វ៉ាស៊ីនតោន — មកទល់បច្ចុប្បន្ននេះក្រុមអ្នកដែលបានទៅដល់និងបានរកឃើញប្រាង្គប្រាសាទអង្គរវត្តដ៏វ័យចំណាស់របស់ប្រទេសកម្ពុជាឡើងវិញ និងដែលបានធ្វើឲ្យពិភពលោកស្គាល់ប្រាសាទដ៏មហិមានេះ មិនទាន់ត្រូវបានកំណត់និងទទួលស្គាល់ជាសកលនៅឡើយទេ។
ឯកសារប្រវត្តិសាស្ត្រមួយចំនួនបានកត់ត្រាថា បព្វជិតជនជាតិព័រទុយហ្គាល់ម្នាក់ឈ្មោះ Antonio de Magdalena បានមកទស្សនាប្រាសាទអង្គវត្តក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ១៥៨៥។ ក្រោយមក ជនជាតិជប៉ុនម្នាក់ឈ្មោះ Kenryo Shimano បានធ្វើធម្មយាត្រាមកកាន់ប្រាសាទមួយនេះ ក្នុងអំឡុងទសវត្ស ១៦៣០។ ហើយបន្ទាប់មកបព្វជិតជនជាតិបារំាង Charles Emile Bouillevaux បានទៅដល់ប្រាសាទដែលត្រូវបានគេចាត់ទុកជាដួងព្រលឹងជាតិខ្មែរក្នុងពេលបច្ចុប្បន្ន ក្នុងឆ្នាំ ១៨៥០ និងវេជ្ជបណ្ឌិតផ្នែកវះកាត់ជនជាតិអង់គ្លេសលោក James Campbell បានទៅដល់ប្រាសាទនេះក្នុងឆ្នាំ១៨៥៩។
ហើយទោះបីជាវត្តមានរបស់ពួកគេត្រូវបានកត់ត្រាក្នុងឯកសារប្រវត្តិសាស្ត្រក្តី ក៏ពួកគេមិនទទួលបានកិត្តិយសជាសកលថា ជាមនុស្សដំបូងដែលរកឃើញប្រាសាទអង្គវត្តឡើងវិញ និងជាអ្នកដែលបានធ្វើឲ្យពិភពលោកស្គាល់ប្រាសាទអង្គរវត្តឡើយ។
កាលពីពេលថ្មីៗនេះ សៀវភៅថ្មីមួយក្បាលបានកំណត់អត្តសញ្ញាណរបស់ជនជាតិបារាំងម្នាក់ទៀត ដែលបានរកឃើញប្រាសាទអង្គរវត្តឡើងវិញ និងជាអ្នកផ្វព្សផ្សាយអំពីប្រាសាទអង្គរវត្តទៅកាន់ពិភពលោកដំបូងគេបង្អស់។ នោះគឺ លោក Henri Mouhot អ្នកជំនាញផ្នែកប្រវត្តិធម្មជាតិជនជាតិបារាំង និងត្រូវជាកូនប្រុសរបស់ Charles Emile Bouillevaux ដែលបានទៅដល់ប្រាសាទអង្គរវត្ត ក្នុងឆ្នាំ ១៨៦០។
លោក Henri Mouhot ទទួលបានកិត្តិយសនិងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាជនបរទេស ដែលបានរកឃើញប្រាសាទអង្គរវត្តឡើងវិញ និងជាអ្នកផ្វព្សផ្សាយអំពីប្រាសាទអង្គរវត្តទៅកាន់ពិភពលោកដំបូងគេបង្អស់។ នេះបើយោងតាមសៀវភៅរបស់លោក John Burgess ដែលមានចំណងជើងថា៖ “Angkor's Temples in the Modern Era: War, Pride and Tourist Dollars” ឬជាភាសាខ្មែរ«ប្រាសាទអង្គរវត្តនៅក្នុងសម័យទំនើប៖ សង្គ្រាម មោទនភាព និងអ្នកទេសចរណ៍ប្រាក់ដុល្លារ»។
លោក John Burgess បានសរសេរក្នុងសៀវភៅនេះថា លោក Henri Mouhot សមនឹងទទួលបានកិត្តិយសនេះ ដោយសារ៖
«លោក [ Henri Mouhot] មានទេពកោសល្យ និងបណ្ដាញ ដែលអាចធ្វើពិភពលោកចាប់អារម្មណ៍។ លោកពូកែសរសេរលើកសរសើរបែបអក្សរសិល្បិ៍ មានក្រសែភ្នែកបែបមនោសញ្ចេតនាពិនិត្យល្អិតល្អន់ ពូកែប្រៀបធៀប មានជំនាញគូសគំនូរ និងសំខាន់បំផុតនោះ គឺចំណាប់អារម្មណ៍របស់អ្នកបោះពុម្ពផ្សាយនៅអឺរ៉ុប ដែលរកប្រាក់តាមរយ:ការលក់ទៅកាន់ទីផ្សារបរទេស»។
កង្វះខាតនៃការសរសេរពីប្រាសាទអង្គរវត្តក្នុងប្រវត្តិសាស្ត្រទំនើប
លោក John Burgess គឺជាអតីតអ្នកឆ្លើយឆ្លងព័ត៌មានឲ្យកាសែត The Washington Post ប្រចាំតំបន់អាស៊ី។ លោកបាននិពន្ធនិងបានបោះពុម្ពសៀវភៅនេះជាផ្លូវការ កាលពីថ្ងៃទី២១ ខែមេសាឆ្នាំ ២០២១ នេះ។ លោកបានធ្វើដំណើរទៅដល់ប្រាសាទអង្គរវត្តជាលើកដំបូងក្នុងឆ្នាំ ១៩៦៩ មុនពេលខ្មែរក្រហមបានគ្រប់គ្រងប្រទេសកម្ពុជា។ សៀវភៅនេះ គឺជាសៀវភៅទី ៥ ហើយ ដែលលោក John Burgess បាននិពន្ធនិងបោះពុម្ពផ្សាយសៀវភៅអំពីប្រាសាទអង្គវត្តនៃប្រទេសកម្ពុជា។
នៅក្នុងកម្មវិធី «អាន និងពិភាក្សា» របស់ហាងសៀវភៅ Politics និង Prose ដែលផ្សាយផ្ទាល់តាមអ៊ីនធឺណិត កាលពីថ្ងៃអាទិត្យ ទី២០ ខែមិថុនា លោក John Burgess បានលើកឡើងថា គំនិតផ្ដួចផ្ដើមឲ្យលោកនិពន្ធសៀវភៅនេះ គឺដោយសារលោកមើលឃើញពីកង្វះខាតនៃការបោះពុម្ពផ្សាយសៀវភៅអំពីប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រាសាទអង្គរវត្ត។
លោក John Burgess បាននិយាយថា៖ «មានសៀវភៅជាច្រើនស្ដីអំពីប្រាសាទអង្គរវត្ត ហើយសៀវភៅខ្លះទៀតផ្ដោតលើប្រវត្តិសាស្រ្តដ៏យូរលង់របស់ប្រាសាទនេះ នៅចន្លោះសតវត្សទី ៩ និងទី ១៥ ដែលពេលនោះអង្គរ គឺជារាជធានីរបស់ចក្រភពដ៏អស្ចារ្យមួយ ដែលកាន់កាប់ស្ទើរតែទំាងអស់នៃតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែសៀវភៅដែលខ្ញុំកំពុងនិយាយក្នុងពេលឥឡូវនេះ គឺផ្តោតលើព្រឹត្តិការណ៍កើតឡើងចាប់ពី ពាក់កណ្ដាលសតវត្សទី១៩ នៅពេលជនជាតិបារំាងបានចាប់ផ្ដើមទៅដល់ប្រាសាទអង្គរវត្ត និងផ្សព្វផ្សាយពីប្រាសាទអង្គរវត្តទៅកាន់ពិភពលោក។
សៀវភៅដែលកម្រាស់ ២៦៨ ទំព័រ និងបែងចែកជា ១៦ ជំពូកនេះលាតត្រដាងអំពីប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រាសាទអង្គវត្ត ចាប់តំាងពីការរកឃើញឡើងវិញក្នុងអំឡុងឆ្នាំ ១៨៦០ ក្នុងអំឡុងពេលឆ្លងកាត់សម័យសង្គ្រាមស៊ីវិលនានា និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម រហូតមកដល់សម័យបច្ចុប្បន្ន។
ក្នុងនោះ ជំពូកទី ១ រៀបរាប់អំពី «ជនបរទេសដំបូងៗ» ជំពូកទី ២ អំពី «បេសកកម្មរបស់លោកDelaporte» ជំពូកទី ៧ «គោលដៅទេសចរណ៍» ជំពូកទី ១១ និងទី ១២ អំពី «សង្គ្រាម និងសន្តិភាពដ៏ឃោរឃៅ» និងជំពូកចុងក្រោយរៀបរាប់អំពី «អង្គរ និងតួលេខឆ្នាំ ២០១៩»។សៀវភៅនេះបានបញ្ចូលសម្រង់រូបភាពឯកសារសំខាន់ៗទាំងរូបភាពសខ្មៅ និងពណ៌ធម្មជាតិចំនួន ១៨៧ រូបភាព និងផែនទីចំនួន ១។
លោក John Burgess បានរៀបរាប់ថា លោកសរសេរសៀវភៅនេះឡើងដោយយោងតាមឯកសារប្រវត្តិសាស្ត្រសំខាន់ៗ ពីបណ្ដាល័យវិមានសភាសហរដ្ឋអាមេរិក នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងជាពិសេសនៅតាមបណ្ណាល័យនិងប័ណ្ណសារជាច្រើនកន្លែងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
លោក John Burgess បាននិយាយថា៖ «ភាគច្រើនឯកសារនៅក្នុងប្រទេសកម្ពុជាត្រូវបានបាត់បង់ នៅក្នុងភ្លើងសង្រ្គាមក្នុងពេលថ្មីៗនេះ ដូច្នេះខ្ញុំបានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស និងកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសបារាំង ដើម្បីស្រាវជ្រាវឯកសារ សម្ភារ: និងប័ណ្ណសារផ្សេងៗនៅក្នុងបណ្ណាល័យ»។
លោកបន្តទៀតថា៖ «កន្លែងសំខាន់បំផុត គឺទីស្នាក់កណ្ដាលប្រចាំទីក្រុងប៉ារីសនៃអង្គមួយដែលមានឈ្មោះថា École française d'Extrême-Orient (EFEO)។ អង្គការ EFEO ត្រួតត្រាប្រាសាទអង្គរវត្តអស់រយៈជិត ៧ទសវត្សរ៍ ហើយបុគ្គលិកនៅទីនោះជួយយកចិត្តទុកដាក់ខ្លាំងណាស់។ ពួកគេជួយយកឯកសារទាំងកេសនៃសម្ភារ:ច្បាប់ដើមដែលមានដូចជាកំណត់ត្រាសរសេរដៃរបស់បុរាណវិទូ គំនូរស្ថាបត្យកម្មនានា របាយការណ៍ប្រចាំខែអំពីការអភិរក្ស សំបុត្រ និងសូម្បីតែរបាយការណ៍របស់ប៉ូលិសផងដែរ»។
មូលហេតុនៃការបាត់បង់វត្ថុបុរាណពីប្រាសាទអង្គរវត្ត
សៀវភៅ “Angkor's Temples in the Modern Era” ឬ «ប្រាសាទអង្គរវត្តនៅក្នុងសម័យទំនើប» ក៏បានរៀបរាប់ពីមូលហេតុនៃការបាត់បង់វត្ថុបុរាណពីប្រាសាទអង្គរវត្តផងដែរ។
សង្គ្រាម ការហ៊ុមព័ទ្ធដោយរុក្ខជាតិ និងការធ្វើសំបុករបស់សត្វប្រចៀវ បានធ្វើឲ្យវត្ថុបុរាណជាច្រើនតោននៅប្រាសាទអង្គរវត្តរងការខូចខាត។ ក្រៅពីនេះ វត្ថុបុរាណដ៏មានតម្លៃទាំងនេះ ក៏ត្រូវបានទាហានជើងទឹកបារាំងម្នាក់ដែលក្រោយមកបានក្លាយខ្លួនជាបុរាណវិទូ គឺលោក Louis Delaporte បានដឹកជញ្ជូនពីប្រទេសកម្ពុជាទៅកាន់ប្រទេសបារាំង។ ការដឹកជញ្ជូននេះធ្វើឡើង នៅពេលលោក Louis Delaporte បានចុះមកបំពេញបេសកម្មនៅកម្ពុជាក្នុងឆ្នាំ ១៨៧៣ ក្រោមការគាំទ្រផ្នែកច្បាប់ និងផ្នែកហិរញ្ញវត្ថុរបស់ The Société de Géographie ឬ «សង្គមភូមិសាស្ត្របារំាង»។
ហើយការជួញដូរវត្ថុបុរាណនៅប្រទេសបារាំង ក៏ជាមូលហេតុសំខាន់មួយទៀតនៅពីក្រោយ ការនាំយកវត្ថុបុរាណនិងរូបចម្លាក់ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបារាំងផងដែរ។ កិច្ចការការដឹកជញ្ជូន វត្ថុបុរាណទម្ងន់រាប់តោន តាមផ្លូវដ៏លំបាក ដោយគ្មានបច្ចេកវិទ្យាទំនើបដូចសម័យបច្ចុប្បន្នរបស់លោក Louis Delaporte ត្រូវគេចាត់គេទុកថាជា «ការដឹកជញ្ជូនដ៏មហិមា» (Superhuman Transport)។ យ៉ាងណាក៏ដោយ លោក John Burgess បានកត់សម្គាល់ថា ភាគច្រើនប្រជាជនខ្មែរបានធ្វើការការងារធ្ងន់ៗនិងពិបាកៗនៅក្នុងការដឹកជញ្ចូនខាងលើនេះ។
បើយោងតាមសៀវភៅរបស់លោក John Burgess មូលហេតុចម្បងមួយដែលបារំាងចង់បានរូបចម្លាក់និងវត្ថុបុរាណពីកម្ពុជា ព្រោះបារាំងឃើញថា នៅក្នុងសារមន្ទីរជាតិរបស់ចក្រភពអង់គ្លេសមានការដាក់តាំងបង្ហាញនូវរូបចម្លាក់ Elgin Marbles និង Rosetta Stone។ ហើយរូបចម្លាក់និងវត្ថុបុរាណពីប្រាសាទអង្គវត្ត គឺជាវត្ថុមានតម្លៃដ៏កម្រដែលអាចឲ្យបារាំងប្រកួតប្រជែងជាមួយអង់គ្លេសបានក្នុងការសំញែងវត្ថុដ៏កម្រទំាងនេះបាន។
សៀភៅនេះបានឲ្យដឹងទៀតថា ក្រៅពីបារាំង រូបចម្លាក់ឬវត្ថុបុរាណនៅក្នុងប្រាសាទបុរាណអង្គរវត្តមួយចំនួនបានបាត់បង់ ដោយសារអ្នកទេសចរបរទេសមួយចំនួនបានលួចយកទៅតាមខ្លួន ខ្លះត្រូវបានអ្នកស្រុកលួច ហើយខ្លះទៀតក៏បានបាត់បង់ក្រោមការត្រួតត្រារបស់កងទ័ពព្រះចៅអធិរាជជប៉ុន ក្នុងឆ្នាំ ១៩៤១ ផងដែរ។
លោក John Burgess ថាភាគច្រើននៃវត្ថុបុរាណកម្រៗ ដែលយើងឃើញនៅបវិវេណប្រាសាទអង្គរមិនមែនជាវត្ថុបុរាណពិតទេភាគច្រើនសុទ្ធតែជារបស់ធ្វើថ្មីដាក់ជំនួស ហើយរូបចម្លាក់និងវត្ថុបុរាណពិតត្រូវបានគេប្រមូលទុកដើម្បីអភរិក្ស និងការពារដោយសុវត្ថិភាព។
ប្រាសាទអង្គរវត្តមុនទសវត្ស ១៩៧០
ដោយឡែកនៅជំពូកទី ៧ «គោលដៅទេសចរណ៍» នៃសៀវភៅ «ប្រាសាទអង្គរវត្តនៅក្នុងសម័យទំនើប» លោក John Burgess បានសរសេររៀបរាប់អំពីការសាយភាយនៃកិត្តិនាមរបស់ប្រាសាទអង្គរវត្តដ៏អស្ចារ្យទៅកាន់ពិភពលោក ដែលបានកើតឡើងមិនយូរប៉ុន្មានក្រោយដំណឹងនៃការរកឃើញប្រាសាទដ៏មហិមានេះឡើងវិញ។ ការណ៍នេះបានជំរុញឲ្យមនុស្សម្នាជាច្រើននៅជុំវិញពិភពលោកចង់មកទស្សនា។
នៅក្នុងឆ្នាំ ១៨៧២ ជនបរទេសដំបូងគេដែលបានឈានជើងជាន់ទឹកដីអង្គរ គឺជាស្ត្រីជនជាតិអង់គ្លេស គឺអ្នកស្រី William Charles Yelverton។ នៅពេលនោះ អ្នកស្រីគឺជាអ្នកនិពន្ធអំពីការធ្វើដំណើរ ដែលចូលចិត្តធ្វើអ្វីដែលចម្លែក និងក្លាហាន។ ក្រោយមកទៀតជនល្បីៗមានឈ្មោះបោះសំឡេង ជាច្រើនរូបបានមកទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា ក្នុងនោះរួមមានតារាកំប្លែង Charlie Chaplin (សាក់ឡូ) និងតារាសម្ដែងអ្នកស្រី Paulette Goddard ដែលត្រូវជាភរិយាបស់លោក Charlie Chaplin នៅពេលនោះក៏បានមកទស្សនាប្រាសាទអង្គរវត្តក្នុងឆ្នាំ ១៩៣៦។
នៅក្នុងទស្សវត្ស ១៩៥០ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Richard Nixon ដែលកាលនោះកាន់តំណែងជាអនុប្រធានាធីបតីនិងភរិយារបស់លោក បានមកបំពេញទស្សនកិច្ចនៅប្រាសាទអង្គវត្តដែរ។ អ្នកស្រី Jacquline Kennedy ដែលត្រូវជាភរិយាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក John F. Kennedy ក៏បានមកទស្សនាប្រាសាទអង្គវត្តដែរ នៅក្នុងឆ្នាំ ១៩៦៧ មុនពេលប្រទេសកម្ពុជាបានធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ពួកខ្មែរក្រហម ដែលបានប្រែក្លាយប្រទេសកម្ពុជាទៅជាវាលពិឃាត។
ប្រាសាទអង្គរវត្តនាសម័យសង្គ្រាមនិងសន្តិភាព
នៅក្នុងអំឡុងសម័យសង្គ្រាមវៀតណាម នាឆ្នាំ ១៩៧២ ប្រាសាទអង្គវត្តបានរងគ្រោះភាគច្រើនដោយសារការទុកចោល មិនទទួលបានការមើលថែទាំដែលបានធ្វើឲ្យរុក្ខជាតិដុះព័ទ្ធបំផ្លាញប្រាសាទ ហើយហ្វូងប្រចៀវបានចូលធ្វើសំបុកពាសពេញតួប្រាង្គប្រាសាទ។ បន្ថែមលើនេះ សង្គ្រាមបានបណ្តាលឲ្យប្រាង្គប្រាសាទអង្គរវត្តដ៏មហិមានេះរងការខូចខាតពីគ្រាប់កាំភ្លើងខ្លះៗផងដែរ ប៉ុន្តែប្រាសាទនេះមិនរងគ្រោះពីការទម្លាក់គ្រាប់បែកនោះទេ។
លោក John Burgess បានថ្លែងថា៖ «ជាសំណាងណាស់ ដែលមានការខូចខាតតិចតួចប៉ុណ្ណោះ ដោយសារមានហេតុការណ៍មួយដែលទ័ពរបស់រដ្ឋាភិបាល [សម័យនោះ] បានបាញ់ចូលទៅក្នុងប្រាសាទហើយបានបង្កឲ្យបាត់បង់ជីវិតមនុស្សមួយចំនួននិងខូចខាតថ្មប្រាសាទខ្លះៗ»។
លោកបន្ថែមថា៖ «ប៉ុន្តែទ័ពអាកាសសហរដ្ឋអាមេរិក មិនបានទម្លាក់គ្រាប់បែកលើប្រាសាទអង្គរវត្តឡើយ ហើយជាទូទៅទាហានបានបង្វែរកាណុងកាំភ្លើងចេញឆ្ងាយពីប្រាសាទ តែនៅតែមានការខូចខាតខ្លាំងដោយសារការមិនយកចិត្តទុកដាក់»។
«សន្តិភាពដ៏ឃោរឃៅ» ជាចំណងជើងនៃជំពូកទី ១២ នៃ សៀវភៅ “Angkor's Temples in the Modern Era” ឬ «ប្រាសាទអង្គរវត្តនៅក្នុងសម័យទំនើប» ដែលរៀបរាប់ពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងប្រាសាទអង្គរវត្តក្នុងអំឡុងរបបខ្មែរក្រហម។ នៅក្នុងឆ្នាំ ១៩៧៥ ព្រះសង្ឃទូទាំងប្រទេសកម្ពុជា ទាំងនៅក្នុងខេត្តសៀមរាមនិងនៅប្រាសាទអង្គវត្តត្រូវបានទាហានខ្មែរក្រហមចាប់ផ្សឹក និងបង្ខំឲ្យទៅធ្វើការដូចប្រជាជនទូទៅ។ ព្រះសង្ឃភាគច្រើនត្រូវបានទាហានខ្មែរក្រហមសម្លាប់។
ជំពូកទី ១២ នេះ បានរៀបរាប់ថា ក្នុងឆ្នាំ ១៩៧៦ ក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហម ប្រាសាទបុរាណត្រូវបានពួកគេទាហានយកធ្វើជាកន្លែងស្តុកអាវុធ កន្លែងហ្វឹកហាត់ទ័ព និងកន្លែងជួសជុលយានយន្ត។ ចំណែកនៅក្បែរប្រាសាទប្រែរូប ដែលមានចំណាស់ប្រមាណមួយពាន់ឆ្នាំ ត្រូវបានគេយកធ្វើជាលានប្រហារជីវិតមនុស្ស និងរណ្ដៅកប់សាកសព។
លោក John Burgess បាននិយាយថា មេដឹកនាំខ្មែរក្រហម ប៉ុល ពត នៅក្នុងឆ្នាំ ១៩៧៦ បានប្លន់យកមនោគមន៍វិជ្ជាមួយ មកប្រើប្រាស់ដើម្បីបញ្ចុះបញ្ចូលប្រជាជនខ្មែរដោយកាលណោះ ប៉ុល ពត បានថ្លែងក្នុងសន្ទរកថាមួយថា៖«បើសិនជាប្រជាជនរបស់យើងអាចសាងសង់អង្គរបាន យើងអាចសាងសង់អ្វីគ្រប់យ៉ាង»។
អង្គរវត្តក្នុងអំឡុងនៃការរាតត្បាតនៃជំងឺកូវីដ១៩
ក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានដួលរលំទៅ ប្រទេសកម្ពុជា រួមទាំងប្រាសាទអង្គរវត្តបាននិងកំពុងឆ្លងកាត់ការអភិវឌ្ឍន៍នានា ក្នុងអំឡុងពេលជាង ៤ ទសវត្សរ៍កន្លងទៅនេះ។ ហើយនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១ ៩៩២ តំបន់អង្គវត្ត រួមទំាងប្រាសាទអង្គរវត្ត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក(សម្បត្តិវប្បធម៌រូបី)។
ជារៀងរាល់ឆ្នាំ មុនវបត្តិរាតត្បាតនៃជំងឺកូវីដ ១៩ អ្នកទេសចរក្នុងស្រុកនិងក្រៅស្រុកជាច្រើននាក់បានមកទស្សនាប្រាសាទអង្គរវត្តដ៏ចំណាស់មួយរបស់កម្ពុជា។ នៅក្នុងឆ្នាំ ២០១៩ អ្នកទេសចរបរទេសប្រមាណ ២លាន ២សែននាក់ បានមកទស្សនាប្រាសាទនេះ។ ក៏ប៉ុន្តែ នៅឆ្នាំ ២០២០ ភាពអ៊ូអរនៅជុំវិញបរិវេណប្រាសាទអង្គរវត្តដ៏បុរាណនេះ បានផ្លាស់ប្តូរទាំងស្រុង។
លោក John Burgess បានលើកឡើងថា តំបន់អង្គរស្ងាត់ជ្រងំដូចទីក្រុងរហោរឋានគ្មានមនុស្សម្នាមកទស្សនាកកកុញទៀតទេ។ ក៏ប៉ុន្តែនេះក៏អាចជាឱកាសល្អសម្រាប់អ្នកទេសចរទាំងឡាយណា ដែលមានបំណងមកទស្សនាតំបន់អង្គរក្នុងសភាពស្ងប់ស្ងប់ ដូចកាលពីអតីតកាល។ លោកថា ឱកាសបែបនេះមិនដែលកើតមានឡើងទាល់តែសោះ ក្នុងរយៈពេលជាច្រើនទសវត្សកន្លងមកហើយ។
ទោះបីជាខ្សត់ភ្ញៀវទេសចរណ៍ ហើយអាជីវកម្មជាច្រើនត្រូវបានបិទទ្វាក៏ដោយ ក៏ប្រទេសកម្ពុជានិងប្រជាជនខ្មែរនឹងមិនបោះបង់ប្រាសាទអង្គរវត្ត ឲ្យនៅកណ្ដោចកណ្ដែងកណ្ដាលព្រៃនិងទុកឲ្យរុក្ខជាតិ និងសត្វប្រចៀវរុករានទន្ទ្រាន បំផ្លិចបំផ្លាញបេតិកភណ្ឌពិភពលោកដែលជាដូងព្រលឹងជាតិខ្មែរ ដូចកាលពីសម័យកម្ពុជាស្ថិតនៅក្រោមសម័យអាណានិគមន៍បារាំងនោះឡើយ៕