពីការ​រារាំង​មិនឲ្យ​មាន​ការ​ចោទប្រកាន់​មេដឹកនាំ​ខ្មែរក្រហម​បន្ថែម​ទៀត​គឺ​សណុំរឿង​០០៣និង​០០៤។

លោក​ Peter Maguire ​អ្នកនិពន្ធ​សៀវភៅ​អំពី​រឿង​ខ្មែរក្រហម ហើយជា​សាស្ត្រាចារ្យនៅ​សាកល​វិទ្យាល័យ​ស.រ.អ. ​បាន​រិះគន់​សាលាក្តី​ទាក់ទង​នឹងការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​និងការ​ខកខាន​របស់​កម្ពុជា​និងអ.ស.ប.​រយៈពេល​៣ទសវត្សរ៍ ក្នុង​រឿង​នាំ​យុត្តិធម៌​ជូន​ជន​រងគ្រោះ។​ លោកបាន​បញ្ជាក់ថា៖​ «តាម​មើល​ទៅ ចំពោះខ្ញុំ​ រដ្ឋាភិបាល​កម្ពុជា​ទំនងជា​មិន​ខ្ជះខ្ជាយ​ពេលវេលា​នេះ​ ហើយនិង​លុយ​កាក់​ ដើម្បី​គ្រាន់តែ​ចង់បង្ក​ឲ្យជន​ជាប់ចោទ​កំពូលៗ​បានរួចខ្លួន​នោះ​ទេ»៕

XS
SM
MD
LG