ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាប្រឹងប្រែងបង្រ្កាប បទល្មើសព្រៃឈើ


កម្ពុជាប្រឹងប្រែងបង្រ្កាប បទល្មើសព្រៃឈើ
កម្ពុជាប្រឹងប្រែងបង្រ្កាប បទល្មើសព្រៃឈើ

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ចាប់តាំងពីច្រើនសប្ដាហ៍មកហើយ ប្រទេសកម្ពុជាបានបើកយុទ្ធនាការបង្រ្កាប
ការកាប់បំផ្លាញព្រៃឈើ ការលក់ដូរ និងការស្ដុកឈើប្រណិតយ៉ាងផុសផុល
ស្របពេលដែលក្រុមអ្នកអភិរក្សព្រៃឈើ ចាត់ទុកថា គឺជាចំណាត់ការយឺតពេល
បន្ដិចទៅហើយ។ បុគ្គលច្រើនជាង១០នាក់ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធនៅក្នុង
ការលក់ ស្ដុកឈើប្រណិតរាប់ពាន់ម៉ែត្រគូប សរុបជាង ៥០ នាក់ កំពុងប្រឈម
នឹងការប្ដឹងទៅកាន់តុលាការ។

លោកខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និង ជាអ្នកនាំពាក្យរដ្ឋាភិបាលបាន
ឲ្យដឹងថា ក្នុងចំណោមជនជាប់សង្ស័យនៅក្នុងបទល្មើសព្រៃឈើ ក៏មានមន្រ្ដីរដ្ឋ
បាលព្រៃឈើដែលជាអ្នកមានសមត្ថកិច្ចបង្រ្កាបបទល្មើសនេះដែរ។

លោកខៀវ កាញារិទ្ធបញ្ជាក់ថា យុទ្ធនាការនៃការបង្រ្កាបបទល្មើសព្រៃឈើលើក
នេះធ្វើឡើងបន្ទាប់ពីលោកហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសនៅក្នុង
កិច្ចប្រជុំគណៈរដ្ឋមន្ដ្រីកាលពីពេលថ្មីៗនេះ ដោយដាក់បញ្ជាដាច់ខាតឲ្យមានការ
ចាត់វិធានការក្ដៅក្នុងការបង្រ្កាបបទល្មើសនេះ។

«មិនមែនជាការប្រកាសដើម្បីកំញើញទេ។ អញ្ចឹងមានរហូតដល់មន្ដ្រីសមត្ថកិច្ច
របស់យើង។ អញ្ចឹងត្រូវតែធ្វើការបោសសម្អាតម្ដង បើមិនអញ្ចឹងយើងមិនអាច
ដោះស្រាយបញ្ហាហ្នឹងបានទេ។ ជាយុទ្ធនាការដែលត្រូវធ្វើទូទាំងប្រទេស ហើយ
គ្រប់ពេលវេលា»។

កាលពីប៉ុន្មានឆ្នាំមុននេះ អង្គការឃ្លាំមើលបរិស្ថានដ៏ល្បីឈ្មោះរបស់ប្រទេសអង់-
គ្លេសគឺគ្លោបលវិតណេស (Global Witness) បានចេញរបាយការណ៍មួយ
បរិហារថា ការកាប់ព្រៃឈើខុសច្បាប់យ៉ាងបំផ្លាញនៅក្នុងប្រទេសកម្ពុជា ជាប់
ពាក់ព័ន្ធជាមួយនឹងក្រុមគ្រួសារសាច់ញ្ញាត្តិលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន និង
ក្រុមមន្ដ្រីស្និទ្ធជាមួយរូបលោក។

យោងតាមរបាយការណ៍របស់អង្គការដដែលនេះបានបង្ហាញថា ប្រទេសកម្ពុជា
បាត់បង់ចំណូលថវិកា ប្រមាណជា២.០០០លានដុល្លារអាមេរិក ដោយសារតែ
ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ចន្លោះពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០១។

យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឈុំ សុជាតិបាន
ឲ្យដឹងថា ការបង្រ្កាបបទល្មើសព្រៃឈើក្នុងពេលនេះបានធ្វើក្នុងខេត្តគោលដៅ
មួយចំនួន ពោលគឺខេត្តនៅតាមព្រំដែនកម្ពុជា ថៃ និងព្រំដែនកម្ពុជា វៀតណាម
ដែលក្រុមឈ្មួញទុច្ចរិតដឹកជញ្ជូនឈើខុសច្បាប់ទៅកាន់ ប្រទេសវៀតណាម ជា
ពិសេស។ ហើយក្រុមសមត្ថកិច្ចកំពុងតាមដានយ៉ាងប្រកិត។

«ខេត្ត គឺភាគច្រើនខេត្តជាប់ព្រំដែនកម្ពុជា ថៃ ដូចថា នៅឧត្តរមានជ័យ រតនគីរី
មណ្ឌលគីរី កំពង់ចាម ព្រះវិហារដែរ។ឈើហ្នឹងបើតាមខ្ញុំស្ដាប់ប្រភពរាយការណ៍
មក មិនមែនឆ្លងទៅថៃទេ។ ឈើនេះឆ្លងទៅវៀតណាមវិញទេ។ ខ្លះកាប់នៅដី
ខ្មែរទុកយូរហើយ។ ជួនកាលកាប់ពីដីថៃមក ដល់ហើយវាប្រមូលផ្ដុំដឹកទៅវៀត
ណាម ទៅចិន។ បញ្ហានេះឈ្មួញ វាលួចលាក់តាមបច្ចេកទេសខុសច្បាប់របស់
វាផ្សេងៗទៀត ដែលយើងកំពុងតាមដាន»។

ព្រៃឈើបានគ្របដណ្ដប់ជាង៧០%នៃផ្ទៃដីសរុប១៨០.០៣៥គីឡូម៉ែត្រការ៉េរបស់
ប្រទេសកម្ពុជាកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦០។ក៏ប៉ុន្ដែការកាប់បំផ្លាញជាច្រើន
ទសវត្សរ៍ចុងក្រោយនេះបានធ្វើឲ្យព្រៃឈើនៅក្នុងប្រទេសនេះទទួលរងការហិន
ហោចយ៉ាងខ្លាំង។

លោកយឹម សុវណ្ណ តំណាងរាស្ដ្រមណ្ឌលក្រុងភ្នំពេញរបស់គណបក្សជំទាស់សម
រង្ស៊ីមានប្រសាសន៍ថា ការបង្រ្កាបបទល្មើសនេះកើតឡើងយឺតពេលទៅហើយ
ដោយសារតែរដ្ឋាភិបាលខ្មែរបានព្រងើយកន្ដើយ ចំពោះរបាយការណ៍របស់អង្គ
ការGlobal Witnessស្ដីពីការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាយ៉ាងអន្ដរាយ។ ប្រ-
ជាជនតំណាងសហគមន៍ការពារព្រៃឈើ ដែលVOA សម្លេងសហរដ្ឋអាមេរិក
បានទាក់ទង បានគាំទ្រការយល់ឃើញដូចគ្នានេះដែរ។

លោកយឹម សុវណ្ណ មានបន្ថែមថា ប្រតិបត្តិការសព្វថ្ងៃរបស់ក្រុមអជ្ញាធររដ្ឋាភិ-
បាលមានប្រសិទ្ធិភាពតិចតួចនៅឡើយត្បិតជនមេខ្លោងធំដែលនៅពីក្រោយខ្នង
នៃឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា នៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។

«បទល្មើសសព្វថ្ងៃនេះ វាបានឆ្លុះបញ្ចាំងអំពីភាពពិតប្រាកដរបស់អង្គការGlobal
Witness ដែលគេបានជូនរបាយការណ៍ដល់រាជរដ្ឋាភិបាលឲ្យចាត់វិធានការតាំង
តែពីប៉ុន្មានឆ្នាំមុនម៉្លេះ ។ ហើយយើងត្រូវតែពិនិត្យរបាយការណ៍អង្គការGlobal
Witness ឡើងវិញ ពីព្រោះថា នៅក្នុងរបាយការណ៍នោះគេបានចង្អុលបង្ហាញ
អំពីនាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ទាល់តែអ្នកប្រព្រឹត្តិបទល្មើស
ហ្នឹងត្រូវបានចាប់យកមកកាត់ទោស មកទទួលទោសចំពោះមុខច្បាប់ នោះទើប
មានប្រសិទ្ធិភាព»។

ឌុក សារី តំណាងសហគមន៍ព្រៃឈើឃុំក្បាលត្រាច ខេត្តពោធិសាត ដែលប្រ-
មូលផ្ដុំការការពារទៅលើព្រៃឈើទំហំជាង៥.៤០០ហិចតា បានអះអាងថា ការ
កាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តរបស់លោកនៅតែបន្ដនៅឡើយ ថ្វីបើមានការ
ចាប់ផ្ដើមបង្រ្កាបជាទ្រង់ទ្រាយធំដូចសព្វថ្ងៃនេះក្ដី។

«សព្វថ្ងៃនេះការកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តពោធិសាត់នៅតែបន្ដ។ ក្នុងការ
បង្រ្កាបគឺមានការយឺតយ៉ាវ»។

ជាមួយគ្នានេះដែរ លោកហ្រ្វាន់ស៊ីស ប៉េរ៉េស នាយកអង្គការអុកស្វាមអង់គ្លេស
និង ជាអ្នកសម្របសម្រួលរបស់អង្គការអុកស្វាមអន្ដរជាតិ ប្រចាំប្រទេសកម្ពុជា ដែលបានធ្វើការសហការជាច្រើនជាមួយនឹងក្រុមសហគមន៍ការពារព្រៃឈើនៅ
ទូទាំងប្រទេស បានមានប្រសាសន៍ ដោយយោងទៅនឹងព័ត៌មានទទួលពីក្រុម
សហគមន៍ព្រៃឈើថា ក្រុមប្រដាប់អាវុធនៅបន្ដកាប់បំផ្លាញព្រៃឈើនៅឡើយ
ហើយពិបាកនឹងធ្វើការទប់ស្កាត់។

«ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ នៅតែបន្ដនៅតាមតំបន់ព្រៃមួយចំនួន បើ
ទោះជាជួនកាលក្រុមសហគមន៍ការពារព្រៃឈើ បានដើរល្បាតក៏ដោយ ក៏ប៉ុន្ដែ
ពួកគេមិនអាចធ្វើអ្វីបានទេ ដោយសារតែអ្នកកាប់បំផ្លាញព្រៃឈើខុសច្បាប់នោះ
មានកាំភ្លើងជាប់នឹងដៃ»។

យោងតាមការកត់សម្គាល់របស់ក្រុមមន្ដ្រីនៃអង្គការក្រៅរដ្ឋាភិបាល ការបំផ្លាញ
ព្រៃឈើនៅក្នុងប្រទេសកម្ពុជាត្រូវបង្កដោយការលួចកាប់ដោយខុសច្បាប់ជាទ្រង់
ទ្រាយពាណិជ្ជកម្ម បង្កដោយការរានព្រៃសម្រាប់ការធ្វើកសិកម្មនិងសម្រាប់បង្ក
ឡើងដោយការផ្ដល់ដីសម្បទានសេដ្ឋកិច្ច។ ហើយការបាត់បង់ព្រៃឈើនឹងធ្វើឲ្យ
ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែលពឹងអាស្រ័យនឹងអនុផលព្រៃឈើ និងប៉ះ
ពាល់ដល់ការប្រែប្រួលអាកាសធាតុផងដែរ។

លោក ខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល បានទទួលស្គាល់ថា ការផ្ដល់ដី
សម្បទានសេដ្ឋកិច្ច បានបង្កឲ្យមានការកាប់បំផ្លាញព្រៃឈើមួយផ្នៃក ហើយការ
ដាក់ពង្រាយកងទ័ពនៅតាមតំបន់ព្រំដែន បន្ទាប់ពីមានការប្រឈមមុខគ្នាដោយ
យោធាជាមួយកងទ័ពនៃប្រទេសថៃក៏បានបង្កឲ្យមានការលួចកាប់បំផ្លាញ បង្ហិន
ព្រៃឈើមួយកម្រិតទៀតដែរ។

យោងតាមច្បាប់ស្ដីពីព្រៃឈើដែលត្រួវបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០០២ បាន
ចែងថា បទល្មើសព្រៃឈើជាបទឧក្រិដ្ឋ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG