ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ពី​ចៅក្រម​លាលែង​ ក្រុម​អ្នក​សង្កេតការណ៍​ស្នើ​ឱ្យ​អ.ស.ប​និង​រដ្ឋាភិបាល​ពិភាក្សា​គ្នា​ដោយ​កុំ​ឱ្យ​មាន​សម្ពាធ​នយោបាយ


លោក Siegfried Blunk សហចៅក្រម​ស៊ីបអង្កេត​សាលាក្តី​ខ្មែរ​ក្រហម ដែល​មាន​សញ្ជាតិ​អាល្លឺម៉ង កាល​ពី​ស្បថ​ចូល​កាន់តំណែង​នៅ​ថ្ងៃ​​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០០៨។ លោក​បាន​ដាក់​​ពាក្យ​​​សុំលា​លែង​ពី​តំណែង​​របស់​លោក​​​កាល​ពី​​ថ្ងៃ​សៅរ៍​ទី​ ៨ ​ខែ​តុលា ​ទៅ​កាន់​លោក​អគ្គលេខ
លោក Siegfried Blunk សហចៅក្រម​ស៊ីបអង្កេត​សាលាក្តី​ខ្មែរ​ក្រហម ដែល​មាន​សញ្ជាតិ​អាល្លឺម៉ង កាល​ពី​ស្បថ​ចូល​កាន់តំណែង​នៅ​ថ្ងៃ​​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០០៨។ លោក​បាន​ដាក់​​ពាក្យ​​​សុំលា​លែង​ពី​តំណែង​​របស់​លោក​​​កាល​ពី​​ថ្ងៃ​សៅរ៍​ទី​ ៨ ​ខែ​តុលា ​ទៅ​កាន់​លោក​អគ្គលេខ

ក្រុម​អ្នកវិភាគ​សាលាក្តី​ខ្មែរក្រហម​ជាតិ​និង​អន្តរជាតិ​ ជំរុញ​ឲ្យ​អ.ស.ប​និង​កម្ពុជា​ដោះស្រាយ​អំពី​បញ្ហា​កិច្ចការ​តុលាការ​កាត់ទោស​ខ្មែរក្រហម​ជា​បន្ទាន់​ដើម្បី​កុំ​ឲ្យ​កេរ្តិ៍​ដំណែល​បរាជ័យ​និង​ប៉ះពាល់​បន្ថែម​ទៅ​លើ​ដំណើរការ​កាត់ទោស​ខ្មែរក្រហម។ ការ​ព្រមាន​ជាមុន​ដូច្នេះ​កើត​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​លា​ឈប់​ពី​មុខ​តំណែង​របស់​សហចៅក្រម​ស៊ើបអង្កេត​ស៊ិកហ្វ្រិត​ ប៊្លុង (Siegfried Blunk) ​ដែល​គេ​ចាត់ទុក​ថា​បរាជ័យ​ក្នុង​ការស៊ើប​ អង្កេត​សំណុំរឿង​បន្ថែម​ទាក់ទង​នឹង​បទឧក្រិដ្ឋកម្ម​នានា​ក្នុង​របប​វាលពិឃាត​សម័យ​ខ្មែរក្រហម។

លោក Siegfried Blunk ចៅក្រម​ស៊ើបអង្កេត​អ.ស.ប​បាន​ប្រកាស​លាឈប់​ពី​តំណែង​របស់​លោក​ កាលពី​ថ្ងៃច័ន្ទ​ដោយសារ​លោក​ចោទ​ប្រកាន់​លើក​ដំបូង​ជា​សាធារណៈ​ថា​មាន​ការ​ជ្រៀតជ្រែក​នយោបាយ​ពី​រដ្ឋាភិបាល​កម្ពុជា​ទាក់ទង​នឹង​ដំណើរការ​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប។

លោក ​អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា​ ការ​ជជែកគ្នា​ជាក់លាក់ ​រវាង​កម្ពុជា​និង​អ.ស.ប​អំពី​ដំណើរការ​សាលាក្តី​បច្ចុប្បន្ន​នឹង​ដំណើរការ​ទៅមុខ។ តែ​លោក​បន្ថែម​ថា​ការ​ជជែក​គ្នា​គួរ​ឈប់​លែង​នយោបាយ ​ត្រូវ​តែ​បង្ហាញ​ពី​គោលជំហរ​មួយ​រឹងមាំ។ គោលជំហរ​យុត្តិធម៌​ គោលការណ៍​តុលាការ​ឯករាជ្យ យក​គោលបំណង​រក​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ជាធំ។

«ខ្ញុំ​ថា​បើ​អត់​[ជជែក​គ្នា​អំពី​រឿង​នេះ​]​ទេ ​តុលាការ​នេះ​គេ​នឹង​ចងចាំថា​ជា​តុលាការ​មួយ​ដែល​បានបរាជ័យ​ចំពោះ​ជនរងគ្រោះ​នៃ​របប​នេះ​បាទ»។

លោក អ៊ូ វីរៈ​ អះអាង​ថា​ការប្រែប្រួល​ចុងក្រោយទាក់ទង​នឹង​រឿង០០៣ ​និង​០០៤​និង​ការលាឈប់​ពី​មុខ​តំណែង​នេះ​នឹង​ធ្វើឲ្យ​អ្នកឃ្លាំមើល​ជាតិ ​អន្តរជាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​មិនទុកចិត្ត​តុលាការ​ខ្មែរ​ក្រហម​នេះ​ទាំងស្រុង​ទេ។

ការ​លាលែង​របស់​លោក​ប្លុង​កើតឡើង​ក្រោយ​ពេល​បន្តិច​ដែល​មាន​ការ​គាបសង្កត់​ឲ្យ​សហចៅក្រម​ស៊ើបអង្កេត​លាលែង​ពី​តំណែង​ពី​អង្គការ​អន្តរជាតិ​ដែល​មាន​ដូច​ជា​ Human Rights Watch ​និង​ការ​រិះគន់​របស់​អង្គការ​ OSJI ពី​ការ​បរាជ័យ​ចំពោះ​ការ​ ស៊ើប​អង្កេត​សំណុំរឿង​បន្ថែម​គឺ​សំណុំ​០០៣​និង​ ០០៤​ទាក់ទង​នឹង​បទឧក្រិដ្ឋកម្ម​នានា​ក្នុង​ទសវត្សរ៍​១៩៧០ ​លើ​ជនសង្ស័យ​៥​នាក់។

លោកស្រី ក្លែ ដាហ្វហ្វី (Clair Duffy) អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការ​ច្បាប់​របស់​ស.រ.អ.​មួយ​មាន​ឈ្មោះ​ថា ​OSJI បានថ្លែង​ ថា​អ.ស.ប​គួរបញ្ជៀស​បញ្ហា​បាន​ប្រសិន​មាន​ការ​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​នេះ​ឲ្យ​បាន​ឆាប់​ មុនពេល​មាន​បញ្ហា​កើតឡើង។ លោកស្រី​ថ្លែងដូច្នេះ​ដោយ​យោង​ទៅលើ​ការ​ទាមទារ​របស់​អង្គការ​ OSJI ប៉ុន្មាន​ខែ​មក​ហើយ ​ដើម្បី​បង្កើត​ក្រុមជំនាញ ​ស៊ើបអង្កេត​ពី​មូលហេតុ​ ស៊ើប​អង្កេត​សហ​ចៅក្រម​ស៊ើបអង្កេត​ទាំង​ពីរ​ដែល​ប្រព្រឹត្ត​ខុសច្បាប់ ​ស៊ើបអង្កេត​ថា​ហេតុអ្វី​បាន​ជា​សំណុំរឿង​បន្ថែម​ជា​ពិសេស​សំណុំរឿង​០០៣ ​មិន​បន្ត​ទៅមុខ​ និង​ស៊ើបអង្កេត​ថា​ការិយាល័យ​របស់​សហចៅក្រម​ស៊ើបអង្កេត​មានឆន្ទៈ​ឯករាជ្យ​ឥត​លម្អៀង​ដើម្បី​ស៊ើបអង្កេត​សំណុំរឿង​០០៣ ​និង​០០៤​ឬទេ។ អ្នកស្រីថ្លែង​ទៀត​ថា​ការលា ឈប់​ពីមុខ​តំណែង​និង​ការជំនួស​អ្នកថ្មី​មិនមែន​ជា​ដំណោះស្រាយ​ទេ​ដែល​រឿង​នេះ​អ.ស.ប​និង​ប្រទេស​កម្ពុជា​ត្រូវដោះស្រាយ​ឲ្យ​បាន​ជា​ប្រញ៉ាប់។

«ខ្ញុំ​ជឿជាក់​ខ្លាំង​ណាស់​ថា​រឿង​នេះ​មិនមែន​ជាអ្វី​ដែល​នឹង​អាច​ដោះស្រាយ​បញ្ហា​ទេ។ ជា​ការណ៍​ពិត​យើង​នឹង​ឃើញ​បញ្ហា​ដូចគ្នា​នេះ​បង្ហាញ​ពួកគេ​នៅពេល​លើកទី​៣​ ជាមួយ​នឹង​ចៅក្រម​បរទេស​លើកទី​៣ក្នុង ​មុខ​តំណែង​នេះ។ ជារឿង​ចាំបាច់ ​រដ្ឋាភិបាល​កម្ពុជា​និង​អ.ស.ប​ត្រូវតែ​អង្គុយ​ប្រជុំ​នៅតុ​ជាមួយ​គ្នា​ដើម្បី​ ពិភាក្សា​ដោយ​ស្មោះត្រង់​អំពី​គោលបំណង​ណាមួយ​ដែល​ពួកគេ​ចង់ឃើញ ​ហើយ​ថា​តើ​កេរ្តិ៍ឈ្មោះ​ យ៉ាងម៉េច​ដែល​គេ​ចង់ឃើញ​នៅ​ទីបញ្ចប់​នៃ​តុលាការ»។

ក្រុម​អ្នកវិភាគ​ខ្លះ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​ ការ​លាលែង​របស់​លោក​ប៊្លុង​អាច​នឹង​ធ្វើឲ្យ​មេធាវី​ជនជាប់ចោទ​ជាច្រើន​ក្នុង​សំណុំរឿង​០០២​ដែលធ្លាប់​តវ៉ា​ពី​ភាព​មិនឯករាជ្យ​របស់​ចៅក្រម ​មន្ត្រី​តុលាការ​នោះ​អាច​យក​សំអាង​ការលាឈប់​របស់​លោក​ ប៊្លុង​ដើម្បី​ទាត់ចោល​ការ​សម្រេច​របស់​តុលាការ​ហើយ​មាន​លេស​សុំឲ្យ​តុលាការ​ ដោះលែង​កូនក្តី​របស់​ពួកគេ​ជា​បន្ត​បន្ទាប់​ឬ​ក៏​អះអាង​ថា​តុលាការ​នេះ​មិន​ឯករាជ្យ​ អព្យាក្រឹត្យ​គ្រប់គ្រាន់​ល្មម​អាច​កាត់ក្តី​ជនជាប់ចោទ​បាន។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោកប៊្លុង​បានចោទ​ប្រកាន់​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​រួមទាំង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា​បាន​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​តុលាការ​ជាមួយ​នឹង​ការប្រើ​ពាក្យ​ជម្រាប​លោក​អគ្គលេខាធិការ​អ.ស.ប បាន គីមូន​ថា​មិន​អនុញ្ញាត​ឲ្យ​មាន​សំណុំរឿង​០០៣​ឬ​០០៤។ អត្ថាធិប្បាយ នេះ​ត្រូវ​បណ្តាញ​ផ្សាយ​ព័ត៌មាន​យកចុះផ្សាយ​នៅ​ពេល​លោក​ បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​២០១០។

«បើទោះបី​ជា​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​មិន​ដាក់​ខ្លួន​គាត់​ឲ្យ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នៃ​ការ​លើកឡើង​ខាងលើ​នេះ​ក៏​ដោយ​ក៏​នៅតែ​មាន​មន្ទិល​សង្ស័យ​ទៅលើ​លទ្ធភាព​របស់​លោក​ក្នុង​ការ​គាំទ្រ​នឹង​សម្ពាធ​ពី​មន្ត្រី​រាជរដ្ឋាភិបាល​និង​លទ្ធភាព​នៅក្នុង​ការ​បំពេញ​ការងារ​របស់​លោក​ដោយ​ឯករាជ្យ ​ហើយ​ក៏ បង្ករ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ចំពោះ​សុចរិតភាព​នៃ​ដំណើរការ​ទាំងមូល​របស់​តុលាការ​ក្នុង​សំណុំរឿង​០០៣ ​និង ០០៤​ដែរ»។

ភ្លាមៗ​បន្ទាប់ពី​ការចោទប្រកាន់​របស់​លោក​ប៊្លុង​លោក​ ខៀវ ​កាញារីទ្ធ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មានច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ ហើយ​បាន​ស្ដី​បន្ទោស​ថា​ លោក​ ប៊្លុង​បរាជ័យ​ក្នុង​ការ​សហការ​ល្អ​ជាមួយ​នឹង​សហសេវិក​របស់​ខ្លួន​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បានញាំញី​ដោយ​ការ​ជ្រៀតជ្រែក​ផ្នែកនយោបាយ ​និង អំពើ​ពុករលួយ​នៅពេល​តុលាការ​នេះ​មិនអាច​ហៅ​សាក្សី​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​យ៉ាង​តិច ​៦នាក់​ដើម្បី​បំភ្លឺ​ និង​មាន​ការ​កាត់ប្រាក់​ខែ​បុគ្គលិក​ សូកប៉ាន់​មន្ត្រី​តុលាការ​ ការ​ប្រកាស​ជា​ញឹកញាប់​មិន​ឲ្យ​មាន​ការ​កាត់ទោស​ជនសង្ស័យ​បន្ថែម។ មន្ត្រី​តុលាការ​ជាច្រើន​នាក់​ត្រូវគេ​ដឹង​ថា​បានចាកចេញ​ពី​តុលាការ​ដោយ ​បញ្ហា​អស់​នោះ តែ​មន្ត្រី​មួយ​ចំនួន​លាក់បាំង​មិន​និយាយ​ស្តី​ការណ៍​ពិត​ដែល​បាន​កើតឡើង។

លោក ឡុង បញ្ញាវុធ មន្ត្រី​សម្រប​សម្រួល​កម្មវិធី​យុត្តិធម៌​នៅ​កម្ពុជា​បាន​ថ្លែង​ថា​កម្ពុជា​និង​អ.ស.ប​ត្រូវតែ​ ស្វែងរក​ដំណោះស្រាយ​នយោបាយ​មួយ​តាម​រយៈ​ការ​ជជែកគ្នា​ដើម្បី​ជៀសវាង​បញ្ហា​កាន់តែ​ធំ​ទៅ។

«ហើយបើ​យើង​មិនអាច​ធ្វើសំណុំរឿង​០០៣/០០៤​ទេ​ យើងគួរ​តែ​ប្រកាស​ទៅ​ថា​ដោយសារ​បញ្ហា ​ថវិកា​ ដោយសារ​តែ​បញ្ហា​ពេលវេលា​របស់​សាលាក្តី​ត្រូវការ​ពេលយូរ​យ៉ាងណា​នោះ​ ដូច្នេះ​សំណុំរឿង​០០៣/​០០៤​ មិន​អាច​ដើរ​ទៅមុខ​បាន​ទេ​ ដូច្នេះ​ត្រូវ​បើក​ចំហរ​ជានិច្ច​ទៅ»។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​លោក​ Martin Nesirky ​ដែល ​វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក​ទទួល​បាន​នៅ​ថ្ងៃ​នេះ ​បាន​ឲ្យ​ដឹង​ថា​ លោក​ បាន ​គីមូន​ បាន​ទទួល​លិខិត​សុំ​លាលែង​ពី​ការងារ​របស់​លោក​ចៅក្រម​ស៊ីកហ្វ្រ៊ិត​ ប៊្លុង ​រួច​ហើយ​អង្គការ​សហប្រជាជាតិ​នឹងស្នើ​តែងតាំង​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​ជនជាតិ​ស្វ៊ីស ​លោក​ ឡូរ៉ង់ ​កាសពែ អានស៊ែម៉េ (Laurent Kasper-Ansermet) ​ដើម្បី​ជំនួស​លោក​ ប៊្លុង​ ឲ្យ​បាន​ឆាប់​បំផុត។

អ្នក​នាំ​ពាក្យ​របស់​លោក​បាន ​គីមូន ​ដដែល​បាន​បញ្ជាក់​ឡើង​វិញ​ថា ​សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​តែ​ឯករាជ្យ​ពី​ការ​ជ្រៀតជ្រែក​នា​នា​រាប់​ទាំង​ការ​ជ្រៀតជ្រែក​ពី​រាជរដ្ឋាភិបាល​ខ្មែរ​ ពី​ប្រទេស​ម្ចាស់​ជំនួយ ​និង​ពី​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។

លោក​សហចៅក្រម​កម្ពុជា ​យូ ​ប៊ុនឡេង ​បដិសេធ​ធ្វើ​ការ​បកស្រាយ​លើ​ហេតុផល​នៃ​ការលាលែង​ពី​ការងារ​ដែល​លោក​ ប៊្លុង​ បាន​លើក​ឡើង​នោះ​។​ ក៏ប៉ុន្ដែ​លោក​បាន​សម្តែង​ការ​សោកស្ដាយ​ចំពោះ​រឿង​នេះ។

«(ខ្ញុំ)​ សោក​ស្ដាយ​គាត់​នៅ​ពេល​ដែល​គាត់​លាលែង​ទៅ​ គាត់​ធ្លាប់​ធ្វើ​ការ​ជាមួយ​យើង​បាន​ល្អ»។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក Brad Adam ​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​សម្តែង​ស្វាគមន៍​ចំពោះ​ការ​លាលែង​របស់​លោកប៊្លុង ក្រោយ​មួយ​សប្តាហ៍​ដែល​អង្គការ​លោក​បាន​ស្នើសុំ ​តែលោក​ថា​សហចៅក្រម​ស៊ើបអង្កេត​ជាតិ ​លោក យូ ប៊ុនឡេង​ក៏​គួរលាលែង​ផង​ដែរ​ ពី​ការណ៍​ដែល​ខកខាន​ស៊ើបអង្កេត​ដូចគ្នា​និង​លោក​ប្លុង​ដែរ ទាក់ទង​នឹង​សំណុំរឿង​០០៣/០០៤។ ​លោក​បានអះអាង​ថា​សេចក្តី​ថ្លែងការណ៍​ជាច្រើន​ទំព័រ​របស់​យើង​សប្តាហ៍​កន្លង​ទៅ​បាន​បញ្ជាក់​ច្បាស់​ថា​មាន​ភស្តុតាង​ដ៏​សន្ធឹក​សន្ធាប់​ អង្គហេតុ​ជាច្រើន​ក្នុង​សំណុំរឿង​០០៣/០០៤ ដែល​សហចៅក្រម​ស៊ើប​អង្កេត​ទាំងពីរ​ត្រូវ​ស៊ើបអង្កេត។

«ពួកគេ​គួរតែ​ចាត់វិធានការ​សំណុំរឿង​ផ្សេងៗ​ទៀត​ពីព្រោះ ​មិនមែន​មានតែ​៥នាក់​ទេ ដែល​ជា​អ្នកទទួល​ខុសត្រូវ។ តែ​គេ​គួរ​ធ្វើ​តាម​ភស្តុតាង​ នេះ​ជាអ្វី​ដែល​យើង​បាន​និយាយតាំង​ពីដំបូង។ យើងបាន​ស្នើ​ពួកគេ​ថាគួរតែ​ធ្វើ​តាម​ភស្តុតាង​ កន្លែង​ណា​ក៏​ដោយ​ដែល​ភស្តុតាង​ឲ្យ​តម្រុយ ​គេ​គួរតែ​ចាត់​វិធានការ។ ហើយបើ​ភស្តុតាង​នាំ​ទៅកាន់​មនុស្ស​មាន​ឋានៈទាប​ ឬ ​មនុស្ស​មាន​ឋានៈ​ខ្ពស់ ​ចៅក្រម​ទាំងពីរ​គួរចាត់ វិធានការណ៍ ​គួរ​ធ្វើតាម​ហើយ​អ្នកទាំងពីរ​មិនគួរខ្វល់​អំពី​នយោបាយ​ទេ។ នយោបាយ​មិនមែន​ជារឿង​ របស់​ពួកគេ​ទេ។ រឿង​របស់​ពួកគេ​គឺត្រូវ​មើល​ពី​ភស្តុតាង»។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​គ្រោងនឹង​កាត់ទោស​សំណុំរឿង​០០២​ឬ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែក្រហម​ មាន​នួន ជា ​បងធំទី២ ​ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង​ សារី​រដ្ឋមន្ត្រី​ការបរទេស ​និង​អៀងធីរិទ្ធ​រដ្ឋមន្ត្រី​សង្គមកិច្ច​នៅពេល​ប៉ុន្មាន​ខែ​ខាងមុខ បន្ទាប់​ពី​កាត់ទោស​សំណុំរឿង​០០១​គឺ​កាំង ហ្កេកអ៊ាវ ​ហៅឌុច អតីត​ប្រធាន​គុក​ទួលស្លែង​ដែល​ទទួល​ខុសត្រូវ​ជីវិត​មនុស្ស​ជាង​១២.០០០​នាក់៕

XS
SM
MD
LG