ធនាគារអភិវឌ្ឍន៍អាស៊ីបានប្រកាសផ្តល់៥០០លានដុល្លារអាមេរិកដល់កម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋាភិបាលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចដ៏ទូលាយ និងកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលបីឆ្នាំខាងមុខនេះ។
រដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីបានបង្កើតភាពជាដៃគូសម្រាប់ឆ្នាំ២០១១ដល់ឆ្នាំ២០១៣ដែលដាក់ចេញនូវយុទ្ធសាស្ត្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅកម្ពុជាស្របជាមួយនឹងអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា។ យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសនេះបង្ហាញពីផែនការវិនិយោគធនធានប្រមាណ៥០០លានដុល្លារអាមេរិករបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី។
លោក ភីធ័រ ប្រ៊ិមបល (Peter Brimble) សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅទីស្នាក់ការធនាគារអភិវឌ្ឍន៍អាស៊ីថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសនេះដាក់ចេញនូវផែនទីបង្ហាញផ្លូវប្រកបដោយមហិច្ឆតាមួយ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្រីក្រកម្ពុជាតាមរយៈការអភិវឌ្ឍជនបទតាមបែបរួមផ្តុំ។ លោកថ្លែងដូច្នេះថា៖
«វិភាជន៍ហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដល់កម្ពុជាសម្រាប់រយៈពេលបីឆ្នាំបន្ទាប់ និងចំនួនទឹកប្រាក់សរុបដែលយើងនឹងរៀបចំធ្វើកម្មវិធី គឺមានប្រមាណ៥០០លានដុល្លារសម្រាប់រយៈពេលបីឆ្នាំ»។
សេចក្តីថ្លែងការណ៍ បញ្ជាក់ថាការអភិវឌ្ឍជនបទតាមបែបរួមផ្តុំដែលផ្តោតការយកចិត្តទុកដាក់លើភាពប្រកួតប្រជែងរបស់កសិដ្ឋាន សហគ្រាសពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធជនបទនឹងបង្កើតការងារ បង្កើនចំណូល និងលើកកម្ពស់សន្តិសុខស្បៀង ព្រមទាំងបន្តកែលម្អរប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កើន
ផលិតភាពកសិកម្មដែលជាការគាំទ្រគោលនយោបាយផលិតកម្មស្រូវ និងជំរុញការនាំចេញអង្កររបស់រដ្ឋាភិបាល ហើយការពង្រឹងទំនាក់ទំនងរវាងទីក្រុងនិងជនបទ ដូចជាការភ្ជាប់ទំនាក់ទំនក្នុងប្រទេសជាមួយប្រទេសជិតខាង។
លោក ភីធ័រ ប្រ៊ិមបល បានបញ្ជាក់យ៉ាងដូច្នេះថា៖
«នេះជាយុទ្ធសាស្ត្រដ៏សំខាន់។ ធនាគារអភិវឌ្ឍន៍អាស៊ីមានគោលបំណងគាំទ្ររដ្ឋាភិបាលក្នុងការដោះស្រាយភាពក្រីក្រ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ វាជាយុទ្ធសាស្ត្រកោង ហើយយើងគ្រោងនឹងធ្វើកិច្ចការនេះតាមរយៈគោលដៅយុទ្ធសាស្ត្រពីរ៖ ទី១ គឺកំណើនសេដ្ឋកិច្ចដែលមានមូលដ្ឋានធំទូលាយ ដោយព្យាយាមធានាថា យើងអាចគាំទ្រកំណើននេះ ក៏ប៉ុន្តែកំណើននេះនឹងរីករាលដាល ក្នុងចំណោមប្រជាពលរដ្ឋ។ ទី២ រៀបចំអន្តរាគមន៍សំដៅជំរុញការអភិវឌ្ឍសង្គម និងសមធម៌ រួមមានការអប់រំ ការផ្គត់ផ្គង់ទឹក និងតម្រូវការចាំបាច់ផ្សេងៗទៀត»។
លោក ភីធ័រ ប្រ៊ិមបល បានបន្តថា ដើម្បីឱ្យសម្រេចគោលដៅទាំងនោះ ធនាគារអភិវឌ្ឍន៍អាស៊ីដាក់ចេញផ្នែកអាទិភាពចំនួនប្រាំដែលធនាគារនឹងអនុវត្ត សម្រាប់រយៈពេលបីឆ្នាំបន្ទាប់ ដើម្បីលើក
កម្ពស់កំណើនសេដ្ឋកិច្ចដែលមានមូលដ្ឋានធំទូលាយ និងការអភិវឌ្ឍសង្គម និងសមធម៌។ លោកភីធ័រ ប្រ៊ិមបល បានបន្ថែមថា ផ្នែកទាំងប្រាំនេះរួមមានការដឹកជញ្ជូន ផ្លូវលំជនបទសំខាន់ៗ ការអប់រំ និងការបណ្តុះបណ្តាល ការផ្គត់ផ្គង់ទឹកស្អាត ការធ្វើឱ្យទៅជារបរជំនួញកសិកម្ម និងការគាំទ្រពហុដំណើរការសេដ្ឋកិច្ច។
លោក កង ច័ន្ទតារារ័ត្ន ប្រធានវិទ្យាស្ថានសិក្សាការអភិវឌ្ឍកម្ពុជា បានថ្លែងថាយុទ្ធសាស្ត្រភាពជាដៃគូរយៈពេលបីឆ្នាំនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីផែនការអភិវឌ្ឍន៍ច្បាស់លាស់របស់រដ្ឋាភិបាល និងផ្តល់សញ្ញាវិជ្ជមានដល់កំណើនសេដ្ឋកិច្ចដ៏ទូលំទូលាយ និងការកាត់បន្ថយភាពក្រីក្រ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«ផែនការអភិវឌ្ឍន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីជាផែនការអភិវឌ្ឍន៍ថ្នាក់តំបន់។ ការអភិវឌ្ឍនៅកម្ពុជាគ្របដណ្តប់ជាមួយការអភិវឌ្ឍក្នុងតំបន់ ដើម្បីឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចទ្រុងទ្រាយធំបាន»។
លោក ភីធ័រ ប្រ៊ិមបល បានបញ្ជាក់ថា យុទ្ធសាស្ត្រភាពជាដៃគូនេះបានកើតចេញពីការពិគ្រោះយោបល់ជាច្រើនជាមួយអ្នកពាក់ព័ន្ធទាំងអស់ និងជួបប្រជុំជាមួយរដ្ឋាភិបាល ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល៕