ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខួប១៣ឆ្នាំនៃការគប់គ្រាប់បែក យ៉ាងប្រល័យនៅមុខសភា


ខួប១៣ឆ្នាំនៃការគប់គ្រាប់បែក យ៉ាងប្រល័យនៅមុខសភា
ខួប១៣ឆ្នាំនៃការគប់គ្រាប់បែក យ៉ាងប្រល័យនៅមុខសភា

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមគ្រួសារជនរងគ្រោះនៅថ្ងៃអង្គារនេះបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជានិង
ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI របស់សហរដ្ឋអាមេរិក ឱ្យបើកការស៊ើប
អង្កេតឡើងវិញក្នុងការវាយប្រហារគ្រាប់បែកដៃយ៉ាងប្រល័យឆ្នាំ១៩៩៧ទៅលើ
ក្បួនបាតុកម្មរបស់គណបក្សប្រឆាំង នៅទីក្រុងភ្នំពេញដែលបានសម្លាប់មនុស្ស
យ៉ាងតិច១៦នាក់ និងជាង១៥០នាក់ផ្សេងទៀតបានរងរបួស។

នៅថ្ងៃនេះ កាលពី១៣ឆ្នាំមុនគឺចំថ្ងៃទី៣០ខែមិនាឆ្នាំ១៩៩៧ គ្រាប់បែកដៃចំនួន
៤គ្រាប់ ត្រូវបានគេគប់ចូលទៅក្នុងក្រុមបាតុករប្រមាណ២០០នាក់ ដែលគាំទ្រ
លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានប្រមូលផ្តុំគ្នាប្រឆាំងនឹងអំពើពុក
រលួយនៅក្នុងប្រព័ន្ធតុលាការ។ អ្នកតវ៉ានិងអ្នកនៅជិតកន្លែងកើតហេតុយ៉ាងតិច
១៦នាក់ត្រូវបានសម្លាប់។

តាមអង្គការសិទ្ធិមនុស្ស HRW រដ្ឋាភិបាលកម្ពុជាមិនបានធ្វើឱ្យជឿនលឿនក្នុង
ការស៊ើបអង្កេតឬចាប់អ្នកប្រព្រឹត្តបទឧក្រិដ្ឋនេះឱ្យមកទទួលខុសត្រូវទេ ទោះបី
មានភស្តុតាងយ៉ាងរឹងមាំជាប់ទាក់ទងនឹងអង្គភាពកងអង្គរក្សរបស់លោកនាយក
រដ្ឋមន្ត្រីហ៊ុន សែននៅក្នុងការវាយប្រហារនេះក៏ដោយ។ ភ្នាក់ងារ FBI បានព្យា-
យាមស៊ើបអង្កេតរបស់ខ្លួននៅក្នុងការវាយប្រហារគ្រាប់បែកដៃនេះ ពីព្រោះជន
ជាតិអាមេរិកាំងម្នាក់គឺលោក Ron Abney បានរងរបួស។

លោកស្រី សម វណ្ណី តំណាងគ្រួសារជនរងគ្រោះ បានអានសេចក្តីថ្លែងការណ៍
នៅពិធីខួបឆ្នាំទី១៣ នៅកន្លែងដែលមនុស្ស១៦ត្រូវបានសម្លាប់ និង ១៥០នាក់
ទៀត បានរងរបួសនោះថា យើងសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា និងភ្នាក់
ងារFBIរបស់សហរដ្ឋអាមេរិកឱ្យធ្វើការស៊ើបអង្កេតករណីឧក្រិដ្ឋកម្មវាយប្រហារ
ដោយគ្រាប់បែកដៃនេះឡើងវិញ ដើម្បីចាប់ឃាតករ និងអ្នកនៅពីក្រោយខ្នង នាំ
មករកយុត្តិធម៌ និងដើម្បីបញ្ចប់ករណីឧក្រិដ្ឋកម្មមួយនេះ។

លោកស្រីសម វណ្ណី បានបញ្ជាក់ថា យើងបានទន្ទឹងរង់ចាំយុត្តិធម៌នេះអស់រយៈ
ពេល១៣ឆ្នាំហើយ ។ យើងគ្មានគំនុំគំកួន ឬ បំណងចង់សងសឹកដល់ជនណា
ម្នាក់សោះឡើយ ប៉ុន្តែវាជាកាតព្វកិច្ចនៃច្បាប់ លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌
សង្គម ដូច្នេះរដ្ឋាភិបាលត្រូវទទួលខុសត្រូវចំពោះការនាំខ្លួនឃាតករមករកយុត្តិ
ធម៌។

អ្នកចូលរួមជាង១០០នាក់មកពីក្រុមគ្រួសារជនរងគ្រោះ សកម្មជន និងតំណាង
រាស្ត្រគណបក្សសម រង្ស៊ី បានចូលរួមនៅក្នុងពិធីបុណ្យរំឭកខួបប្រចាំឆ្នាំនេះដល់
វិញ្ញាណក្ខន្ធរបស់អ្នកស្លាប់ ដើម្បីបុព្វហេតុយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យនិងនីតិ
រដ្ឋ។

លោកស្វាយ សាខន ឪពុករបស់សពកញ្ញា ចន្ទី ភក្តី ដែលបានស្លាប់នៅក្នុងការ
វាយប្រហារដោយគ្រាប់បែកដៃឆ្នាំ១៩៩៧ បាននិយាយថា លោកនៅតែទន្ទឹង
រង់ចាំយុត្តិធម៌អស់រយៈពេល១៣ឆ្នាំ ក៏ប៉ុន្តែយុត្តិធម៌នៅតែមិនទាន់កើតមាននៅ
ឡើយ ហើយលោកសង្ឃឹមថា យុត្តិធម៌នឹងអាចកើតមានដល់សពកូនស្រីរបស់
លោកនៅពេលណាមួយជាមិនខាន។

«ខ្ញុំនៅតែទន្ទឹងរង់ចាំរដ្ឋាភិបាលជួយរកឃាតករឱ្យឃើញ។ អារម្មណ៍របស់ខ្ញុំនៅ
តែដិតដាន ជាប់ជានិច្ចចំពោះការសម្លាប់កូនស្រីរបស់ខ្ញុំ។ ការសោកស្តាយរបស់
ខ្ញុំរកនិយាយមិនចេញទេ។ ប៉ុន្តែខ្ញុំចង់ឱ្យរដ្ឋាភិបាលខិតខំជួយរកយុត្តិធម៌»។

អង្គការសិទ្ធិមនុស្ស HRW បាននិយាយនៅថ្ងៃនេះថា FBIគួរតែធ្វើការស៊ើប
អង្កេតឡើងវិញ អំពីការវាយប្រហារដោយគ្រាប់បែកដៃនេះ។

លោក Brad Adams នាយកអង្គការ HRW ប្រចាំតំបន់អាស៊ី បានបញ្ជាក់នៅ
ក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកប្រកាសថា សិទ្ធិមនុស្ស និងនីតិរដ្ឋ
គឺជាគោលដៅនយោបាយដ៏សំខាន់នៅកម្ពុជា។ សហរដ្ឋអាមេរិកបានដកភ្នាក់
ងារនៅពេលការស៊ើបអង្កេតឈានដល់ការបញ្ចប់ករណីនេះ និងមិនបានធ្វើអ្វី
សោះដើម្បីដោះស្រាយករណីនេះអស់រយៈពេលជាង ១ ទសវត្សរ៍។

ការវាយប្រហារនេះ ជាស្រមោលគ្រប់ដណ្តប់លើប្រទេសកម្ពុជាដែលនឹងត្រូវ
បានលាតត្រដាង នៅពេលដែលពួកអ្នកប្រព្រឹត្តបទឧក្រិដ្ឋត្រូវបាននាំទៅរក
យុត្តិធម៌។ លោក John Johnson អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា
បានបញ្ជាក់នៅក្នុងសារអេឡិចត្រូនិចថា ការស៊ើបអង្កេតរបស់ភ្នាក់ងារ FBI
មិនសម្រេចផលទេ ហើយការិយាល័យរបស់រដ្ឋអាជ្ញាសហរដ្ឋអាមេរិក បាន
បដិសេធការស៊ើបអង្កេតករណីនេះ។

លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា
យើងមិនទាន់បោះបង់ចោលការស៊ើបអង្កេតករណីវាយប្រហារគ្រាប់បែកដៃនេះ
ទេ។

«ករណីនេះគឺឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនទាន់ឱ្យបិទបញ្ជីនៃ
ការស៊ើបអង្កេតនៅឡើយទេ ។ មិនមានការអំពាវនាវ ក៏យើងដំណើរការស៊ើប
អង្កេតដែរ។ មិនចាំបាច់មានការអំពាវនាវទេ ពីព្រោះវាជាសមត្ថកិច្ចរបស់ក្រសួង
មហាផ្ទៃ និងរដ្ឋាភិបាលត្រូវតែធ្វើ»។

លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង បាននិយាយតាមទូរស័ព្ទមកកាន់ការ
ប្រារព្ធខួបឆ្នាំទី១៣នេះថា យើងមិនអាចបំភ្លេចនូវព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមិនា
ឆ្នាំ១៩៩៧នៃការវាយប្រហារដោយគ្រាប់បែកដៃសម្លាប់បាតុករយ៉ាងតិច១៦នាក់
និងប្រមាណ១៥០ផ្សេងទៀតបានរងរបួសនេះទេ ។ យើងមិនបំភ្លេចនូវការតស៊ូ
ជនរងគ្រោះ ឧត្តមគតិនិងការសន្យារបស់យើងទេ ហើយយើងត្រូវតែតស៊ូស្វែង
រកយុត្តិធម៌សម្រាប់ជនរងគ្រោះរបស់យើង និង លាតត្រដាងនូវរឿងពិតនៃការ
វាយប្រហារដោយគ្រាប់បែកដៃនេះ។

«មេដឹកនាំកម្ពុជាបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយគ្រាប់បែកដៃនេះ។
មិនយូរទេ ឃាតករនិងអ្នកនៅពីក្រោយនឹងត្រូវបានផ្តន្ទាទោសចំពោះការសម្លាប់
នេះ។ ពួកឧក្រិដ្ឋជនមិនអាចគេចផុតពីយុត្តិធម៌បានទេ»។

លោកគង់ គាំ អនុប្រធានគណបក្សសម រង្ស៊ី បានបញ្ជាក់ថា យើងសង្ឃឹម និង
ជឿជាក់ថា យុត្តិធម៌ពិតប្រាកដនឹងកើតមានដល់ជនរងគ្រោះរបស់យើងនៅក្នុង
ពេលអនាគត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG