ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​ជនបទ​​វ័យក្មេង​ដែល​មក​បន្ត​ការសិក្សា​នៅ​ទីក្រុង​ត្រូវ​ការ​ការ​គាំទ្រ


អ្នកនាង ស្តេីង ភារ៉ុង ជំនួយការផ្ទាល់ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។ អ្នកនាង ជាស្រ្តីរស់នៅជនបទម្នាក់ដែលបានតស៊ូមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅទីក្រុងភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧។ ( រ៉ាវី សុភារ័ត្ន/VOA)
អ្នកនាង ស្តេីង ភារ៉ុង ជំនួយការផ្ទាល់ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។ អ្នកនាង ជាស្រ្តីរស់នៅជនបទម្នាក់ដែលបានតស៊ូមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅទីក្រុងភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧។ ( រ៉ាវី សុភារ័ត្ន/VOA)

ជា​រៀងរាល់​​ឆ្នាំ​​ ស្ត្រី​​​​វ័យ​ក្មេង​នៅ​តាម​ជនបទ​​ជា​ច្រើន​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ ​មក​​ទី​ក្រុង​​ភ្នំពេញ​ ហើយ​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​បទ​ពិសោធន៍​​នេះ​និយាយ​ថា​ស្ត្រី​​ត្រូវ​ការ​ការគាំទ្រ​ច្រើន។​

នារី​រាងស្តើង​ សម្បុរ​ស្រអែម​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម​ គឺ​អ្នកស្រី ស្តើង ភារ៉ុង​។អ្នក​ស្រី​នៅតែ​ចងចាំ​អារម្មណ៍​ពេល​ដែល​អ្នកស្រី​សម្រេច​ចិត្ត​ចាក​ចេញ​ពីស្រុក​កំណើតលើក​ដំបូងមក​រស់នៅ​ទីក្រុងភ្នំពេញ​ដើម្បី​បន្ត​ការសិក្សាថ្នាក់​ឧត្តម សិក្សា​ក្រោយបញ្ចប់​ថ្នាក់​វិទ្យាល័យ។

អ្នកស្រីភារ៉ុង​បានស្វះស្វែង​ជម្នះ​ឧបសគ្គ​គ្រប់​បែបយ៉ាង​ដើម្បី​បន្ត​ការសិក្សា​ ដោយ​ក្តីសុបិន្ត និង​សង្ឃឹមថា​ជីវិតរបស់ខ្លួន​នឹង​ផ្លាស់ប្តូរ​ដោយ​ការអប់រំ​ បើ​ទោះបី​ជាអ្នកស្រី​ធ្លាប់​រងគំនាបពី​សំណាក​ក្រុមគ្រួសារ​ និង​អ្នកជិត​ខាងក៏​ដោយ។

អ្នកស្រីភារ៉ុងរំឭកអំពីអតីត​កាល​៖​

«ឪពុកម្តាយ​ខ្ញុំ​អត់​ចង់ឱ្យ​ខ្ញុំ​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​ទេ​ ​ដោយសារតែគាត់​បារម្ភ​ថាខ្ញុំ​រស់​នៅ​ម្នាក់ឯង​»​។

អ្នកស្រី​បន្ត​ថា​៖

«ចំពោះ​អ្នកជិតខាង​វិញ​ គេ​តែង​និយាយ​ថា​ទៅ​រៀន​នៅ​ភ្នំពេញ​គឺ​គេ​អត់​គិតថា​យើង​មក​រៀន​ទេ​ គឺ​គេ​គិតថា​យើង​មក​ធ្វើអីផ្សេង​ដែល​សង្គម​ស្អប់ខ្ពើម​ ដោយ​ពាក្យសម្តី​រើសអើង​ផ្សេងៗ​ ដែល​មើល​មក​ឃើញថា​យើង​មករស់នៅ​ទីក្រុង​ភ្នំពេញ​ម្នាក់ឯងចឹង​គឺជា​ស្ត្រី​មិនល្អ​»​។

ជា​ទូទៅ​ ​ស្ត្រី​ខ្មែរ​ក្រីក្រមួយចំនួន​ដែល​ចាក​ចេញពីស្រុក​កំណើត​មករស់​នៅ​ទីក្រុង តែង​ត្រូវ​បាន​គេវាយ​តម្លៃ​ថា​ ពួកគេ​មក​ប្រកប​របរ​ផ្នែក​បម្រើ​សេវា​កម្សាន្ត ​ដើម្បី​ជីវភាព​។​

