ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.បង្ហាញកង្វល់ចំពោះការ ប៉ះពាល់ជីវភាពជនជាតិដើមភាគតិច


អ.ស.ប.បង្ហាញកង្វល់ចំពោះការ ប៉ះពាល់ជីវភាពជនជាតិដើមភាគតិច
អ.ស.ប.បង្ហាញកង្វល់ចំពោះការ ប៉ះពាល់ជីវភាពជនជាតិដើមភាគតិច

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

គណៈកម្មាធិការមួយរបស់អង្គការសហប្រជាជាតិ បានលើកពីការព្រួយបារម្ភជា
ច្រើនចំពោះការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជាទៅឱ្យក្រុមហ៊ុន
វិនិយោគឯកជននានា ដែលបានបណ្ដាលឲ្យខូចប្រយោជន៍យ៉ាងធ្ងន់ធ្ងរដល់ជន
ជាតិដើមភាគតិចនៅក្នុងប្រទេស។ កាលពីខែកុម្ភៈកន្លងទៅ តំណាងជនជាតិ
ដើមភាគតិចបានប្រគល់របាយការណ៍មួយជូនគណៈកម្មាធិការអង្គការសហប្រ-
ជាជាតិទទួលបន្ទុកការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ដើម្បី
ឲ្យគណៈកម្មាធិការនេះបានយល់អំពីផលវិបាករបស់ពួកគេ ដែលពួកគេអះអាង
ថា បានទទួលការរំលោភបំពាន និងរើសអើងពីក្រុមអាជ្ញាធរនិងដើម្បីស្នើឲុ្យអង្គ
ការសហប្រជាជាតិជួយធ្វើការតាមដានទៅលើបញ្ហារបស់ពួកគេ។

គណៈកម្មាធិការទទួលបន្ទុកលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍
ដែលជាគណៈកម្មាធិការមួយរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួល
បន្ទុកផ្នែកសិទ្ធិមនុស្ស បានសរសេរនៅក្នុងសេចក្ដីសន្និដ្ឋានរបស់ខ្លួន ដែលត្រូវ
ផ្សព្វផ្សាយជាសាធារណៈតាមគេហទំព័រកាលពីថ្ងៃអង្ការថា គណៈកម្មាធិការនេះ
មានការបារម្ភជាពិសេសអំពីរបាយការណ៍ស្ដីពីការផ្ដល់សម្បទានដីប្រពៃណីជន
ជាតិដើមភាគតិចយ៉ាងឆាប់រហ័សទៅដល់ក្រុមហ៊ុនឯកជន ដោយពុំបានធ្វើការ
ពិចារណាពេញលេញ ឬដោយពុំមាននីតិវិធីគ្រប់គ្រាន់។

នៅក្នុងសេចក្ដីសន្និដ្ឋានដដែលគណៈកម្មាធិការរបស់អង្គការសហប្រជាជាតិ
នេះបានលើកឡើងថា ខ្លួនក៏មានការព្រួយបារម្ភអំពីព័ត៌មាន ដែលថា មានការ
ប្ដឹងនិងការតាមចាប់ខ្លួនអ្នកភូមិជនជាតិដើមភាគតិច នៅពេលដែលពួកគេតវ៉ា
ប្រឆាំងនឹងការបណ្ដេញចេញដោយបង្ខំ ឬតវ៉ាប្រឆាំងនឹងការផ្ដល់ដីសម្បទាន
ណាមួយនៅលើដីកំណើតរបស់ពួកគេនោះ។

គណៈកម្មាធិការទទួលបន្ទុកការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសា-
សន៍បានទាមទារឲ្យរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាធានាថា ការអភិវឌ្ឈសេដ្ឋ
កិច្ចនឹងមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គលនិងក្រុមដែលត្រូវការពារដោយសន្ធិ
សញ្ញាអន្ដរជាតិស្ដីពីការលុបចោលរាល់ទម្រង់រើសអើងជាតិសាសន៍។

អនុសញ្ញានេះដែលចូលជាធរមានចាប់តាំងពីឆ្នាំ១៩៦៩មកម៉្លេះ បានលើកពី
ការធានានូវការគោរពជាសកលអំពីសិទ្ធិមនុស្សនិងសេរីភាព ដោយពុំមានការ
រើសអើងណាមួយឡើយ។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី មិន
ធ្វើអត្ថាធិប្បាយលើសេចក្ដីសន្និដ្ឋានរបស់គណៈកម្មាធិការខាងលើនេះទេ ដោយ
លោកមានប្រសាសន៍ថា រដ្ឋាភិបាលមានស្ថាបណ្ណជំនាញដែលទទួលបន្ទុកលើ
បញ្ហានេះ។

លោកយឹម ជង់ ប្រធាននាយកដ្ឋានអភិវឌ្ឈន៍ជនជាតិដើមភាគតិចនៃក្រសួង
អភិវឌ្ឈន៍ជនបទនិងលោកខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាននិងជាអ្នកនាំ
ពាក្យរាជរដ្ឋាភិបាលខ្មែរ មិនអាចធ្វើទំនាក់ទំនងបានទេនៅថ្ងៃនេះ។

ក៏ប៉ុន្ដែលោកខៀវ កាញារិទ្ធ មានប្រសាសន៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលកម្ពុជា
មានគោលនយោ បាយផ្តោតការយកចិត្តទុកដាក់ និងការពារជនជាតិដើមទាំង
នោះរួចហើយ។

«យើងមានគោលនយោបាយពីបីបែប ។ ទីមួយគឺការធានាកន្លែងបញ្ចុះសព
ដែលជាកន្លែងសក្ការៈ ដែលមិនអាចប៉ះពាល់បានទាំងស្រុង។ ទីពីរ យើងក៏
ត្រូវគិតថា ក្នុងពេល៥ទៅ៦ឆ្នាំទៅមុខទៀត ចំនួនគាត់អាចកើនឡើង៣ទៅ៤
ដង ដូច្នេះត្រូវរៀបចំការងារធ្វើជូនគាត់ ពីព្រោះគាត់មិនអាចបេះវល្លិ៍ រកជ័រចុង
ជ័រទឹកដូចមុនបានទេ។ អញ្ចឹងបានជាយើងធ្វើវិនិយោគមួយចំនួនគឺកសិដ្ឋាន
ធំៗនេះ ដើម្បីថ្ងៃក្រោយសហគមន៍របស់គាត់រីកចម្រើន ។ គាត់អាចមានកូន
ចៅចូលធ្វើការងារបាន»។

កាលពីថ្ងៃពុធម្សិលមិញនេះ ក្រុមជនជាតិភាគតិចតំណាងឲ្យជនជាតិដើមមក
ពីខេត្តចំនួន១៥ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ផ្អាកជាបន្ទាន់នូវការផ្ដល់ដី
សម្បទានសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនឯកជននានា ដោយជនជាតិភាគតិចទាំង
នោះ បានលើកពីផលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី ដូនតា និងការរកចំណូល
សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG