<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
គណបក្សរាជានិយមអតីតបងប្អូនគូសត្រូវនឹងគ្នាគឺគណបក្ស ហ៊្វុនស៊ីនប៉ិចនិង
គណបក្សជាតិ និយមកំពុងរៀបចំគោលការណ៍សម្រាប់ច្របាច់បញ្ចូលគ្នាឡើង
វិញសម្រាប់បង្កើនកម្លាំងប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាង
រាស្រ្ដឆ្នាំ២០១៣ខាងមុខ។
ក៏ប៉ុន្ដែការបង្រួមគណបក្សទាំងពីរទៅជាគណបក្សតែមួយទំនងជាត្រូវការពេល
វេលាយូរតទៅទៀត នេះបើតាមការឲ្យដឹងរបស់ក្រុមមន្ដ្រីដឹកនាំនៃគណបក្ស
ទាំងពីរនៅថ្ងៃអង្គារនេះ។
គណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សជាតិនិយមដែលកាលពីមុនមានឈ្មោះថា
ជាគណបក្សនរោត្តមរណឫទ្ធ ឈ្នះបានអាសនៈតែពីរតែប៉ុណ្ណោះសម្រាប់គណ
បក្សនិមួយៗកាលពីមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនៅខែកក្កដឆ្នាំ
២០០៨។
បន្ទាប់ពីគណបក្សរាជានិយមទាំងពីរឈ្លោះប្រកែក និងបំបែកចេញពីគ្នាយ៉ាង
ជូរចត់រយៈពេលជាងមួយឆ្នាំមុនការបោះឆ្នោតមកដល់។
លោកកែវ ពុទ្ធរស្មី ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិច
មានប្រសាសន៍ថា ការច្របាច់គណបក្សទាំងពីរបញ្ចូលគ្នានឹងជួយឲ្យប្រមូល
បានសម្លេងឆ្នោតកាន់តែច្រើន។
«យើងឃើញថា ការបែកបាក់គ្នាហ្នឹងនាំឱ្យបាត់សម្លេង បាត់កម្លាំង បាត់បង់
ពេលវេលា។ ហើយទីពីរ តាមគណិតសាស្រ្ដ គឺថា លទ្ធផលនៃការបោះឆ្នោត
សម្លេងរបស់គណបក្សទាំងពីរ បើនៅរួមគ្នាវិញ គឺយើងមានកៅអីថែមច្រើន»។
លោកប៉ែន សង្ហា អ្នកនាំពាក្យគណបក្សជាតិនិយមបានបន្ថែមថា គណបក្ស
ទាំងពីរនៅមិនទាន់ឈានដល់ការព្រមព្រៀងជាគោលការណ៍ក្នុងការច្របាច់
បញ្ចូលគ្នានៅឡើយ។
«ឥឡូវនេះ ខាងគណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សជាតិនិយមនេះ កំពុងតែ
ពិភាក្សាគ្នា ប៉ុន្ដែមិនទាន់មានអ្វីជាផ្លូវការថា ច្របាច់បញ្ចូលគ្នាទេ»។
គណបក្សហ៊្វុនស៊ិនប៉ិចធ្លាប់ឈ្នះឆ្នោតដ៏លើសលុបក្នុងការបោះឆ្នោតជ្រើសរើស
តំណាងរាស្ដ្រដែលរៀបចំដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ នៅពេល
នោះគណបក្សរាជានិយមនេះទទួលបានអាសនៈចំនួន៥៨ក្នុងចំណោមអាសនៈ
សរុបចំនួន ១២០នៅក្នុងរដ្ឋសភា ខណៈដែលគណបក្សប្រជាជនកម្ពុជាកំពុង
កាន់អំណាចបច្ចុប្បន្ន កាលនោះទទួលបានអាសនៈត្រឹមតែ៥១តែប៉ុណ្ណោះ។ រីឯ
គណបក្សនយោបាយតូចៗចំនួន២ទៀតទទួលបានអាសនៈចំនួន១១។
គណបក្សហ៊្វុនស៊ិនប៉ិចបានជួបជម្លោះផ្ទៃក្នុង កាលពីខែតុលាឆ្នាំ២០០៦ ហើយ
បានបង្កឲ្យមានការបំបែកគណបក្សជាពីរ គឺគណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹក
នាំដោយលោកញ៉ឹក ប៊ុនឆៃ និងលោកកែវ ពុទ្ធរស្មី និងគណបក្សនរោត្តមរណ
ឫទ្ធិ ដែលដឹកនាំដោយព្រះអង្គម្ចាស់រណឫទ្ធិ ហើយក្រោយមក គណបក្សនេះ
បានប្ដូរឈ្មោះទៅជាគណបក្សជាតិនិយមវិញ បន្ទាប់ពីព្រះអង្គម្ចាស់រណឫទ្ធិលា
លែងចេញពីឆាកនយោបាយ។ ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ ធ្លាប់បានចោទ
ប្រកាន់ថា លោកនាយករដ្ឋមន្ដ្រីហ៊ុន សែនបានលូកដៃចូលក្នុងជម្លោះផ្ទៃក្នុង
របស់គណបក្សហ៊្វុនស៊ិនប៉ិចនេះ។
លោក កែវ ពុទ្ធរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបច្ចុប្បន្ននេះ មានប្រសាសន៍
ថា គណបក្សទាំងពីរកំពុងតែសម្រុះសម្រួលគ្នាទៅលើគោលការណ៍បញ្ចូលគ្នា
ហើយមានចំណុចមួយចំនួន ដែលមិនទាន់ត្រូវរ៉ូវគ្នានៅឡើយ មានជាអាទិ៍ ការ
រៀបចំរចនាសម្ព័ន្ធដឹកនាំ ។ លោកកែវ ពុទ្ធរស្មី បន្ថែមថា គណបក្សជាតិនិយម
និងគណបក្សហ៊្វុនស៊ិនប៉ិចអាចចងសម្ព័ន្ធភាពជាមួយគ្នានៅឆ្នាំ២០១២ សម្រាប់
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មុននឹងអាចច្របាច់បញ្ចូលគ្នាជា
គណបក្សតែមួយនៅឆ្នាំ២០១៣ ហើយនៅពេលនោះប្រហែលជាត្រូវប្រើឈ្មោះ
ជាផ្លូវការគឺគណបក្សហ៊្វុនស៊ិនប៉ិច។
លោកគល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតឈ្មោះថា ខុម
ហ្វ្រែល មានប្រសាសន៍ថា ការច្របាច់បញ្ចូលគ្នារបស់គណបក្សទាំងពីរគឺជារឿង
គួរឲ្យអបអរសាទរសម្រាប់បង្កើនកម្លាំងប្រកួតប្រជែង ដណ្ដើមសម្លេងឆ្នោត ក៏
ប៉ុន្ដែគោលការណ៍បញ្ចូលគ្នាជាគណបក្សតែមួយនេះមានការយឺតយ៉ាវពេក៕