ដើម្បីស្តាប់ព័ត៌មាននេះ
លោកយូ ថូ អាយុ ៦២ឆ្នាំនិងលោក ឃឹម រិទ្ធី អាយុ៣៧ឆ្នាំ មកពីឃុំ អមលាំង
ស្រុកថ្ពង ត្រូវតុលាការខេត្តកំពង់ស្ពឺចាប់ឃុំខ្លួននៅថ្ងៃពុធនេះ ក្រោមបទចោទ
ប្រកាន់ថា អ្នកភូមិទាំងពីររូបបានដុតបំផ្លាញ បានញុះញង់និងផ្សំគំនិតក្នុងការ
ដុតរោងប្រចាំការមួយរបស់ក្រុមហ៊ុនឯកជនចំនួន ២ ដែលជាសាខាក្រុមហ៊ុន
របស់លោក លី យុងផាត់ បច្ចុប្បន្នជាព្រឹទ្ធសមាជិកមកពីគណបក្សប្រជាជន
កម្ពុជាកំពុងកាន់អំណាច នេះបើយោងតាមក្រុមមន្ដ្រីសិទ្ធិមនុស្ស និងមន្ដ្រី
តុលាការ។
លោកកែវ មុន្នី ចៅក្រមស៊ើបអង្កេតរបស់តុលាការខេត្តកំពង់ស្ពឺ ដែលជាអ្នក
ចេញដីការឃុំខ្លួនប្រជាពលរដ្ឋទាំងពីរខាងលើ មានប្រសាសន៍ថា មានមូល
ហេតុគ្រប់គ្រាន់ចាប់ខ្លួនពលរដ្ឋទាំងពីរ ហើយថា ប្រជាពលរដ្ឋទាំងពីរត្រូវបាន
រកឃើញថា បានដុតរោងប្រចាំការរបស់ក្រុមហ៊ុនឯកជននោះ។
“កាលណាមានមូលហេតុច្បាស់ បានខ្ញុំធ្វើការឃុំខ្លួន"។
ដោយឡែកតុលាការ បានតាមកោះហៅអ្នកភូមិចំនួន ២ នាក់ជាបន្ថែមទៀត
ដែលក្រុមមន្ដ្រីសិទ្ធិមនុស្សបារម្ភថា ពួកគេទាំងពីរ ចុងក្រោយនឹងប្រឈមមុខ
នឹងការចាប់ឃុំខ្លួនផងដែរ។ ទោះជាយ៉ាងណាមានប្រជាពលរដ្ឋយ៉ាងតិចចំនួន
៥០០នាក់ បានមកប្រមូលផ្តុំគ្នានៅមុខតុលាការខេត្តកំពង់ស្ពឺ ដើម្បីទាមទារឲ្យ
តុលាការដោះលែងប្រជាពលរដ្ឋ ដែលត្រូវចាប់ឃុំខ្លួននោះ។ ប៉ុន្ដែពួកគេត្រូវ
រារាំងដោយក្រុមប៉ូលិស ដែលប្រដាប់ទៅដោយខែល និងដំបង។
បើយោងតាមក្រុមមន្ដ្រីសិទ្ធិមនុស្សបានឲ្យដឹងថា ក្រុមហ៊ុនភ្នំពេញ ស៊ូហ្គ័រ និង
ក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គ័រ បានទទួលដីសម្បទានសេដ្ឋកិច្ចចំនួនជាង៣.០០០
ហិកតារ ពីរដ្ឋាភិបាល។ ហើយក្រុមហ៊ុនទាំងពីរបានចុះឈូសឆាយកំណត់ព្រំដី
កាលពីចុងខែកុម្ភៈ ដោយបានធ្វើឲ្យប៉ះពាល់ដល់ដីរបស់ប្រជាពលរដ្ឋនៅក្នុងឃុំ
អមលាំងចំនួនប្រមាណជា២.០០០ហិកតារ ក្នុងភូមិចំនួន១១។
ក្រុមមន្ដ្រីសិទ្ធិមនុស្សបានបន្ថែមថា ប្រជាពលរដ្ឋដែលទទួលរងការប៉ះពាល់
បានព្យាយាមបញ្ឈប់ក្រុមហ៊ុនមិនឲ្យទន្រ្ទានយកដីរបស់ពួកគេ ក៏ប៉ុន្ដែក្រុមហ៊ុន
មិនបានរកដំណោះស្រាយទេ។ ដូច្នេះហើយទើបបានជាក្រុមប្រជាពលរដ្ឋ បាន
សម្រេចចិត្តដុតរោងប្រចាំការរបស់ក្រុមហ៊ុនឯកជនទាំងពីរនោះ។
អ្នកស្រី ហ៊ន ធឿន អ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិប្រមាណ ៥០០ នាក់ ដែល
បានមកធ្វើការតវ៉ានៅមុខតុលាការខេត្តបានអះអាងថា ដីដែលក្រុមហ៊ុនឈូស
ឆាយយកនោះ គឺជាដីស្រែ និងជាដីដាំដំណាំហូបផ្លែ ដែលពួកគាត់កាន់កាប់ជា
ច្រើនតំណមកហើយ។
“ខ្ញុំកេរ្ដិ៍ដូនតា ម៉ែឪខ្ញុំតាំងពីយូរយារណាស់មកហើយ។ដឹងក្ដីមកដឹងថា ម៉ែចែក
ឲ្យតែម្ដង។ឥឡូវនេះ ខ្ញុំតវ៉ា សុខចិត្តថា ក្រាញធ្វើម៉េចឲ្យពួក ដែលគេចាប់គាត់
ទាំងពីរហ្នឹង ឲ្យគេដោះលែងមក បានប្រជាពលរដ្ឋទៅផ្ទះវិញ"។
លោកស្រីឈាង គឹម ស៊ុន តំណាងក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ និងក្រុមហ៊ុនកំពង់
ស្ពឺស៊ូហ្គ័រ ដែលអ្នកស្រីបានដាក់បណ្ដឹងប្រឆាំងប្រជាពលរដ្ឋអ្នកភូមិ លោកស្រី
មិនផ្ដល់សេចក្ដីអត្ថាធិប្បាយទេ នៅថ្ងៃនេះ។
“អត់ទេ ខ្ញុំមិនចង់សម្ភាសអីទេ។ ខ្ញុំជាប់រវល់ប្រជុំ ខ្ញុំសុំទោស"។
ដោយឡែកលោក លី យុង ផាត់ ដែលគេដឹងថា ជាម្ចាស់ក្រុមហ៊ុនទាំងពីរនេះ
មិនអាចធ្វើទំនាក់ទំនងបានទេ ដោយសារទូរស័ព្ទរបស់លោករោទិ៍ដោយគ្មាន
អ្នកទទួល។
លោកចាន់ សាវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស
អាដហុកអធិប្បាយថា តុលាការចាត់ការដោយលំអៀងចំពោះការដុតរោងប្រចាំ
ការរបស់ក្រុមហ៊ុនឯកជន ដោយមិនចាត់ការចំពោះការរំលោភយកដីប្រជាពល
រដ្ឋទន់ខ្សោយពីសំណាក់ក្រុមហ៊ុននោះទេ។
របាយការណ៍ប្រចាំឆ្នាំ២០០៩របស់អង្គការអាដហុកបានសរសេរថា ជាទូទៅបើ
កាលណាមានទំនាស់ដីធ្លីកើតឡើងនៅក្នុងប្រទេសកម្ពុជារវាងក្រុមហ៊ុនឯកជន
និងក្រុមប្រជាពលរដ្ឋ ក្រុមអាជ្ញាធរតែងតែការពារផលប្រយោជន៍ឲ្យក្រុមហ៊ុន
ឯកជនដែលស្ថិតក្នុងទំនាស់នោះជានិច្ច៕