ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុនឯកជនលាត ត្រដាងអំពើពុករលួយ


ក្រុមហ៊ុនឯកជនលាត ត្រដាងអំពើពុករលួយ
ក្រុមហ៊ុនឯកជនលាត ត្រដាងអំពើពុករលួយ

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ចាប់តំាងពីឆ្នាំ២០០៤មក ក្រុមហ៊ុនCam-Paint Manufacturingបានបោះទុន
ចំនួន១០ម៉ឺនដុល្លារសម្រាប់និយោគផលិតសំភារៈសាងសង់គេហដ្ឋាន ដូចជា
ផលិតផលថ្នាំលាបជញ្ជំាងផ្ទះ ម្សៅបៀកជញ្ជាំង និងម្សៅបិទរ៉ងការ៉ូ ជាដើម
ដើម្បីប្រកួតប្រជែងជាមួយនឹងផលិតផលក្នុងស្រុកដែលមានស្រាប់ និង ការ
ប្រកួតប្រជែងជាមួយផលិតផលនាំចូលពីបរទេស។

ក្នុងដំណាក់កាលចាប់ផ្តើមដំបូងក្រុមហ៊ុនដែលវិនិយោគដោយពាណិជ្ជករក្នុង
ស្រុកនេះអាចគ្របដណ្តប់ទីផ្សារបានត្រឹមតែ៥%ប៉ុណ្ណោះ។ ប៉ុន្តែ៦ឆ្នាំក្រោយ
មកគឺមកដល់ឆ្នាំ២០១០នេះ ដើមទុនរបស់ក្រុមហ៊ុនCam-Paintបានកើនដល់
១លានដុល្លារនិងប្រជែងយកទីផ្សារបាន២០% ដែលធ្វើឲ្យក្រុមហ៊ុននេះក្លាយ
ជាក្រុមហ៊ុនក្នុងស្រុកឈានមុខគេមួយដែលមានលទ្ធភាពប្រកួតប្រជែងជាមួយ
នឹងផលិតផលនាំចូលពីបរទេសដ៏ច្រើនលើសលប់។

ជោគជ័យ ដែលក្រុមហ៊ុនCam-Paint ទទួលបាននាពេលបច្ចុប្បន្ននេះ មិនមែន
ពឹងផ្អែកទំាងស្រុងតែទៅលើបច្ចេកទេសផលិតនិងយុទ្ធសាស្ត្រទីផ្សារប៉ុណ្ណោះទេ
ប៉ុន្តែមួយផ្នែកទៀតគឺដោយសារក្រុមហ៊ុននេះបានចាយវាយលុយក្រោមតុដោយ
បង្ខំដើម្បីសូកប៉ាន់ដល់មន្ត្រីរាជការខ្មែរមួយចំនួនប្រយោជន៍ដើម្បីទទួលបានមក
វិញនូវការបង្កលក្ខណៈងាយស្រួលក្នុងការប្រកបអាជីវកម្ម។

លោកសោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុនCam-Paint បានថ្លែងប្រាប់ VOA
សម្លេងសហរដ្ឋអាមេរិក ក្នុងបទសម្ភាសន៍ កាលពីថ្ងៃអង្គារថា លោកបានផ្តល់
សំណូកយ៉ាងហោចណាស់១.០០០ដុល្លារជារៀងរាល់ខែ ដល់មន្ត្រីពុករលួយនៃ
ស្ថាប័នរដ្ឋ។ ក្នុងនោះប្រាក់សំណូកមួយចំនួនសម្រាប់គេចវេសពីការបង់ពន្ធគ្រប់
ចំនួនតាមការកំណត់និងមួយចំនួនទៀតជាប្រាក់សម្រាប់សម្រួលដល់ដំណើរការ
លក់ដូរក្នុងទីផ្សារ។

«ជាមធ្យមយើងបង់ពន្ធអស់ប្រហែលជាខ្ទង់៣.០០០ដុល្លារ។ បើគិតជាភាគរយ
ការចំណាយមួយសម្រាប់សម្រួល គឺ យ៉ាងហោចណាស់ក៏មួយភាគ៣នៃចំនួន
ដែលយើងបង់អីចឹងដែរ។ ឧទាហរណ៍ថា អាហ្នឹងមួយត្រូវបង់៣ដុល្លារ បើសិន
ជាយើងចេះស៊ីសស៊ូសទៅ យើងបង់តែ១ដុល្លារ៥កាក់ អញ្ចឹងយើងនៅសល់១
ដុល្លារ៥កាក់ទៀតដែលជាកម្រៃចំណេញមួយដើម្បីយកទៅធ្វើអ្វីផ្សេងបានដើម្បី
ឲ្យក្រុមហ៊ុនរីកចម្រើនបាន»។

ក្រុមហ៊ុន Cam-Paint គឺគ្រាន់តែជាក្រុមហ៊ុនមួយប៉ុណ្ណោះក្នុងចំណោមក្រុមហ៊ុន
ជាច្រើនទៀតនៅប្រទេសកម្ពុជាដែលបានចំណាយប្រាក់ក្រៅផ្លូវការដល់ក្រុមមន្ត្រី
ក្នុងស្ថាប័នរដ្ឋមួយចំនួន ហើយប្រាក់ទំាងនោះជាបន្តបន្ទាប់បានហូរចូលទៅក្នុង
ប្រព័ន្ធនៃអំពើពុករលួយ។

របាយការណ៍អំពីអំពើពុករលួយប្រចំាឆ្នាំ២០០៩របស់អង្គការតម្លាភាពអន្តរជាតិ
Transparency Internationalបានដាក់ពិន្ទុ២ដល់ប្រទេសកម្ពុជាដែលមានន័យ
ថា កម្ពុជាជាប្រទេស ដែលមានអំពើពុករលួយខ្លំាងបំផុតមួយ។Transparency
Internationalបានកំណត់ក្នុងរបាយការណ៍របស់ខ្លួនថា ប្រទេសដែលទទួល
បានពិន្ទុ១ជាប្រទេសពុករលួយខ្លំាងជាងគេបំផុតនិងពិន្ទុ១០តំណាងឲ្យប្រទេស
ដែលពុករលួយតិចជាងគេបំផុត។

នៅក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ដល់សហគមន៍ពាណិជ្ជកម្មក្នុងការ
ប្រយុទ្ធនឹងអំពើពុករលួយ កាលពីថ្ងៃអង្គារ អ្នកជំនាញការអន្តរជាតិមកពីស្ថាន
ទូតអាមេរិក ស្ថានទូតអូស្ត្រាលី និង មកពីភ្នាក់ងារសម្អាតអំពើពុករលួយឯកជន
បានជំរុញឲ្យសហគមន៍ពាណិជ្ជកម្មនៅប្រទេសកម្ពុជា ចូលរួមចំណែកក្នុងការ
ប្រឆំាងនឹងអំពើពុករលួយ ដែលបានចាក់គ្រឹះយ៉ាងរឹងមំា នៅក្នុងប្រទេសក្រីក្រ
មួយនេះ។

លោក Tim Phillips នាយកគ្រប់គ្រងសកលនៃភ្នាក់ងារ Forensic and Dispute
Service នៃក្រុមហ៊ុនអន្តរជាតិ Deloitte Touche Tohmatsu ដែលជាក្រុមហ៊ុន
ធ្វើការលើការស៊ើបអង្កេតការលួចបន្លំ សំណូក និងការដោះស្រាយជម្លោះក្នុងមុខ
ជំនួញ បាននិយាយថា ក្រុមពាណិជ្ជករត្រូវតែចាប់ផ្តើមពីថ្ងៃនេះទៅដើម្បីប្រយុទ្ធ
ប្រឆំាងអំពើពុករលួយ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