ក្នុង​កំឡុង​ពេល​ដែល​អ្នកស្រីភារ៉ុងមករស់នៅ​ទីក្រុង​តែឯង​ ​ដោយ​ផ្សងព្រេងនាង​ជួល​ផ្ទះ​ស្នាក់​នៅក្នុង​តម្លៃ ២០ដុល្លារ​ក្នុងមួយខែ​ ដោយ​រស់​នៅ​តែ​ម្នាក់ឯង​។​

«ផ្ទះ​ហ្នឹង​បើ​ច្រាន​តែ​ដៃ​មួយ​ក៏​ទៅ​ដែរ​ ខ្ញុំ​រស់នៅ​ជាមួយ​សត្វ​ជាច្រើន​ដូចជា​កន្លាត​កណ្តុរ​អីអញ្ចឹង​”​។

រូបឯកសារ៖ កម្មការិនីរោងចក្រទិញម្ហូបចម្អិនស្រាប់នៅទិដ្ឋភាពនៃបន្ទប់ស្នាក់នៅជួលរបស់កម្មកររោងចក្រនៅតំបន់ផ្លូវវេងស្រេង កាលពីថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ​២០១៥។ (ស៊ូ ពិសែន/VOA)
រូបឯកសារ៖ កម្មការិនីរោងចក្រទិញម្ហូបចម្អិនស្រាប់នៅទិដ្ឋភាពនៃបន្ទប់ស្នាក់នៅជួលរបស់កម្មកររោងចក្រនៅតំបន់ផ្លូវវេងស្រេង កាលពីថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ​២០១៥។ (ស៊ូ ពិសែន/VOA)

អ្នកស្រីរៀបរាប់​បន្ត​ទាំង​ទឹក​មុខ​ស្វាហាប់ថា​៖​

«​ខ្ញុំ​អត់ខ្លាច​ទេ​ព្រោះអី​ខ្ញុំ​កើតមក​ខ្ញុំ​ធ្លាប់​ស្គាល់​អស់​ហើយ​។​ ​ប៉ុន្តែ​ពេល​ណា​ដែល​យើង​រស់នៅ​ម្នាក់​ឯង ​ហើយ​ជុំវិញ​ខ្លួន​សុទ្ធ​តែ​អ្នកផឹក​អ្នក​ស៊ីដែល​ធ្វើ​ឱ្យ​យើង​ខ្លាច​នៅ​ពេល​យប់​ដែល​យើង​ស្នាក់​នៅ​ អញ្ចឹង​រាល់យប់​ដែល​ខ្ញុំ​គេង​ខ្ញុំ​មាន​អារម្មណ៍​ខ្លាច​រហូត​ ខ្ញុំ​ខ្លាច​[អំពី]​ ​សុវត្ថិភាព​ខ្លួនឯង​”​។

ក្រោយការព្យាយាម​ជំនះ​បញ្ហាប្រឈម​ទាំងនេះ ​អ្នកស្រី​ភារ៉ុងបាន​បញ្ចប់​បរិញ្ញាប័ត្រ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រសេដ្ឋកិច្ច​ ហើយ​ក្លាយ​ជា​មនុស្ស​ដំបូង​ក្នុង​គ្រួសារ​ដែល​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ។

បញ្ហា​ដែល​ ស្ត្រី​វ័យ​២៤ឆ្នាំ​រូបនេះ​ជួប​ប្រទះ​គឺ​ មិន​ខុស​ឆ្ងាយ​ពី​ស្ត្រីជនបទ​វ័យ​ក្មេង​ដទៃ​ទៀត​ដែល​ចាកចេញ​ពី​ស្រុក​កំណើត​មក​បន្តការ​សិក្សា​នៅ​រាជធានី​ឡើយ​។​ ​រាជ​ធានី​ភ្នំពេញ​គឺ​ជា ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់​ផ្នែកវិស័យ​ឧស្សាហកម្ម​កាត់ដេរនៅ​ប្រទេស​កម្ពុជា​ ​លូតលាស់​ផ្នែក​ទេសចរណ៍​និង​សេវាកម្ម និង​ជា​បណ្តុំ​នៃ​គ្រឹះស្ថាន​អប់រំ​ជា​ច្រើន​។

យោងតាម​ផែនការណ៍​នារីរតនៈទី៤​ សេចក្តី​សង្ខេប​ទី៤​ទាក់ទង​នឹង​វិស័យ​អប់រំ​ ចេញ​ផ្សាយ​ដោយ​ក្រសួង​កិច្ចការនារី​ បាន​បង្ហាញ​ថា​ ​កត្តាសង្គម​ ​វប្បធម៌​ និង​សេដ្ឋកិច្ច​ជា​បញ្ហាប្រឈម​ក្រៅ​ប្រព័ន្ធ​អប់រំ​ចំពោះ​ក្មេងស្រី​ក្នុងការក្រេប​ជញ្ជក់​ចំណេះ​ដឹង​។​ ក្នុងនោះ​ក៏​បាន​សរសេរ​ផងដែរថា​ បទដ្ឋាន​សង្គម​លើ​ទំនាក់ទំនង​យេនឌ័រ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏ចម្បង​ដែល​រារាំង​ដល់​ការ​បង្កើន​ឱកាស​ដល់​ស្ត្រី​ និង​ក្មេងស្រី​ក្នុងការ​ទទួល​បាន​នូវ​ការអប់រំ​ និង​ការបណ្តុះ​បណ្តាល​នានា​។​

ការ​ទំនុក​បម្រុង​គ្រួសារ​ពី​ស្ត្រីចំណាកស្រុក​

បច្ចុប្បន្ន​អ្នកស្រី​ ​ស្តើង​ ​ភារ៉ុង​ ​ជា​ជំនួយការ​ផ្ទាល់​របស់​ឯកអគ្គរាជ​ទូត​ចក្រភព​អង់គ្លេស​នៅ​ភ្នំពេញ​ និង​ជា​ស្ថាបនិក​មួយ​រូប​នៃក្រុម​យុវជន​ឈ្មោះ​ថា​ ​ក្លឹប​រួបរួម​នៃ​យុវជន​កម្ពុជា​ ​ដែល​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​លើក​កម្ពស់ស្ត្រី​ និង​ការ​អប់រំ។​

របាយការណ៍​របស់​រាជរដ្ឋាភិបាល​ស្តី​អំពី​ការ​ធ្វើ​ចំណាក​ស្រុក​ពី​ជនបទ​ទៅ​ទីក្រុង​បាន​ឱ្យដឹង​ថាចំណាក​ស្រុក​បាន​កើនឡើង​ក្នុង​រយៈ​ពេល​មួយ​ទសវត្ស​ចុងក្រោយ​នេះ​ ​ដែលរួមមាន​ស្ត្រី​វ័យ​ក្មេង​ជាច្រើន​ផង​ដែរ។​ ​មួយ​ភាគ​បី​នៃស្ត្រីវ័យក្មេង​ទាំងនោះ​បាន​មក​ធ្វើ​ការងារ​ក្នុង​រោងចក្រ​កាត់​ដេរ​ ហើយ​គេ​បាន​កត់សម្គាល់​ថា ​ស្ត្រី​ចំណាក​ស្រុក​រកប្រាក់​ចំណូល​បាន​តិច​ជាង​បុរស​ដែល​ចំណាក​ស្រុក​ដូចគ្នា​ ប៉ុន្តែ​ស្ត្រី​បានផ្ញើ​ប្រាក់​កាសឱ្យទៅ​គ្រួសារ​នៅ​តាម​ជនបទ​បាន​ច្រើន​ជាង​បុរស​។

អង្គការ​មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​(UNFPA)​ បាន​កត់សម្គាល់​ឃើញ​ថា​ ស្ត្រី​ទំនង​ជា​មិន​ចំណាក​ស្រុក​ដើម្បី​បន្ត​ការ​សិក្សា​ច្រើន​ទេ​បើ​ធៀប​នឹង​បុរស។​ ​អនុសាសន៍​ក្នុង​របាយការណ៍​នេះ​ បាន​ជម្រុញឱ្យ​មាន​ការ​បង្កើត​ «កម្មវិធី​លើក​ទឹកចិត្ត​ស្ត្រី​ចំណាកស្រុកដើម្បី​ការ​សិក្សា​» ដោយ​ផ្តល់​អាហារូបករណ៍សម្រាប់​ការ​សិក្សា​ដល់​ស្ត្រី​ទាំងនោះ​ ​ពង្រឹង​សេវាថែទាំ​កុមារ និង​បន្ថែម​ប្រាក់ឈ្នួល​ដល់​ស្ត្រីចំណាកស្រុក​។ ​គេរំពឹងថា​ ​វានឹង​ផ្តល់​ផលប្រយោជន៍​សេដ្ឋកិច្ច​សង្គម​នៅ​ទូទាំង​ប្រទេស​។

រូបឯកសារ៖ ក្រុមកម្មកររោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ ក្រុមកម្មកររោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

បុរស​មាន​ឱកាស​ច្រើន​ជាងស្ត្រី​

ស្រដៀង​គ្នា​នឹង ​អ្នកស្រី​ ភារ៉ុងដែរ​ ​កញ្ញា​ ថុល​ ថាវរី​ អ្នក​និពន្ធ​សៀវភៅ «​នារីប្រពៃ»​ ​មករស់​ទីក្រុង​តែឯង។ ​កញ្ញា ថាវរី​ ​បាន​រៀបរាប់​ពី​កត្តា​រាំងស្ទះ​ក្នុងការ​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​ ដោយយល់ថា​ ក្មេងប្រុស​មាន​ឱកាស​ប្រសើរ​ជាង​ក្មេងស្រី​។

កញ្ញា​ ថាវរី​ លើកឡើង​ថា​៖​

«​ខ្ញុំ​គិតថា​ឱកាស​សម្រាប់​ក្មេងប្រុស​មាន​ច្រើន​ជាង​ ឧទាហរណ៍​បើសិន​ជា​ម៉ែឪ​មាន​លុយ​ត្រឹមតែបង់ថ្លៃ​សាលាទេ​ តែ​អត់មានលុយ​ឱ្យ​គាត់​មក​ជួលបន្ទប់​នៅ​ អញ្ចឹង​ក្មេងប្រុស​អាចសុំ​លោក​[សង្ឃ]​បាន​នៅ​។ ប៉ុន្តែ​នៅក្នុង​វត្ត​អត់មាន​កន្លែង​សម្រាប់​ឱ្យ​សិស្សស្រី​នៅ​បាន​ទេ​។​ បញ្ហា​មួយទៀត​សិស្សស្រី​ត្រូវអស់​លុយ​ច្រើន​បន្ថែមទៀត​ទៅ​លើ​ការស្នាក់​នៅ​ ហូបចុក​»។

អ្នក​និពន្ធ​រូបនេះ​រៀបរាប់​ពីបញ្ហា​ដែល​ខ្លួន​ជួប​ប្រទះ​ក្នុង​នាម​ជា​ស្ត្រិវ័យ​ក្មេង​ដែលចាក​ចេញ​ពី​ស្រុកកំណើត​មក​រស់​នៅ​ក្នុង​ទីក្រុង​។

«គំនាប​សង្គម​មាន​តាំង​ពីមុន​ខ្ញុំ​មក​ភ្នំពេញ​ម៉្លេះ​ មាន​តាំងពី​ខ្ញុំ​នៅ​រៀន[វិទ្យាល័យ]​។​ ពេល​ដែល​ខ្ញុំ​ទៅរៀន ​ភាគច្រើន​គេ​ព្យាយាម​បញ្ចុះបញ្ចូល​ម៉ែខ្ញុំ។ គាត់​ថា​ឱ្យវា[ថាវរី]​ រៀន​ធ្វើអី​ ម៉េច​មិនឱ្យវា​ធ្វើការ​រោងចក្រ​ ធ្វើអី​អញ្ចឹងទៅ​ យកលុយ​មក​ជួយ​ម៉ែឪ​។​ អញ្ចឹង​គំនាប​ខាងផ្នែក​សង្គម​ ខាង​មនុស្ស​នៅជុំវិញខ្លួន​បន្តុះ​បង្អាប់​ការទទួល​បានការ​អប់រំ​សម្រាប់ស្ត្រី»។​

ទោះជា​យ៉ាងនេះ​ក្តី​ ថាវរី​ នៅតែ​តស៊ូ​រៀនសូត្រ​រហូតបញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​ព័ត៌មាន​វិទ្យា​និង​បានទទួល​អាហារូបករណ៍​ទៅសិក្សា​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប​រយៈ​ពេល​៣ឆ្នាំ​ ​និង​បាន​សម្រេច​គោល​បំណង​ខ្លួន​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​នៅបណ្តា​ប្រទេស​ជាច្រើន​ក្នុងសាកល​លោកផងដែរ​។​

រូបឯកសារ៖ អ្នកស្រី​ សឺនកេត សិរីលក្ខណ៍ អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ​ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​«លទ្ធផល​អង្កេត​នៃ​ការ​ដាក់​បេក្ខភាព​ស្ត្រី​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី៤​» ក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃ​ទី០៩ ខែឧសភា ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ អ្នកស្រី​ សឺនកេត សិរីលក្ខណ៍ អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ​ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​«លទ្ធផល​អង្កេត​នៃ​ការ​ដាក់​បេក្ខភាព​ស្ត្រី​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី៤​» ក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃ​ទី០៩ ខែឧសភា ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

កន្លែង​សិក្សា​ និង​ស្នាក់នៅ​ដែល​មាន​សុវត្ថិភាព​

អ្នកស្រីសឺន​កេត សិរីលក្ខណ៍ អ្នក​សម្រប​សម្រួល​ផ្នែកអប់រំ​និងយេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល យល់ថា​ ​ដើម្បីសម្រួល​ដល់​ស្ត្រី​ចំណាក​ស្រុក​មកសិក្សា​នៅទីក្រុង​ រដ្ឋាភិបាល​គួរ​គិតគួរ​ធានា​សុវត្ថិភាព​ ពង្រឹង​សន្តិសុខ​ និង​ការស្នាក់នៅ​សម្រាប់ស្ត្រី។​

«គាត់​[សាលា] ​គួរ​តែមាន​កន្លែង​ឱ្យ​សិស្ស​ស្នាក់នៅ​ ហើយ​បង្ហាញ​ពី​សុវត្ថិភាព​ពិតប្រាកដ​។ សន្តិសុខ​នៅ​កន្លែង​គាត់​ស្នាក់នៅហ្នឹងឱ្យ​ច្បាស់លាស់​។»

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា​៖

«កាលណា​កន្លែងស្នាក់​ធ្វើឱ្យ​មនុស្ស​ជឿជាក់​។ ​អញ្ចឹងអារម្មណ៍​ភ័យខ្លាច​ អារម្មណ៍​ភ័យ​ព្រួយ​បារម្ភ​ហ្នឹង​ វា​នឹង​ថយ​។ អញ្ចឹង​កម្រិត​នៃ​ការរៀន​សូត្រនឹង​ក៏​បាន​ខ្លាំង​ ការ​ផ្តោត​លើ​ការសិក្សា​បាន​ខ្លាំង​ ហើយ​មួយទៀត​វា​គឹ​ជា​គម្រូភាព​មួយ​សម្រាប់​ស្ត្រី​ក្រោយៗ​។​»​

ស្ថិតិ​យេនឌ័រចម្បងៗ​របស់​ក្រសួង​កិច្ចការនារីឆ្នាំ​២០១៤​ បាន​បង្ហាញថា​ អត្រា​ចុះឈ្មោះ​ចូលរៀន​រវាង​ស្ត្រី​និង​បុរស​គឺ​ស្រដៀង​គ្នា​ទាំងនៅ​ថ្នាក់បឋម​សិក្សា និង​ថ្នាក់​អនុវិទ្យាល័យ​ ប៉ុន្តែ​មាន​គម្លាត​រវាងស្ត្រី​ និង​បុរស​នៅ​ថ្នាក់​ឧត្តមសិក្សា​។

អ្នកស្រីស្តើង​ ​ភារ៉ុងបាន​លើកទឹកចិត្ត​ឱ្យ​ក្មេង​ស្រី​នៅជនបទឲ្យ​តស៊ូ​ព្យាយាម​ និង​ចៀសវាង​ការបោះបង់​ការសិក្សា​។

«ការ​សិក្សា​គឺជា​រឿង​ដែល​សំខាន់​ ដែល​ស្ត្រី​គ្រប់រូប​គួរតែ​ទន្ទេញ​ចាំ​ជានិច្ច​នៅក្នុង​ចិត្ត​ ហើយ​កុំបោះបង់​ ព្រោះ​កាលណា​ដែល​យើង​រៀន​បានខ្ពស់​ ការមាក់ងាយ​ ការរើសអើង​គឺ​លែងមាន​ហើយ​»៕

XS
SM
MD
LG