ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

១០​ឆ្នាំនៃដំណើរការ​ ហាង​កាហ្វេ Java ជាទីប្រជុំ​ស្នាដៃសិល្បៈ


រូបគំនូរ​មួយ​ផ្ទាំង​ដែល​បាន​ដាក់​តាំងនៅ​វិចិត្រ​សាល​​ និង​​ហាង​​​កាហ្វេ​ Java​ ក្នុង​ពិធី​ប្រារព្ធ​​ខួប​ ​១០ឆ្នាំ​​នៃ​ការបង្កើត​ហាង​កាហ្វេ​នេះ។ Java​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ ស្ត្រី​ជនជាតិ​អាមេរិកាំងម្នាក់​ឈ្មោះ​ Dana Langlois។
រូបគំនូរ​មួយ​ផ្ទាំង​ដែល​បាន​ដាក់​តាំងនៅ​វិចិត្រ​សាល​​ និង​​ហាង​​​កាហ្វេ​ Java​ ក្នុង​ពិធី​ប្រារព្ធ​​ខួប​ ​១០ឆ្នាំ​​នៃ​ការបង្កើត​ហាង​កាហ្វេ​នេះ។ Java​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ ស្ត្រី​ជនជាតិ​អាមេរិកាំងម្នាក់​ឈ្មោះ​ Dana Langlois។

ភ្នំពេញ៖ ហាង Java ​គឺជាវិចិត្រ​សាល​ និង​ហាងកាហ្វេ​មួយក្នុង​ទីក្រុង​ភ្នំពេញដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ត្រី​ជនជាតិ​អាមេរិកាំងម្នាក់​ឈ្មោះ​ Dana Langloisដើម្បី​រកប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត​ផង ​និង​ជួយ​លើកកម្ពស់​ស្នាដៃ​សិល្បករ​ខ្មែរ​វ័យ​ក្មេង​ចាប់​តាំង​ពីឆ្នាំ២០០០​មក។ ដោយ​ស្ថិត​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ ទី​ដែល​សម្បូរ​ទៅ​ដោយ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ ហាង​របស់​អ្នកស្រី​Dana បាន​ផ្តល់​ឱកាស​ដល់​សិល្បករ​ខ្មែរ​ដាក់​តាំង​ស្នាដៃ​សិល្បៈ​នៅ​ទីនោះ​ដោយឥត​គិតថ្លៃ​ សំដៅ​ជួយ​បណ្តុះ​បណ្តាល​សមត្ថភាព​ ចំណេះដឹង​ ការច្នៃ​ប្រឌិត​ និង​ការយល់​ដឹង​ពី​ការគូរ​គំនូរ​ផ្សេងៗ​សម្រាប់​ឱ្យ​ភ្ញៀវ​បរទេស​ទស្សនា។

ក្រុម​វិចិត្រករ​ខ្មែរ​វ័យ​ក្មេង​បាន​កោតសរសើរ​ដល់​អ្នកស្រី​ Dana Langlois ចំពោះ​ការជួយ​ដាក់​តាំង​ពិព័រណ៌​ស្នាដៃ​សិល្បៈ​របស់​ពួកគេ​សម្រាប់​បង្ហាញ​សហគមន៍​អន្តរជាតិ​នៅ​ក្នុង​ហាង កាហ្វេ​ Java ​របស់​អ្នកស្រីអស់​រយៈពេល​១០ឆ្នាំ​កន្លង​មក​នេះ។

អ្នកស្រី ​Dana ​បាន​បើក​ហាង​កាហ្វេ ​និង​វិចិត្រសាល​ Java ​ដើម្បី​រួម​វិភាគទាន​ដល់​សហគមន៍​សិល្បៈ​ខ្មែរ ​និង​ជំរុញ​លើកទឹកចិត្ត​សិល្បករ​ខ្មែរ​វ័យក្មេង​ឱ្យ​សម្តែង​នូវ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី ​និង​បើក​ចំហ។ អ្នកស្រី​នឹង​ប្រារព្ធ​ខួប​១០ឆ្នាំ​នៃ​ការបង្កើត​ហាង​កាហ្វេ​ Java នេះ​នៅថ្ងៃ​សៅរ៍។

ប្រទេស​កម្ពុជា​ បាន​ទទួល​រង​នូវ​ការបាត់បង់​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​ស្ទើរតែ​ទាំងស្រុង​បន្ទាប់ពី​របប​ខ្មែរ​ក្រហម​ត្រូវបាន​ដួល​រលំ​នៅក្នុង​ឆ្នាំ១៩៧៩។

អ្នកស្រី​ Dana Langlois ​បាន​ថ្លែង​ប្រាប់​វីអូអេសំឡេង​សហរដ្ឋ​អាមេរិក​ថា ​ស្នាដៃ​សិល្បៈ​របស់​សិល្បករ​ខ្មែរ​វ័យក្មេង​មួយចំនួន​ត្រូវ បាន​យកមក​ដាក់​តាំង​ពិព័រណ៌​នៅ​ Java ​និង​បាន​ដើរ​តួនាទី​ដ៏សំខាន់​នៅក្នុង​ឆាក​សិល្បៈ​កម្ពុជា។

ស្នាដៃ​សិល្បៈ​ខ្មែរ​ត្រូវបាន​ដាក់តាំង​នៅ​ Java ​នេះ​ ដើម្បី​លើក​ឡើង​ពីការ​អភិវឌ្ឍ​វប្បធម៌​ខ្មែរ​ ការអភិវឌ្ឍ​និង​ការអភិរក្ស​បរិស្ថាន​ធម្មជាតិ ​និង​ដំណើរ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាដើម។

លោក ​លាង ស៊ីកន ​វិចិត្រករ​ខ្មែរ​ល្បី​ម្នាក់​បាន​ថ្លែង​ប្រាប់​វីអូអេថា Java ​គឺជា​មជ្ឈមណ្ឌល​សម្រាប់​បណ្តុះ​បណ្តាល​អាជីព​សិល្បៈ​ និង ផ្តល់​យោបល់​ដល់​ការបង្កើត​ការច្នៃប្រឌិត​ និង​ការដាក់តាំងពិព័រណ៌​នៃ​ស្នាដៃ​សិល្បៈ​ថ្មី​ ដល់​សិល្បករ​ខ្មែរ​វ័យ​ក្មេង​ព្រមទាំង​ជា​មជ្ឈមណ្ឌល​សម្រាប់​សិល្បករ​ខ្មែរ​វ័យក្មេង​សិក្សា​ស្នាដៃ​សិល្បៈ​មកពី​ប្រទេស​ផ្សេងៗ។

លោក ស៊ីកន​បាន​បញ្ជាក់ថា៖

«ខ្ញុំ​គិត​ថា​អ្នកស្រី​ដាណា​មាន​តួនាទី​ដ៏សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍសិល្បៈ​ទំនើប​ចាប់​តាំង​ពី​ឆ្នាំ២០០០​មក​ដល់​ឥឡូវនេះ។ ពេលនោះ​ហើយ​ប្រទេស​ផ្សេងៗ​បាន​មក​ឃើញ​ការផ្លាស់ប្តូរ​របស់​សិល្បករ​ខ្មែរ ​ដែល​ចាប់ផ្តើម​ពីការ​ស្លាប់ដោយសារ​សង្គ្រាម​និង​បាន​លូតលាស់​ឡើងវិញ​រហូត​ដល់​ឥឡូវនេះ»។

លោក ​លាង ស៊ីកន ​បាន​បន្ថែមថា ​លោក​បាន​ដាក់តាំង​ស្នាដៃ​សិល្បៈ​គំនូរ​របស់​លោក​ប្រមាណ​ ១០០ ផ្ទាំង​នៅ​ Java ​ក្នុង​រយៈពេល​១០ឆ្នាំ​កន្លង​មកនេះ​ ហើយ​គំនូរ​មួយផ្ទាំង​របស់​លោក​មានត​ម្លៃ​១០.០០០ ដុល្លារ​អាមេរិក។

«ខ្ញុំ​អភិវឌ្ឍ​ (អាជីព​គូរ​គំនូ​រ) មក​ក្លាយ​ខ្លួន​ជា​សិល្បករ​មាន​ឈ្មោះ​នៅ​ប្រទេស​កម្ពុជា​ ហើយ​ឥឡូវ​ខ្ញុំ​បាន​ក្លាយជា​ (សិល្បករ​ផ្នែក​គំនូរ)​ លំដាប់​អន្តរជាតិ។ អញ្ចឹង​ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​បាន​សិក្សាពី​ Javaច្រើន​ដែល​មាន​ដាក់ផ្ទាំង​គំនូរ​ជាច្រើន​មកពី​ប្រទេស​អាមេរិក ​បារាំង ​និង​អង់គ្លេស​ជាដើម»។

កញ្ញា ​អឿ សុគុន្ធទេវី ​វិចិត្រការិនី​ខ្មែរ​បានថ្លែងថា ​Java ​ជួយ​បណ្តុះបណ្តាល​សិល្បករ​ខ្មែរជួយផ្សព្វផ្សាយ​ស្នា​ដៃ​សិល្បៈរបស់​សិល្បករ​ខ្មែរ​ និង​ជួយ​លើក​ទឹកចិត្ត​សិល្បករ​ខ្មែរ​ឱ្យ​អភិវឌ្ឍ​ស្នាដៃ​សិល្បៈរបស់​ខ្លួន។

កញ្ញា ​អឿ សុគុន្ធទេវី ​បាន​បញ្ជាក់ថា​ អ្នកស្រី ​Dana ​បាន​ជួយ​ផ្តល់​យោបល់​និង​ជួយ​ជំរុញ​លើក​កម្ពស់សមត្ថភាព​ចំណេះ​ដឹង​ ការយល់ឃើញ ​និង​ភាព​វាងវៃ​ដល់​សិល្បករ​ខ្មែរ​ក្នុង​ការគូរ​គំនូរ។

កញ្ញា ​អឿ សុគុន្ធទេវី ​បាន​បន្ថែម​ថា​នាង​បាន​ទទួល​បទពិសោធ ​និង​ការយល់ដឹង​ពី​បច្ចេកទេស​គូរ​គំនូរ​ និង​ហេតុផល​នៃ​ការបង្កើត​ និង​ច្នៃប្រឌិត​លើ​ស្នាដៃ​សិល្បៈ​របស់​នាង​នៅ ​Java នេះ។

កញ្ញា ​អឿ សុគុន្ធទេវី ​បាន​បន្តថា​ នាង​បាន​ដាក់តាំង​ស្នាដៃ​សិល្បៈ​របស់នាង​ចំនួន​៥៥ផ្ទាំង​នៅ Java ហើយ​គំនូរ​មួយផ្ទាំង​របស់​នាង​មាន​តម្លៃ​រវាង​ពី៤០០ ​ទៅ​៥០០​ដុល្លារ​អាមេរិក​ទៅ​តាម​ទំហំ​នៃ​គំនូរ។

«ពួកខ្ញុំ​មិន​សង្ឃឹម​លើ​លក់​រូប​នេះ​ទេ។ ​យើង​បង្ហាញ​ស្នាដៃ​របស់​យើង ​ហើយ​យើង​នឹង​ឱ្យ​គេ​ទទួល​ស្គាល់​ជា​ស្នាដៃ​របស់យើង។​ វា​មិនមែន​មាន​ន័យថា​ស្នាដៃ​ទាំងអស់​ហ្នឹង ​យើង​ត្រូវតែ​ធ្វើ​លក់ទេ។​ អ្នក​ខ្លះ​លក់​ផ្ទាំង​គំនូរ​បាន​រាប់រយ​រាប់ពាន់​ដុល្លារ​អាមេរិក​ ប៉ុន្តែ​និយាយ​រឿង​គំនូរ​វិញ ​ពេល​ដែល​យើង​គិតតែពីលក់ៗ​ វាមិន​សូវល្អ​ទៅវិញទេ។ អ្នកផ្សេងៗ​គិតថា ​យើង​ចង់​បាន​តែប្រាក់។ ចំពោះ​អ្នក​សិល្បៈ គេ​គិតថា​ គេមិន​ចង់​បាន​ប្រាក់ទេ។ គេ​ធ្វើអ្វីប្លែកៗ​ និង​រកអ្វី​ប្លែកៗ»។

លោក ​ឆាត ភៀរសាត ​វិចិត្រករខ្មែរ ​បាន​ថ្លែងថា​អ្នកស្រី ​Dana​ បាន​បើក​ហាងកាហ្វេ ​និង​វិចិត្រសាល​ Java ​ដើម្បី​រកប្រាក់​ចំណូលចិញ្ចឹម​ជីវិត​ផង​ និង​ជួយ​សិល្បករ​ខ្មែរ​វ័យក្មេង​និង​បរទេស​ឱ្យ​មាន​កន្លែង​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន ​ហើយ​ឥឡូវនេះ​មាន​សិល្បករ​ខ្មែរ​យ៉ាងតិច​២០នាក់​បាន​ដាក់តាំងស្នាដៃ​សិល្បៈ​របស់​ខ្លួន​នៅ​ Java​ រហូត​មកដល់​ពេលនេះ។

លោក​ឆាត ភៀរសាត ​បាន​និយាយថា ​លោក​បាន​ដាក់តាំង​ស្នាដៃ​គំនូរ​ជាង​២០០ផ្ទាំង​នៅ ​Java ​ក្នុងរយៈ​ ពេល១០​ឆ្នាំនេះ ​ហើយ​គំនូរ​មួយផ្ទាំង​របស់​លោក​លក់​ក្នុង​តម្លៃ​រវាង​ពី​១០០​ ទៅ​៥០០ដុល្លារ​អាមេរិក​ ទៅ​តាម​ទំហំ​នៃ​ផ្ទាំងគំនូរ។

លោក ​ឆាត ភៀរសាត​ បាន​បញ្ជាក់​ថា៖

«អ្នកស្រី​ដាណា​ជា​មនុស្ស​ដំបូង​ហើយ​ដែល​ខ្វល់​ពីរឿង​សិល្បៈ​នៅ​ប្រទេស​កម្ពុជា។ ដើម្បី​ផ្តល់​ឱកាសដល់​សិល្បករ​ខ្មែរ​បង្ហាញ​ស្នាដៃ​របស់​ម្ចាស់​គំនូរ​ដោយ​មិនយក​ប្រាក់ ​ពីព្រោះ​ពួក​អន្តរជាតិ​ចង់​មើល​ស្នាដៃ​សិល្បៈ​របស់​សិល្បករ​ខ្មែរ»។

ក្រុម​វិចិត្រករ​បាន​និយាយថា​ ការដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​ខ្មែរ​នេះ​ មាន​សារៈសំខាន់​ណាស់​សម្រាប់​ជំរុញ​វិស័យ​សិល្បៈ​ឱ្យ​រីកចម្រើន​សំដៅ​បង្កើន​ការច្នៃ​ប្រឌិត​និង​ការយល់ដឹង​ពី​សិល្បៈគំនូរ​នេះ​កាន់តែ​ប្រសើរ​ឡើង៕

XS
SM
MD
LG