អតីតមេដឹកនាំកំពូលខ្មែរក្រហមចាស់ជរាចំនួនពីររូបនឹងត្រូវបាននាំខ្លួនចូលសវនាការថ្មីមួយទៀតក្នុងអង្គជំនុំជម្រះសាលាដំបូងនៅចុងខែសីហានេះដើម្បីជជែកដេញដោលពីស្ថានភាពសុខភាពរបស់ពួកគេថាតើពួកគេមានកាយសម្បទាគ្រប់គ្រាន់ដើម្បីចូលរួមដំណើរការកាត់ទោសពួកគេបានដែរឬយ៉ាងណា។ នេះបើយោងតាមដីកាដែលត្រូវបានចេញដោយលោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមនៅថ្ងៃសុក្រនេះ។
លោក នួន ជា អតីតប្រធានសភាខ្មែរក្រហម អាយុ ៨៥ ឆ្នាំ និងលោកស្រីអៀង ធីរិទ្ធ អាយុ៧៩ ឆ្នាំនិងជាអតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចនឹងត្រូវចូលសវនាការរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២៩ ដល់៣១ ខែសីហានេះ ខណៈដែលជនជាប់ចោទពីរនាក់ទៀតគឺអៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស និងខៀវ សំផន អតីតប្រមុខរដ្ឋខែ្មរក្រហមមិនបានប្ដឹងតវ៉ាឲ្យមានការជំនុំជម្រះសម្រេចសេចក្ដីពីភាពអាចចូលរួមសវនាការបានដោយបញ្ហាសុខភាពនោះទេ។
នេះគឺជាសវនាការលើកទី២ក្នុងសំណុំរឿង០០២ មុននឹងអង្គជំនុំជម្រះសាលាដំបូងអាចបើកសវនាការពេញអង្គសេចក្ដីនៅក្នុងអំឡុងចុងឆ្នាំ២០១១ នេះ។
កាលពីចុងខែមិថុនាសាលាដំបូងបានបើកសវនាការបឋមមួយដែលជាសវនាការលើកដំបូងសម្រាប់សំណុំរឿងដ៏មានសារសំខាន់នេះ។ សវនាការនោះដែលត្រូវចាត់ទុកថា គឺដំណើរឆ្ពោះទៅរកការកាត់ទោសលើអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបួននាក់ដែលនៅមានជីវិតក្នុងភាពជរានេះ។
លោក នេត ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបញ្ជាក់ថា សវនាការលើកនេះនឹងជួយឲ្យចៅក្រមសាលាដំបូងធ្វើការកំណត់កាលវិភាគការកាត់ទោសពេញអង្គឲ្យបានត្រឹមត្រូវយោងតាមស្ថានភាពសុខភាពរបស់ជនជាប់ចោទ។
«កាយសម្បទានេះសំខាន់ពីព្រោះយើងឃើញថា ការអង្គុយឬការចូលរួមក្នុងសវនាការរយៈពេលយូរដូច្នេះអង្គជំនុំជម្រះសាលាដំបូងគាត់ត្រូវការដឹង។ ពេលដែលទទួលបានការវាយតម្លៃរួចហើយគឺអង្គជំនុំជម្រះអាចនឹងឈានដល់ការកំណត់លើកាលវិភាគរៀបចំសវនាការលើអង្គសេចក្ដី»។
នួន ជា អៀង សារី ខៀវ សំផន និងអៀង ធីរិទ្ធ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ទាក់ទងទៅនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាអស់ជិតពីរលាននាក់ចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ដែលពួកគេកាន់កាប់អំណាច។
ក្រុមមេធាវីធ្លាប់បានឲ្យដឹងថា អៀង ធីរិទ្ធ មានជំងឺជង្គង់ ជំងឺភ្នែក និងមានជំងឺគេងមិនលក់។ អៀង សារី មានជំងឺបេះដូង និងជំងឺឆ្អឹងខ្នង រីឯនួន ជា មានជំងឺលើសឈាម និងបញ្ហាភ្នែកខ្លាំង។ រីឯខៀវ សំផន ហាក់ដូចជាមិនមានរបាយការណ៍ពីបញ្ហាសុខភាពគួរកត់សម្គាល់ឡើយក្រៅពីគាត់ធ្លាប់មានជម្ងឺលើសឈាមមុននឹងគាត់ត្រូវចាប់ខ្លួន។
សាលាក្ដីខ្មែរក្រហមបានប្រគល់ភារកិច្ចជូនលោកសាស្ដ្រាចារ្យចន ខាំបែល្ល (John Campbell )វេជ្ជបណ្ឌិតជំនាញខាងផ្នែកថែទាំជំងឺមនុស្សចាស់មកពីប្រទេសនូវ៉ែលហ្ស៊េឡង់ ធ្វើការពិនិត្យ និងវាយតម្លៃលើកាយសម្បទាជនជាប់ចោទទាំងបួន។
នៅក្នុងដីកាកំណត់ថ្ងៃសវនាការលើកាយសម្បទាជនជាប់ចោទនៅថ្ងៃនេះ លោកចៅក្រមនិល ណុន បានឲ្យដឹងថា លោកខៀវ សំផន មិនទទួលយកការត្រួតពិនិត្យ និងវាយតម្លៃលើកាយសម្បទារបស់គាត់ទេ។ រីឯអតីតបងធំទី៣ អៀង សារី ក៏មិនបដិសេធនូវអ្វីដែលវេជ្ជបណ្ឌិតរូបនេះបានរកឃើញនោះដែរ។
លោក សុន អារុណ សហមេធាវីកម្ពុជារបស់នួន ជា មានប្រសាសន៍ថា លោកវេជ្ជបណ្ឌិត ចន ខាំបែល្ល បានសរសេរក្នុងរបាយការណ៍ថា កូនក្ដីរបស់លោកមានសុខភាពមាំទាំអាចចូលរួមសវនាការបាន ក៏ប៉ុន្ដែលោកចាត់ទុកថា នោះគឺជារបាយការណ៍ដែលមិនឆ្លើយតបនឹងស្ថានភាពពិតនៃសុខភាពកូនក្ដីរបស់លោក។ លោកមានប្រសាសន៍ថា៖
«គេថាគាត់មានសុខភាពល្អ។ ចំណែកយើងៗមើលកូនក្ដីរាល់ថ្ងៃយើងដឹងថាកូនក្ដីមានសុខភាពមិនល្អ។ យើងជំទាស់ការពិនិត្យរបស់វេជ្ជបណ្ឌិតនេះ»។
ដោយឡែកសហមេធាវីកម្ពុជាលោក ផាត់ ពៅសៀង ការពារក្ដីឲ្យលោកស្រីអៀង ធីរិទ្ធ មិនផ្ដល់សេចក្ដីអត្ថាធិប្បាយណាមួយនោះទេ ដោយលោកអះអាងថា លោកកំពុងជាប់រវល់៕