ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំឡុង​ទស្សន​កិច្ច​លោក​ស្រី ​Hillary Clinton​នឹង​ប្រឈម​នឹង​សំណួរ​ជា​ច្រើន


លោក​ស្រី ​Hillary Clinton ​រដ្ឋមន្ត្រី​​ការ​បរទេស​​សហ​រដ្ឋ​​អាមេរិក​ ក្រោយពី​​លោកស្រី​​បាន​​​បញ្ចប់​​សន្ទរក​ថា​ ស្តីអំពី​ទំនាក់ទំនង​របស់​​សហរដ្ខ​អាមេរិក​​ជាមួយ​​តំបន់​អាស៊ីប៉ាស៊ីហ្វិក​​។
លោក​ស្រី ​Hillary Clinton ​រដ្ឋមន្ត្រី​​ការ​បរទេស​​សហ​រដ្ឋ​​អាមេរិក​ ក្រោយពី​​លោកស្រី​​បាន​​​បញ្ចប់​​សន្ទរក​ថា​ ស្តីអំពី​ទំនាក់ទំនង​របស់​​សហរដ្ខ​អាមេរិក​​ជាមួយ​​តំបន់​អាស៊ីប៉ាស៊ីហ្វិក​​។

ភ្នំពេញ៖ លោក​ស្រី ​Hillary Clinton ​រដ្ឋមន្ត្រី​ការបរទេស​សហ​រដ្ឋ​អាមេរិក ​នឹង​ប្រឈម​នឹង​សំណួរ​ជា​ច្រើន​ទាក់ទង​នឹង​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​ខណៈ​ដែល​លោក​ស្រី​សំណេះ​សំណាល​ជា​សាធារណៈ​ជាមួយ​និស្សិត​ច្រើន​រយ​នាក់​ពី​សាកល​វិទ្យាល័យ​នានា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ​គណបក្ស​ប្រឆាំង​ ​និង​អង្គការ​សង្គម​ស៊ីវិល​នឹង​លើក​ឡើង​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ​ការ​រំលោភ​ដីធ្លី​ ​ការ​ចាប់ខ្លួន​អ្នក​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ និង​ការ​ឃុំ​ខ្លួន​ និង​ការ​ចោទ​ប្រកាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​ព្រម​ទាំង​ករណី​របស់​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង។

គណបក្ស​ប្រឆាំង​ និង​អង្គការ​សង្គម​ស៊ីវិល​គ្រោង​នឹង​លើក​យក​សំណួរ​ដ៏​ពិបាកៗ​ទាក់ទង​នឹង​ការ​រំលោភ​លើ​លទ្ធិ​ប្រជាធិប​តេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​សម្រាប់​លោក​ស្រី​ Hillary​ Clinton​ រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ដែល​នឹង​មក​ទស្សន​កិច្ច​នៅ​កម្ពុជា​ជា​លើក​ទីមួយ​នៅ​ថ្ងៃ​សៅរ៍​នេះ។

លោក​ស្រី​ Hillary​ Clinton ​នឹង​ធ្វើ​ទស្សន​កិច្ច​ជា​ផ្លូវការ​លើក​ទី​មួយ​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ដល់​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ ​បន្ទាប់​ពី​ទស្សន​កិច្ច​របស់​លោក​ Colin Powell​ អតីត​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៣ ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​ភ្នំពេញបាន​បញ្ជាក់​ថា​ ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី​ Hillary ​Clinton​ មានបំណង​បញ្ជូន​សារ​មួយ​យ៉ាង​ច្បាស់​លាស់​ពី​ការ​បន្ត​ការ​ចូល​រួម​របស់​សហ​រដ្ឋ​អាមេរិក​ជា​មួយ​ប្រទេស​កម្ពុជា។

ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​ ​លោក​ស្រី​ Hillary ​Clinton​ គ្រោង​នឹង​ជួប​ពិភាក្សា​ដាច់​ដោយ​ឡែក​ពីគ្នា​ជា​មួយ​ព្រះ​មហា​ក្សត្រ​ ​នរោត្តម​សីហមុនី​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ហោ ណាំហុង​ ​សមាជិក​គណបក្ស​ប្រឆាំង​ ​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ ព្រម​ទាំង​សំណេះ​សំណាល​ជាមួយ​សិស្ស-និស្សិត​ និង​អ្នក​ផ្សេងៗ​ទៀត​ដែល​នឹង​អនុញ្ញាត​ឱ្យ​ អ្នក​ចូលរួម​មាន​ឱកាស​ដើម្បី​ចោទ​សួរ​លោកស្រី​ពីបញ្ហា​ដែល​គេ​ចង់​ដឹង។

សុខ​ សម្ផស្សលីកា​ និស្សិត​ឆ្នាំ​ទី​ពីរ​នៃ​វិទ្យាស្ថាន​ភាសា​បរទេស​ ​បាន​និយាយ​ថា​ នាង​នឹង​លើក​យក​សំណួរ​មួយ​ចំនួន​ទាក់ទង​នឹង​លទ្ធិ​ប្រជាធិប​តេយ្យ​ ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​ច្បាប់។

នៅ​ពេល​ដែល​ខ្ញុំ​ចូល​ជួប​ជា​មួយ​នឹង​គាត់ ​(លោកស្រី​ Hillary Clinton)​ ​ខ្ញុំ​នឹង​លើក​យក​សំណួរ​ខ្លះ​ដែល​ជា​សំណួរ​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន។​ ខ្ញុំ​ចង់​សួរ​គាត់​ថា​ ​តើ​លោកស្រី​មាន​យុទ្ធ​សាស្ត្រ​បែបណា​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ដែល​មាន​ឈ្មោះ​ប្រជាធិប​តេយ្យ​នោះ​ ​ជា​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

លោក​អំ សំអាត​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Licadho​ បានថ្លែង​ថា​ ​អង្គការ​សិទ្ធិ​មនុស្ស​ចង់​ជម្រាប​ជូន​លោកស្រីអំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ ​ដូច​ជា​ ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ដោយ​គ្មាន​សំណង​សមរម្យ​ ​បញ្ហា​ជម្លោះ​ដីធ្លី​ ​ការ​ចាប់​ប្រជា​ពលរដ្ឋ​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ដាក់​ពន្ធនាគារ​ដោយ​តុលាការ​ ​ការ​ប្រើប្រាស់​តុលាការ​ដើម្បី​គាប​សង្កត់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ​ ​ការ​ដង្ហែ​ក្បួន​ និង​ការ​បញ្ចេញមតិ​ ការ​ឃុំខ្លួន​ និង​ការ​ចោទ​ប្រកាន់​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន។

យើង​សុំ​ឱ្យ​លោកស្រី​ Hillary Clinton​ ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​យ៉ាងណា​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​គោរព​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស។​ ការ​គោរព​សិទ្ធិ​មនុស្ស​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​ប្រកាន់​ប្រជាធិប​តេយ្យ​ និង​នីតិ​រដ្ឋ​ពិត​ប្រាកដ។

លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី​ បាន​ថ្លែង​ថា​ ​គណបក្ស​ប្រឆាំង​នឹង​ស្នើ​សុំ​ដល់​លោកស្រី​ Hillary Clinton​ ផ្តល់​យោបល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជាគោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ត្រឹមត្រូវ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ការពារ​សិទ្ធិ​មនុស្ស​ ​បូរណភាព​ទឹកដី​ខ្មែរ​ ​ការពារ​មិន​ឱ្យ​តុលាការ​រំលោភ​សិទ្ធិ​មនុស្ស។

គណបក្ស​សម រង្ស៊ីនឹង​លើក​ករណី​លោក​សម រង្ស៊ី ដើម្បី​រក​ដំណោះស្រាយ​ជាតិ និង​អន្តរ​ជាតិ​ ដើម្បី​ជំរុញ​ឱ្យ​ឯកឧត្តម​សម រង្ស៊ី​វិល​ត្រឡប់​មក​បំពេញ​កាតព្វ​កិច្ច​ជូន​ប្រទេស​ជាតិ​វិញ​ដោយ​សុវត្ថិភាព។

លោក​ផៃ ស៊ីផាន ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ធ្លាប់​បាន​ថ្លែង​ក្នុង​សប្តាហ៍​នេះ​ថា​ ​ប្រទេស​កម្ពុជា​បាន​បើក​ចំហ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​គោរព​សិទ្ធិ​មនុស្ស។

លោក​ផៃ ស៊ីផាន​បានបញ្ជាក់​ថា ករណី​របស់​លោក​សម រង្ស៊ី ​គឺ​ជា​ករណី​របស់​តុលាការ។​ ប្រទេស​កម្ពុជា​មាន​អធិប​តេយ្យ​ភាព​ និង​គ្មាន​ប្រទេស​ណា​មួយ​អាច​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​បាន​ទេ។

ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​នេះ​ ​លោកស្រី​ Hillary​ Clinton​ នឹង​ធ្វើ​ទស្សន​កិច្ច​តំបន់​ប្រាសាទ​អង្គរ​វត្ត​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភ័ណ្ឌ​ពិភព​លោក​ និង​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​ដែល​លោកស្រី​នឹង​ពិនិត្យ​ប្រវត្តិ​សាស្ត្រ​នៃ​របប​ខ្មែរក្រហម​ និង​ដំណើរ​វិវត្តិ​នៃ​សាលាក្តី​ខ្មែរក្រហម​ដែល​មាន​ការ​គាំទ្រ​ពី​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG