<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
មន្ដ្រីជាន់ខ្ពស់ព្រះបរមរាជវាំងមួយរូប បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា អតីតព្រះ
មហាក្សត្រសម្ដេចឪនរោត្តមសីហនុ គ្រោងនឹងយាងទៅបំពេញព្រះរាជទស្សន
កិច្ចជាផ្លូវការនៅប្រទេសវៀតណាមក្នុងអំឡុងខែមិថុនាខាងមុខនេះប្រយោជន៍
ដើម្បីជួយពង្រឹងទំនាក់ទំនងនៃប្រទេសជិតខាងគ្នាទាំងពីរនេះ។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ ទីប្រឹក្សាព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រមាន
ព្រះបន្ទូលថា អតីតព្រះមហាក្សត្រគ្រោងគង់នៅប្រទេសវៀតណាមប្រមាណ
មួយសប្ដាហ៍ ហើយព្រះរាជទស្សនកិច្ចនេះនឹងបង្ហាញអំពីភាពជិតស្និទ្ធរវាង
ប្រទេសទាំងពីរ។
«ព្រះរាជទស្សនកិច្ចលោកឆ្លុះបញ្ចាំងនូវទំនាក់ទំនងជិតស្និទ្ធសុខដុមរមនារវាង
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ខទី២ថា្នក់
ដឹកនាំ ជាពិសេសប្រធានាធិបតីសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជា
គណបក្សកុម្មុយនិស្ដវៀតណាម ក៏គេចង់រំឭកគុណ ដែលព្រះករុណា ព្រះមហា
វីរក្សត្រ លោកមានទៅលើសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការតស៊ូ
ប្រឆាំងនឹងចក្រព័ត្រនិយមរបស់អាមេរិកាំង ក្នុងទសវត្ស៦០និង៧០»។
ប្រទេសកម្ពុជា និង វៀតណាមធ្លាប់មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ក្នុងសម័យ
សង្រ្គាមឥណ្ឌូចិន។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលថា ការបំពេញទស្សនកិច្ចរបស់
ព្រះមហាវីរក្សត្រដែលមានព្រះជន្ម៨៧ព្រះវស្សាទៅហើយគឺជាការឆ្លើយតបទៅ
នឹងលិខិតយាងព្រះអង្គពីសំណាក់ប្រធាននៃគណៈប្រធានរដ្ឋនៃសាធារណរដ្ឋ
សង្គមនិយមវៀតណាម លោកង្វៀន មិញទ្រាត។ លោកង្វៀន មិញទ្រាតបាន
ផ្ញើលិខិតយាងព្រះអង្គកាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងទៅនេះ។
នេះជាព្រះរាជទស្សនកិច្ចដ៏កម្ររបស់អតីតព្រះមហាក្សត្រខ្មែរទៅកាន់ប្រទេស
វៀតណាម ស្របពេលដែលព្រះអង្គត្រូវការការព្យាបាលព្រះរោគមហារីករបស់
ព្រះអង្គជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។
សម្ដេចឪនរោត្តមសីហនុបានបំពេញព្រះរាជទស្សនកិច្ចចុងក្រោយរបស់ព្រះអង្គ
នៅប្រទេសវៀតណាម កាលពីខែធ្នូ ឆ្នាំ១៩៩៥ គឺ៩ឆ្នាំមុននឹងព្រះអង្គចុះចេញ
ពីរាជបល្ល័ង្គ។
ព្រះរាជដំណើរទស្សនកិច្ចរបស់អតីតព្រះមហាក្សត្រធ្វើឡើងស្របពេលដែលប្រ
ធានគណបក្សជំទាស់ លោកសម រង្ស៊ី ត្រូវបានផ្ដន្ទាទោសដោយតុលាការខ្មែរ
ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទញុះញ៉ង់ និងបំផ្លិចបំផ្លាញបង្គោលព្រំដែន
កម្ពុជា-វៀតណាម នៅក្នុងខេត្តស្វាយរៀង។
លោកយឹម សុវណ្ណ តំណាងរាស្រ្ដនិងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ីមានប្រ-
សាសន៍ថា គណបក្សរបស់លោកគ្រោងនឹងស្នើឲ្យព្រះមហាវីរក្សត្រ លើកអំពី
បញ្ហាព្រំដែនទៅជជែកជាមួយមេដឹកនាំប្រទេសវៀតណាម។
ដោយឡែកលោក យន្ដ ថារ៉ូ តំណាងរាស្រ្ដមណ្ឌលខេត្តបន្ទាយមានជ័យរបស់
គណបក្សជំទាស់ដដែល ដែលមានដើមកំណើតនៅដែនដីកូសាំងស៊ីន មានប្រ-
សាសន៍ថា លោកគ្រោងនឹងសរសេរលិខិតថ្វាយសម្ដេចឪនរោត្តមសីហនុ ដើម្បី
ទូលថ្វាយព្រះអង្គឲ្យជួយលើកពីបញ្ហាសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោម ដែលគ្រប់
គ្រងដោយប្រទេសវៀតណាម។
«ខ្ញុំនឹងព្យាយាមផ្ញើលិខិតទៅថ្វាយព្រះអង្គនៅពេលក្រោយនេះ ដើម្បីស្នើឲ្យព្រះ
អង្គលើកយកបញ្ហាខ្មែរកម្ពុជាក្រោមជជែកជាមួយវៀតណាម អំពីសិទ្ធិសេរីភាព
បងប្អូនខ្មែរកម្ពុជាក្រោម»។
ទោះជាយ៉ាងនេះក្ដី ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ មានព្រះបន្ទូលថា បើយោង
តាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ទាំងព្រះមហាក្សត្រ ទាំងអតីតព្រះមហា
ក្សត្រពុំមានព្រះរាជសិទ្ធិអំណាចណាមួយក្នុងការជជែកពិភាក្សាអំពីបញ្ហានយោ
បាយនោះឡើយ៕