ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពរាំងស្ងួតនៅអាស៊ីអាគ្នេយ៍នាំឲ្យមាន ការជជែកគ្នាអំពីធនធានទឹកក្នុងតំបន់


ភាពរាំងស្ងួតនៅអាស៊ីអាគ្នេយ៍នាំឲ្យមាន ការជជែកគ្នាអំពីធនធានទឹកក្នុងតំបន់
ភាពរាំងស្ងួតនៅអាស៊ីអាគ្នេយ៍នាំឲ្យមាន ការជជែកគ្នាអំពីធនធានទឹកក្នុងតំបន់
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ប្រែសម្រួលដោយ សឹង សុផាត VOAខ្មែរ វ៉ាស៊ីនតោន

នៅភាគខាងជើងនៃប្រទេសថៃ ទន្លេមេគង្គដ៏ធំទូលាយ ត្រូវបានគេហៅថា ជា
មាតាទន្លេ។ ទន្លេនេះហូរពីប្រភពទឹកនៅជួរភ្នំទីបេ ទៅសមុទ្រចិនខាងត្បូង ក្នុង
ចម្ងាយជាង ៤.០០០ គីឡូម៉ែត្រ។

ប៉ុន្តែនៅក្នុងឆ្នាំនេះ កម្ពស់ទឹកទន្លេបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល
ជាច្រើនទសវត្សរ៍កន្លងមក។

លោកJulian Wright ជាអ្នកគ្រប់គ្រងផ្ទះសំណាក់មួយនៅតាមច្រាំងទន្លេមេគង្គ
ក្នុងខេត្ត Khon Kaenនៅភាគខាងជើងនៃប្រទេសថៃ។លោក Wrightនិយាយ
ថា គេអាចមើលឃើញឆ្នេរខ្សាច់នៅក្នុងទន្លេច្រើនជាងក្នុងឆ្នាំមុនៗ។

«ខ្ញុំមិនអាចនិយាយថា វាជាកម្ពស់ទឹកទាបបំផុតដែលធ្លាប់មាននោះទេ ប៉ុន្តែវា
ពិតជាកម្ពស់ទឹកទាបបំផុតដែលខ្ញុំធ្លាប់ឃើញ។ ឡានបូមទឹកដែលប្រមូលទឹកពី
ទីក្រុងនេះប្រហែលអាចជាប់ផុងក្នុងខ្សាច់ ហើយយើងប្រហែលអាចមានបញ្ហា
ទឹកម៉ាស៊ីនមិនចេញ»។

ទន្លេមេគង្គហូរឆ្លងកាត់ខេត្តYunnan នៅភាគខាងត្បូងនៃប្រទេសចិនតំបន់ខ្លះ
នៃប្រទេសភូមា ថៃ និងលាវ រួចហូរកាត់ប្រទេសកម្ពុជា និងវៀតណាមមុននឹង
ហូរដល់សមុទ្រ។

នៅឆ្នាំនេះរដូវប្រាំងនៅអាស៊ីអាគ្នេយ៍មានលក្ខណៈស្ងួតខ្លាំងខុសពីធម្មតា ហើយ
ខេត្តនានានៅភាគខាងត្បូងនៃប្រទេសចិន ដែលរួមមានខេត្តYunnan Guizhou
និងSichuanកំពុងរងគ្រោះពីភាពរាំងស្ងួតដ៏ធ្ងន់ធ្ងរ។មានមនុស្សជាង២០លាន
នាក់ប្រឈមមុខកង្វះខាតទឹកដោយមានដំណាំប្រមាណ៦.៥០០.០០០ហិកតា
ត្រូវរងផលប៉ះពាល់។

លោក Ian Makin ជាវិស្វករម្នាក់និងជាអ្នកឯកទេសជាន់ខ្ពស់ខាងការគ្រប់គ្រង
ធនធានទឹករបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

