ដើម្បីស្តាប់ព័ត៌មាននេះ
ក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង នៅថ្ងៃអង្គារនេះ បានស្នើសុំទៅរដ្ឋសភា
របស់ប្រទេសកម្ពុជា ឲ្យផ្អាកដំណើរការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា
និងប្រទេសវៀតណាមមួយរយៈសិន ប្រយោជន៍ដើម្បីការពារបរណៈភាពទឹកដី
កុំឲ្យបាត់បង់ នេះបើតាមការបញ្ជាក់របស់មន្រ្តីគណបក្សប្រឆាំង។
ការស្នើសុំរបស់ក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងនេះ បានកើតមានឡើង
បន្ទាប់ពីលោកសម រង្ស៊ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានដាក់បង្ហាញឯក
សារជាផ្លូវការមួយឈុតថ្មីទៀត ដែលបានបង្ហាញឲ្យឃើញថា តម្រុយបង្គោល
ព្រំដែនលេខ១៨៤ លេខ១៨៥ លេខ១៨៦ និងលេខ១៨៧ នៅស្រុកចន្ទ្រា ខេត្ត
ស្វាយរៀង បានធ្វើឲ្យទឹកដីរបស់ប្រទេសកម្ពុជា បានបាត់បង់ពី៣០០ម៉ែត្រទៅ
៥០០ម៉ែត្រ ។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រឆាំង បាន
បញ្ជាក់ថា មូលហេតុដែលយើងស្នើសុំឲ្យផ្អាកការបោះបង្គោលព្រំដែនរវាងប្រ-
ទេសកម្ពុជា និង ប្រទេសវៀតណាមនេះ គឺ ដោយសារការពារបរណភាពទឹកដី
កម្ពុជា កុំឲ្យមានការបាត់បង់ ។
«បង្គោលមួយចំនួនដែលបានបោះ គេហៅថា បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម
ហ្នឹង បានធ្វើឲ្យបាត់បង់ដីខ្មែរ»។
នៅក្នុងលិខិតមួយច្បាប់របស់ក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង ដែលមាន
ស្នាមចុះហត្ថលេខា ពីក្រុមអ្នកតំណាងរាស្រ្តតែ ៤រូបប៉ុណ្ណោះ បានទទូចស្នើសុំ
ដល់រដ្ឋាភិបាលឲ្យអនុញ្ញាតឲ្យក្រុមអ្នកបច្ចេកទេស តំណាងអង្គការសង្គមស៊ីវិល
គណបក្សនយោបាយ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមតាម ដាន និង
ផ្ទៀងផ្ទាត់ដំណើរការបោះបង្គោលព្រំដែននេះ។
លោកទិត្យ សុធា ទីប្រឹក្សារដ្ឋាភិបាល និង ជាអ្នកនាំពាក្យអង្គភាពព័ត៌មានប្រតិ-
កម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា ការបោះតម្រុយបង្គោល
ព្រំដែននេះ ពុំបានធ្វើឲ្យទឹកដីកម្ពុជាបាត់បង់ទេ។
លោកទិត្យ សុធា បានអះអាងទៀតថា លិខិតរបស់ក្រុមអ្នកតំណាងរាស្រ្តគណ
បក្សសម រង្ស៊ីនេះហាក់បីដូចជាគ្មានតម្លៃសម្រាប់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន
យកទៅពិចារណាទេ។
«លិខិតនេះ ហាក់បីដូចជាលិខិតមួយគាំទ្រនូវអំពើបំពានច្បាប់របស់លោកសម
រង្ស៊ី នៅក្នុងការដកបំផ្លាញបង្គោលតម្រុយព្រំដែន ។ វាមិនមែនជាលិខិត ដែល
ចូលរួមចំណែកនៃការពង្រឹងច្បាប់ និងអនុវត្តច្បាប់នោះទេ»។
ប្រទេសកម្ពុជាមានព្រំដែនគោកជាប់ជាមួយប្រទេសវៀតណាម ចំនួន ១២៧០
គីឡូម៉ែត្រ ក៏ប៉ុន្តែប្រទេសទាំងពីរទើបតែបោះបង្គោលបានចំនួនប្រមាណ១២៨
បង្គោលតែប៉ុណ្ណោះ នៅក្នុងចំណោមបង្គោលសរុប៣០៥បង្គោល។
លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលពេលនេះកំពុងស្នាក់នៅឯក្រៅ
ប្រទេស ត្រូវបានតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែមករា បានកាត់
ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង ពិន័យជាប្រាក់ចំនួនជាង
៦០លានរៀលពីបទធ្វើឲ្យខូចខាតដោយចេតនានូវតម្រុយបង្គោលព្រំដែនលេខ
១៨៥រវាងប្រទេសកម្ពុជា និង ប្រទេសវៀតណាម និង ញុះញ៉ង់ឲ្យមានការរើស
អើងជាតិសាសន៍។
តុលាការក្រុងភ្នំពេញក៏បានចោទប្រកាន់លោកសម រង្ស៊ី មួយករណីទៀត តាម
បណ្តឹងរបស់រដ្ឋាភិបាល ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងក្លែងឯកសារសា-
ធារណៈតាមប្រព័ន្ធអ៊ីនធើណែត ហើយប្រសិនណា បើតុលាការរកឃើញថា
មានកំហុស លោកនឹងអាចប្រឈមមុខជាប់ពន្ធនាគាររយៈពេល១ឆ្នាំរហូតដល់
៥ឆ្នាំទៀត តាមច្បាប់ព្រហ្មទណ្ឌអន្តរកាល៕