ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ក្រើន​រំឭក​អំពី​គ្រោះថ្នាក់​ចរាចរ​ណ៍ពេល​ចូល​ឆ្នាំ​ខាង​មុខ​នេះ


អ្នក​របាំ​ខ្មែរ​សម្តែង​របាំ​ត្រុដិ កាល​ពី​ថ្ងៃ​អង្គារ​ទី​១២​ខែ​មេសា​ឆ្នាំ​២០១១ នៅ​ក្រសួង​ព័ត៌មាន​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ពិធី​​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​​២០១១​នេះ​ធ្វើ​ឡើង​​ពី​ថ្ងៃ​ទី​១៤​ដល់​ទី១៦​ខែ​មេសា​។
អ្នក​របាំ​ខ្មែរ​សម្តែង​របាំ​ត្រុដិ កាល​ពី​ថ្ងៃ​អង្គារ​ទី​១២​ខែ​មេសា​ឆ្នាំ​២០១១ នៅ​ក្រសួង​ព័ត៌មាន​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ពិធី​​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​​២០១១​នេះ​ធ្វើ​ឡើង​​ពី​ថ្ងៃ​ទី​១៤​ដល់​ទី១៦​ខែ​មេសា​។

មន្ត្រី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ណែនាំ​ដល់​អ្នក​បើកបរ​ទាំងអស់​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បើកបរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ​ ដោយ​ក្រើន​រំឭក​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​៥០​នាក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១០​កន្លង​មក​នេះ។ ​ក្រសួង​មហា​ផ្ទៃ​បាន​ណែនាំ​ដល់​គ្រប់​អាជ្ញាធរ​ទូទាំង​ប្រទេស​ឱ្យ​បង្កើនការ​ការពារ​សុវត្ថិភាព ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ដើម្បី​កុំ​ឱ្យ​មាន​អំពើ​ចោរ​លួច​ ចោរ​ប្លន់ ​និង​បទ​ល្មើស​ផ្សេងៗ​ទៀត។

នៅ​ថ្ងៃ​អង្គារ​នេះ​ ក្រុម​មន្ត្រី​បាន​ព្រមាន​ដល់​អ្នក​បើកបរ​ទាំងអស់​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១១​នេះ​ ដោយ​រំឭក​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​ប្រមាណ​៥០​នាក់​ និង​រង​របួស​ចំនួន​៥៣០​នាក់​ផ្សេង​ទៀត​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១០។

គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​រំឭក​ថា​ ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១០​ គ្រាន់​តែ​រយៈ​ពេល​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ​ មនុស្ស​៤៩​នាក់​បាន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​មាន​អ្នក​របួស​ចំនួន​៥៣០​នាក់​ផ្សេង​ទៀត ​ដោយសារ​អ្នក​បើកបរ​មាន​ការ​ធ្វេស​ប្រហែស​ មិន​គោរព​ច្បាប់​ចរាចរណ៍​ ជាពិសេស​អ្នក​បើក​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព​ បើកបរ​មិន​ប្រកាន់​ខ្ជាប់​តាម​គន្លង​ផ្លូវ​ បើក​ក្នុង​ល្បឿន​លឿន​ ហួស​កំណត់​ និង​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​ជាដើម​ ហើយ​អ្នក​ថ្មើរ​ជើង​ក៏​មាន​ការ​ធ្វេសប្រហែស​ មិន​បាន​ដើរ​អែប​ចិញ្ចើម​ថ្នល់​ ហើយ​អ្នក​ឆ្លង​កាត់​ថ្នល់​មិន​បាន​ប្រុង​ប្រយ័ត្ន។

លោក​អ៊ឹង ជនហួរ ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ផ្លូវគោក​ បាន​ថ្លែង​ថា​ គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​អំពាវនាវ​ឲ្យ​សាធារណៈ​ជន​ដែល​បើកបរ​លើ​ផ្លូវ​ថ្នល់​មាន​ការ​ប្រុង​ប្រយ័ត្ន​ ដើម្បី​ជៀសវាង​នូវ​ឧបទ្ទវហេតុ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ។

«ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ។ ​យើង​បាន​ណែនាំ​គាត់​ (អ្នក​បើកបរ​ទាំងអស់) ​ឱ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើកបរ​ កុំ​បើកបរ​ក្នុង​ពេល​ស្រវឹង ​កុំ​បើកបរ​លឿន​ពេក​ ហើយ​ជាពិសេស​ឱ្យ​គាត់​ពាក់​មួក​សុវត្ថិភាព​ការពារ​ជីវិត​មួយ។​ យើង​បាន​អំពាវ​នាវ​អស់​ហើយ​ ប៉ុន្តែ​យើង​មាន​សង្ឃឹម​តិចណាស់​ ដែល​យើង​អាច​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ។ ​ប៉ុន្តែ​ទោះ​ជា​យ៉ាងណា ​យើង​ក៏​បាន​ខំប្រឹង​ដែរ។​ ជាពិសេស​ យើង​ខ្វះ​ថវិកា​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ។ ​យើង​ចង់​បង្កើត​ទស្សនីយ​ភាព​ ដូច​ជា​កំប្លែង​ ចែក​ខិត្ត​ប័ណ្ណ។ ​ប៉ុន្តែ​យើង​គ្មាន​ប្រាក់»។

លោក​អ៊ឹង ជនហួរ​បាន​បញ្ជាក់​ថា​ គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ណែនាំ​ឲ្យ​អ្នក​បើកបរ​រថយន្ត​ទាំង​អស់ ​ត្រូវ​មាន​ប័ណ្ណ​បើកបរ​ យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​ មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជានិច្ច ​ពាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​ និង​អ្នក​បើកបរ​ម៉ូតូ​ទាំងអស់​ត្រូវ​ពាក់​មួក​សុវត្ថិភាព ​ហើយ​អ្នក​បើកបរ​ទាំងអស់​ត្រូវ​បន្ថយ​ល្បឿន ​បើកបរ​តាម​ស្ថានភាព​ផ្លួវ ​និង​មិន​ត្រូវ​បើកបរ​ក្នុង​ពេល​ស្រវឹង​ទេ។

លោក​ឧត្តម​សេនីយ៍​ឯក​ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែង​ថា ​ក្រសួង​មហា​ផ្ទៃ​បាន​ហាម​ដាច់​ខាត​នូវ​ការ​គប់ទឹក​ និង​លាបម៉ៅ​ ដែល​ជា​បច្ច័យ​អាក្រក់​នាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​និង​ការ​ឆក់​ក្រវិល។

លោក​ឧត្តម​សេនីយ៍​ឯក​ខៀវ សុភ័ក្រ​បាន​ថ្លែង​ថា​ ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត ​រាជធានី​ទាំងអស់​ឱ្យ​បង្កើន​កិច្ច​ការពារ​ថែរក្សា​សន្តិសុខ​របៀប​រៀបរយ​ សណ្តាប់​ធ្នាប់​សាធារណៈ​ ដើម្បី​បង្កការ​សប្បាយ​រីករាយ​ និង​ធានា​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ។

«យើង​មិន​ទុក​ឱ្យ​មាន​ការ​យារយី ​ឬ​ការ​រំខាន​ណាមួយ​ពី​សំណាក់​ក្រុម​ជនពាល​ណាមួយ ​កើត​ឡើង​ជា​បងតូច ​បងធំ ​ឬ​ក៏​ក្មេង​ទំនើង ​ឬ​ក៏​ចោរលួច​ ចោរប្លន់​ ដែល​ប៉ុស្តិ៍​ប៉ូលិស​នីមួយៗ​ត្រូវ​មាន​វេន​ប្រចាំ​ការ​ដោយ​ប្រយ័ត្ន​ប្រយ៉ែង​ទាំងអស់​គ្នា»។

លោក​ឧត្តមសេនីយ៍​ត្រី​ទូច ណារ៉ុថ ​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ ​បាន​ថ្លែង​ថា​ ប៉ូលិស​យ៉ាង​ហោច​ណាស់​១.៦៥០​នាក់​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ដង​ផ្លូវ ​កន្លែង​លេង​កម្សាន្ត ​និង​ទី​វត្តអារាម​នានា​ សម្រាប់​ការពារ​សុវត្ថិភាព ​និង​សណ្តាប់​ឆ្នាប់​សាធារណៈ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ។

លោក​ឧត្តម​សេនីយ៍​ឯក​ ខៀវ សុភក្រ័​ បាន​បញ្ជាក់ថា ​អាជ្ញាធរ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ ថៃ ​ក៏​ត្រូវ​ត្រៀម​លក្ខណៈ​ទុក​ជាមុន​ ដើម្បី​ប្រឈម​នឹង​សភាព​ការណ៍​អាក្រក់​ណា​មួយ​ ដែល​អាច​នឹង​កើត​ឡើង​ជា​យថា​ហេតុ៕

XS
SM
MD
LG