«រឿងនេះជាព្រឹត្តិការណ៍ដែលកើតរាល់៥០ឆ្នាំម្តង ហើយវានឹងត្រូវត្រឡប់មក
វិញនៅ៥០ឆ្នាំទៀត។ ដូច្នេះនេះជារឿងធ្ងន់ធ្ងរដែរ។ ឥឡូវបញ្ហាដែលនឹងត្រូវមក
ដល់នោះគឺថា នៅរដូវប្រាំង កសិករភាគច្រើននៅក្នុងតំបន់អាងទន្លេមេគង្គប្រើ
ប្រាស់ម៉ាស៊ីនបូមទឹក ហើយបើកម្ពស់ទឹកធ្លាក់ទាបជាងកម្រិតធម្មតា នោះពួក
គាត់នឹងមិនអាចបូមទឹកបញ្ចូលស្រែរបស់ពួកគាត់បានទេ ហើយគាត់ពិបាក
ស្រោចស្រប់ដំណាំឲ្យនៅរស់ណាស់»។

នៅតាមទីក្រុងនានា មន្ត្រីធនធានទឹកបានស្នើឲ្យអ្នកស្រុកសន្សំសំចៃទឹក។នាវា
ដឹកទំនិញនិងសាឡាងមួយចំនួនដែលធ្លាប់តែបើកតាមទន្លេនេះ ត្រូវបង្ខំចិត្ត
ផ្អាកដំណើរការ ដោយហេតុថា នៅកន្លែងខ្លះ ទន្លេមេគង្គស្ទើរតែរីងស្ងួតទាំង
ស្រុង។ ហើយនៅតាមតំបន់ទំនាបក្នុងដីសណ្តរទន្លេមេគង្គដ៏មានជីរជាតិរបស់
ប្រទេសវៀតណាម ការរីងស្ងួតនេះបណ្តាលឲ្យទឹកប្រៃពីសមុទ្រអាចហូរចូល
និងធ្វើឲ្យខូចដីកសិកម្មបាន។

ក្រុមអង្គការបរិស្ថាននិងសិទ្ធិមនុស្សនៅប្រទេសថៃនិយាយថា ទំនប់វារីអគ្គិសនី
តាមទន្លេនៅភាគខាងត្បួងនៃប្រទេសចិនបានរួមចំណែកធ្វើឲ្យកម្ពស់ទឹកទន្លេ
នេះទាប។

អង្គការសម្ព័ន្ធសង្គ្រោះទន្លេមេគង្គ (Save the Mekong Coalition) ដែលជា
សម្ព័ន្ធភាពរវាងអង្គការបរិស្ថាននានាបានរិះគន់ការគ្រប់គ្រងទន្លេនិងសាងសង់
ទំនប់វារីអគ្គិសនីនៅប្រទេសចិន។នាងPianporn Deetesជាអ្នកនាំពាក្យរបស់
ក្រុមសម្ព័ន្ធភាពនេះ។

«នេះមិនគ្រាន់តែជាភាពរីងស្ងួតតាមធម្មជាតិទេ ប៉ុន្តែវាក៏ជាផលប៉ះពាល់ពីហេ-

ដ្ឋារចនាសម្ព័ន្ធធំៗ ដែលជាទំនប់វារីអគ្គិសនីនៅដើមខ្សែទឹក ហើយអ្នកនេសាទ
និងកសិករបានរងគ្រោះដោយការផ្លាស់ប្តូរយ៉ាងខ្លាំងនៃប្រព័ន្ធធម្មជាតិរបស់ទន្លេ
មេគង្គ។ហើយពួកគាត់មានការសង្ស័យថា បញ្ហាកម្ពស់ទឹកទាបនេះបណ្តាលមក
ពីវិធីនៃការកម្រិតចរន្តទឹកហូររបស់ទំនប់នៅដើមខ្សែទឹក»។

ប្រទេសចិនបានសាងសង់រួចនូវទំបន់វារីអគ្គិសនី Xiaowan ដែលជាស្ថានីយ៍វារី
អគ្គិសនីធំបំផុតទី២ នៅក្នុងប្រទេសនេះ នៅតំបន់ប្រភពដើមទន្លេមេគង្គ។ មាន
ទំនប់៨ទៀតកំពុងត្រូវសាងសង់នៅក្នុងខេត្ត Yunnan។

លោកJeremy Bird គឺជាប្រធានគណៈកម្មការទន្លេមេគង្គ ដែលរួមមានប្រទេស
កម្ពុជា លាវ ថៃ និងវៀតណាម ។ លោកមិនយល់ស្របនឹងការបារម្ភទាំងនេះទេ
ហើយបានបន្ទោសភាពរាំងស្ងួតថា ជាកត្តាដែលនាំឲ្យកម្ពស់ទឹកទាបបែបនេះ។

«បើយើងមើលទៅលើឯកសារនៃចរន្តទឹកហូរដែលយើងមាន យើងមិនឃើញ
មានមូលហេតុអ្វី ដែលបង្ហាញថា សំណង់នៅដើមខ្សែទឹក បានធ្វើឲ្យស្ថានភាព
នេះកាន់តែធ្ងន់ធ្ងរនោះទេ។តាមពិតទៅ មានភស្តុតាងខ្លះបង្ហាញថា បើមិនមាន
ទំនប់វារីអគ្គិសនីទាំងនោះទេ កម្ពស់ទឹកដែលធ្លាក់មកកម្រិតទាបនេះអាចកើត
មានឡើងនៅមុននេះទៀតក្នុងខែមករា»។

ចំណុចរសើបទាក់ទងនឹងចរន្តទឹកក្នុងទន្លេមេគង្គ បាននាំឲ្យមានការពិភាក្សាគ្នា
រវាងប្រទេសចិននិងប្រទេសថៃ អំពីផលប៉ះពាល់ដែលទំនប់វារីអគ្គិសនីនេះអាច
មានទៅលើកម្ពស់ទឹកក្នុងទន្លេ។ មន្ត្រីចិនបានបដិសេធការអះអាងនានាដែលថា
ទំនប់វារីអគ្គិសនីទាំងនេះបានរួមចំណែកធ្វើឲ្យកម្ពស់ទឹកទាប។

នៅដើមខែក្រោយ ប្រទេសចិននឹងចូលរួមកិច្ចប្រជុំមួយនៅទីក្រុងបាងកករវាង
ក្រុមមេដឹកនាំប្រទេសក្នុងតំបន់ទន្លេមេគង្គ ។ មេដឹកនាំទាំងនេះសង្ឃឹមថា នឹង
អាចរកឃើញវិធីផ្សេងៗដើម្បីគ្រប់គ្រងទន្លេនេះឲ្យបានប្រសើរជាងមុន។

គេមានការបារម្ភថា កំណើនចំនួនប្រជាជននឹងនាំឲ្យមានការប្រើប្រាស់ទន្លេមេ-
គង្គច្រើនជាងមុន សម្រាប់ការផ្គត់ផ្គង់ទឹកផឹក កសិកម្ម ការនេសាទ និង មធ្យោ
បាយធ្វើដំណើរ។លោក Smith Dhanrmasaroja ប្រធានមជ្ឈមណ្ឌលព្រមាន
អំពីគ្រោះមហន្តរាយជាតិរបស់ប្រទេសថៃគិតថា នៅទីបំផុតអាស៊ីអាគ្នេយ៍អាច
នឹងមានជម្លោះដណ្តើមទឹកប្រើប្រាស់។

«វាពិតណាស់ថា ពួកគេនឹងច្បាំងដណ្តើមគ្នា ។ ប្រទេសនិមួយៗនឹងច្បាំងគ្នា
ដណ្តើមទឹក។ យើងនឹងមានសង្គ្រាមគឺសង្គ្រាមដណ្តើមទឹកនៅក្នុងតំបន់ ហើយ
ជាធម្មតាពេលមនុស្សត្រូវការទឹកសម្រាប់ផឹក ពួកគេប្រាកដជាច្បាំងដណ្តើមអ្វីៗ
ទាំងអស់។ ដូច្នេះនឹងមានកើតជម្លោះរវាងប្រទេសលាវ ថៃ មីយ៉ាន់ម៉ារកម្ពុជា។
យើងនឹងរង់ចាំមើល»។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ គណៈកម្មការសេដ្ឋ
កិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការទ្វីបអាស៊ីនិងមហា
សមុទ្រប៉ាស៊ីហ្វិកបានសម្តែងនូវក្តីបារម្ភស្រដៀងគ្នានេះដែរអំពីសន្តិសុខទឹកក្នុង
តំបន់។

របាយការណ៍នេះបានព្រមានថា ការប្រែប្រួសអាកាសធាតុទំនងជានឹងធ្វើឲ្យ
កង្វះខាតទឹកនៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG