ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ថា​សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង


សេដ្ឋវិទូ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ថ្លែង​ថា កំណើន​សេដ្ឋកិច្ច​នេះ​​អាស្រ័យ​ទៅ​លើ​កំណើន​​តម្លៃ​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ និង​កំណើន​ក្នុង​វិស័យ​កសិកម្ម។
សេដ្ឋវិទូ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ថ្លែង​ថា កំណើន​សេដ្ឋកិច្ច​នេះ​​អាស្រ័យ​ទៅ​លើ​កំណើន​​តម្លៃ​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ និង​កំណើន​ក្នុង​វិស័យ​កសិកម្ម។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ការ​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​កម្ពុជា​ឡើង​ដល់​ ៦,៨​ភាគរយ​ ក្នុង​ឆ្នាំ​២០១១​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ថា​អាច​នឹង​កើន​ឡើង​ចំនួន​ ៨,៧​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ។

លោក ភីធរ ចន ប្រ៊ីមបល (Peter John Brimble) សេដ្ឋវិទូ​ជាន់​ខ្ពស់​ប្រចាំ​កម្ពុជា​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​ទី​ចាត់ការ​ធនាគារ​ថា​ និន្នាការ​វិជ្ជមាន​នៅ​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ ដើម​ឆ្នាំ​២០១១​នេះ​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ឲ្យ​កើន​ឡើង​ដល់​៦,៨​ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១១​ ពោល​គឺ​កើន​ឡើង​ច្រើន​ជាង​ការ​ព្យាករណ៍​កាល​ពី​ខែ​មេសា​ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​បាន​វាយតម្លៃ​ថា​ សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ត្រឹម​៦,៥​ភាគរយ។

«ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​នេះ​ បាន​ផ្អែក​ទៅ​លើ​តម្លៃ​នៃ​ការ​នាំចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​ទៅ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​នេះ​ ដែល​បាន​កើន​ឡើង​ជាង​២៣​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១០។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មាន​ការ​កើន​ឡើង​ជាង​១៣​ភាគរយ​ ហើយ​ការ​នាំ​អង្ករ​ចេញ​ក៏​មាន​និន្នាការ​កើន​ឡើង​ផង​ដែរ»។

លោក​ ភីធរ ចន ប្រ៊ីមបល បាន​បន្ថែម​ថា កម្ពុជា​នៅ​តែ​អាច​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​រឹង​មាំ​សម្រាប់​ឆ្នាំ​ ២០១១​នេះ​ ដោយសារ​តែ​ការ​ងើប​ឡើង​លឿន​ជាង​ការ​រំពឹង​ទុក​នូវ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​វិស័យ​ទេសចរណ៍ ​និង​ដោយសារ​ទស្សនវិស័យ​វិជ្ជមាន​នៃ​ការ​ពង្រីក​ផលិតកម្ម​កសិកម្ម។​ ប៉ុន្តែ​ ការ​ថយ​ចុះ​សកម្មភាព​ពាណិជ្ជកម្ម​ជា​សកល​ដែល​កំពុង​កើត​មាន​នា​បច្ចុប្បន្ន​នេះ​នឹង​បង្អន់​ល្បឿន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១២។

«យើង​នៅ​តែ​ជឿជាក់​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។​ ប៉ុន្តែ​យើង​ចង់​ប្រើ​ឱកាស​ដើម្បី​ធ្វើ​បច្ចុប្បន្នកម្ម​លើ​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​នេះ​ ក្នុង​គោលបំណង​គូស​បញ្ជាក់​អំពី​ការ​ប្រឈម​សំខាន់ៗ​ មួយ​ចំនួន។​សេដ្ឋកិច្ច​សំខាន់ៗ​ មួយ​ចំនួន​ប្រថុយ​នឹង​គ្រោះថ្នាក់​នៅ​ក្នុង​ខែ​កក្កដា​នេះ​ ដែល​យើង​គិត​ថា​ កម្ពុជា​ប្រឈម​នឹង​បញ្ហា​នេះ​នៅ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ​ទៀត»។

របាយការណ៍​ស្តី​ពី​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​ឆ្នាំ​២០១១​ បច្ចុប្បន្នកម្ម​បាន​ព្យាករណ៍​ថា ​កំណើន​ឆ្នាំ​២០១២​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​ ៦,៥​ភាគរយ​ពី​ចំនួន​ ៦,៨​ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១១​ ហើយ​ការ​ថយចុះ​នេះ​ ឆ្លុះ​បញ្ចាំង​ពី​អស្ថិរភាព​ ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ទីផ្សារ​សកល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្រូវ​ការ​ផលិតផល​ពី​កម្ពុជា​នៅ​ក្នុង​ឆមាស​ទី​ពីរ​ឆ្នាំ​២០១១ ​និង​ឆ្លង​ចូល​ទៅ​ក្នុង​ឆ្នាំ​២០១២។ ​របាយការណ៍​នេះ​ បាន​លើក​ឡើង​ថា​ និន្នាការ​ថយចុះ​ក្នុង​ទីផ្សារ​សកល​នេះ​នឹង​មិន​ប៉ះពាល់​ដល់​និន្នាការ​វិជ្ជមាន​ ដែល​បាន​សង្កេត​ឃើញ​កន្លង​មក​នោះ​ទេ។

ប៉ុន្តែ​បញ្ហា​ប្រឈម​រយៈពេល​វែង​នៅ​តែ​មាន​សម្រាប់​សេដ្ឋកិច្ច​ ដែល​មាន​មូលដ្ឋាន​ចង្អៀត​របស់​កម្ពុជា​ ហើយ​វា​ទាមទារ​ឲ្យ​មាន​ពិពិធកម្ម​សេដ្ឋកិច្ច​ ការ​ធ្វើ​លម្ហ​សារពើពន្ធ​ ការ​ដោះស្រាយ​បញ្ហា​អភិបាលកិច្ច​ និង​ការ​ពង្រីក​បរិយាកាស​វិនិយោគ។

លោក ភីធរ ចន ប្រ៊ីមបល បាន​ថ្លែង​ថា កម្ពុជា​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​រយៈពេល​វែង​ទាំង​នេះ​ ទើប​អាច​សម្រេច​បាន​កំណើន​ប្រកប​ដោយ​សក្តានុពល។ ​ការ​កាត់​បន្ថយ​ចំណាយ​ខ្ពស់​លើ​ការ​ដឹក​ជញ្ជូន​ ថាមពល​ និង​ពិពិធកម្ម​ផលិតផល​កសិកម្ម​ និង​វិស័យ​ទេសចរណ៍​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ ហើយ​បញ្ហា​ទាំង​អស់​នេះ​នឹង​ត្រូវ​បាន​លើក​យក​មក​ដោះស្រាយ​ក្រោម​យុទ្ធសាស្ត្រ​ភាព​ជា​ដៃ​គូ​ប្រចាំ​ប្រទេស​ឆ្នាំ​២០១១​-​២០១៣​ របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

សេចក្តី​ថ្លែងការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​បាន​បញ្ជាក់​ថា​ អត្រា​អតិផរណា​នឹង​មាន​កម្រិត​ជា​មធ្យម​ប្រមាណ​៥,៥​ភាគរយ​នៅ​ក្នុង​ ឆ្នាំ​២០១១​ និង​ឆ្នាំ​២០១២។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​លទ្ធភាព​កើន​ឡើង​៨,៧​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១១ ​ស្រប​តាម​ការ​ប៉ាន់ស្មាន​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា។​ ប៉ុន្តែ​ រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករណ៍​ថា ​កំណើន​សេដ្ឋកិច្ច​ផ្លូវការ​ឆ្នាំ​២០១១​មាន​ចំនួន​៦​ភាគរយ។​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ IMF​ បាន​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ប្រមាណ​៧​ភាគរយ​ និង​ធនាគារ​ពិភពលោក​ប្រមាណ​ ៦,៥​ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១១​នេះ៕

XS
SM
MD
LG