ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការកាត់ទោសខ្មែរក្រហមគួរបង្កើនល្បឿន


ការកាត់ទោសខ្មែរក្រហមគួរបង្កើនល្បឿន
ការកាត់ទោសខ្មែរក្រហមគួរបង្កើនល្បឿន
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

អ្នកឃ្លាំមើលដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមមួយរូបបានលើក
ឡើងនៅថ្ងៃសុក្រនេះថា សាលាក្ដីខ្មែរក្រហមគួរតែបង្កើនល្បឿនសម្រាប់បង្កើត
ការិយាល័យរបស់ក្រុមសហមេធាវីនាំមុខឲ្យបានឆាប់ សម្រាប់ចូលរួមការកាត់
ទោសនៅក្នុងសំណុំរឿងលេខ០០២ ឲ្យបានពេញលេញ។

សំណុំរឿងនេះ ដែលមានជនសង្ស័យចំនួន៥នាក់ ត្រូវគេរំពឹងថា អាចនឹងត្រូវ
បើកសវនាការនៅដើមឆ្នាំ២០១១ខាងមុខនេះ។ បើយោងតាមវិធានផ្ទៃក្នុងរបស់
សាលាក្ដីខ្មែរក្រហម ដែលទើបនឹងធ្វើវិសោធនកម្មកាលពីខែកុម្ភៈ កន្លងទៅនេះ បានកំណត់ព្រំដែននៃការចូលរួមរបស់មេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី
ថា ក្រុមមេធាវីទាំងនោះត្រូវតំណាងដោយសហមេធាវីនាំមុខចំនួនពីររូបនៅគ្រប់
ដំណាក់កាលការកាត់ទោសទាំងអស់នៃសំណុំរឿងលេខ០០២។ គឺមានមេធាវី
ជនជាតិកម្ពុជាមួយរូប និងមេធាវីអន្ដរជាតិមួយរូប។

លោកឡុង បញ្ញាវុធ មន្ដ្រីគម្រោងនៃអង្គការគម្រោងយុត្តិធម៌នៅកម្ពុជា ដែលជា
សាខាមួយរបស់អង្គការ OSJI របស់សហរដ្ឋអាមេរិក បានមានប្រសាសន៍ក្នុង
សិក្ខាសាលាក្នុងទីក្រុងភ្នំពេញសម្រាប់តំណាងអ្នកដាក់ពាក្យសុំតាំងខ្លួនជាដើម
បណ្ដឹងរដ្ឋប្បវេណីសម្រាប់សំណុំរឿងលេខ០០២ថា វាមានសារៈសំខាន់ណាស់
ក្នុងការបង្កើតឲ្យមានអង្គភាពសហមេធាវីនាំមុខឲ្យបានឆាប់នោះ នៅមុនពេល
ការកាត់ទោសជិតមកដល់។

លោកឡុង បញ្ញាវុធ ព្រមានថា ប្រសិនបើរៀបចំមេធាវីនាំមុខ មានការយឺតយ៉ាវ
វានឹងប៉ះពាល់ដល់ការរៀបចំការការពារជនរងគ្រោះរបស់ក្រុមមេធាវីតំណាងឲ្យ
ដើមបណ្ដឹងរដ្ឋប្បវេណី។

«បើសិនរៀបចំមេធាវីនាំមុខមានការយឺតយ៉ាវ អញ្ចឹងវាប៉ះពាល់ហើយ ពីព្រោះ
នៅក្នុងការជំនុំជម្រះ គឺមានតែវត្តមានរបស់មេធាវីនាំមុខទេ ដែលត្រូវឡើងនៅ
ក្នុងនីតិវិធីមេធាវីការពារដើមបណ្ដឹងរដ្ឋប្បវេណី គឺធ្វើអ្វីទាំងអស់តាមរយៈមេធាវី
នាំមុខ។ ដូនេះវាទាមទារឲ្យការិយាល័យមេធាវីនាំមុខនឹងត្រូវតែជ្រើសរើសឲ្យ
បានឆាប់តាមតែអាចធ្វើទៅបាន ដើម្បីឲ្យការិយាល័យមេធាវីនាំមុខនេះអាចរៀប
ចំផែនការធ្វើកិច្ចការផ្សេងៗដើម្បីត្រៀមរៀបចំពេលជំនុំជម្រះ»។

លោក ឡុង បញ្ញាវុធ លើកឡើងថា ក្រុមមេធាវីនាំមុខត្រូវមានពេលវេលាគ្រប់
គ្រាន់ សម្រាប់រៀបចំយុទ្ធសាស្រ្តការពារជនរងគ្រោះ និង រៀបចំនីតិវិធីផ្សេងៗ
ទៀត។

លោកស្រី ហេឡែន ចាវីស ប្រធានអង្គភាពគាំពារជនរងគ្រោះរបស់សាលាក្ដី
ខ្មែរក្រហមមានប្រសាសន៍នៅក្រៅសិក្ខាសិលានោះថា សាលាក្ដីខ្មែរក្រហមនឹង
ធ្វើសេចក្ដីប្រកាសជ្រើសរើសមេធាវីនាំមុខ នៅមុនពិធីចូលឆ្នាំខ្មែរ ពោលគឺនៅ
ក្នុងខែមេសាខាងមុខនេះ ហើយអ្នកស្រីរំពឹងថា ក្រុមមេធាវីនាំមុខនឹងអាចចាប់
ផ្ដើមការងាររបស់ខ្លួននៅខែកក្កដាខាងមុខ។

«យើងត្រូវតែរក និង ជ្រើសរើសអ្នកដែលសមស្រប ។ យើងមានបំណង មាន
សង្ឃឹម ប្រហែលគេអាចចាប់ផ្ដើមខែ៧គឺខែកក្កដាឆ្នាំនេះ»។

ស្របពេលជាមួយគ្នានេះ ខណៈដែលមានប្រជាពលរដ្ឋបានដាក់បណ្ដឹងសុំតាំង
ខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី បានកើនឡើងរហូតដល់៤.០០១បណ្ដឹង សម្រាប់
សំណុំរឿងលេខ០០២នេះតម្រូវការមេធាវីសម្រាប់ការពារពួកគេកាន់តែមានសារៈ
សំខាន់។

យោងតាមលោកស្រី ហេឡែន ចាវិស បានឲ្យដឹងថា បច្ចុប្បន្ននេះទើបតែមាន
ដើមបណ្ដឹងចំនួនប្រមាណជា១.៣០០នាក់ប៉ុណ្ណោះ ដែលមានមេធាវីការពារពួក
គេ។ ក្រុមមេធាវីបានអះអាងថា នៅពេលដែលជនរងគ្រោះមានមេធាវី ពួកគេ
នឹងអាចប្ដឹងឧទ្ធរណ៍បាន ប្រសិនបើពួកគេត្រូវបានបដិសេធសិទ្ធិជាដើមបណ្ដឹង
រដ្ឋប្បវេណីដោយសហចៅក្រមស៊ើបអង្កេតនោះ។

លោកស្រីហេឡែន ចាវីសទទួលសា្គល់ថា នេះគឺជាបញ្ហាសំខាន់ដែលសាលាក្ដី
ត្រូវតែយកចិត្តទុកដាក់ ហើយអ្នកស្រីអះអាងថា ដើមបណ្ដឹងទាំងអស់អាចនឹង
មានមេធាវីរបស់ខ្លួនគ្រប់គ្នា នៅចុងខែមេសាខាងមុខ ហើយនៅក្នុងពេលនេះ
មានមេធាវីចំនួន៤១រូប បានស្ម័គ្រចិត្តការពារជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្ប-
វេណីទាំងនោះ ក្នុងនោះមានមេធាវីបរទេសចំនួន ២៧រូប ដែលមកពីសហរដ្ឋ
អាមេរិក មកពីប្រទេសបារាំង និងអាល្លឺម៉ង់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG