ភ្នំពេញ៖ តំណាងក្រុមហ៊ុនអាកាសចរណ៍ណ៍បារាំង អ៊ែរ ហ្វ្រង់ស៍ (Air France) បានចាប់ផ្ដើមពិភាក្សាជាមួយរដ្ឋាភិបាលនៅថ្ងៃសុក្រនេះ អំពីការសុំសិទ្ធិហោះហើរផ្ទាល់ពីប្រទេសបារាំងមកកាន់ប្រទេសកម្ពុជា។ ក្រុមហ៊ុននេះគ្រោងនឹងចាប់ដំណើរការហោះហើររបស់ខ្លួននៅដើមឆ្នាំ ២០១១ ខាងមុខ។
ក្រុមបច្ចេកទេសរបស់ក្រុមហ៊ុនអាកាសចរណ៍បារាំង អ៊ែរ ហ្វ្រង់ស៍ បានបន្ដការជជែកពិភាក្សាបន្ថែមទៀតជាមួយរដ្ឋាភិបាលកម្ពុជានៅថ្ងៃសុក្រនេះ ដើម្បីបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃការហោះហើរផ្ទាល់ពីទីក្រុងប៉ារីសមកកាន់រាជធានីភ្នំពេញ។ ការហោះហើរនេះគ្រោងនឹងចាប់ផ្ដើមនៅចុងខែមិនា ឆ្នាំ២០១១ នៅក្នុងរយៈពេលប្រាំខែទៀត នេះបើតាមសេចក្ដីបញ្ជាក់របស់លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី ក្រោយពីជំនួបរវាងលោកឧបនាយករដ្ឋមន្រ្ដី សុខ អាន ជាមួយលោក អាកណូ កាមូស ជំនួយការនាយករងក្រុមហ៊ុនអាកាសចរណ៍អ៊ែរ ហ្វ្រង់ស៍។
«នេះជាការពិភាក្សាគម្រោងហោះហើរផ្ទាល់ពីទីក្រុងប៉ារីសមកកម្ពុជា។ ការចាប់ផ្តើមហោះហើរលើកទីមួយគឺនៅថ្ងៃទី ៣១ ខែមិនាឆ្នាំ ២០១១។ ក្នុងមួយសប្ដាហ៍មានបីជើង ហើយនៅក្នុងជើងនិមួយៗ មានការចុះសំចតនៅក្នុងទីក្រុងបាងកក»។
នេះគឺជាការភ្ជាប់ការហោះហើរដោយផ្ទាល់ពីប្រទេសបារាំងមកកម្ពុជាលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ហ្វ្រង់ស៍ បន្ទាប់ពីបានផ្អាកការហោះហើរអស់រយៈពេល ៣៥ឆ្នាំ ដោយសារសង្រ្គាម និងរបបខ្មែរក្រហម។ ជាជំហានដំបូងក្រុមហ៊ុននៃអតីតប្រទេសអាណានិគមន៍នេះ នឹងប្រើយន្ដហោះធុន Airbus 340 ដែលអាចផ្ទុកអ្នកដំណើរបានចំនួន ២៧៥ នាក់ ហើយបន្ទាប់មកក្រុមហ៊ុននេះនឹងប្រើប្រាស់យន្ដហោះធុន Boeing 777 ដែលអាចផ្ទុកអ្នកដំណើរបានច្រើនជាងនេះ។
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ហ្វ្រង់ស៍ នឹងក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍របស់ទ្វីបអឺរ៉ុបដំបូងគេ ដែលភ្ជាប់ការហោះហើរផ្ទាល់មកកាន់ប្រទេសកម្ពុជា។
លោកផៃ ស៊ីផាន អធិប្បាយថា ការភ្ជាប់ការហោះហើរនេះនឹងជួយជំរុញភ្ញៀវទេសចរណ៍ពីទ្វីបអឺរ៉ុបមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។
ដោយឡែកលោក ដូមីនិក ម៉ាស (Dominique Mass) ភារធារីអមស្ថានទូតបារាំងប្រចាំក្រុងភ្នំពេញ មានប្រសាសន៍ថា ការហោះហើរដោយផ្ទាល់របស់ក្រុមហ៊ុនអាកាសចរណ៍បារាំង អ៊ែរ ហ្វ្រង់ស៍ នឹងនាំឲ្យប្រទេសបារាំង និងប្រទេសកម្ពុជាកាន់តែខិតចូលជិតគ្នាខ្លាំងឡើងមួយកម្រិតទៀត ហើយវាក៏ជួយជំរុញការរីកចម្រើនវិស័យទេសចរណ៍នៃប្រទេសទាំងពីរផងដែរ។
«ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានអ្នកទេសចរណ៍បារាំងកាន់តែច្រើនថែមទៀតមកកាន់ប្រទេសកម្ពុជា ហើយក៏នឹងមានចំនួនភ្ញៀវទេសចរណ៍កម្ពុជាកាន់តែច្រើនថែមទៀតផងដែរ ធ្វើដំណើរទៅទស្សនាប្រទេសបារាំង»។
ទោះជាយ៉ាងណាក៏ដោយ លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីមានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ហ្វ្រង់ស៍ នឹងបន្ដការជជែកពិភាក្សាលើបញ្ហាបច្ចេកទេសបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា មុននឹងចាប់ដំណើរការហោះហើរនៅឆ្នាំក្រោយនេះ។
បច្ចុប្បន្នមានក្រុមហ៊ុនបារាំងសរុបប្រមាណជា ៥០ ក្រុមហ៊ុនកំពុងរកស៊ីបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុនសាងសង់ និងគ្រប់គ្រងព្រលានយន្ដហោះ ក្រុមហ៊ុនប្រេងឥន្ធនៈ និងក្រុមហ៊ុនវិនិយោគផ្នែកកសិកម្មជាដើម៕