ប្រែសម្រួលដោយ អ៊ូ ធូក វីអូអេ ខ្មែរ វ៉ាស៊ីនតោន
អ្នកជំនាញខាងប្រភពទឹករបស់ អ.ស.ប. បាននិយាយថា មនុស្សកាន់តែកើន ដល់ ៤.០០០ លាននាក់នៃតំបន់អាស៊ីប៉ាស៊ីហ្វិកប្រឈមមុខនឹងគ្រោះថ្នាក់នៃការ កើតសង្គ្រាមដណ្ដើមទឹកគ្នា ខណៈដែលសហគមន៍ទទួលការលំបាកនឹងបំពេញ សេចក្ដីត្រូវការរបស់ខ្លួន។
សេចក្ដីរាយការណ៍ថ្មីមួយរបស់ អ.ស.ប. និយាយថា ប្រភពទឹកនៅក្នុងប្រទេស អាស៊ីនិងតំបន់មហាសាគរប៉ាស៊ីហ្វិក ឋិតនៅក្នុងកម្រិតទាបបំផុតក្នុងពិភពលោក ដោយសារតែតំបន់នោះមានមនុស្សច្រើនពេក។
កសិកម្មប្រើប្រាស់ទឹកប្រមាណ ៨០% របស់តំបន់ តែគេឃើញមានការប្រើប្រាស់ ទឹកកាន់តែច្រើនដោយឧស្សហកម្ម។ ចិននិងវៀតណាមប្រើទឹកសម្រាប់ឧស្សាហកម្ម ៣ ដងលើសកាលពីឆ្នាំ ១៩៩២។
លោក លី ហឺ ជានាយកផ្នែកសន្ដិសុខទឹក ធ្វើការឲ្យគណៈកម្មការសេដ្ឋកិច្ច និង សង្គមកិច្ចតំបន់នៃអ.ស.ប.នៅក្នុងរាជធានីបាងកក និយាយថា បញ្ហាមិនត្រឹមតែ ចំនួនទឹកប្រើបុណ្ណោះទេ គឺគុណភាពទឹកដែរ។
«គុណភាពទឹក ការចុះអន់ខ្សោយគុណភាពទឹកជាបញ្ហាធ្ងន់ធ្ងរនៅតំបន់អាស៊ី។ ទឹកកាន់តែច្រើនបានត្រូវខូចខាតគុណភាពមានភាពកខ្វក់ ដោយសារតែការ អភិវឌ្ឍនៅក្នុងតំបន់ក្រុងភាគច្រើន រួចទឹកកាន់តែកខ្វក់ឡើងៗ ជាងពីមុនៗ។ នេះជានិន្នាការទូទៅ»។
រឿងទឹកបានទាក់ទាញអារម្មណ៍ថ្មីក្នុងឆ្នាំនេះ ដោយសារតែមានការរីងស្ងួតនៅ ប្រទេសអាស៊ីភាគអគ្នេយ៍និងតំបន់ភាគខាងត្បូងប្រទេសចិន ។ កម្ពស់ទឹកនៅ ក្នុងទន្លេធំៗនិងបឹងបានចុះទាបបំផុតមិនធ្លាប់មានជាង ៥០ឆ្នាំមកហើយនៅក្នុង តំបន់ខ្លះ។
ខណៈដែលរដ្ឋាភិបាលបង្កើនកិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យសម្រេចគោលដៅរបស់ ការអភិវឌ្ឍសហសវត្សរ៍ (Millenium Development) អំពីលទ្ធភាពនៃការទៅដល់ ប្រភពទឹកក្នុងឆ្នំា ២០១៥ មនុស្សជាង ៦សែននាក់នៃតំបន់ពុំទាន់មានទឹកស្អាត ពិសារបាននៅឡើយ។
គោលដៅនៃការអភិវឌ្ឍមានការកាត់បន្ថយពាក់កណ្ដាលនូវទំហំមនុស្ស ដែល មិនអាចចូលទៅដល់ប្រភពទឹកស្អាតបានជាទៀងទាត់និងអនាម័យជាចាំបាច់។
Ermina Sokou មន្ដ្រីខាងកិច្ចការបរិស្ថានផ្នែកប្រភពទឹកនៃ អ.ស.ប. និយាយថា អនាម័យមិនគ្រប់គ្រាន់អាចបំផ្លាញកិច្ចប្រឹងប្រែងដែលធ្វើឲ្យប្រសើរដល់ការចូល ទៅរកប្រភពទឹកបាន។
«ការទទួលបាននូវអនាម័យ ដែលជារឿងធំមួយដែរ ជួយបន្ទាបកម្រិតសន្ដិសុខ ទឹកដ៏ទាបបំផុតដល់គ្រួសារទាំងមូល។ វាធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស ធ្វើ ឲ្យខូចខាតដល់សុខភាពបរិស្ថាន និងប៉ះពាល់ដល់គុណភាពទឹក ដោយសារតែ វាមានជាតិពុលច្រើនចេញមកពីទឹកប្រើក្នុងផ្ទះ និងពីលំនៅដ្ឋានមនុស្សនៅក្នុង ទឹកបណ្ដាលឲ្យមានជំងឺរាគជាច្រើន»។
សេចក្ដីរាយការណ៍នោះព្រមានថា ប្រភពទឹកអាចចុះថយច្រើនក្នុងប្រទេសមួយ ចំនួន ជាពិសេសក្នុងប្រទេសក្រីក្របំផុតរបស់តំបន់។
ប្រទេសម៉ាល់ឌីវ ឥណ្ឌា ប៉ាគីស្ថាន អ៊ូស្បែគីស្ថាន អាហ្វហ្គានីស្ថាន និងហ្វីលីពីន គឺប្រទេសទាំងអស់នោះប្រឈមមុខនឹងការខ្វះខាតទឹកប្រើប្រាស់ ដោយសារតែប្រភពទឹកចុះទាប គុណភាពទឹកមិនល្អ ឬ មនុស្សកើតកាន់តែច្រើន។
លោក លិ ហ៊ឺ និយាយថា សង្គ្រាមដណ្ដើមទឹកគ្នាអាចកើនក្នុងប្រទេសនៃតំបន់ នេះ ពេលដែលសហគមន៍ប្រកួតដណ្ដើមយកទឹកដែលមានតិចតួចរួចទៅហើយ នោះ។
«សង្រ្គាម ឬ ជម្លោះរវាងភាគីបក្ខដិបក្ខក្នុងប្រទេសតែមួយ កាន់តែកើនឡើងខ្ពស់ ខ្លាំងតែសង្រ្គាម ឬ ជម្លោះរវាងបុគ្គលនិមួយៗ ឬ ភាគីនិមូយៗនៅក្នុងប្រទេសមូយ អាចដោះស្រាយបានដោយយកច្បាប់ប្រទេសនោះមកប្រើ»។
លោក លី និយាយថា ការសិក្សារបស់ចិនបង្ហាញថា នៅក្នុងឆ្នាំ ១៩៩០ គេឃើញ មានជម្លោះ មួយម៉ឺនដងក្នុងមូយឆ្នាំដោយសារការដណ្ដើមទឹកគ្នា តែនៅឆ្នាំ ២០០៥ ជម្លោះកើនដល់ ១២.០០០ ដង ។ តែចិនបានចាត់វិធានការណ៍កាត់បន្ថយជម្លោះ តំបន់ដោយចេញច្បាប់ថ្មីដើម្បីជួយដោះស្រាយជម្លោះនៅក្នុងស្រុកភូមិ៕