ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការភីសខ័រ៖ដើម្បីរៀនអំពី សង្គមនិងវប្បធម៌ត្រូវទៅ រស់នៅក្នុងសង្គម


ដើម្បីស្តាប់ព័ត៌មាននេះ

អ្វីដែលមានប្រយោជន៍បំផុតក្នុងនាមជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធីរបស់អង្គការភីស
ខ័រ (Peace Corps) នោះគឺ ក្រៅពីជួយផ្តល់វិភាគទានដល់សហគមន៍មូលដ្ឋានគឺ
ទទួលបានការយល់ដឹងយ៉ាងសន្ធឹកសន្ធាប់អំពីវប្បធម៌ និងរបៀបរស់នៅផ្សេងៗ
របស់សហគមន៍។នេះជាការអះអាងរបស់នាងអេរីកាហឺរមែន(Erica Herrmann)
ដែលជាអ្នកស្ម័គ្រចិត្ត ទើបតែត្រឡប់ពីប្រទេសកម្ពុជា របស់អង្គការភីសខ័រនៅ
ក្នុងពិធីសំណេះសំណាលមួយដែលរៀបចំឡើងដោយអង្គការសង្គមអាស៊ី(Asia
Society) កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១០ នារដ្ឋធានីវ៉ាស៊ីនតោន ។

នាងអេរីកាថ្លែងថា៖ “អ្នកមិនអាចយល់ឱ្យបានទូលំទូលាយអំពីសង្គមនិងវប្បធម៌
ទេ ប្រសិនបើអ្នកមិនបានទៅទីនោះ ហើយរស់នៅជាមួយពួកគេទេនោះ ។ នេះ
គឺជាប្រយោជន៍មួយក្នុងចំណោមប្រយោជន៍ជាច្រើនទៀតដែលខ្ញុំទទួលបាន” ។

លោកស្រីស្វ៊ីហ្គីយូតាន (Sui Gyotan) អ្នកសម្របសម្រួលកម្មវិធី'អ្នកមានអាជីព
វ័យក្មេងរបស់អង្គការសង្គមអាស៊ី'(Asia Society Young Professionals)ប្រាប់
វីអូអេសម្លេងសហរដ្ឋអាមេរិកផ្នែកខេមរភាសានៅឯពិធីសំណេះសំណាលនោះ
ថា អង្គការសង្គមអាស៊ីសហការជាមួយអង្គការមិត្តរបស់ម៉ុងហ្គោលី (Friends of
Mongolia)បានរៀបចំកម្មវិធីនេះឡើងដើម្បីផ្តល់ឱកាសដល់តំណាងអ្នកស្ម័គ្រចិត្ត
នៃអង្គការភីសខ័រ ដែលបានត្រឡប់មកពីបំពេញការងារនៅប្រទេសកម្ពុជា ម៉ុង-
ហ្គោលី ចិន និងថៃ បានចែករំលែកបទពិសោធន៍របស់គេ និងជាឱកាសសម្រាប់
អ្នកចាប់អារម្មណ៍ចូលធ្វើជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធីរបស់ អង្គការភីសខ័ររៀនអំពី
អ្វីដែលបានកើតឡើងនៅក្នុងប្រទេសនានា ហើយព័ត៌មានទាំងនោះ ជាចំណែក
មួយសម្រាប់ការសម្រេចចិត្តរបស់គេ ។

លោកស្រីបន្តទៀតថា៖“ខ្ញុំដឹងថា មានមនុស្សជាច្រើនចាប់អារម្មណ៍ចូលបម្រើជា
អ្នកស្ម័គ្រចិត្តនៅប្រទេសនានាក្នុងទ្វីបអាស៊ី។ការជួបជុំគ្នានោះគឺដើម្បីផ្តល់ឱ្យពួក
គេនូវព័ត៌មានដើម្បីធ្វើការសម្រេចចិត្តរបស់គេ ហើយជួយឱ្យគេរៀបចំខ្លួនបាន
ល្អសម្រាប់កិច្ចការស្ម័គ្រចិត្តក្នុងប្រទេសនានា នៅទ្វីបអាស៊ី ជាពិសេសសម្រាប់
ក្មេងៗដែលចង់អភិវឌ្ឍជំនាញរបស់គេ” ។

នាងណូប៊ុ អ៊ីវ៉ាតា(Nobu Iwata)ជំនួយការរដ្ឋបាលនិងកម្មវិធីនៃអង្គការសង្គម
ជប៉ុនអាមេរិក(The Japan-America Society)ដែលមានមូលដ្ឋាននៅរដ្ឋធានី
វ៉ាស៊ីនតោន ហើយជាអ្នកចូលរួមក្នុងពិធីសំណេះសំណាលនេះថ្លែងថា នាងមក
ចូលរួមក្នុងពិធីនេះ ដោយសារតែនាងមានចំណាប់អារម្មណ៍ធ្វើជាអ្នកស្ម័គ្រចិត្ត
របស់អង្គការភីសខ័រ នៅក្នុងប្រទេសនានា ក្នុងពិភពលោក។

នាងនិយាយថា៖ ”ខ្ញុំចង់មកចូលរួម ពីព្រោះខ្ញុំចាប់អារម្មណ៍លើអង្គការភីសខ័រ។
ខ្ញុំហាក់ដូចជាចង់ដាក់ពាក្យសុំចូលធ្វើជាសមាជិក ហើយចង់ឃើញថា តើវាយ៉ាង
ម៉េច? ខ្ញុំយល់ថា វាជាការល្អការដែលបានជជែកជាមួយអ្នកស្ម័គ្រចិត្តរបស់អង្គ
ការភីសខ័រ ដែលវិលត្រឡប់មកវិញ ហើយកម្ពុជាគឺជាប្រទេសមួយក្នុងចំណោម
ប្រទេសនានាដែលខ្ញុំចង់ទៅ។ ខ្ញុំស្វែងយល់បានច្រើនពីការជួបជុំគ្នានេះ ដូចជា
អំពីរបៀបរស់នៅ ហេតុអ្វីបានជាគេធ្វើជាអ្នកស្ម័គ្រចិត្ត? តើគេរៀនបានអ្វីខ្លះពីទី
នោះ? តើវាមានសារៈសំខាន់យ៉ាងម៉េចទៅចំពោះអ្នកស្ម័គ្រចិត្ត ក៏ដូចជាប្រជា
ពលរដ្ឋនៅក្នុងប្រទេសកម្ពុជា? តើវាមានឥទ្ធិពលអ្វីដល់អ្នកស្ម័គ្រចិត្ត នៅពេល
គេវិលត្រឡប់មកវិញ ? គេអាចធ្វើបែបនេះដើម្បីផ្សព្វផ្សាយព័ត៌មានដល់មនុស្ស
នៅទីនេះ” ។

នាងអេរីកា ហឺរមែន(Erica Herrmann) គឺជាអ្នកស្ម័គ្រចិត្តម្នាក់នៃក្រុមទីមួយ
ដែលមានសមាជិកចំនួន២៩នាក់នៃអង្គការភីសខ័ររបស់សហរដ្ឋអាមេរិកដែល
ចុះទៅធ្វើការនៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០០៩។ នាង
អេរីកាធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកង
ស្រុកកងមាស ខេត្តកំពង់ចាម ។ នាងបានបញ្ជាក់ប្រាប់អ្នកដែលចង់ធ្វើជាអ្នក
ស្ម័គ្រចិត្តទីមួយថា ពួកគេគួរពិចារណាប្រទេសកម្ពុជាជាទិសដៅសម្រាប់កិច្ចការ
ស្ម័គ្រចិត្តរបស់ខ្លួន ។

នាងអេរីការបន្តទៀតថា៖“ប្រសិនបើអ្នកចង់មានបទពិសោធដ៏អស្ចារ្យ អ្នកត្រូវតែ
ទៅប្រទេសកម្ពុជា។ប្រសិនបើអ្នកចង់មានអារម្មណ៍ថា ចង់ក្លាយជាអ្នកស្ម័គ្រចិត្ត
របស់អង្គការភីសខ័រមែនទែន អ្នកត្រូវតែទៅប្រទេសកម្ពុជា។ ជាការណ៍ពិត គេ
ប្រាប់យើងថា របៀបរស់នៅរបស់យើង នៅកម្ពុជាស្រដៀងគ្នាទៅនឹងក្រុមអ្នក
ស្ម័គ្រចិត្តទីមួយរបស់អង្គការភីសខ័រ ដែលបានទៅប្រទេសហ្កាណា និងប្រទេស
ដទៃទៀតនៅទ្វីបអាហ្វ្រិកដែរ គឺពេញដោយជនបទ និង ពិតជាសាមញ្ញជាមូល
ដ្ឋាន។ អ្នកដឹងទេ អ្នកខ្លះមានភ្លើងអគ្គិសនី តែភាគច្រើនមិនមានទេ គឺគ្មានទឹក
ម៉ាស៊ីនទេ។ខ្ញុំចង់និយាយថា គឺដូចអ្នកស្ម័គ្រចិត្តក្នុងទសវត្សរ៍១៩៦០អញ្ចឹងដែរ”។
អង្គការភីសខ័រត្រូវបានបង្កើតឡើងដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក
ចន គែនណឺឌី (John Kennedy) ក្នុងឆ្នាំ ១៩៦១ ដើម្បីផ្សព្វផ្សាយមិត្តភាពនិង
សន្តិភាពអន្តរជាតិ តាមរយៈសេវារបស់អ្នកស្ម័គ្រចិត្តអាមេរិកនៅបរទេស។ ចាប់
តាំងពីពេលនោះមក មានអ្នកស្ម័គ្រចិត្តជិត២សែននាក់ទៅធ្វើការនៅក្នុង១៣៩
ប្រទេសក្នុងពិភពលោក ។

ដោយមានការអញ្ជើញពីរាជរដ្ឋាភិបាលកម្ពុជា អង្គការភីសខ័របានបើកកម្មវិធី
របស់ខ្លួននៅកម្ពុជា នៅឆ្នាំ២០០៦ ហើយក៏បានបញ្ជូនអ្នកស្ម័គ្រចិត្តក្រុមទីមួយ
ចំនូន២៩នាក់ទៅកម្ពុជានៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០០៧។ អង្គការភីសខ័រ នៅតែ
បន្តបញ្ជូនអ្នកស្ម័គ្រចិត្តជារៀងរាល់ឆ្នាំទៅធ្វើការនៅកម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG