ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរកម្ពុជាហាមអាពាហ៍ ពិពាហ៍រវាងស្រ្តីខ្មែរ និងបុរសកូរ៉េខាងត្បូង


អាជ្ញាធរកម្ពុជាហាមអាពាហ៍ ពិពាហ៍រវាងស្រ្តីខ្មែរ និងបុរសកូរ៉េខាងត្បូង
អាជ្ញាធរកម្ពុជាហាមអាពាហ៍ ពិពាហ៍រវាងស្រ្តីខ្មែរ និងបុរសកូរ៉េខាងត្បូង
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

នាង លី ម៉ូរីវ៉ាន់ សូមជូនសេចក្តីប្រែសម្រួលអត្ថបទនេះ។

កាលពី២ឆ្នាំមុន ប្រទេសកម្ពុជាបានអនុវត្តការដាក់បម្រាមមួយរយៈពេល៨ខែ
ស្តីអំពីការហាមប្រាមមិនឲ្យស្រ្តីនៅប្រទេសនេះរៀបអាពាហ៍ពិពាហ៍ជាមួយនឹង
បុរសកូរ៉េខាងត្បូង ដោយសារតែភ័យខ្លាចថា ស្រ្តីទាំងនោះខ្លះត្រូវបានគេជួញដូរ
និងអាចត្រូវបង្ខំឲ្យចូលក្នុងការជួញដូរផ្លូវភេទឬក៏អាចត្រូវគេបំពាន។

នៅខែមិនានេះ រដ្ឋាភិបាលក្រុងភ្នំពេញបានដាក់បម្រាមនោះជាថ្មីម្តងទៀត។ ការ
ដាក់បម្រាមនោះបានធ្វើឡើងក្រោយពីការកាត់ឲ្យស្រ្តីខ្មែរម្នាក់ជាប់ទោសកាល
ពីដើមខែមិនាពីបទរៀបចំឯកសារសម្រាប់អាពាហ៍ពិពាហ៍ចំនួន២៥គូដោយថ្នូរ
យកប្រាក់ ដែលនោះជាអំពើខុសច្បាប់។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្លែងថា រដ្ឋាភិបាលចង់ធានាថា ការរៀប
ការទាំងអស់គឺជាការរៀបការដ៏ស្មោះត្រង់ពិតប្រាកដ ហើយគ្មានការប្រឈមមុខ
នឹងការជួញដូរ។ រដ្ឋាភិបាលនេះឲ្យដឹងថា ខ្លួននឹងដកបម្រាមនោះវិញ នៅពេល
ណាដែលវិធានការណ៍ការពារមិនឲ្យមានការជួញដូរ ត្រូវបានអនុវត្តនោះ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោកស្រីជូ ប៊ុនអេង ដឹកនាំគណៈកម្មាធិការរបស់
រដ្ឋាភិបាលប្រឆាំងនឹងការជួញដូរ។

លោកស្រីមានប្រសាសន៍ថា ស្រ្តីខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូងជួន
កាលជំរុញមិត្តភ័ក្ត ដែលមានជីវភាពក្រីក្រនៅឯមាតុភូមិ ឲ្យមករស់នៅប្រទេស
កូរ៉េខាងត្បូងដែរ។

«ពួកគេដឹងពីស្រ្តីដទៃទៀតដែលបានរៀបការហើយ ហើយបានចេញទៅរស់នៅ
ប្រទេសនោះ ហើយពួកគេទាក់ទងគ្នា និងនិយាយថា ឥឡូវនេះខ្ញុំសប្បាយរីក
រាយណាស់។ ខ្ញុំជាអ្នកមាន ដូច្នេះលោកអ្នកឃើញហើយថា ពួកគេប្រាប់គ្នាទៅ
វិញទៅមក ហើយពួកគេក៏ព្យាយាមធ្វើ។ លោកអ្នកដឹងទេ»។

លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា បញ្ហារៀបការនេះ គឺមួយចំណែកធំបង្ក
ឡើងដោយ បញ្ហាសេដ្ឋកិច្ច និងភាពក្រីក្រ។

«មានមនុស្សជាច្រើនមានសុបិនទៅធ្វើការនៅក្រៅប្រទេស។ ឧទាហរណ៍ពួកគេ
បានដាក់ពាក្យធ្វើការជាកម្មករនៅប្រទេសកូរ៉េខាងត្បូង ព្រោះពួកគេគិតថា នៅ
ទីនោះពួកគេនឹងបានប្រាក់ឈ្នួលខ្ពស់ ហើយពួកគេខ្លះមិនមានសមត្ថភាពក្នុង
ការដាក់ពាក្យធ្វើការណាមួយបានទេ»។

កាលពី៤០ឆ្នាំមុន សេដ្ឋកិច្ចប្រទេសកម្ពុជានិងប្រទេសកូរ៉េខាងត្បូង មានស្ថាន
ភាពប្រហាក់ប្រហែលគ្នា។ ក៏ប៉ុន្តែចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាបាន
រងគ្រោះដោយឆ្លងកាត់សង្គ្រាម ជាច្រើនទសវត្សរ៍ និង រដ្ឋាភិបាលខ្មែរក្រហម
ដែលបានសម្លាប់មនុស្សដ៏រង្គាល។

សព្វថ្ងៃនេះ ប្រទេសកូរ៉េខាងត្បូងជាប្រទេសអ្នកមានជាងប្រទេសកម្ពុជាយ៉ាង
ខ្លាំង ហើយការកើនឡើងនូវនគរូបនីយកម្មក្នុងប្រទេសកូរ៉េខាងត្បូងមានន័យថា
មានស្រ្តីមិនគ្រប់គ្រាន់នៅក្នុងតំបន់ជនបទ។

ចំនួនស្ត្រីខ្មែរ ដែលបានរៀបការជាមួយនឹងបុរសកូរ៉េខាងត្បូងបានកើនឡើង
យ៉ាងរហ័សក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។នៅក្នុងឆ្នាំ២០០៤ មានអាពាហ៍ពិពាហ៍
តែ៧២គូប៉ុណ្ណោះដែលបានចុះឈ្មោះ តែដល់ឆ្នាំ២០០៧ ចំនួននោះបានកើន
ឡើងដល់ជាង១៧០០គូ។

ការកើនឡើងនោះបានធ្វើឲ្យអង្គការអន្តរជាតិទទួលបន្ទុកលើបញ្ហាចំណាកស្រុក
ផ្តល់យោបល់ថា ល្បែងផ្គូរផ្គងគូជីវិតនេះបានក្លាយទៅជាជំនួញរកលុយទៅវិញ
ដោយមានឈ្មួញកណ្តាលទារយកកម្រៃច្រើនក្នុងការរៀបចំការរៀបការ ដូចនេះ
ហើយស្រ្តីទាំងនោះប្រឈមមុខទៅនឹងគ្រោះថ្នាក់ ។

ក្រោយពីមានការដាក់បម្រាមជាលើកដំបូង ចំនួនចុះឈ្មោះរៀបអាពាហ៍ពិពាហ៍
បានធ្លាក់ចុះចំនួន២ភាគបី តែមិនយូរឡើយ ចំនួននោះបានកើនឡើងជាថ្មីម្តង
ទៀត។ កាលពីឆ្នាំមុន រដ្ឋាភិបាលកម្ពុជាបានចេញលិខិតអនុញ្ញាតរៀបអាពាហ៍
ពិពាហ៍ដល់ស្រ្តីខ្មែរចំនួន១៤០០នាក់ ឲ្យរៀបការជាមួយនឹងបុរសកូរ៉េខាងត្បូង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG