ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពយន្តអ្នកណាសម្លាប់ជា វិជ្ជា បញ្ចាំងជាថ្មីនៅសរអ


ភាពយន្តអ្នកណាសម្លាប់ជា វិជ្ជា បញ្ចាំងជាថ្មីនៅសរអ
ភាពយន្តអ្នកណាសម្លាប់ជា វិជ្ជា បញ្ចាំងជាថ្មីនៅសរអ

<!-- IMAGE -->

សូមចុចទីនេះ ដើម្បីស្តាប់ព័ត៌មាននេះ

អ្នកណាសម្លាប់ជា វិជ្ជា?នៅតែជាសំណួរមួយមិនមានចម្លើយនិងជាប្រស្នាមួយ
មិនគ្រាន់តែសម្រាប់គ្រួសារជនរងគ្រោះទេ ប៉ុន្តែក៏សម្រាប់ទស្សនិកជនអាមេរិ-កាំងដែលបានមកទស្សនាការដាក់បញ្ជាំងខ្សែភាពយន្តស្តីពីឆាកនយោបាយនៅ
កម្ពុជានិងការតស៊ូរបស់លោកជា វិជ្ជា ដើម្បីទាមទារសិទ្ធិរបស់កម្មករ។

ខ្សែភាពយន្តរឿង “អ្នកណាសម្លាប់ជា វិជ្ជា?” ត្រូវបានដាក់បញ្ចាំងជាលើកដំបូង
នៅឯមហោស្រពភាពយន្ត Frederick កាលពីចុងសប្តាហ៍កន្លងមកនេះ ឱ្យដល់
ទស្សនិកជននៅសហរដ្ឋអាមេរិក ក្នុងគោលបំណងទាក់ទាញឱ្យមានការគាំទ្រ
ដើម្បីជួយឱ្យមានសិទ្ធិសេរីភាពដល់កម្មករនិងប្រជាពលរដ្ឋកម្ពុជា។

លោក Brad Cox អ្នកដឹកនាំខ្សែភាពយន្តឯកសារនេះបានបញ្ជាក់ប្រាប់វីអូអេ
នៅក្រោយការដាក់បញ្ជាំងថា លោកត្រូវតែបន្តផ្សព្វផ្សាយពីបញ្ហានេះដើម្បីឱ្យ
ពិភពលោកបានដឹងពីសភាពការណ៍ពិតដែលបានកើតឡើងនៅប្រទេសកម្ពុជា
ដូចជា ការបាញ់សម្លាប់មេដឹកនាំសហជីព ការបាញ់សម្លាប់អ្នកកាសែតតុលា
ការមិនឯករាជ្យ និង ស្ថាប័នប៉ូលិសមិនមានសមត្ថភាពជាដើម និង ដើម្បីឱ្យ
មានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិដល់សភាពការណ៍នៅប្រទេស
កម្ពុជា។

លោក Brad Cox បញ្ជាក់ថា មានប្រជាពលរដ្ឋកម្ពុជាជាច្រើននៅក្នុងប្រទេស
ចង់ឱ្យមានការផ្លាស់ប្តូរ ក៏ប៉ុន្តែទំហំនៃការភ័យខ្លាចមានការគ្របដណ្តប់ខ្លាំង
ពេក ហើយបើសិនមានការគាំទ្រពិតប្រាកដពីខាងក្រៅនោះ អាចនឹងនាំឱ្យ
មានការប្រសើឡើងដល់ជីវភាពរបស់ប្រជាពលរដ្ឋ។

«អ្វីដែលខ្ញុំគិតថា ជំហានដំបូងក្នុងបណ្តាប្រទេសលោកខាងលិចគឺគួរតែមាន
ការទទួលស្គាល់ថា ប្រទេសកម្ពុជាមិនមានលទ្ធិប្រជាធិបតេយ្យទេ។ ប្រទេស
នេះដឹកនាំដោយមនុស្សតែពីរ បីនាក់ប៉ុណ្ណោះ ដែលនៅលើកំពូលបំផុតហើយ
ក្នុងការស្នើឡើងថា វាជាប្រទេសប្រជាធិបតេយ្យគឺជារឿងនិទានមិនពិតមួយ។
ប៉ុន្តែវាជារឿងនិទានមួយ ដែលសមស្របសម្រាប់ប្រទេសលោកខាងលិចប្រ-
កាន់យក ព្រោះពួកគេមិនចង់តទល់ឬធ្វើឱ្យរដ្ឋាភិបាលអន់ចិត្តទេ។ ប្រសិនបើ
គេគ្រាន់តែទទួលស្គាល់ថា មានបញ្ហាដូចនេះកើតមានឡើងមែននោះ គឺជា
ជំហានដំបូងក្នុងការធ្វើឱ្យមានភាពប្រសើរឡើងនៅប្រទេសកម្ពុជា»។

“អ្នកណាសម្លាប់ជាវិជ្ជា?” សម្លឹងមើលពីការប្រកួតប្រជែងដើម្បីដណ្តើមអំណាច
ក្នុងចំណោមគណបក្សនយោបាយបានធំៗ ដែលមានដូចជាគណបក្សប្រជាជន
កម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សហ្វ៊ិនស៊ិនប៉ិច និង គណ
បក្សសម រង្ស៊ី នៅក្រោយពីការបោះឆ្នោតឆ្នាំ២០០៣។

ក៏មានរៀបរាប់ពីការទាមទាររបស់កម្មកររោងចក្រឱ្យមានប្រាក់ខែនិងស្ថានភាព
ធ្វើការសមស្រប ហើយនៅពេលដែលមានការតវ៉ាដើម្បីសិទ្ធិរបស់កម្មករ គឺតែង
តែមានមុខរបស់លោកជា វិជ្ជា ដឹកនាំជានិច្ច ដោយមិនខ្លាចការគំរាមកំហែង
ដល់អាយុជីវិត ការវាយតប់ពីសំណាក់ប៉ូលិសដែលបង្ក្រាបបាតុកម្ម។

ប៉ុន្តែអតីតមេដឹកនាំសហជីពរូបនេះត្រូវបានឃាតករមិនស្គាល់មុខបាញ់សម្លាប់
ទាំងព្រឹកនៅដើមឆ្នាំ២០០៤ ខណៈពេលដែលកំពុងអង្គុយអានកាសែតនៅក្បែរ
វត្តលង្កា។

ក្រោមការគាបសង្កត់ពីសហគមន៍អន្តរជាតិ អាជ្ញាធរប៉ូលិសបានបង្ខំចាប់ជន
សង្ស័យពីរនាក់ ក៏ប៉ុន្តែនៅពេលនេះត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ
ក្រោយពីមានយុទ្ធនាការតវ៉ាយ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្សថា ពួកគេគឺជាឃាតករ
សិប្បនិមិត្តប៉ុណ្ណោះ។

ឆ្លងតាមរយៈការផលិតខ្សែភាពយន្តនេះ លោកBrad Cox មើលឃើញថា ការ
ភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួនគ្របដណ្តប់លើអារម្មណ៍ពលរដ្ឋខ្មែរ ហើយការ
រីកចម្រើនខាងប្រព័ន្ធយុត្តិធម៌នៅតែមានល្បឿនយឺតៗ។

ភាពយន្តនេះមិនបានបញ្ជប់ដោយកំណត់ទៅលើជនណាម្នាក់ជាជនសង្ស័យធំ
នោះទេ ប៉ុន្តែបានដាក់សេចក្តីសន្និដ្ឋានថា ដើម្បីសម្លាប់លោកជា វិជ្ជាបាន បទ
បញ្ជាត្រូវចេញពីថ្នាក់លើណាមួយ។

«ជា វិជ្ជា គឺជាមនុស្សដែលសំខាន់ម្នាក់ ជាមនុស្សលំដាប់អន្តរជាតិ ហើយមាន
មនុស្សជាច្រើននិយាយថា ប្រសិនគេចង់សម្លាប់លោក វិជ្ជាគឺត្រូវមានបទបញ្ជា
មកពីថ្នាក់លើ ហើយរបៀបដែលរដ្ឋាភិបាលនេះបង្កើតឡើង គឺមានមនុស្សតែ
ប៉ុន្មាននាក់ប៉ុណ្ណោះដែលនៅខ្ពស់បំផុត»។

លោក Jason Judd អតីតអ្នកធ្វើការជាមួយលោកជា វិជ្ជានិង ជាអ្នកដែលបាន
ចាត់ចែងការដាក់បញ្ជាំងខ្សែភាពយន្តឯកសារនេះ បានរំឭកពីវីរភាពក្នុងការតស៊ូ
ដើម្បីប្រយោជន៍កម្មករ ពីអតីតមេសហជីពរូបនេះ និងបញ្ជាក់ថា ពិបាកនឹងរក
មនុស្សណាមកជំនួសបានណាស់។

«ធ្វើសហជីពជារឿងពិបាកត្រូវតែហ៊ាន ហើយនៅស្រុកខ្មែរមិនសូវមាន ។ មាន
មេសហជីពខ្លះពុករលួយ ឬគេចង់ស៊ីលុយ មិនខ្វល់ពីកម្មករ តែវិជ្ជា គាត់ជាមេ
ត្រឹមត្រូវ។ អញ្ចឹងខ្ញុំស្តាយខ្លាំងណាស់»។

លោកសង្ឃឹមថា ខ្សែភាពយន្តអាចនឹងត្រូវបានចែកចាយនៅក្នុងប្រទេសកម្ពុជា
ដើម្បីឱ្យអាចជួយឱ្យកម្មករក្នុងប្រទេសកម្ពុជាបានដឹងពីការខិតខំប្រឹងប្រែងស្វែង
រកយុត្តិធម៌ចំពោះមេដឹកនាំរបស់ពួកគេដែលត្រូវបានសម្លាប់ដោយអយុត្តិធម៌។

លោកស្រីKhalarath Bloesch-SEKដែលត្រូវជាបងស្រីជីដូនមួយរបស់លោក
ជាវិជ្ជា ហើយបានមកទស្សនាខ្សែភាពយន្តនោះ បានសម្តែងពីការខកចិត្តដែល
ពេលនេះអាជ្ញាធរនៅពុំទាន់ចាប់ជនដែលបញ្ជាឱ្យមានការបាញ់សម្លាប់នេះយក
មកដាក់ទោស។

«ពេលមើលឃើញរឿងកុននេះហើយ មានអារម្មណ៍ក្តុកក្តួល ហើយពេលមើល
មានអារម្មណ៍ក្តៅក្រហាយ ប៉ុន្តែយើងមិនដឹងថា បានជួយធ្វើអ្វីកើត មានតែជួយ
គ្រួសារគាត់។ .... ហើយចេះតែនឹកឃើញថា ស្រុកខ្មែរមិនដឹងបានអីទៅជួយឱ្យ
បានស្រុកខ្មែរគ្រាន់បើជាងនេះ។ សង្ឃឹមថា ក្មេងជំនាន់ក្រោយគេនឹងធ្វើបដិវត្តន៍
ហើយធ្វើអ្វីឱ្យបានជឿនលឿនទៅថ្ងៃមុខ»។

ទស្សិនកជនដែលបានចូលទស្សនាដទៃទៀតបានដាក់ចម្ងល់លើស្ថានភាពនៃ
ការទាមទាររបស់កម្មករ ក្រោយពីបាត់បង់មេដឹកនាំដ៏ក្លាហានម្នាក់និងថា រាល់
បាតុកម្មរបស់កម្មករគឺធ្វើឡើងដើម្បីទាមទារឱ្យប្រសើរឡើងនូវស្ថានភាពការងារ
របស់ពួកគេ ក៏ប៉ុន្តែហេតុអ្វីក៏រដ្ឋាភិបាលបែរជាទៅជំទាស់ទៅវិញ?

អត្ថបទ​ទាក់ទង

XS
SM
MD
LG