<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
រដ្ឋសភាកម្ពុជា នៅថ្ងៃច័ន្ទនេះ បានអនុម័តច្បាប់ដ៏មានសារៈសំខាន់ថ្មីមួយ ដែល
អនុញ្ញាតឱ្យជនបរទេសមានសិទ្ធិទិញផ្ទះជាន់លើធ្វើជាកម្មសិទ្ធិនៅក្នុងប្រទេស
កម្ពុជា ជាលើកទី១ សំដៅជំរុញកំណើនសេដ្ឋកិច្ច។
សមាជិកសភាចំនួន៨៥រូបនៃសមាជិកសភាវត្តមានសរុប៩៦រូប បានបោះឆ្នោត
អនុម័តច្បាប់ស្តីពីការផ្តល់សិទ្ធិមានកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្ម
សិទ្ធិដល់ជនរបរទេស ហើយច្បាប់នេះនឹងត្រូវបញ្ចូនទៅព្រឹទ្ធសភាដើម្បីធ្វើការ
បញ្ជាក់និងបន្ទាប់មកច្បាប់នេះនឹងទូលថ្វាយព្រះមហាក្សត្រឡាយព្រហស្តលេខា
ដើម្បឱ្យក្លាយទៅជាច្បាប់ពេញលក្ខណៈ។
គណៈរដ្ឋមន្ត្រីបានអនុម័តច្បាប់នេះ នៅក្នុងខែធ្នូ ដែលជាទង្វើធ្វើឱ្យប្រសើរឡើង
នូវសិទ្ធិមានកម្មសិទ្ធិឯកជន បង្កើនសកម្មភាពវិនិយោគ និងពាណិជ្ជកម្មឱ្យងាយ
ស្រួលសំដៅឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការទាក់ទាញ
អ្នកវិនិយោគបរទេសឱ្យយកទុនមកវិនិយោគនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងការ
កើនឡើងនៃទីផ្សារអចលនវត្ថុនៅកម្ពុជា និង ជំរុញការអភិវឌ្ឍដើម្បីកាត់បន្ថយ
ភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរ។ច្បាប់នេះអនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិ
នៅលើផ្ទះជាន់ទី១ឡើងទៅ។
លោកអ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណងបានថ្លែង
នៅក្នុងសម័យប្រជុំរដ្ឋសភាក្រោយពីការអនុម័តថា លោកសូមថ្លែងអំណរគុណ
ចំពោះអង្គសភាដែលបានអនុម័តច្បាប់នេះ ហើយច្បាប់នេះពិតប្រាកដណាស់
នឹងផ្តល់នូវផលប្រយោជន៍សេដ្ឋកិច្ចផលប្រយោជន៍សង្គម ផលប្រយោជន៍ច្បាប់
និងការធ្វើសមាហរណកម្មផ្នែកទុនរបស់កម្ពុជាយើងនៅក្នុងក្របខណ្ឌតំបន់ និង
ពិភពលោក។
«នៅពេលដែលច្បាប់នេះចេញទៅ វានឹងបញ្ចប់ស្ថានភាពដែលជនបរទេសត្រូវ
ខ្ចីឈ្មោះរបស់ខ្មែរ ដើម្បីទិញផ្ទះសម្បែងនៅកម្ពុជា ហើយធ្វើលិខិតកិច្ចសន្យា
ដោយឡែកដែលបង្កនូវភាពស្មុគស្មាញយ៉ាងច្រើនផ្នែកច្បាប់នៅតុលាការ»។
លោកអ៊ឹម ឈុនលឹម បានបញ្ជាក់ថា ការអនុម័តច្បាប់នេះគឺជាការពង្រឹងវិស័យ
ច្បាប់ និង នីតិរដ្ឋនិងជាវិធាននៃច្បាប់ថ្មីមួយទៀត ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រង
អចលនវត្ថុនៅក្នុងប្រទេសកម្ពុជា។
លោកយឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសម រង្ស៊ីបានថ្លែងថា លោកគាំទ្រការ
ដាក់ទោសទណ្ឌចំពោះជនបរទេសនិងមន្ត្រីសុរិយោដីដែលបានរំលោភលើច្បាប់
នេះ។
«ខ្ញុំយល់ឃើញថា វាជាការចាំបាច់ដែលយើងត្រូវតែមានទោសបញ្ញត្តិនេះ ព្រោះ
កន្លងមកវាមានការប្រព្រឹត្តខុសឆ្គងពីបណ្តាមន្ត្រីអនុវត្តន៍ច្បាប់មួយចំនួន ហើយ
ការដាក់ទោសនេះត្រូវធ្វើនៅក្នុងច្បាប់និងការអនុវត្តជាក់ស្តែង។ខ្ញុំគ្រាន់តែស្នើសុំ
កុំឱ្យមានការរួចទោស»។
ការដាក់ទោសនៅក្នុងច្បាប់ផ្តល់សិទ្ធិមានកម្មសិទ្ធិដល់ជនបរទេស មានចែងនៅ
ក្នុងច្បាប់ភូមិបាល នៅក្នុងមាត្រា២០និង២១។ យោងតាមច្បាប់ភូមិបាល ជនបរ
ទេសណា ដែលរំលោភលើច្បាប់ផ្តល់សិទ្ធិមានកម្មសិទ្ធិដល់ជនបរទេសនេះ នឹង
ត្រូវផ្តន្ទាទោសពិន័យជាប្រាក់រហូតដល់២.២៥០ដុល្លារអាមេរិក ហើយមន្ត្រីសុរិ-យោដីដែលរំលោភលើច្បាប់ផ្តល់សិទ្ធិដល់ជនបរទេសមានកម្មសិទ្ធិ នឹងត្រូវផ្តន្ទា
ទោសពិន័យជាប្រាក់រហូតដល់១.២៥០ដុល្លារអាមេរិក និង ទទួលទោសផ្នែករដ្ឋ
បានបន្ថែមទៀត។
គណបក្សសិទ្ធិមនុស្សបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា គណបក្សសិទ្ធិ
មនុស្សចង់ឱ្យមានច្បាប់នេះ ប៉ុន្តែមិនអាចគាំទ្រច្បាប់នេះបានទេ ដោយហេតុថា
ច្បាប់បែបនេះគួរត្រូវអនុម័តក្នុងកាលៈទេសៈសមស្របណាមួយដែលកម្ពុជាបាន
អនុវត្តយ៉ាងល្អ និង មានប្រសិទ្ធិភាពនូវច្បាប់សញ្ជាតិ និង ច្បាប់អន្តោប្រវេសន៍
ដែលរដ្ឋសភាបានអនុម័តតាំងពីឆ្នាំ១៩៩៦។
លោកស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យកម្ពុជា បានបញ្ជាក់ថា
យើងស្វាគមន៍ចំពោះការអនុម័តច្បាប់នេះ។ នៅពេលច្បាប់នេះចេញទៅ វានឹង
ធ្វើឱ្យវិស័យអចលនវត្ថុរបស់យើងដើរលឿនមួយជំហានទៀត។
«នេះគឺជាការចូលរួមអបអររបស់ប្រជាពលរដ្ឋខ្មែរ រូបខ្ញុំផ្ទាល់ និងអ្នកវិនិយោគពី
បរទេស ដោយអារម្មណ៍រីករាយដែលគេទទួលបានសិទ្ធិនេះ ហើយសិទ្ធិនេះអាច
ជាកត្តាជំរុញឱ្យវិស័យអចលនទ្រព្យរបស់យើងនេះមានសកម្មភាពឡើងវិញខ្លះ
ក្រោយពីវាជាប់គាំងកន្លងមកនេះ ។ ហើយវាអាចនឹងជំរុញកត្តាសេដ្ឋកិច្ចរបស់
ប្រទេសយើងឱ្យដើរទៅមុខបានបន្ថែមបន្តិចទៀត ពីព្រោះ វាមានការដើរយឺត
ណាស់ ទាំងអចលនទ្រព្យ និងទាំងសេដ្ឋកិច្ច។
លោកស៊ឹង ប៊ុណ្ណាបានបន្ថែមថា ចំណូលដែលបានមកពីការទិញអចលនវត្ថុនៅ
កម្ពុជា បានធ្លាក់ចុះរហូតដល់៩០%ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចពិភាពលោក៕