<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
ប្រទេសកម្ពុជាបានខាតបង់ទឹកប្រាក់ប្រមាណ២៥០លានដុល្លារអាមេរិក ដោយ
បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០០៩ ដែលបានកើនឡើងជាង
២ដង បើប្រៀបធៀបទៅនឹង ឆ្នាំ២០០៣ ជាសញ្ញានៃគ្រោះមហន្តរាយដ៏ធំទី២
បន្ទាប់ពីជំងឺអេដស៍។
ប្រទេសកម្ពុជាមានការខាតបង់ទឹកប្រាក់ចំនួន១១៦លានដុល្លារអាមេរិកនៅក្នុង
ឆ្នាំ២០០៣ ហើយចំនួនអ្នកស្លាប់បានកើនឡើងស្ទើរតែ២ដង នៅក្នុងរយៈពេល
៥ឆ្នាំចុងក្រោយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នេះបើតាមការអះអាងរបស់
ក្រុមមន្ត្រី។
លោកតូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ចូន និង
ជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងនៅក្នុង
សន្និសីទកាសែតថា ជនរងគ្រោះចំនួន ២១.៥១៩នាក់ដែលក្នុងនោះមានអ្នក
ស្លាប់ចំនួន ១.៧១៧នាក់ បើគិតប្រៀបធៀបទៅនឹងចំនួនរថយន្ត ១០.០០០
គ្រឿង គឺមាន ១២,៣៤នាក់និងរងរបួសធ្ងន់ចំនួន ៧.០២២នាក់។ តាមការសិក្សា
ដោយអង្គការជនពិកាប៊ែលហ្សិក Handicap International បានបង្ហាញឱ្យ
ឃើញថា ប្រទេសកម្ពុជាមានការខាតបង់ទឹកប្រាក់ រហូតដល់ទៅ ២៤៨លាន
ដុល្លារអាមេរិក ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០០៩។
លោកតូច ចាន់កុសលបានបញ្ជាក់ថា វាជាការគួរឱ្យសោកស្តាយដោយទឹកប្រាក់
ចំនួន២៤៨លានដុល្លារអាមេរិកបានត្រូវបាត់បង់ទៅក្នុងអ្វីដែលយើងទាំងអស់គ្នា
អាចចូលរួមកាត់បន្ថយបាន។ ចំនួនទឹកប្រាក់ដែលខាតបង់នេះគឺជាចំនួនមួយធំ
ធេងហួសពីការស្មាន ខណៈដែលរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំប្រឹងប្រែងកាត់
បន្ថយនូវភាពក្រីក្រ។
«បើយើងធ្វើការប្រៀបធៀបទៅនឹងការខាតបង់ទឹកប្រាក់កាលពីឆ្នាំ២០០៣ដែល
កាលនោះ ធនាគារអភិវឌ្ឍន៍អាស៊ីបានសិក្សារកឃើញថា មានការខាតបង់ទឹក
ប្រាក់ចំនួន១១៦លានដុល្លារអាមេរិកគឺស្មើនឹង៣% នៃថវិកាសរុបក្នុងស្រុក លុះ
ដល់ពេលនេះ យើងមានការខាតបង់ទឹកប្រាក់រហូតដល់ទៅជិត២៤៨លានដុល្លារ
អាមេរិក មានន័យថា យើងមិនទាន់បានកាត់បន្ថយផលប៉ះពាល់នៃគ្រោះថ្នាក់
ចរាចរណ៍ទៅលើសេដ្ឋកិច្ចបាននៅឡើយ»។
លោកតូចចាន់កុសលបានបន្តថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍
នេះ បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដោយមិនឈប់ឈរ។
លោកJeroen Stol ប្រធានអង្គការជនពិការអន្តរជាតិប៊ែលហ្សិក បានបញ្ជាក់ថា
ល្បឿនយានយន្តមានសន្ទុះកាន់តែលឿន និង គួបផ្សំជាមួយនឹងចំណេះដឹងនៅ
មានកម្រិតនៅឡើយក្នុងចំណោមប្រជាពលរដ្ឋទូទៅនោះ បានរុញច្រានឱ្យអត្រា
ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើងយ៉ាងច្រើននៅកម្ពុជា ។ មានការ
កើនឡើងស្ទើរតែ២ដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
នៅក្នុងឆ្នាំ២០០៨ ចំនួនជនរងគ្រោះបានថយចុះ១៧% ប៉ុន្តែចំនួនអ្នកស្លាប់បាន
កើនឡើង៤ %។ បើប្រៀបធៀបនឹងរថយន្ត១០.០០០គ្រឿង អត្រាស្លាប់ក្នុងបាន
ធ្លាក់ចុះពី ១៥,១នាក់ក្នុងឆ្នាំ២០០៨ មកនៅត្រឹម១២,៣នាក់នៅក្នុងឆ្នាំ ២០០៩។
អ្នករងរបួសក្បាលមាន៧៨%ជាអ្នកជិះម៉ូតូ។៩០%នៃមូលហេតុបង្កឱ្យមានគ្រោះ
ថ្នាក់បានបណ្តាលមកពីការបើកបរហួសល្បឿនកំណត់ បើកបរក្នុងពេលស្រវឹង
និងការវ៉ាប្រជែងមិនត្រឹមត្រូវជាដើម។
រដ្ឋាភិបាលកម្ពុជាបានបង្កើតគោលនយោបាយជាតិ និងផែនការសកម្មភាពមាន
គោលដៅទប់ស្កាត់និងកាត់បន្ថយនូវចំនួនគ្រោះថ្នាក់ចរាចរណ៍ចំនួនជនរងគ្រោះ
ចំនួនអ្នកស្លាប់ និង ការខាតបង់នានា ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍
នៅកម្ពុជា។
ផែនការសកម្មភាពទាំង១៥ចំណុចបានឆ្លើយតបទៅនឹងគោលដៅនៃបណ្តាប្រ-
ទេសអាស៊ាន ក្នុងការកាត់បន្ថយចំនួនអ្នកសម្លាប់ឱ្យមកនៅត្រឹម៧នាក់ ប្រៀប
ធៀបនឹងរថយន្ត១០.០០០គ្រឿងក្នុងឆ្នាំ២០១០ និងត្រឹម២នាក់ក្នុងឆ្នាំ២០២០៕