ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណ​បក្ស​នយោបាយ​ស្នើ​​បន្ថែម​អាសនៈ​តំណាង​រាស្រ្ត​តាម​ខេត្ត​មួយ​ចំនួន ​មុន​ការ​បោះ​ឆ្នោត​ជាតិ


រូបឯកសារ៖ ពលរដ្ឋនៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នាំគ្នាទៅបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​ នៅថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២។ (កាន់​ វិច្ឆិកា/វីអូអេ)

នៅ​មុន​ការ​បោះ​ឆ្នោត​សកល​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​កក្កដា ​ឆ្នាំ​២០២៣​ គណ​បក្ស​នយោបាយ​ស្នើ​ឱ្យមាន​ការ​កែ​លម្អ​ចំណុច​មួយ​ចំនួន ​ក្នុង​នោះក៏​មាន​ការ​បន្ថែម​អាសនៈតំណាង​រាស្ត្រ​នៅ​ក្នុង​ខេត្ត​ដែលមាន​តែ​មួយ​អាសនៈ ​ឱ្យ​កើន​ទៅ​ជា​២ ​ឬ​៣​អាសនៈ។ ​

នេះ​ជា​ការ​ស្នើ​សុំ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន ​ដែល​មាន​ការ​គាំទ្រ​ពី​គណបក្ស​នយោ​បាយ​ផ្សេង​ទៀត។ ​ការ​ស្នើ​បង្កើន​ចំនួន​អាសនៈ​នេះ​គឺ​ដើម្បី​ឆ្លុះ​បញ្ចាំង​ភាព​ជាក់​ស្តែង​នៃ​កំណើន​ប្រជា​ពល​រដ្ឋ ​និង​ធ្វើ​ឱ្យ​ដំណើរ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​មាន​ភាព​ល្អប្រសើរ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន។​

លោក​ ឡឹក សុធារ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ មុន​ពេល​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​គ.ជ.ប.​អនុ​ម័ត​សេចក្តី​ព្រាង​ច្បាប់សម្រាប់​ការ​បោះ​ឆ្នោត ​ ស្ថាប័ន​នេះ​តែង​តែ​អនុញ្ញាត​ឱ្យភាគី​ពាក់​ព័ន្ធ​ផ្តល់​មតិ​យោបល់​ត្រឡប់​ទៅ​វិញ។ ​ដូច្នេះ​លោក​ថា​ គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​បាន​ដាក់យោបល់​ចំនួន​១៤​ចំណុច ​ដែល​ក្នុង​នោះ​រួម​មាន​ការ​បន្ថែម​អាសនៈ​សភា​តំណាង​រាស្ត្រ​សម្រាប់ខេត្ត​ដែល​មាន​តែ​មួយ​អាសនៈ​ឱ្យ​កើន​ដល់​២​ ឬ​៣​អាសនៈ។ ​លោក​បន្ត​ថា​ ប្រសិន​ស្ថាប័ន​គ.ជ.ប.​ថា​ ​ការ​បន្ថែម​អាសនៈ​នេះមិន​មែន​ជា​កាតព្វកិច្ចការ​ងារ​របស់​ខ្លួន ​ដូច្នេះ​គ.ជ.ប.​គួរ​តែ​យក​ក្តី​កង្វល់​របស់​គណបក្ស​នានា​ដាក់ទៅ​រដ្ឋាភិបាល ​និង​រដ្ឋ​សភា ​ដើម្បី​ពិនិត្យ​មើល។​

លោក​ថ្លែង​ថា៖ ​«​គ.ប.ម. ​[គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន]​យល់​ឃើញ​ថា​ ចំនួនអាសនៈ​តែ​មួយ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ប្រជា​សាស្ត្រ​នៅ​ក្នុង​បណ្តា​ខេត្ត​ទាំង​នោះ​ទេ ​ដែល​ក្នុង​នោះ​មាន​ខេត្ត​រតនគិរី ​ព្រះ​វិហារ​ជា​ដើម ​ដែល​ប្រជា​ពល​រដ្ឋ​មាន​ចំនួន​ច្រើន​ហើយ​ ប៉ុន្តែ​អាសនៈ​មាន​តែ​មួយ។ ​បើ​យើង​គិត​ទៅ​កូតា​អាសនៈ​ ​បណ្តា​ខេត្ត​ទាំង​អស់​នេះគឺខ្ពស់​ ​ហើយ​ច្រើន​ជាង​កូតា​អាសនៈ​នៅ​ក្នុង​ខេត្ត​ផ្សេងៗ​ផង»។​

អាសនៈ​រដ្ឋ​សភា​សរុបនា​ពេល​បច្ចុប្បន្ន​មាន​ចំនួន​១២៥។ ​មណ្ឌល ​ឬ​ខេត្ត​ ​ដែល​មាន​តែ​មួយ​អាសនៈតំណាង​រាស្ត្រ ​គឺ​រួម​មាន​ខេត្ត​កោះកុង ​មណ្ឌល​គិរី ​ព្រះវិហារ​ រតនគិ​រី ​ស្ទឹងត្រែង ​កែប ​ប៉ៃលិន ​និង​ខេត្ត​ឧត្តរ​មានជ័យ។ ​នេះ​បើ​យោង​តាម​បញ្ជី​រាយ​នាម​អ្នក​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​នីតិ​កាល​ទី៦​ ដែល​ស្ថាប័ន​គ.ជ.ប.​ចេញ​ផ្សាយ​ថ្ងៃ​ទី​១៥​ ខែ​សីហា ​ឆ្នាំ​២០១៨។​

ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​កាល​ពីឆ្នាំ២០១៣​ រដ្ឋសភា​មាន​អាសនៈ​តំណាង​រាស្ត្រ​ចំនួន​១២៣ ​ ហើយ​នៅឆ្នាំ​២០១៨ ​កើន​ដល់​១២៥​អាសនៈ។​

លោក ​កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត ​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល ​កត់​សម្គាល់​ថា ​ការ​បង្កើន​អាសនៈ​តំណាង​រាស្ត្រ​នៅ​តាម​ខេត្ត​ដែល​មាន​អាសនៈមួយ​គឺ​ជា​រឿង​សំខាន់ ​និង​ជា​រឿង​ល្អ​ដើម្បី​បញ្ចៀស​ការគ្រប់​គ្រង​ដោយ​គណ​បក្ស​តែ​មួយ​ ហើយ​វា​នាំ​ឱ្យ​មាន​ភាព​ចម្រុះ​នៃ​តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​ផ្សេងៗផង​ដែរ។​

លោក​ថ្លែង​ថា៖ «ការ​ដែល​បង្កើត​ឱ្យ​មាន​អាសនៈ​ដែល​អាច​កើត​ឡើង​លើស​ពី​មួយ​នេះ​ គឺ​ជា​ចំណុច​មួយ​ដែល​ល្អ​ណាស់​ដែល​ធ្វើ​ឱ្យ​តំណាង​រាស្ត្រ​នៅ​ក្នុង​មណ្ឌល​នីមួយៗ​គឺ​បញ្ចៀស​អំពី​តំណាង​រាស្ត្រ​ ឬ​ការ​គ្រប់គ្រង​បែប​ឯក​បក្ស»។​

លោក​បន្ថែម​ថា​ កាល​ពី​កន្លង​ទៅ ​ខេត្ត​ព្រះ​សីហនុ​ក៏​ធ្លាប់​មាន​ការ​បន្ថែម​អាសនៈ​តំណាង​រាស្ត្រ ​ដែល​មាន​តែ​មួយ​អាសនៈ​ទៅ​ឱ្យដល់​៣​អាសនៈ​ផង​ដែរ។​

លោក ​សុខ ឥសាន ​អ្នក​នាំពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ យល់​ថា ​ការ​ស្នើឱ្យ​បន្ថែម​អាសនៈ​តំណាង​រាស្ត្រ​គឺអាស្រ័យ​លើកំណើន​ប្រជាជន​នៅ​ក្នុង​ខេត្ត​នោះ​ ហើយ​វា​ជា​ភារ​កិច្ច​របស់​ក្រសួង​មហា​ផ្ទៃ។​

លោក​ថ្លែង​ថា៖ «បើ​យើង​ចេះ​តែ​ស្នើ​ ហើយ​ប្រជា​ពលរដ្ឋ​ មិន​កើន ​មិន​មាន​សំណូម​ពរ​នៃ​ការ​បង្កើន​អាសនៈ ​អាហ្នឹងការ​ស្នើ​ក៏​អត់​[បាន]​ប្រយោជន៍​ដែរ។ ​អ៊ីចឹង​បាន​ទុក​ឱ្យ​ក្រសួង​មហាផ្ទៃ​ ​គឺ​លោក​ពិនិត្យ​ តាម​តួនាទី​ភារ​កិច្ច​ជាក់​ស្តែង»។​

លោក ​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប. ​ប្រាប់​វីអូអេ​ថា​ គ.ជ.ប.​ទទួល​យក​យោបល់​ពី​ភាគី​ពាក់​ព័ន្ធ ​ ប៉ុន្តែ​មិន​មែន​រាល់​សំណើ​សុទ្ធ​តែ​ត្រូវ​បានដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​ បទ​បញ្ជា ​និង​នីតិ​វិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នោះ​ទេ។​

លោក​ថ្លែង​ថា៖ «ការ​ទទួល​យក​របស់​គ.ជ.ប.​គឺ​ទទួល​យក​គ្រប់​អនុសាសន៍​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ យក​មក​អនុវត្ត​ទេ​ គឺ​យក​មក​ធ្វើ​ការ​សិក្សា ​និង​ពិចារណា។ ​ទីមួយ​ផ្អែក​ទៅ​លើ​ទិដ្ឋ​ភាព​ច្បាប់ ​តើ​សំណើ​ហ្នឹង ​អនុ​សាសន៍​ហ្នឹង​ស្រប​តាម​ច្បាប់​ដែរ ​ឬ​អត់?​ ទីពីរ​សំណើ​ហ្នឹង​ អនុ​សាសន៍ហ្នឹង​ អា​ចអនុវត្ត​បាន​នៅ​ក្នុង​ប្រតិបត្តិ​ការការ​ងារ​ សេវា​កម្ម​ជាក់​ស្តែង​បាន​ដែរ​ ឬ​អត់?»។​

​ទាក់​ទិន​នឹង​ការ​ស្នើ​ឱ្យ​មាន​ការ​បន្ថែម​អាសនៈ​តំណាង​រាស្ត្រ​ លោក ​ហង្ស​ ពុទ្ធាស្នើ​ឱ្យ​សួរ​ស្ថាប័ន​រដ្ឋ​សភាជំនួស​វិញ។​

អ្នក​នាំ​ពាក្យ​រដ្ឋសភា​ លោក​ ឡេង ប៉េងឡុង ​ប្រាប់​វីអូអេ​ថា​ រដ្ឋ​សភា​នឹង​ពិនិត្យ​ ឬ​សម្រេចអនុម័ត​លើ​ការ​បន្ថែម​អាសនៈ​តំណាង​រាស្ត្រ ប្រសិន​បើ​មាន​ការ​ស្នើ​ចេញ​ពីរដ្ឋាភិបាល​មក​កាន់​រដ្ឋ​សភា។​

​លោក​ថ្លែង​ថា៖ ​«រឿង​ហ្នឹង​ទាល់​តែ​ក្រសួង​មហាផ្ទៃ​ស្នើ​ទៅ​រដ្ឋាភិបាល ​[ហើយ]​រដ្ឋាភិបាល​ស្នើ​មក​រដ្ឋ​សភា​ ​ទើប​បាន​កំណត់​បន្ថែម​អាសនៈ​នៅ​ខេត្ត​ណាៗ​ហ្នឹង។ អាហ្នឹង​នីតិ​វិធី​ធ្វើ​អ៊ីចឹង។ ​អ៊ីចឹង​រហូត​មក​ដល់​ឥឡូវ​ មិន​ទាន់​មាន​ការ​ស្នើ​ទេ​។ អ៊ីចឹង​ទាល់​តែ​ខាង​រាជរដ្ឋា​ភិបាល​ស្នើ​មក​ បាន​ខាង​សភា​ពិនិត្យ»។​

វីអូអេបានព្យាយាម​សុំ​ការ​បញ្ជាក់​ពី​លោក ​សក់ សេដ្ឋា ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​តែ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ​ទេ។​

​កាលពី​កន្លង​ទៅ​ ក្នុង​ខែ​កញ្ញា​ គណបក្ស​ចំនួន​៤​ ដែល​រួម​មាន​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ គណ​បក្ស​កែ​ទម្រង់​កម្ពុជា​ គណ​បក្ស​ឆន្ទៈ​ខ្មែរ ​និង​គណ​បក្ស​ភ្លើងទៀន​បាន​ដាក់​សំណើ​រួម​គ្នា​មួយ ​ដែលគូស​បញ្ជាក់​ជាង​១០​ចំណុច​ទៅ​កាន់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ​ដោយ​ស្នើ​ឱ្យ​កែ​ប្រែ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​ដើម្បី​ធានា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​មាន​ភាព​សេរី ​ត្រឹម​ត្រូវ ​និង​យុត្តិ​ធម៌ ​ហើយ​ក្នុង​នោះ​ក៏​មាន​ការ​ទាមទារ​ឱ្យបន្ថែម​អាសនៈ​ខេត្ត​ដែល​មាន​អាសនៈ​តំណាង​រាស្ត្រ​តែ​មួយ​ឱ្យ​កើន​ទៅ​ជា​២ ​ឬ៣​អាសនៈ​ផង​ដែរ។​

គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​ក៏​បាន​ដាក់​សំណើ​ផ្សេង​ទៀត​ទៅ​កាន់​ស្ថាប័ន​ គ.ជ.ប.​ដោយ​ចង់​ឱ្យ​ការ​ជ្រើស​រើស​មន្រ្តី​បោះ​ឆ្នោត​ថ្នាក់​ក្រោម​មិន​ត្រូវ​លម្អៀងទៅ​កាន់​គណ​បក្ស​នយោបាយ​ ហើយមន្ត្រី​បម្រើ​ការ​បោះ​ឆ្នោត​ទាំង​នោះ​មិន​មែន​ជា​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​មន្ត្រី​គណ​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

ក្រៅពី​នេះ​ គណ​បក្ស​នេះ​ចង់​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​រូប​មន្ត​បែង​ចែក​អាសនៈ​ឱ្យ​សំណល់​សន្លឹក​ឆ្នោត​ច្រើនបំផុត ​ដូច​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ​ការ​ចុះ​ឈ្មោះ​ភ្នាក់​ងារ​រហូត​ដល់​៣​ថ្ងៃ​ មុន​ថ្ងៃ​បោះ​ឆ្នោត គណ​បក្ស​នយោបាយ​អាច​ចុះ​ឈ្មោះ​ភ្នាក់ងារ​សង្កេត​ការណ៍​ចល័ត ​និង​មិន​ត្រូវ​ដេញ​អ្នក​បោះ​ឆ្នោត​ចេញ​ពី​មណ្ឌល​បោះ​ឆ្នោត​ នៅ​ពេល​រាប់​សន្លឹក​ឆ្នោត ​និង​មិន​ត្រូវ​បិទ​ទ្វារ​ ឬ​បង្អួច​ការិយា​ល័យ ​និង​មណ្ឌល​បោះឆ្នោត​ជាដើម៕

XS
SM
MD
LG