ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការកំពូលលើកពេលសវនាការ ករណីលោកស្រី មួរ សុខហ៊ួរ


តុលាការកំពូលលើកពេលសវនាការ ករណីលោកស្រី មួរ សុខហ៊ួរ
តុលាការកំពូលលើកពេលសវនាការ ករណីលោកស្រី មួរ សុខហ៊ួរ

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

លោក ឃឹម ប៉ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល នៅថ្ងៃពុធនេះ
បានប្រកាសពន្យារពេលសវនាការជំនុំជម្រះលើករណីលោកស្រី មួរ សុខហួរ
អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងជាមួយនិងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន
ដោយគ្មានកាលកំណត់ បន្ទាប់ពីបានទទួលលិខិតស្នើសុំពន្យាពេលរបស់លោក
ស្រីមួរ សុខហួរ។

នៅក្នុងលិខិតមួយច្បាប់របស់លោកស្រីមួរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្ស
ប្រឆាំង មណ្ឌលខេត្តកំពត ដែលបានបង្ហាញជូនតុលាការកំពូលបានបញ្ជាក់ថា
បច្ចុប្បន្ននេះនាងខ្ញុំកំពុងជាប់បំពេញបេសកកម្មនៅសហរដ្ឋអាមេរិក រហូតដល់
ថ្ងៃទី១៧ ខែមេសា ទើបចប់បេសកកម្មនៅក្នុងបន្ទប់សវនាការដែលធ្វើឡើងជា
សាធារណៈ ដោយមានការចូលរួមពីមន្រ្តីគណបក្សប្រឆាំង និង អង្គការសង្គម
ស៊ីវិលមួយចំនួន លោកប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលគឺលោក
ឃឹម ប៉ុន បានសម្រេចប្រកាសពន្យារពេល បន្ទាប់ពីបានបើកសវនាការទើបតែ
ចាប់ផ្តើមរយៈពេលតែ៣នាទីតែប៉ុណ្ណោះ។

លោក គី តិច មេធាវីរដ្ឋាភិបាលបានយល់ស្របចំពោះការសម្រេចនេះ ក៏ប៉ុន្តែ
លោកគី តិច ប្រាថ្នាចង់ឲ្យតុលាការកំពូលបើកសវនាការរឿងក្តីនេះឲ្យបានឆាប់
រហ័សបំផុត ។

«ចំពោះខ្ញុំ ខ្ញុំចង់ឲ្យដំណើរការឱ្យបានឆាប់ ក៏ប៉ុន្តែបើសិនជាគាត់មានមូលហេតុ
គាត់មិនបានចូលរួមក៏យើងមិនចង់កាត់កំបាំងមុខគាត់ដែរចំពោះខ្ញុំណា៎។ ខ្ញុំចង់
ឲ្យគាត់ហ្នឹង ប្រើប្រាស់សិទ្ធិរបស់គាត់ ចូលតវ៉ានៅចំពោះមុខតុលាការទាំងអស់
គ្នា ដើម្បីឲ្យអស់ចិត្ត»។

កាលពីខែសីហា កន្លងទៅនេះ តុលាការក្រុងភ្នំពេញ បានផ្តន្ទាទោសលោកស្រី
មួរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងឲ្យបង់ប្រាក់ពិន័យប្រមាណជិត
៤.០០០ដុល្លារសហរដ្ឋអាមេរិកពីបទថា បានបរិហារកេរ្តិ៍លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន ហើយនៅក្នុងអំឡុងខែតុលា សាលាឧទ្ធរណ៍របស់ប្រទេសកម្ពុជា
បានសម្រេចតម្កល់សាលដីការរបស់តុលាការក្រុងភ្នំពេញឲ្យនៅដដែល។

លោកស្រី មួរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង មណ្ឌលខេត្តកំពត
ដែលបច្ចុប្បន្នកំពុងស្នាក់នៅសហរដ្ឋអាមេរិកពុំអាចស្នើសុំសេចក្តីអត្ថាធិប្បាយ
បំភ្លឺបានទេ ។

លោកស្រីមួរ សុខហួរធ្លាប់បានប្តឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែនពីបទបរិហារ
កេរ្តិ៍លោកស្រីម្តងផងដែរ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែននិយាយដោយ
មិនចំឈ្មោះទៅលើតំណាងរាស្ត្រស្រ្តីគណបក្សប្រឆាំងមួយរូប ក៏ប៉ុន្តែត្រូវបាន
តុលាការសម្រេចមិនចាត់ការ។

កាលអំឡុងខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់ដោយមិនចំ
ឈ្មោះទៅលើស្រ្តីខ្មែរមួយរូបអំពីបញ្ហានៅស្រុងឈូក ខេត្តកំពត។លោកនិយាយ
យ៉ាងដូច្នេះថា៖

«នៅកំពតហ្នឹងមានជើងខ្លាំងមួយជាស្រ្តី ដែលខ្ញុំមិនចំបាច់ចេញឈ្មោះទេ ហើយ
ខ្លាំងហ្នឹង មិនមែនខ្លាំងរឿងអីទេ ខ្លាំងខាងរករឿង បង្ករឿង ញុះញ៉ង់ បង្កហេតុ
សូម្បីតែការឃោសនាបោះឆ្នោត ទៅឱបគេសោះហ្នឹង ថាគេប្រឡេះឡេវអាវ ទៅ
ឡាំប៉ាប្តឹងផ្តល់គ្នា។ ពូកែណាស់។ ប្រជុំគេមិនហៅក៏ចូលដែរ។ អានេះ បានគេ
ហៅថា ពួកប្រឆាំងមុខក្រាស់ កាប់ម្ភៃ ម៉ារយបាំងតោ ក៏វាមិនមុតដែរ។ មិនថា
ស្រី ថាប្រុសទេ ដូចគ្នា។ ហើយមេម៉េច កូនអញ្ចឹង»។

បន្ទាប់ពីប្រសាសន៍លោកនាយករដ្ឋមន្រ្តីហ៊ុន សែន លោកស្រីមួរ សុខហួរ បាន
រៀបចំសន្និសីទកាសែតមួយ ដោយបានចាត់ទុកថា លោកនាយករដ្ឋមន្រ្តី ហ៊ុន
សែនបានបរិហាកេរ្តិ៍លោកស្រី។

លោកស្រីមួរ សុខហួរ បានឲ្យមេធាវីលោកស្រីគឺលោកគង់ សំអុនប្តឹងលោកនា-
យករដ្ឋមន្រ្តី ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ និង ទាមទារសំណងជំងឺចិត្តប្រមាណ
៥០០រៀល ក៏ប៉ុន្តែលោកគង់ សំអុន ក្រោយមកបានលាឈប់ចេញពីមេធាវីការ
ពារក្តីលោកស្រីមួរ សុខហួរដោយគេចចេញពីពាក្យបណ្តឹងថ្មីមួយទៀតរបស់រដ្ឋា
ភិបាលដែលបានប្តឹងលោកគង់ សំអុនពីបទបរិហាកេរ្តិ៍លោកនាយករដ្ឋមន្រ្តីហ៊ុន
សែនផងដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG