ភ្នំពេញ៖ ក្រុមតំណាងរាស្ត្របក្សប្រឆាំងលើកឡើងថា អនុប្រធានរដ្ឋសភាកម្ពុជាម្នាក់មានទីប្រឹក្សារហូតដល់ជាង៧០នាក់។ ចំនួនទីប្រឹក្សាដ៏ច្រើនសន្ធឹកសន្ធាប់នេះបានធ្វើឲ្យខ្ជះខ្ជាយថវិកាជាតិយ៉ាងច្រើន។
ក្រុមអ្នកតំណាងរាស្ត្រចំនួន១១រូបមកពីគណបក្សជំទាស់សម រង្ស៊ី បានលើកឡើងថា លោកងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភាបច្ចុប្បន្នមានទីប្រឹក្សារហូតដល់៧១នាក់ ដែលចំនួនទីប្រឹក្សាដ៏ច្រើននេះ បានធ្វើឲ្យខាតបង់ថវិកាជាតិយ៉ាងសម្បើម។
នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៧ ខែសីហាផ្ញើរជូនលោកហេង សំរិន ប្រធានរដ្ឋសភាក្រុមអ្នកតំណាងរាស្រ្តខាងគណបក្សសម រង្ស៊ីទាំងនោះដែលរួមមានលោកសុន ឆ័យ លោកជា ប៉ូច លោកយន្ត ថារ៉ូ លោកហូ វ៉ាន់ លោកអេង ឆៃអ៊ាង លោកឡុង រី លោកប៉ែន សុថាវរិន្ទ្រ លោកជីវ កត្តា លោកឃី វណ្ណដេត លោកគួយ ប៊ុនរឿន និងលោកស្រីថាក់ ឡានី បានសរសេរថា ថវិកាជាតិចំនួនជាង១១២លានរៀល ឬស្មើនឹងជាង២ម៉ឺន៦ពាន់ដុល្លាររអាមេរិកក្នុងមួយខែៗ ត្រូវបានចំណាយទៅលើទីប្រឹក្សាទាំង៧១នាក់របស់លោកងួន ញ៉ិល។ ក្នុងចំណោមទីប្រឹក្សាទាំងនោះ ក៏មានរួមទាំងអ្នកតំណាងរាស្ត្រ លោកញ៉ែម ថ្ថាវី ដែលត្រូវជាប្អូនថ្លៃរបស់លោកងួន ញ៉ិលផងដែរ។
តាមរយៈលិខិតដដែលនេះ ក្រុមអ្នកតំណាងរាស្រ្តខាងគណបក្សជំទាស់ក៏បានស្នើឲ្យប្រធានរដ្ឋសភា លោកហេង សំរិនពន្យល់ពីការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើទីប្រឹក្សារបស់លោកងួន ញ៉ិល និងស្នើឲ្យរដ្ឋសភាចាត់វិធានការជាបន្ទាន់«ដើម្បីបញ្ឈប់ភាពមិនប្រក្រតីនេះ»។
លោកសុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រខាងគណបក្សសម រង្ស៊ី បានថ្លែងថា កន្លងមករដ្ឋាភិបាលតែងតែអះអាងអំពីការខ្វះខាតថវិកាសម្រាប់ជួយតម្លើងប្រាក់ខែដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែបែរជាមានប្រាក់សម្រាប់ចំណាយទៅលើទីប្រឹក្សាដ៏ច្រើនសន្ធឹកសន្ធាប់របស់ថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិនេះទៅវិញ។
«វាជាការតែងតាំងហួសហេតុ។ ខ្ញុំមិនដឹង ថាតើក្នុងពិភពលោកនេះមានប្រទេសណាមួយដែលអនុប្រធានសភាមានទីប្រឹក្សាដល់៧១រូប មិនដឹងជាទីប្រឹក្សានោះទៅអង្គុយធ្វើការកន្លែងណា»។
ចំនួនទីប្រឹក្សាពិតប្រាកដនៅក្នុងស្ថាប័នរដ្ឋសភាពុំត្រូវបានប្រកាសជាសាធារណៈទេ។
លោកសុន ឆ័យមានប្រសាសន៍បន្ថែមថា ទីប្រឹក្សាភាគច្រើនពុំបានធ្វើការងារផ្តល់យោបល់ដល់រដ្ឋសភានោះទេ គឺពួកគេគ្រាន់តែមកបើកប្រាក់បំណាច់ និងយកតួនាទីនេះដើម្បីការពារមុខរបររកស៊ីរបស់ពួកគេប៉ុណ្ណោះ។
លោកងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា លោកបានតែងតាំងទីប្រឹក្សាទាំងនេះ ដើម្បីជួយសម្រួលការងាររបស់លោក ជាអ្នកតំណាងរាស្ត្រ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពខ្ពស់ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
«ទីប្រឹក្សាដែលធ្លាប់បម្រើការងារខ្ញុំ ហើយគ្មានតួនាទីឯណាទៀតនោះ ហើយមានបទពិសោធន៍និងចំណេះដឹងទូទៅច្រើនផង ខ្ញុំក៏បានចាប់ផ្តើមតែងតាំងទីប្រឹក្សាដែលធ្លាប់បម្រើការងារឲ្យខ្ញុំមានប្រសិទ្ធិភាព ពីព្រោះខ្ញុំគ្រប់គ្រងខេត្តបីបួន ហើយមានករណីរាប់រយដែលត្រូវមានទីប្រឹក្សាហ្នឹងចុះទៅដោះស្រាយនៅមូលដ្ឋាន បានជោគជ័យជូនប្រជាពលរដ្ឋ និងប្រទេសជាតិយើង»។
លោកងួន ញ៉ិលមានប្រសាសន៍បន្ថែមថា ការតែងតាំងអ្នកតំណាងរាស្រ្តលោកញ៉ែម ថ្ថាវីដែលត្រូវជាប្អូនថ្លៃរបស់លោកនោះ ឲ្យធ្វើជាទីប្រឹក្សាដែរនេះ គឺមិនមែនជាបញ្ហាបក្ខពួក ឬគ្រួសារនិយមនោះទេ ប៉ុន្តែគឺដោយសារលោកញ៉ែម ថ្ថាវីជាមនុស្សដែលមានសមត្ថភាពអាចជួយកិច្ចការងាររបស់លោកបាន។
បច្ចុប្បន្ន ដោយមិនរាប់បញ្ចូលចំនួនទីប្រឹក្សាផងនោះ ប្រទេសកម្ពុជាមាននាយករដ្ឋមន្រ្តីម្នាក់ ឧបនាយករដ្ឋមន្រ្តីចំនួន១០នាក់ ទេសរដ្ឋមន្រ្តីចំនួន១៧នាក់ រដ្ឋមន្រ្តីចំនួន២៦នាក់ និងរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការប្រមាណជាង៣០០នាក់។ ប៉ុន្តែគេមិនដឹងពិតប្រាកដពីចំនួនទីប្រឹក្សាឬជំនួយការរបស់ថ្នាក់ដឹកនាំ សមាជិក និងមន្រ្តីរដ្ឋាភិបាលទាំងអស់នេះទេ។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែយកថវិកាដែលចំណាយទៅលើទីប្រឹក្សាដែលមិនធ្វើការនេះ ទៅប្រើប្រាស់បម្រើផលប្រយោជន៍ជាតិវិញ។
លោកបន្ថែមថា បញ្ជីឈ្មោះទីប្រឹក្សាទាំងអស់គួរតែត្រូវបានប្រកាសជាសាធារណៈដើម្បីឲ្យមានតម្លាភាពក្នុងការចំណាយថវិកាជាតិទៅលើពួកគេទាំងនោះ៕