«ទីដែលត្រូវចាប់ផ្តើមគឺពីស្ថាប័នកំពូល ដូចជាមន្ត្រីរដ្ឋាភិបាល មេដឹកនាំពាណិជ្ជ
កម្ម និងមនុស្សសំខាន់ៗនៅក្នុងសហគមន៍ពាណិជ្ជកម្មនៅប្រទេសកម្ពុជា។ ពួក
គេត្រូវនាំគ្នាជជែកពីសារៈសំខាន់នៃការមិនចូលដៃប្រព្រឹត្តអំពើពុករលួយ បន្ទាប់
មកត្រូវចាប់ផ្តើមបំបាត់ចោលនូវអំពើពុករលួយនេះឲ្យបានច្រើនបំផុតតាមតែអាច
ធ្វើទៅបាន ចាប់តំាងពីថ្នាក់ខ្ពស់រហូតដល់ថ្នាក់ក្រោម។ ការរួមចំណែកនេះនឹង
ផ្តល់ផលចំណេញសម្រាប់ការអភិវឌ្ឍប្រទេស ជាពិសេសសម្រាប់ប្រជាជននៅ
តាមមូលដ្ឋានដែលត្រូវការមន្ទីរពេទ្យ សាលារៀន និងការរស់នៅក្នុងស្ថានភាព
សេដ្ឋកិច្ចដ៏សមរម្យមួយ»។

ក្នុងពេលជាមួយគ្នានោះ លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Carol Rodley ក៏បាន
លើកទឹកចិត្តឲ្យសហគ្រាសពាណិជ្ជកម្មនានាក្នុងប្រទេសកម្ពុជា ចាត់វិធានការ
ប្រឆំាងនឹងអំពើពុករលួយដែរ។

ក៏ប៉ុន្តែ ក្រុមហ៊ុនមួយចំនួននៅក្នុងវិស័យឯកជន និយាយថា ពួកគេមិនទាន់អាច
បញ្ឈប់ការផ្តល់ប្រាក់សំណូកដល់មន្ត្រីរដ្ឋាភិបាលបាននៅឡើយទេ។ បើមិន
ដូច្នោះទេ ពួកគេនឹងជួបប្រទះនូវការលំបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារ។
តួយ៉ាង ដូចលោកសោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន Cam-Paintពន្យល់
ស្រាប់៖

«កាលណាបើសិនជាយើងព្យាយាមធ្វើល្អតែម្នាក់ឯង គឺយើងនឹងបាត់បង់នូវមូល
ដ្ឋាននៃការប្រកួតប្រជែងគឺយើងនឹងត្រូវបាត់បង់កម្រៃចំណេញ។ ឧទាហរណ៍ថា
អាហ្នឹងមួយយើងត្រូវបង់៣ដុល្លារ បើគេចេះស៊ីសសូស គេបង់តែ១ដុល្លារប្រាំកាក់
អីចឹងគេនៅសល់១ដុល្លារប្រាំកាក់ទៀត ដែលជាកម្រៃចំណេញ។ បើសិនជាយើង
ទៅបង់៣ដុល្លារដើម្បីឲ្យយើងបានចំណេញ១ដុល្លារប្រាំកាក់ ដូចគេដែរយើងត្រូវ
តម្លើងថ្លៃមួយដុល្លារប្រាំកាក់។ អាហ្នឹងហើយដែលយើងត្រូវបាត់បង់ការប្រកួត
ប្រជែងមួយត្រង់ថា របស់យើងត្រូវថ្លៃជាងគេបាទ»។

លោក ព្រំ សួនប្រាសិទ្ធ ជាអ្នកប្រឹក្សានៃក្រុមហ៊ុនមេធាវីអន្តរជាតិរបស់ប្រទេស
អូស្ត្រាលីAllens Arthur Robinsonដែលធ្វើការប្រឹក្សានិងរត់ការសំណុំឯកសារ
ផ្នែកច្បាប់និងពាណិជ្ជកម្មបាននិយាយថា ដោយសារមានតម្រូវការប្រាក់ក្រោម
តុ ការចុះបញ្ជីធ្វើពាណិជ្ជកម្មត្រូវបង់គុណនឹង៣នៃថ្លៃដើម ដែលបានកំណត់។
ហើយប្រសិនបើបដិសេធមិនផ្តល់ប្រាក់សំណូកនេះទេ នោះក្រុមហ៊ុនដែលចង់
ចុះបញ្ជីអាចនឹងត្រូវផ្អាប់ចោល ឬត្រូវប្រើពេលយូរក្នុងការរង់ចំាទទួលអាជ្ញាបណ្ណ
ធ្វើអាជីវកម្មដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការជួញដូរ។

«គេមិនព្រមប្រកាសឲ្យច្បាស់ថា ឥឡូវបង់ថ្លៃប៉ុណ្ណឹង ប៉ុណ្ណេះថ្ងៃ ដឹងតែបាន។
វាអត់មានតម្លាភាព។ ដល់ពេលមិនច្បាស់លាស់ហ្នឹងបានបង្កើតឲ្យមានពួករត់
ការនៅក្នុងហ្នឹងចុះឡើងចុះឡើង។ អញ្ចឹងមិនត្រូវឲ្យលុយពួកហ្នឹងគុណនឹង២
គុណនឹង៣អញ្ចឹងទៅដើម្បីបង្កើនល្បឿនការងារ។ បើគ្នាបដិសេធ ដាក់ទៅគំាង
នៅហ្នឹង។ ឲ្យគ្នាធ្វើយ៉ាងម៉េចទៀត»។

លោកព្រំ សួនប្រាសិទ្ធិ និយាយបន្តថា ស្ថាប័នរដ្ឋាភិបាលត្រូវតែជាអ្នកចាប់ផ្តើម
លុបបំបាត់រាល់ទម្រង់ប្រឆំាងនឹងអំពើពុករលួយទំាងនេះមុនគេ ហើយពេលនោះ
សហគមន៍ពាណិជ្ជកម្មនឹងអាចប្រកួតប្រជែងគ្នាដណ្តើមយកទីផ្សារបានដោយ
ស្មើភាព។

លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆំាងអំពើពុករលួយរបស់រដ្ឋាភិបាលបាន
បដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ នៅពេលដែលVOAបានជួបសម្ភាសផ្ទាល់
កាលពីថ្ងៃអង្គារ។

យ៉ាងណាក៏ដោយ លោកហង់ ជួនណារ៉ុន អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុមានប្រសាសន៍ថា ដោយរំពឹងទៅលើច្បាប់ប្រឆំាងអំពើពុករលួយដែល
រដ្ឋសភានៃប្រទេសកម្ពុជា ទើបបានអនុម័តច្បាប់កាលពីថ្ងៃទី ១១ខែ មីនានេះថា
ច្បាប់នេះនឹងជួយលុបបំបាត់ការផ្តល់ប្រាក់ក្រៅផ្លូវការរវាងវិស័យឯកជននិងវិស័យ
សាធារណៈបាន។

ច្បាប់ប្រឆំាងអំពើពុករលួយដែលត្រូវមជ្ឈដ្ឋានមួយចំនួនរិះគន់ថា នៅទន់ខ្សោយ
នៅឡើយនោះ មានវិសាលភាពប្រឆាំងនឹងអំពើពុករលួយគ្រប់រូបភាព នៅក្នុង
គ្រប់វិស័យ និងនៅគ្រប់ជាន់ថ្នាក់ទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ហើយច្បាប់
នេះបានចែងថា ជនប្រព្រឹត្តអំពើពុករលួយនឹងត្រូវទទួលការផ្ដន្ទាទោសឲ្យជាប់
ពន្ធនាគារពី៧ខែរហូតដល់១៥ឆ្នាំនិងត្រូវពិន័យជាប្រាក់ចាប់ពី១០ម៉ឺនរៀលរហូត
ដល់១០លានរៀល ឬធ្ងន់ធ្ងរជាងនេះទៀត។

ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយមានការដាក់ពិន័យរហូតដល់ការដកសិទ្ធិជា
ប្រជាពលរដ្ឋជាស្ថាពរ ការរឹបអូសទ្រព្យសម្បតិ្ដ ការបិទមុខរបរ និងការបណ្ដេញ
មិនឲ្យសា្នក់នៅក្នុងប្រទេសជាដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG