ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​ផ្តល់​ជំនួយ​​កាត់​បន្ថយ​ភាព​ក្រីក្រ​​នៅ​តំបន់​ទន្លេសាប


ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ផ្តល់​ជំនួយ​ដល់​គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការ​អភិវឌ្ឍកសិកម្ម​ខ្នាត​តូច​នៅ​តំបន់​ទន្លេសាប ​ដែល​នឹង​ជួយ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​ជនបទ​ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម​និង​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ផលិត​ផល​ទៅ​កាន់​ទីផ្សារ​ ​និង​ការ​កែលម្អ​លក្ខខណ្ឌ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ជនបទ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ផ្តល់​ជំនួយ​ទឹក​ប្រាក់​ឥត​សំណង​ជាង​៥,៧​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ការ​កែ​លម្អ​ផលិត​កម្ម​ ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​កសាង​សមត្ថ​ភាព​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​នៅ​បណ្តា​ខេត្ត​តាម​តំបន់​ទន្លេសាប។

ជំនួយ​ទឹកប្រាក់​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​ប្រទេស​ហ្វាំងឡង់​សម្រាប់​គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​ជួយ​កែ​លម្អ​លក្ខខណ្ឌ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​២,៥​លាន​នាក់​នៅ​តាម​បណ្តា​ខេត្ត​នៃ​តំបន់​ទន្លេសាប​ ​ដូច​ជា​ខេត្ត​បន្ទាយ​មានជ័យ​ ​ខេត្ត​កំពង់ចាម​ ខេត្ត​កំពង់ធំ​ និង​ខេត្ត​សៀមរាប​ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍។

សេចក្តី​ថ្លែង​ការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បញ្ជាក់​ថា​ ​គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការ​អភិវឌ្ឍ​កសិកម្ម​ខ្នាត​តូច​នៅ​តំបន់​ទន្លេសាប​នឹង​ជួយ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​ជនបទ​ ​ដើម្បី​បង្កើន​ផលិត​ភាព​កសិកម្ម ​និង​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ផលិត​ផល​ទៅ​កាន់​ទីផ្សារ​ ​ការ​កែ​លម្អ​លក្ខខណ្ឌ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ជនបទ​ ​ពង្រឹង​សេវា​កម្ម​ហិរញ្ញ​វត្ថុ​តាម​ជនបទ​សម្រាប់​កសិកម្ម​ខ្នាត​តូច ​និង​អភិវឌ្ឍ​គោល​នយោបាយ​សម​ស្រប​និង​បទបញ្ញត្តិ​នានា​ ​ដើម្បី​គាំទ្រ​សហគមន៍​កសិកម្ម​ខ្នាត​តូច។

លោក​ស្រី​ចំរុង ​អាយុ​៥៤ឆ្នាំ ​នៅ​ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់ស្វាយ​ ​ខេត្ត​កំពង់ធំ​ ​បាន​ថ្លែង​ថា​ ​អ្នក​ភូមិ​ភាគ​ច្រើន​មាន​មុខរបរ​នេសាទ​សម្រាប់​លក់​យក​ប្រាក់​ទិញ​អង្ករ​បរិភោគ​ប្រចាំ​ថ្ងៃ​ ​ហើយ​ជីវភាព​របស់​អ្នក​ភូមិ​ភាគ​ច្រើន​ប្រឈម​នឹង​ភាព​ក្រីក្រ។

«ខ្ញុំ​ធ្វើ​នេសាទ​បាន​បី​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ​ដែល​លក់បាន​ប្រមាណ​៣.០០០​រៀល​នៅ​ពេល​ត្រី​ឡើង​ថ្លៃ»។

លោក​ស្រី​ម៉យ លេ ​អាយុ​៤៥​ឆ្នាំ ​នៅ​ឃុំ​ដំណាក់​ចាស់​ ​ស្រុក​ក្រឡាញ់​ ​ខេត្ត​សៀមរាប​ ​បាន​និយាយ​ថា​ លោក​ស្រី​ចង់​ឱ្យ​រដ្ឋា​ភិបាល​ជួយ​អភិវឌ្ឍ​ផ្លូវ​ថ្នល់​សម្រាប់​ដឹក​ស្រូវ​យក​ទៅ​លក់​នៅ​ទីផ្សារ​និង​បណ្តុះបណ្តាល​ជំនាញ​អំពី​របៀប​ធ្វើស្រែ​ដើម្បី​ឱ្យ​ទិន្នផល​ខ្ពស់ ​និង​អំពី​របៀប​ចិញ្ចឹម​ត្រី​សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​តំបន់​នេះ។

«រដ្ឋា​ភិបាល​អាច​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​នេះ​បាន។​ រដ្ឋា​ភិបាល​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​តំបន់​នេះ​បាន​ហើយ។​ រដ្ឋា​ភិបាល​អភិវឌ្ឍ​ផ្លូវ​សម្រាប់​ដឹក​ទិន្ន​ផល​ស្រូវ​បន្តិច​បន្តួច​យក​ទៅ​លក់​ស្រួល​ ​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​ភូមិ​ទាំង​អស់​សប្បាយ​រីករាយ។ ​បើ​ទឹក​ទន្លេ​ឡើង​ខ្លាំង​ ​វា​លិច​ដំណាំ​ស្រូវ​ខូច​អស់»។

ក្រុម​មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា​ ​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នៃ​តំបន់​ទន្លេសាប​មាន​ជីវភាព​ក្រខ្សត់​ ​ដោយ​ការ​ធ្វើ​ស្រែ​ ​និង​ការ​នេសាទ​ចិញ្ចឹម​ជីវិត​ ​ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ទាប​ ​គ្មាន​លទ្ធ​ភាព​បញ្ជូន​កូន​ទៅ​សាលា​រៀន ​ហើយ​ក្មេង​ ​ដែល​មិន​ទៅ​សាលា​រៀន​ ​បាន​ជួយ​រក​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​ ​ផ្ទៃ​ដី​ធ្វើ​ស្រែ​មិន​គ្រប់គ្រាន់ ​និង​ទិន្ន​ផល​ស្រូវ​ទាប​ ​ហើយ​និង​កំណើន​ប្រជា​ពលរដ្ឋ​ដែល​ជា​បន្ទុក​នៃ​ភាព​ក្រីក្រ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ផ្តល់​ហិរញ្ញ​ប្បទាន​សហ​ប្រតិបត្តិការ​សរុប​ជាង​១៦​លាន​ដុល្លារ​អាមេរិក​ នៅ​ក្នុង​ឆ្នាំ២០០៩​ ​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ប្រាក់​កម្ចី​ ​ជំនួយ​ឥត​សំណង​ ​ប្រាក់​ធានា​កម្ម​វិធី​សម្រប​សម្រួល​ហិរញ្ញ​វត្ថុ​ ​ពាណិជ្ជ​កម្ម​ ​ការ​វិនិយោគ​ភាគហ៊ុន​ ​និង​គម្រោង​ជំនួយ​ផ្នែក​បច្ចេក​ទេស៕

XS
SM
MD
LG