ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សត្វតឹកកែប្រភេទថ្មី ចម្លែក


សត្វតឹកកែប្រភេទថ្មី ចម្លែក
សត្វតឹកកែប្រភេទថ្មី ចម្លែក

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ពូជតឹកកែថ្មីមួយប្រភេទដែលក្រុមអ្នកវិទ្យាសាស្រ្តមិនធ្លាប់ប្រទះឃើញពីមុនមក
ត្រូវបានគេរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញភាគនិរតីនៃប្រទេសកម្ពុជាកាលពី
ខែមិថុនាឆ្នាំ២០០៧ ហើយត្រូវដាក់ឈ្មោះតាមលោកនាង ធី ដែលជាអ្នកសា្រវ
ជ្រាវសត្វព្រៃខ្មែរមួយរូបដើម្បីជាការដឹងគុណចំពោះការចូលរួមចំណែកដ៏សំខាន់
របស់លោក ដែលឈានទៅដល់ការរកឃើញសត្វតឹកកែប្រភេទថ្មីនេះ។

នេះគឺប្រភេទតឹកកែCnemaspis Neang Thyi ។ តឹកកែCnemaspis Neang
Thyiនេះត្រូវលោកនាង ធី រកឃើញនៅក្នុងបេសកកម្មស្រាវជ្រាវមួយដែលចូល
រួមដោយអ្នកស្រាវជ្រាវចំនួន៧នាក់នៃសាកលវិទ្យាល័យ La Sierra University
សហរដ្ឋអាមេរិក និងអង្គការអភិរក្សសត្វព្រៃ FFI ជាទីដែលលោកនាង ធី ធ្វើជា
ប្រធានក្រុមស្រាវជ្រាវតំបន់ជួរភ្នំក្រវាញ។

ក្នុងការស្រាវជ្រាវនោះ លោកនាង ធី បានរកឃើញប្រភេទតឹកកែ Cnemaspis
NeangThyiដ៏កម្រចំនួនប្រាំក្បាល ហើយតឹកកែទាំងនេះត្រូវបានចាប់យកទៅ
ធ្វើការពិសោធន៍តាមលក្ខណៈវិទ្យាសាស្រ្តគ្រប់ជ្រុងជ្រោយ រួមទាំងការធ្វើតេស្ត
DNAផងដែរ មុននឹងត្រូវបានប្រកាសថា ជាប្រភេទថ្មីដែលមិនធ្លាប់រកឃើញពី
មុនមកនោះ។

លោកនាង ធី ដែលជាប្រធានការិយាល័យរុក្ខឧទ្យានជាតិនៃក្រសួងបរិស្ថានផង
ដែរនោះ បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា
លោកមានការសប្បាយរីករាយដែលប្រភេទតឹកកែថ្មីដែលទើបរកឃើញនេះត្រូវ
បានដាក់ឈ្មោះតាមឈ្មោះរបស់លោក។

“ខ្ញុំមានកិត្តិយសមួយដែលថា អ្នកវិទ្យាសាស្រ្តផ្តល់ឱ្យតាមរយៈការដាក់ឈ្មោះ
យើងទៅដាក់ឱ្យតឹកកែ ហើយតឹកកែនេះក៏ជានិមិត្តសញ្ញាជីវចម្រុះមួយសម្រាប់
ប្រទេសខ្មែរដែលមិនទាន់រកឃើញនៅទូទាំងពិភពលោក ហើយខ្ញុំគិតថា អានេះ
ក៏អាចឱ្យប្រជាជនយើងទូទៅ បានយល់ថា សត្វទាំងអស់មានឈ្មោះអញ្ចឹង។ ប្រជាជនថ្ងៃក្រោយទៅអាចចូលរួមក្នុងការអភិរក្សសត្វ»។

បច្ចុប្បន្នមានពូជតឹកកែCnemaspisចំនួន៧៥ប្រភេទដែលក្រុមអ្នកវិទ្យាសាស្រ្ត
បានរកឃើញនៅជុំវិញពិភពលោក។ ក្នុងនេះ ៣០ប្រភេទមានរស់នៅក្នុងតំបន់
អាស៊ីអគ្នេយ៍។ ដោយឡែក នៅកម្ពុជាមានពូជតឹកកែនេះតែពីរប្រភេទប៉ុណ្ណោះ
គឺប្រភេទ Cnemaspis Chanthaburiensis ដែលត្រូវបានរកឃើញដំបូងគេ
នៅក្នុងប្រទេសថៃ ក្នុងឆ្នាំ១៩៩៦និងប្រភេទCnemaspis Neang Thyi ដែល
ទើបនឹងរកឃើញថ្មីនៅកម្ពុជានេះ។

ក្រៅពីជាជម្រកសម្រាប់តឹកកែពូជCnemaspisនេះ កម្ពុជាក៏នៅមានសត្វតឹកកែ
ចំនួនជាង១០អម្បូរផ្សេងទៀតដែរដែលកំពុងរស់នៅតាមផ្ទះរបស់អ្នកស្រុក រស់
នៅតាមដើមឈើ និងកំផែងថ្មភ្នំជាដើមនេះ បើផ្អែកតាមលោកនាង ធី។

លោកនាង ធី ដែលបានធ្វើការស្រាវជ្រាវសត្វព្រៃតាំងពីឆ្នាំ២០០៤មកនោះមាន
ប្រសាសន៍ថា តឹកកែប្រភេទថ្មី Cnemaspis Neang Thyi នេះមានលក្ខណៈ
ពិសេសខុសពីប្រភេទតឹកកែ ពូជដូចគ្នា ឬ អម្បូរផ្សេងៗទៀត ដោយវាមានដង
ខ្លួនវែងជាង និងមានចុងកន្ទុយពណ៌ស។

បន្ថែមពីនេះទៀតតឹកកែប្រភេទថ្មីនេះក៏មានស្នាមអុជៗជារង្វង់ពណ៌សជាជួរ
នៅលើខ្នងរបស់វានិងក្បាលរបស់វាមានរាងសំប៉ែតទ្រវែងខុសពីតឹកកែផ្សេង
ទៀត។ លោក នាង ធីមានប្រសាសន៍ថា ការរកឃើញប្រភេទតឹកកែថ្មីនេះនៅ
ក្នុងតំបន់ជួរភ្នំក្រវាញនោះ គឺជាសញ្ញាមួយបង្ហាញថា អាចនឹងមានប្រភេទសត្វ
ដ៏កម្រជាច្រើនទៀតកំពុងរស់នៅក្នុងតំបន់ដាច់ស្រយាលបំផុតមួយនៅកម្ពុជា
នោះ។

ដូច្នេះលោកនាង ធី បន្ថែមថា តំបន់ព្រៃភ្នំដែលលាតសន្ធឹងជាង២លានហិកតា
នោះគួរតែត្រូវបានថែរក្សាទុកជាជម្រកសម្រាប់ជីវចម្រុះដែលរួមមានរុក្ខជាតិនិង
សត្វព្រៃដែលស្ទើរតែផុតពូជពីលើពិភពផែនដីនេះទៅហើយនោះ។

“យើងអាចវាយតម្លៃថា តំបន់នោះជាតំបន់ដែលសម្បូរទៅធនធានធម្មជាតិមាន
តម្លៃក្នុងការអភិរក្ស អញ្ចឹងយើងគួរតែផ្តោតទៅលើការអភិរក្សតំបន់ជួរភ្នំក្រវាញ
ដែលជាជម្រកសម្រាប់ប្រភេទសត្វជាច្រើនប្រភេទ ហើយជាពិសេស គឺប្រភេទ
សត្វដែលរងគ្រោះ ។ ប្រភេទខ្លះគឺមានតែនៅក្នុងតំបន់ហ្នឹង ពីព្រោះបើបាត់បង់
តំបន់ហ្នឹងមួយ។ អញ្ចឹងយើងបាត់បង់ប្រភេទហ្នឹងតែម្តង ដោយសារតែប្រភេទ
ហ្នឹង ដូចជាប្រភេទថ្មី ដែលយើងទើបនឹងរកឃើញហ្នឹង គឺមានតែនៅក្នុងតំបន់
ហ្នឹង អាចអត់មាននៅក្នុងតំបន់ផ្សេងទៀត ។ អញ្ចឹងបើយើងមិនយកចិត្តទុក
ដាក់ការពារអភិរក្សវាទេ យើងអាចនឹងបាត់បង់ប្រភេទសត្វទាំងនោះតែម្តង»។

សូមបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញនៅភាគនិរតីនៃប្រទេសកម្ពុជានេះត្រូវបាន

ចាត់ទុកថា ជាតំបន់ដែលសំខាន់បំផុតមួយក្នុងចំណោមតំបន់ ដែលសំខាន់
បំផុតនានាសម្រាប់ការអភិរក្សជីវចម្រុះនៅអាស៊ី។

លោក Neil Furey ប្រធានផ្នែកអភិវឌ្ឍន៍កម្មវិធីសិក្សានៃអង្គការអភិរក្សរុក្ខជាតិ
និងសត្វព្រៃ FFI បានមានប្រសាសន៍ថា ការដាក់ឈ្មោះប្រភេទតឹកកែថ្មី ដែល
ទើបនឹងរកឃើញតាមឈ្មោះអ្នកស្រាវជ្រាវខ្មែរគឺលោកនាង ធីនេះនឹងជួយជំរុញ
ប្រជាជនខ្មែរច្រើនថែមទៀត ឱ្យធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីឱ្យមានការ
ទទួលស្គាល់ក្នុងកម្រិតអន្តរជាតិ ចំពោះការចូលរួមចំណែករបស់ពួកគេ នៅក្នុង
ការអភិរក្សជីវចម្រុះនៅកម្ពុជានេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG