ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែនប្តូរតួនាទីលោកទី សុគន្ធ


លោកហ៊ុន សែនប្តូរតួនាទីលោកទី សុគន្ធ
លោកហ៊ុន សែនប្តូរតួនាទីលោកទី សុគន្ធ

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

បន្ទាប់ពីប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានបើក
យុទ្ធនាការក្តៅ ដើម្បីបង្រ្កាបបទល្មើសព្រៃឈើខុសច្បាប់ លោកនាយរដ្ឋមន្រ្តី
ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រកាសជាសាធារណៈ ដកហូតមុខតំណែង
លោកទី សុគន្ធ ចេញពីតួនាទីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើ
បន្ទាប់ពីបានរកឃើញថា លោកអសមត្ថភាពក្នុងការបង្រ្កាបការកាប់ឈើខុស
ច្បាប់។

«ត្រូវផ្ទេរឯកឧត្តមទី សុគន្ធ ពីរដ្ឋបាលព្រៃឈើ មកជាអនុរដ្ឋលេខាធិការក្រសួង
កសិកម្ម ហើយឯកឧត្តមឆេង គឹមស៊ុន ទៅជាប្រធានរដ្ឋបាលព្រៃឈើវិញ»។

មានប្រសាសន៍នៅក្នុងពិធីបូកសរុបសន្និបាទរបស់ក្រសួងកសិកម្មនៅឯសាកល
វិទ្យាល័យភូមិន្ទ កសិកម្មចំការដូង លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានបញ្ជាក់
ថា ដើម្បីដោះស្រាយបញ្ហាបង្រ្កាបព្រៃឈើ លោកបានពិនិត្យឃើញថា លោកទី
សុគន្ធលែងមានប្រសិទ្ធិភាពក្នុងការដោះស្រាយបញ្ហាទាំងនេះ ហើយលោកហ៊ុន
សែន បានលើកឡើងទៀតថា លោកពិតជាមានការអស់សង្ឃឹមខ្លាំងណាស់
ចំពោះលោកទី សុគន្ធ ដែលកំហុសលើកនេះធ្ងន់ធ្ងរណាស់ ហើយប្រសិនណា បើមានកំហុសលើកក្រោយទៀតអាចនឹងត្រូវចាប់បង្ខំរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខា
ប្រមាញ់ និងនេសាទត្រូវលាលែងចេញពីមុខតំណែង ។

«ពេលវេលានេះ គឺជាពេលវេលាដែលត្រូវដោះដូរមេ។ បើមិនដោះដូរ ទី សុគន្ធ
ធ្វើមិនចេញ ធ្វើរហូតងាប់ទាំងខ្លួនឯងទៀតក៏ធ្វើមិនចេញដែរ»។

យោងតាមព្រះរាជក្រិត្យមួយច្បាប់ ដែលបានឡាយព្រះហស្តលេខាដោយព្រះ
មហាក្សត្រកាលពីថ្ងៃច័ន្ទ លោកទី សុគន្ធ អតីតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក
រដ្ឋបាលព្រៃឈើ នឹងត្រូវផ្លាស់ប្តូរតួនាទីឲ្យទៅធ្វើជាអនុរដ្ឋលេខាធិការក្រសួង
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ និងប្រកាសតែងតាំងលោកឆេង គឹមស៊ុន
អតីតអគ្គនាយករងរដ្ឋបាលព្រៃឈើត្រូវជំនួសមុខតំណែងលោកទី សុគន្ធ ។

លោក ទី សុគន្ធ អតីតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើ ដែល
លោកបានបំពេញការងារនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយនោះ ពុំអាច
ស្នើសុំដើម្បីទំនាក់ទំនងបានទេ នៅថ្ងៃអង្គារនេះ។ ចំណែកលោកឆេង គឹមស៊ុន
ប្រតិភូរាជរដ្ឋាភិបាលថ្មីទទួលបន្ទុករដ្ឋបាលព្រៃឈើបានថ្លែងប្រាប់VOA សំឡេង
សហរដ្ឋអាមេរិកតាមទូរស័ព្ទមកថា លោកនឹងខិតខំធ្វើការកែទម្រង់បទល្មើស
ព្រៃឈើទៅតាមវិធានការណ៍របស់រដ្ឋាភិបាល ។

«ប្តេជ្ញាចិត្តដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនិងប្តេជ្ញា
ចិត្តធ្វើការលុបបំបាត់ នូវបទល្មើសព្រៃឈើហ្នឹង ដែលជាការងារមួយក្តៅគកុក
ចំពោះបច្ចុប្បន្នហ្នឹងបាទ»។

ប្រទេសកម្ពុជានៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានធ្វើការបង្រ្កាបការកាប់ឈើ
ខុសច្បាប់រហូតដល់មានការឃាត់ខ្លួនមនុស្សជាច្រើននាក់ និងរឹបអូសឈើខុស
ច្បាប់ជាច្រើនរាប់រយម៉ែត្រត្រីគុណនៅក្នុងវិធានការណ៍មួយដែលមិនធា្លប់មានទេ
ពីមុនមក នៅក្នុងការបង្រ្កាបការកាប់ឈើខុសច្បាប់ ។

សម្រាប់លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆំាង ដែលកំពុងស្នាក់នៅក្នុងប្រ-
ទេសបារាំងវិញ ពុំបានសាទរចំពោះវិធានការណ៍នេះទេ ។

លោកសម រង្ស៊ី បានថ្លែងប្រាប់ VOA សំឡេងសហរដ្ឋអាមេរិក តាមរយៈទូរស័ព្ទ
ពីប្រទេសបារាំងមកថា ការផ្លាស់ប្តូរមុខតំណែងលោកទី សុគន្ធ និងការបង្ក្រាប
បទល្មើសព្រៃឈើខុសច្បាប់នេះ គ្រាន់តែជាការបិទបាំងការណ៍ពិតយករឿងធំ
មកបង្វែជារឿងបុគ្គលតែប៉ុណ្ណោះ ។

«អ្នកដែលបំផ្លិចបំផ្លាញព្រៃឈើ ទ្រព្យសម្បត្តិធម្មជាតិ ទ្រព្យសម្បត្តិជាតិ គឺមាន
គ្នាគេច្រើនណាស់ គឺជាបក្ខពួក ហើយគេប្លន់ទ្រព្យសម្បត្តិជាតិនេះ។គេប្លន់ក្នុង
លក្ខណៈប្រព័ន្ធ ប្រពន្ឋ័គឺទូទៅគឺអ្នកមានអំណាចជាន់ខ្ពស់គឺគេប្រើអំណាចរបស់
គេ ដើម្បីរកលុយបានយ៉ាងសន្ធឹកសន្ធាប់ ដោយការបំផ្លាញព្រៃឈើឬក៏លួចប្លន់
ទ្រព្យសម្បត្តិធម្មជាតិផ្សេងរបស់ប្រទេសជាតិយើងបាទ»។

អង្គការឃ្លាំមើលការរំលោភបរិស្ថានអន្តរជាតិមួយ ដែលមានឈ្មោះថា Global
Witnessធ្លាប់បានរិះគន់ថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា បាន
ធ្វើឡើងជាលក្ខណៈប្រព័ន្ធ ដោយនៅក្នុងនោះបានភ្ជាប់សាច់ញាតិលោកនាយក
រដ្ឋមន្រ្តីហ៊ុន សែននិងមនុស្សស្និទ្ធដែលនៅជុំវិញលោកនាយករដ្ឋមន្រ្តីហ៊ុនសែន
ថា ជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជា ។ក៏ប៉ុន្តែមន្រ្តីរដ្ឋា
ភិបាលធ្លាប់បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា ជារឿងមិន
ពិត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG